en     km
en     km

អ្នកប្រវត្តិសាស្ត្រ​ ៖​ បើ​សម្ដេច​ ហ៊ុន​ សែន​ បន្ត​កាន់​អំណាច​គឺ​គ្មាន​ការ​បោះ​ឆ្នោត​ត្រឹមត្រូវ​ តែ​បក្ស​កាន់​អំណាច​ បដិសេធ​

Share

​ភ្នំពេញ ៖ បន្ទាប់​ពី​អ្នក​ប្រវត្ដិវិទូ​បរទេស​ជើង​ចាស់​ដ៏​ល្បីឈ្មោះ​មួយ​រូប​បាន​ផ្ដល់​បទ​សម្ភាសន៍​ ទៅ​កាន់​វិទ្យុ​សម្លេង​សហរដ្ឋអាមេរិក​ (VOA)​ ដោយ​បង្ហាញ​ជំនឿ​របស់​លោក​ថា​ ប្រទេស​កម្ពុជា​គឺ​មិន​អាច​មានការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុ​ត្ដិ​ធ​ម៌​បាន​ឡើយ​ បើ​ប្រទេស​នៅ​តែ​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ ។​ ការ​វាយតម្លៃ​បែប​នេះ​ ត្រូវ​បាន​រាជរដ្ឋាភិបាល​ដិ​សេ​ធន៍​ ។​ ចំណែក​សង្គម​ស៊ី​វិល​យល់​ថា​ ថ្វីបើ​ការ​បោះ​ឆ្នោត​កាលពី​លើក​មុន​មាន​ភាព​មិន​ប្រក្រតី​ខ្លះ​មែន​ក៏​ប៉ុន្ដែ​ពួក​គេ​ជឿជាក់​ថា​ការ​បោះ​ឆ្នោត​លើក​នេះ​ នឹង​ល្អ​ប្រសើរ​ជាង​មុន​ព្រោះតែ​មានការ​ចូលរួម​ឃ្លាំមើល​ពី​អន្ដរជាតិ​ច្រើន​ ។​ លោក​ លៀ​ ស៊ី​ណា​ លម្អិត​ព័ត៌មាន​៖

 

Hun-Sen-120516
សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន

​អ្នក​ប្រវត្ដិវិទូ​បរទេស​ជើង​ចាស់​ដែល​ល្បីឈ្មោះ​មួយ​រូប​គឺ​ លោក​ ដេ​វិ​ឌ​ ឆា​ណ្ឌ​ ល័​រ​ ដែល​សិក្សា​ពី​ប្រវត្ដិសាស្ដ្រ​របស់​ប្រទេស​កម្ពុជា​បាន​និយាយ​ថា​ ៖​ «​លោក​ជឿជាក់​ថា​ប្រទេស​កម្ពុជា​នឹង​មិន​ទទួល​បានការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុ​ត្ដិ​ធ​ម៍​ឡើយ​ ហើយ​បើ​មានការ​ផ្លាស់​ប្ដូរ​ផ្នែក​នយោបាយ​គឺ​មាន​តែ​តាម​រយៈ​ការ​ផ្ដូ​ល​រំលំ​ប្រដាប់​អាវុធ​ ឬ​ការ​ស្លាប់​របស់​លោកនាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ ប៉ុណ្ណោះ​ »​ ។​​

​លោក​ ដេ​វិ​ឌ​ ឆា​ណ្ឌ​ ល័​រ​ ធ្វើការ​វាយតម្លៃ​ដូចនេះ​ ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​វិទ្យុ​ស​សំឡេង​សហរដ្ឋអាមេរិក​ (VOA)​ កាលពី​យប់​ថ្ងៃ​ចន្ទទី១៦ឧសភា​ ដែល​ត្រូវ​បាន​កាសែត​ The​ Cambodia​ Daily​ ដកស្រង់​យក​មក​ចុះ​ផ្សា​នៅ​ថ្ងៃនេះ​ ។​​

