ភ្នំពេញ ៖ បន្ទាប់ពីអ្នកប្រវត្ដិវិទូបរទេសជើងចាស់ដ៏ល្បីឈ្មោះមួយរូបបានផ្ដល់បទសម្ភាសន៍ ទៅកាន់វិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) ដោយបង្ហាញជំនឿរបស់លោកថា ប្រទេសកម្ពុជាគឺមិនអាចមានការបោះឆ្នោតដោយសេរីនិងយុត្ដិធម៌បានឡើយ បើប្រទេសនៅតែស្ថិតក្រោមការដឹកនាំរបស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ។ ការវាយតម្លៃបែបនេះ ត្រូវបានរាជរដ្ឋាភិបាលដិសេធន៍ ។ ចំណែកសង្គមស៊ីវិលយល់ថា ថ្វីបើការបោះឆ្នោតកាលពីលើកមុនមានភាពមិនប្រក្រតីខ្លះមែនក៏ប៉ុន្ដែពួកគេជឿជាក់ថាការបោះឆ្នោតលើកនេះ នឹងល្អប្រសើរជាងមុនព្រោះតែមានការចូលរួមឃ្លាំមើលពីអន្ដរជាតិច្រើន ។ លោក លៀ ស៊ីណា លម្អិតព័ត៌មាន៖
អ្នកប្រវត្ដិវិទូបរទេសជើងចាស់ដែលល្បីឈ្មោះមួយរូបគឺ លោក ដេវិឌ ឆាណ្ឌ ល័រ ដែលសិក្សាពីប្រវត្ដិសាស្ដ្ររបស់ប្រទេសកម្ពុជាបាននិយាយថា ៖ «លោកជឿជាក់ថាប្រទេសកម្ពុជានឹងមិនទទួលបានការបោះឆ្នោតដោយសេរី និងយុត្ដិធម៍ឡើយ ហើយបើមានការផ្លាស់ប្ដូរផ្នែកនយោបាយគឺមានតែតាមរយៈការផ្ដូលរំលំប្រដាប់អាវុធ ឬការស្លាប់របស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ប៉ុណ្ណោះ » ។
លោក ដេវិឌ ឆាណ្ឌ ល័រ ធ្វើការវាយតម្លៃដូចនេះ ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុសសំឡេងសហរដ្ឋអាមេរិក (VOA) កាលពីយប់ថ្ងៃចន្ទទី១៦ឧសភា ដែលត្រូវបានកាសែត The Cambodia Daily ដកស្រង់យកមកចុះផ្សានៅថ្ងៃនេះ ។
អ្នកប្រវត្តិសាស្ត្រេរូបនេះ បញ្ជាក់ថា ជាការពិតសម្ដេច ហ៊ុន សែន ខ្លាចការចាញ់ឆ្នោត គឺលោកមិនបណ្ដោយ ឱ្យលោកបរាជ័យនោះទេ ។
ជាការឆ្លើយតបនេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណរដ្ឋមន្ដ្រីថ្លែងប្រាប់វិទ្យុស្ដ្រីថា ការលើកឡើងរបស់លោក ដេវិឌ ឆាណ្ឌ ល័រ គឺហាក់ដូចជាប្រមាថដល់ស្ថានភាពពិតនៅក្នុងប្រទេសកម្ពុជា ។ លោកថា ប្រសិនបើសម្ដេច ហ៊ុន សែន ពិតជាជនទុច្ចរិតមែននោះ ប្រហែលជាលោកមិនបណ្ដោយឲ្យគណបក្សសង្គ្រោះជាតិបានកើនចំនួនអសនក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៣ នោះទេ ។
លោក ផៃ ស៊ីផាន បញ្ជាក់ថា លោកមិនដឹងថាតើអ្នកប្រវត្ដិវិទូរូបនោះមានអ្វីជាសំអាងបានជាហ៊ានលើកឡើងយ៉ាងដូចនេះទេ ។ លោកក៏បានបន្ដថា លោកសូមធ្វើការច្រានចោលការលើកឡើងរបស់លោក ដេវិឌ ឆាណ្ឌ ល័រ ហើយនឹងថ្កោលទោសចំពោះការនិយាយរបស់គាត់ដោយចាត់ទុកនេះ ជាការប្រមាថដោយគ្មានក្រមសីលធម៌ ។
យ៉ាងណាក៏ដោយលោក សំ គន្ធាមី នាយកប្រតិបត្ដិគណកម្មាធិការអព្យាក្រឹត្យ និងយុត្ដិធម៍ដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា NICFEC យល់ថាការបោះឆ្នោតនៅកម្ពុជាក្នុងឆ្នាំ ២០១៨ ខាងនោះគឺអាចមានភាពល្អប្រសើរជាងកាលពីពេលមុន ។ លោកថា ការអះអាងរបស់លោកបែបនេះដោយសារការសង្កេតរបស់លោកពីមួយអាណត្ដិទៅមួយអាណត្ដិឃើញថាមានការផ្លាសប្ដូរ ។
