en     km
en     km

អ្នកវិភាគ​៖​ លក្ខខណ្ឌ​ដាក់​លើ​តុ​ចរចា​ពិតជា​មាន​ ដើម្បី​ឱ្យ​បក្ស​ប្រឆាំង​ទទួលយក​ដូច​ជា​ករណី​ព្រំដែន​

Share

ភ្នំពេញ៖ លោក​ សុខ​ ឥ​សាន​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​អះអាង​ថា​ ទ្វារ​ចរចា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​តែ​បើកចំហ​សម្រាប់​ជំនួប​ជាមួយនឹង​គណបក្សប្រឆាំង​។​ ក៏​ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា​ ការ​ចរចា​ត្រូវធ្វើ​ឡើង​ដោយ​ស្មោះត្រង់​ និង​ក្នុង​រង្វង់​វប្បធម៌​សន្ទនា​។​ ប៉ុន្តែ​អ្វី​ដែល​កំពុង​ខ្វែងគំនិត​គ្នា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ CPP​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ CNRP​ គឺជា​របៀបវារៈ​ដែល​ត្រូវ​លើកយក​មក​និយាយ​គ្នា​នៅ​លើ​តុ​។​ អ្នកវិភាគ​ដែល​វិទ្យុ​ស្ត្រី​សុំ​សម្ភាសន៍​ ពួក​គាត់​មាន​ទស្សនៈ​ថា​ គណបក្សកាន់អំណាច​រៀបចំ​សេណា​រី​យូ​ជា​ច្រើន​ ដើម្បី​ឱ្យ​បក្ស​ប្រឆាំង​ទទួលយក​បាន​ដូច​ជា​ករណី​ការ​បោះបង្គោល​ព្រំដែន​ ឬ​បង្ខំ​ឱ្យ​ CNRP​ ដាក់​មនុស្ស​ជំនួស​លោក​ កឹ​ម​ សុខា​ នៅ​ក្នុង​តំណែង​រដ្ឋសភា​ និង​មាន​កត្តា​ជា​ច្រើន​ទៀត​។​

 

samrainsy-hunsen-cover
រូបសម្តេច ហ៊ុន សែន ចាប់ដៃជាមួយឯកឧត្តម សម រង្ស៊ី

​នៅ​ពេល​ស្ថានការណ៍​នយោបាយ​តានតឹង​ដូច​សព្វ​ថ្ងៃនេះ​ គេ​តែង​តែង​លឺ​គណបក្ស​ធំ​ពីរ​នេះ​ បោះពាក្យ​សា​ សង​គ្នា​ថា​ គិត​ទៅ​រក​ការ​ចារ​ចរ​ឡើង​វិញ​ដែល​វា​បាន​ខកខាន​ជា​ច្រើន​ខែ​មក​ហើយ​ ចាប់តាំងពី​ការ​ចាប់ខ្លួន​ សមាជិក​ព្រឹទ្ធសភា​លោក​ ហុង​ សុខ​ហួរ​ មក​នោះ​ ពិសេស​ក្រោយ​ពី​ការ​ចាប់ខ្លួន​អ្នកតំណាង​រាស្ត្រ​លោក​ អ៊ុំ​ សំ​អាន​ ។​ គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ចរចារ​គ្នា​វិញ​ស្រប​ពេល​បក្ស​កាន់​អំណាច​ថា​ ទា្វរ​គណបក្ស​នេះ​បើកចំហ​ជា​និច្ច​ ។​ បើ​និយាយ​ពី​ការ​ចរចារ​គ្នា​ ពិតជា​គេ​និយាយ​ពី​លក្ខខណ្ឌ​ឱ្យ​គ្នា​ទៅ​វិញ​មក​ គឺ​ដូច​កាលពី​ថ្ងៃ​ទី​២២​ ក​ក្ដ​ដា​ ដែល​បាន​បំបែក​ការ​ជាប់​គាំង​នយោបាយ​រយៈពេល​ មួយ​ឆ្នាំ​ ។​ ក្នុង​គ្រានោះ​ CNRP​ យល់ព្រម​ចូល​សភា​ជា​ មួយ​ការ​ទទួល​បានការ​សន្យា​កែទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​ឡើង​វិញ​ពី​ CPP​ ។​ នេះ​គឺ​ពិតជា​ការ​ដាក់​លក្ខខណ្ឌ​ដើម្បី​ចរចា​។​

​តើ​ការ​ចរចា​ដែល​គេ​រំពឹង​ថា​អាច​កើត​រូប​ឡើង​វិញ​នៅ​ពេល​ខាង​នេះ​ អាច​មាន​លក្ខខណ្ឌ​អ្វីខ្លះ​ ?