​អ្នក​ប្រវត្តិ​សា​ស្ត្រេ​រូប​នេះ​ បញ្ជាក់​ថា​ ជា​ការ​ពិត​សម្ដេច​ ហ៊ុន​ សែន​ ខ្លាច​ការ​ចាញ់ឆ្នោត​ គឺ​លោក​មិន​បណ្ដោយ​ ឱ្យ​លោក​បរាជ័យ​នោះ​ទេ​ ។​​

​ជា​ការ​ឆ្លើយ​តប​នេះ​ លោក​ ផៃ​ ស៊ី​ផា​ន​ អ្នកនាំពាក្យ​ទីស្ដីការគណរដ្ឋមន្ដ្រី​ថ្លែងប្រាប់​វិទ្យុ​ស្ដ្រី​ថា​ ការ​លើក​ឡើង​របស់​លោក​ ដេ​វិ​ឌ​ ឆា​ណ្ឌ​ ល័​រ​ គឺ​ហាក់ដូចជា​ប្រមាថ​ដល់​ស្ថានភាព​ពិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។​ លោក​ថា​ ប្រសិនបើ​សម្ដេច​ ហ៊ុន​ សែន​ ពិតជា​ជន​ទុច្ចរិត​មែន​នោះ​ ប្រហែលជា​លោក​មិន​បណ្ដោយ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​កើន​ចំនួន​អស​ន​ក្នុង​ការ​បោះ​ឆ្នោត​កាលពី​ឆ្នាំ​២០១៣​ នោះ​ទេ​ ។​​

​លោក​ ផៃ​ ស៊ី​ផា​ន​ បញ្ជាក់​ថា​ លោក​មិនដឹង​ថា​តើ​អ្នក​ប្រវត្ដិវិទូ​រូប​នោះ​មាន​អ្វី​ជា​សំអាង​បានជា​ហ៊ាន​លើក​ឡើង​យ៉ាងដូច​នេះ​ទេ​ ។​ លោក​ក៏​បាន​បន្ដ​ថា​ លោក​សូម​ធ្វើការ​ច្រាន​ចោលការ​លើក​ឡើង​របស់​លោក​ ដេ​វិ​ឌ​ ឆា​ណ្ឌ​ ល័​រ​ ហើយនឹង​ថ្កោលទោស​ចំពោះ​ការ​និយាយ​របស់​គាត់​ដោយ​ចាត់​ទុក​នេះ​ ជា​ការ​ប្រមាថ​ដោយ​គ្មាន​ក្រម​សីល​ធ​ម៌​ ។​​

​លោក​ ផៃ​ ស៊ី​ផា​ន​ ៖​ «​ហើយ​បើ​និយាយ​ដល់​អត់​មានការ​ផ្លាស់​ប្ដូរ​ រហូត​ដល់​មានការ​បាត់បង់​ជីវិត​នាយក​រដ្ឋមន្ដ្រី​ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​បែប​នេះ​គឺជា​ការ​ប្រមាថ​ដល់​ស​ន្ថិ​សុខ​របស់​កម្ពុជា​ និង​ប្រមាថ​ជីវិត​នាយក​រដ្ឋមន្ដ្រី​ដូចនេះ​ខ្ញុំ​សូម​ច្រានចោល​ហើយ​ធ្វើការ​ថ្កោលទោស​ទៀត​»​ ។​​

​យ៉ាងណា​ក៏​ដោយ​លោក​ សំ​ គ​ន្ធា​មី​ នាយក​ប្រតិបត្ដិ​គណកម្មាធិការ​អ​ព្យា​ក្រឹត្យ​ និង​យុ​ត្ដិ​ធ​ម៍​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ NICFEC​ យល់​ថា​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៨​ ខាង​នោះ​គឺ​អាច​មាន​ភាពល្អ​ប្រសើរ​ជាង​កាលពី​ពេល​មុន​ ។​ លោក​ថា​ ការ​អះអាង​របស់​លោក​បែប​នេះ​ដោយសារ​ការ​សង្កេត​របស់​លោក​ពី​មួយ​អាណ​ត្ដិ​ទៅ​មួយ​អាណ​ត្ដិ​ឃើញ​ថា​មានការ​ផ្លាស​ប្ដូរ​ ។​​