នាយកប្រតិបត្ដិ និចហ្វិច បន្ថែមថាលោកមិនយល់ស្របដូចការលើកឡើងរបស់អ្នកប្រវត្ដិវិទូបរទេសលោក ឆាណ្ឌ ល័រ នោះទេ ព្រោះក្នុងការបោះឆ្នោតនាពេលខាងមុខគឺមានការចូលរួមពីបណ្ដា អន្ដរជាតិច្រើនប្រទេសដែលឃ្លាំមើល ដែលលោកជឿថា ការបោះឆ្នោតនឹងប្រព្រឹត្ដិទៅប្រកបដោយសេរី និងយុត្ដិធម៌ ។
លោក សំ គន្ធាមី ៖ «ការបោះឆ្នោតពីមួយអណ្ណត្ដិទៅមួយអណ្ណត្ដិឃើញមានការល្អច្រើន ទោះបីអ្នកនយោបាយមិនចង់ឲ្យការបោះឆ្នោតបានប្រសើរក៏ដោយប៉ុន្ដែយើងឃើញមានការវិវត្ដន៍» ។
លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថ្លែងថា ការបោះឆ្នោតនៅកម្ពុជាសេរីឬមិនសេរីគឺមិនស្ថិតលើការវាយតម្លៃរបស់គាត់ដែលជាជនបរទេសត្រឹមតែជាបុគ្គលម្នាក់នោះទេ ។ អ្នកនាំពាក្យបញ្ជាក់បន្ថែមថា ការបោះឆ្នោតនៅកម្ពុជាតាំងពីអាណត្ដិទី១ ដល់អាណត្ដិទី៥ នេះត្រូវបានប្រជាពលរដ្ឋ អ្នកសារព័ត៌មានជាតិ អន្ដរជាតិ ហើយក៏ដូចជាអ្នកសង្កេតការណ៍ទាំងជាតិ អន្ដរជាតិបានវាយតម្លៃថាគឺប្រព្រឹត្ដិទៅប្រកបដោយសេរីនិងយុត្ដិធម៌ ។
លោក សុខ ឥសាន្ដ ៖ «រឿងនេះមិនសំខាន់លើគាត់វាយតម្លៃដែលមិនស្របទៅតាមបរិបទនៅកម្ពុជាទេ រឿងសំខាន់គឺប្រជាការបោះឆ្នោតដោយសេរី និងយុត្ដិធម៌គឺអាស្រ័យទៅលើពលរដ្ឋទូទាំងប្រទេសទទួលស្គាល់និងវាយតម្លៃទេ» ។
ចំណែកលោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ (COMFREL) មិនបានគាំទ្រទាំងស្រុងចំពោះការអះអាងរបស់លោក សុខ ឥសាន្ត នោះទេ ។ គល់ បញ្ញា ថា ជួនកាលអាចនឹងដូចអ្វីដែលលោក ឆាណ្ឌ ល័រ ស្មានដែរព្រោះពេលនេះក៏មានមន្ដ្រីនៃគណកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយរូបកំពុងជាប់ឃុំខ្លួនពន្ធនាគារ ដែលជាហេតុនាំឲ្យមានការព្រួយបារម្ភពីអព្យាក្រឹត្យភាពរបស់ពួកគេពីការរៀបចំការបោះឆ្នោតដូចគ្នាដែរ ។
សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានកាន់អំណាចតាំងពីឆ្នាំ 1985 ដោយការលើកបន្ដប់ដោយរដ្ឋាភិបាលវៀតណាម គឺពេលនោះជំនួសលោក ចាន់ ស៊ី ដែលធ្វើមរណកាលដោយជំងឺព្យាធិ ។ ប៉ុន្ដែនៅឆ្នាំ 1993 សម្ដេច បានចាញ់ឆ្នោតលើគូប្រកួតរបស់ខ្លួនគឺសម្ដេចក្រុមព្រះ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ប៉ុន្ដែសម្ដេចបានកាន់អំណាចវិញជាសហនាយករដ្ឋមន្ដ្រី តាមរយៈការសម្របសម្រួលនយោបាយរបស់ម្ដេច ឪនរោត្ដមសីហនុ ក្រោយពីបក្សប្រជាជនធ្វើអបគមន៍នៅតំបន់ភាគខាងកើតប្រទេសដោយប្រមូលកងទ័ពប្រដាប់អាវុធរាប់ពាន់នាក់ ដោយសារតែមិនទទួលស្គាល់លទ្ធិផលបោះឆ្នោតនៅគ្រានោះ ។
ចាប់ពី 1993 មកសម្ដេចបានទទួលជ័យជំនះលើការបោះឆ្នោតជារហូតដោយការរៀបចំបោះឆ្នោតផ្ទៃក្នុងកម្ពុជាដោយខ្លួនឯងដែលអ្នកសង្កេតការណ៍មួយចំនួនថា ការបោះឆ្នោតមិនប្រព្រឹត្ដិទៅដោយត្រឹមត្រូវ និងយុត្ដិធម៌ ៕