​លោក​ សូ​ ច​ន្ថា​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ មើលឃើញ​ថា​ បើ​ទោះបីជា​មានការ​ចរចា​ក៏​ដោយ​ លោក​មិន​រំពឹង​ថា​គណបក្សកាន់អំណាច​ នឹង​ដោះស្រាយ​អ្វី​ដែល​ជា​សំណូមពរ​របស់​គណបក្សប្រឆាំង​នោះ​ទេ​។​ ផ្ទុយ​ទៅ​វិញ​ គណបក្សកាន់អំណាច​នឹង​ដាក់​លក្ខខណ្ឌ​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ​បន្ថែម​ទៀត​។​ លោក​ថា​ លក្ខខណ្ឌ​នោះ​អាច​មាន​ពី​មួយ​ចំនុច​ទៅ​ ពីរ​ចំនុច​ រួម​មាន​ បញ្ហា​ការ​បោះបង្គោល​ព្រំដែន​ និង​តំណែង​អនុប្រធាន​ទី​១​រដ្ឋសភា​។​ ​លោក​សូ​ ច​ន្ថា​ ៖«​ដើម្បី​ឱ្យ​គណបក្សប្រឆាំង​ដាក់​សមាសភាព​បេក្ខភាព​អនុប្រធាន​រដ្ឋសភា​ទី​១​ ឬ​ក៏​រៀបចំ​សេណា​រី​យូ​ថ្មី​សម្រាប់​មេដឹកនាំ​គណបក្ស ប្រឆាំង​នេះ​ ជ្រើសរើស​ ក្នុង​គោលដៅ​មួយ​គឺ​ធ្វើ​ឱ្យ​ណ​បក្ស​ប្រឆាំង​ចុះ​ខ្សោយ​ បែកបាក់​ក្រុម​ដឹកនាំ​កំពូល​របស់​ខ្លួន​។​ ក្រៅពី​នេះ​ខ្ញុំ​មើលឃើញ​ថា​ ជា​ចំណុច​មួយ​ដែរ​អាច​ទាមទារ​ឱ្យ​គណបក្សប្រឆាំង​ទទួលស្គាល់​នូវ​ការ​បោះបង្គោល​ព្រំដែន​ដែល​មានការ​ចម្រូងចម្រាស់​គ្នា​កន្លង​ជាដើម​​»

​ប៉ុន្តែ​លោក​ព្រមាន​ថា​ ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលយក​លក្ខខណ្ឌ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ នោះ​គណបក្សប្រឆាំង​មួយ​នេះ​នឹង​បាត់បង់​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​។​ ​លោក​យល់​ថា​ គណបក្សប្រឆាំង​គួរ​រក្សា​ជំហរ​ការពារ​ផលប្រយោជន៍​ជាតិ​ និង​យុត្តិធម៌​។​ ចំណែក​មេ​ដឹក​ នាំ​គណបក្សកាន់អំណាច​វិញ​ គួរតែ​បង្ហាញ​ជំហរ​រឹងប៉ឹង​ និង​ក្លា​ហ៊ាន​ប្រឈម​មុខ​និង​ការ​ពិត​។​

​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ បាន​ឡើង​កំ​ដៅ​ដល់​កំពូល​ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០១៥​មក​ ពោល​គឺ​បន្ទាប់​ពី​មានការ​ចាប់ខ្លួន​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ ១១​ នាក់​ឡើង​វិញ​ កាលពី​ខែកក្កដា​ ឆ្នាំ​២០១៥​ រួម​ទាំង​ការ​ចាប់ខ្លួន​ និង​ការ​ចោទ ប្រកាន់​ជា​បន្តបន្ទាប់​ទៅ​លើ​ថ្នាក់ដឹកនាំ​ និង​សកម្មជន​គណបក្សប្រឆាំង​ អ្នកតំណាង​រាស្ត្រ​ និង​ចុង​ក្រោយ​នេះ​ គឺ​ការ​ចាប់ខ្លួន​សកម្មជន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជាដើម​។​