​​នាយក​ប្រតិបត្ដិ​ និ​ច​ហ្វិ​ច​ បន្ថែម​ថា​លោក​មិន​យល់​ស្រប​ដូច​ការ​លើក​ឡើង​របស់​អ្នក​ប្រវត្ដិវិទូ​បរទេស​លោក​ ឆា​ណ្ឌ​ ល័​រ​ នោះ​ទេ​ ព្រោះ​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​គឺ​មានការ​ចូលរួម​ពី​បណ្ដា​ អន្ដរជាតិ​ច្រើន​ប្រទេស​ដែល​ឃ្លាំមើល​ ដែល​លោក​ជឿ​ថា​ ការ​បោះ​ឆ្នោត​នឹង​ប្រព្រឹត្ដិ​ទៅ​ប្រកបដោយ​សេរី​ និង​យុ​ត្ដិ​ធ​ម៌​ ។​​

​លោក​ សំ​ គ​ន្ធា​មី​ ៖​ «​ការ​បោះ​ឆ្នោត​ពី​មួយ​អណ្ណ​ត្ដិ​ទៅ​មួយ​អណ្ណ​ត្ដិ​ឃើញ​មានការ​ល្អ​ច្រើន​ ទោះបី​អ្នកនយោបាយ​មិន​ចង់​ឲ្យ​ការ​បោះ​ឆ្នោត​បាន​ប្រសើរ​ក៏​ដោយ​ប៉ុន្ដែ​យើង​ឃើញ​មានការ​វិវត្ដន៍​»​ ។​​

​លោក​ សុខ​ ឥ​សាន្ដ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែង​ថា​ ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​សេរី​ឬ​មិន​សេរី​គឺ​មិន​ស្ថិត​លើ​ការ​វាយតម្លៃ​របស់​គាត់​ដែល​ជា​ជនបរទេស​ត្រឹមតែ​ជា​បុគ្គល​ម្នាក់​នោះ​ទេ​ ។​ អ្នកនាំពាក្យ​បញ្ជាក់​បន្ថែម​ថា​ ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​តាំងពី​អាណត្ដិ​ទី​១​ ដល់​អាណត្ដិ​ទី​៥​ នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ អ្នក​សារព័ត៌មាន​ជាតិ​ អន្ដរជាតិ​ ហើយ​ក៏​ដូច​ជា​អ្នក​សង្កេតការណ៍​ទាំង​ជាតិ​ អន្ដរជាតិ​បាន​វាយតម្លៃ​ថា​គឺ​ប្រព្រឹត្ដិ​ទៅ​ប្រកបដោយ​សេរី​និង​យុ​ត្ដិ​ធ​ម៌​ ។​​

​លោក​ សុខ​ ឥ​សាន្ដ​ ៖​ «​រឿង​នេះ​មិន​សំខាន់​លើ​គាត់​វាយតម្លៃ​ដែល​មិន​ស្រប​ទៅ​តាម​បរិបទ​នៅ​កម្ពុជា​ទេ​ រឿង​សំខាន់​គឺ​ប្រជា​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុ​ត្ដិ​ធ​ម៌​គឺ​អាស្រ័យ​ទៅ​លើ​ពលរដ្ឋ​ទូ​ទាំង​ប្រទេស​ទទួលស្គាល់​និង​វាយតម្លៃ​ទេ​»​ ។​​