លោក​ ឯម​ សុវណ្ណ​រ៉ា​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ពន្យល់​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ដាក់​លក្ខខណ្ឌ​ គឺ​សម​ស្រប​ទៅ​នឹង​កាលៈទេសៈ​ ពោល​គឺ​ដើម្បី​សម្រួល​ស្ថានការណ៍​នយោបាយ​ដែល​កំពុង​តានតឹង​ ។​ តែ​លោក​ថា​ គេ​ត្រូវ​បង្ហាញ​តម្លាភាព​ពី​ការ​ដាក់រ​បៀ​វារៈ​ដើម្បី​ឆ្ពោះទៅ​កាន់​តុ​ចរចា​។ ​លោក ​ឯម​ សុវណ្ណ​រ៉ា​ ៖​«​អា​រឿង​ដែល​កែប្រែ​ វិសោធនកម្ម​ ធ្វើ​ផែនទី​ ធ្វើ​ខ្នាត​អី​ អាហ្នឹង​ជា​រឿង​មួយទៀត​ដែល​ត្រូវ​និយាយ​ អាហ្នឹង​វា​មិន​ទាន់​ដល់​លក្ខខណ្ឌ​ យើង​អត់​ទាន់​ឃើញ​គណបក្សកាន់អំណាច​ លើក​លក្ខខណ្ឌ​ណាមួយ​ទេ​ ហើយ​គណបក្សប្រឆាំង​ក៏​អត់​ទាន់​ឃើញ​ថា​ លក្ខខណ្ឌ​ណាមួយ​ដែល​ចង់​ជជែក​ ចង់​និយាយ​ឱ្យ​ច្បាស់​ គឺថា​ដើម្បី​សម្រួល​ស្ថានភាព​នយោបាយ​ឱ្យ​វា​ត្រូវរ៉ូវ​គ្នា​សិន​ គឺ​ឱ្យ​គណបក្សកាន់អំណាច​បន្ធូរបន្ថយ​កុំឱ្យ​គាបសង្កត់​ ឬ​ក៏​ចាប់​សកម្មជន​របស់​ខ្លួន​។​ តម្រូវការ​របស់​បក្ស​ទាំង​ពីរ​ហ្នឹង​ អាច​ឈាន​ទៅ​រក​ការ​ជជែក​គ្នា​បាន​ ប៉ុន្តែ​ប្រ​សិន​ឱ្យ​ការ​ចរចា​គ្នា​ហ្នឹង​វា​ទៅ​រលូន​បាន​គណបក្ស​ទាំង​ពី​ត្រូវ​តែ​មាន​សុ​ឆន្ទៈ​ និង​បំណង​ល្អ​ពិតប្រាកដ​ដើម្បី​ជជែក​គ្នា​»​។​

​ឆ្លើយ​តប​នឹង​ការ​យល់​ឃើញ​របស់​អ្នកវិភាគ​ លោក​ សុខ​ ឥ​សាន​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បានឱ្យ​ដឹង​ថា​ ការ​ចរចា​នេះ​នឹង​គ្មាន​ការ​ដាក់​លក្ខខណ្ឌ​អ្វី​ទាំងអស់​ ប៉ុន្តែ​ការ​ចរចា​នេះ​ គឺ​អនុវត្ត​នៅ​ក្នុង​ក្រប​ខណ្ឌ​វប្បធម៌​សន្ទនា​ ដោយ​មិន​លើក យក​បញ្ហា​ផ្លូវច្បាប់​ បញ្ហា​តុលាការ​មក​និយាយ​នោះ​ទេ​ ព្រោះ​វា​រំលោភ​លើ​ស្ថាន​ប័ន​ឯករាជ្យ​មួយ​របស់​ជាតិ​។​

​លោក​មាន​ប្រសាសន៍​បន្ថែម​៖«​អាហ្នឹង​គ្រាន់តែ​មាន​ប៉ុណ្ណឹង​ទេ​ មិនមែន​រឿង​លក្ខខណ្ឌ​អី​ទេ​ គឺ​លក្ខខណ្ឌ​ផ្លូវច្បាប់​ ព្រោះ​ស្ថាប័ន​នីតិបញ្ញត្តិ​ នីតិប្រតិបត្តិ​ និង​តុលាការ​ជា​ស្ថាន​ឯករាជ្យ​ដាច់​ដោយឡែក​ពី​គ្នា​»​។​

​តែ​បែប​នេះ​ក្ដី​ អ្នកវិភាគ​ហាក់​យល់​ស្របគ្នា​មួយ​ចំនួន​ដែល​ថា​ ដើម្បី​ធ្វើ​ឱ្យ​មាន​កិច្ចព្រមព្រៀង​ គឺ​ភាគី​ចរចារ​ត្រូវ​គិតពី​ផល ប្រយោជន៍ជាតិ​ជា​ធំ ​ជាង​ផលប្រយោជន៍​បក្ស​ ហើយ​ប្រជាជន និង​អ្នកបោះឆ្នោត​ក៏​អាច​ទទួលយក​បាន​ដែរ​៕​

Share

Image
Image
Image