​ចំណែក​លោក​ គល់​ បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ ហៅ​កាត់​ (COMFREL)​ មិន​បាន​គាំទ្រ​ទាំងស្រុង​ចំពោះ​ការ​អះអាង​របស់​លោក​ សុខ​ ឥ​សាន្ត​ នោះ​ទេ​ ។​ គល់​ បញ្ញា​ ថា​ ជួនកាល​អាច​នឹង​ដូច​អ្វី​ដែល​លោក​ ឆា​ណ្ឌ​ ល័​រ​ ស្មាន​ដែរ​ព្រោះ​ពេល​នេះ​ក៏​មាន​មន្ដ្រី​នៃ​គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​មួយ​រូប​កំពុង​ជាប់​ឃុំខ្លួន​ពន្ធនាគារ​ ដែល​ជា​ហេតុ​នាំ​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​អ​ព្យា​ក្រឹត្យ​ភាព​របស់​ពួក​គេ​ពី​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ដូច​គ្នា​ដែរ​ ។​​

​លោក​ គល់​ បញ្ញា​ ៖«​វា​អាច​ដូច​គាត់​សន្និដ្ឋាន​ដែរ​ ព្រោះថា​អី​ឡូ​វ​នេះ​ ស្ថានភាព​មានការ​បង្ក្រាប​បំពារបំពាន​លើ​គណបក្សប្រឆាំង​ ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ហ្នឹង​ ក៏​ជា​ការ​បារម្ភ​ដែរ​វា​អាច​ដូច​គាត់​គិត​អ​ញ្ចឹ​ង​»​ ។​​

​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ បាន​កាន់​អំណាច​តាំងពី​ឆ្នាំ​ 1985​ ដោយ​ការ​លើក​បន្ដ​ប់​ដោយ​រដ្ឋាភិបាល​វៀតណាម​ គឺ​ពេល​នោះ​ជំនួស​លោក​ ចាន់​ ស៊ី​ ដែល​ធ្វើ​មរណកាល​ដោយ​ជំងឺ​ព្យាធិ​ ។​ ប៉ុន្ដែ​នៅ​ឆ្នាំ​ 1993​ សម្ដេច​ បាន​ចាញ់ឆ្នោត​លើ​គូប្រកួត​របស់​ខ្លួន​គឺ​សម្ដេចក្រុមព្រះ​ ប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ ប៉ុន្ដែ​សម្ដេច​បាន​កាន់​អំណាច​វិញ​ជា​សហនាយករដ្ឋមន្ដ្រី​ តាម​រយៈ​ការ​សម្របសម្រួល​នយោបាយ​របស់​ម្ដេច​ ឪ​នរោត្ដម​សីហ​នុ​ ក្រោយ​ពី​បក្ស​ប្រជាជន​ធ្វើ​អបគមន៍​នៅ​តំបន់​ភាគ​ខាងកើត​ប្រទេស​ដោយ​ប្រមូល​កងទ័ព​ប្រដាប់​អាវុធ​រាប់​ពាន់​នាក់​ ដោយសារ​តែ​មិន​ទទួលស្គាល់​លទ្ធិ​ផល​បោះ​ឆ្នោត​នៅ​គ្រានោះ​ ។​

ចាប់ពី​ 1993​ មក​សម្ដេច​បាន​ទទួល​ជ័យ​ជំនះ​លើ​ការ​បោះ​ឆ្នោត​ជា​រហូត​ដោយ​ការ​រៀបចំ​បោះ​ឆ្នោត​ផ្ទៃក្នុង​កម្ពុជា​ដោយ​ខ្លួនឯង​ដែល​អ្នក​សង្កេតការណ៍​មួយ​ចំនួន​ថា​ ការ​បោះ​ឆ្នោត​មិន​ប្រព្រឹត្ដិ​ទៅ​ដោយ​ត្រឹមត្រូវ​ និង​យុ​ត្ដិ​ធ​ម៌​ ៕

Share

Image
Image
Image