en     km
en     km

លី​កាដូ​ថា​ ៖​ កម្ពុជា​មាន​អ្នកទោស​នយោបាយ​ជាង​២០​នាក់​,​ អ្នកវិភាគ​ថា​ កម្ពុជា​ដើរ​លើ​ផ្លូវខុស​ គួរ​ឱ្យ​ព្រួយបារម្ភ​

Share

​ភ្នំពេញ​ ៖​ អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ក្នុងស្រុក​មួយ​បាន​ចេញ​របាយការណ៍​ ដោយ​សម្តែង​ក្តី​បារម្ភ​អំពី​ចំនួន​អ្នកទោស​នយោបាយ​ជាប់​ពន្ធនាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ កាន់តែ​មានការ​កើនឡើង​យ៉ាង​ខ្លាំង​ ។​ ​តាម​របាយការណ៍​របស់​អង្គការ​នេះ​ គឺ​កម្ពុជា​មាន​អ្នកទោស​ជាង​២០​នាក់​ ។​ ​ទោះជា​យ៉ាងនេះ​ក្ដី​អ្នកវិភាគ​មួយ​ចំនួន​ ដែល​វិទ្យុ​ស្ត្រី​សុំ​សម្ភាសន៍​ ពួក​គាត់​បាន​ពិនិត្យ​ឃើញ​ថា​ ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ពិតជា​ដើរ​ថយក្រោយ​ ឬ​ធ្លាក់​ចុះ​គួរ​ឱ្យ​ព្រួយបារម្ភ​ពិតមែន​ ប៉ុន្តែ​មិន​អាច​ដូច​ប្រទេស​ភូមា​ ព្រោះ​កម្ពុជា​បាន​ស្គាល់​សន្តិភាព​មក​ដល់​ពេល​នេះ​ គឺ​ដោយសារ​តែ​សហគមន៍​អន្តរជាតិ​ ។​  ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​បដិសេធ​ការ​លើក​ឡើង​ដែល​ ថា​ប្រជាធិបតេយ្យ​ ជួប​គ្រោះថ្នាក់​ ។​ លោក​ ធូ​ វី​រៈ​ លម្អិត​ព័ត៌មាន​នេះ​ ៖

3-prison

​តាម​របាយការណ៍​ អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លី​កាដូ​ (LICADHO)​ បញ្ជាក់​ថា​ ចាប់តាំងពី​ខែឧសភា​ ឆ្នាំ​២០១៥​ រហូត​មក​ដល់​ពេល​នេះ​ ចំនួន​អ្នកទោស​នយោបាយ​ដែល​បាន​ជាប់​ពន្ធនាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ កាន់តែ​មានការ​កើនឡើង​យ៉ាង​ខ្លាំង​ ។​
​តាម​របាយការណ៍​ លី​កាដូ​ ជាក់ស្តែង​សមាជិក​ព្រឹទ្ធសភា​ និង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ អ្នក​ធ្វើ​យុទ្ធនាការ​ផ្នែក​បរិស្ថាន​ ព្រះសង្ឃ​ សិស្ស​និស្សិត​ សកម្មជន​ និង​អ្នកធ្វើការ​ងារ​ផ្នែក​សិ​ទិ្ធ​មនុស្ស​កំពុង​ជាប់​ពន្ធនាគារ​ ដោយ​ហេតុផល​នយោបាយ​ជាង​២០​នាក់​ ។​​

​បើ​និយាយ​ពី​ចំនួន​អ្នកទោស​ នយោបាយ​ គឺ​គេ​ត្រូវ​ពិនិត្យ​ឡើង​វិញ​ ប្រទេស​ភូមា​ នៅ​ក្នុង​តំបន់​ អាស៊ី​អា​គ្នេ​យ៌​ជាមួយ​កម្ពុជា​ដែរ​នេះ​ ។​ ប្រទេស​នេះ​ក្រោម​ការ​ដឹកនាំ​ដោយ​របប​យោធា​អតីត​ប្រធានាធិបតី​ ថេ​ន​ សេន​ បាន​ដាក់គុក​អ្នកទោស​នយោបាយ​ប្រមាណ​៣​ពាន់​នាក់​ ប៉ុន្តែ​ពួក​គេ​ត្រូវ​បាន​ដោះ​លែង​វិញ​ ក្រោយ​ពី​មាន​ប្រធានាធិបតី​ថ្មី​ដែល​ជាប់​ឆ្នោត​ ។​​

​ប្រហែល​ភ័យ​ខ្លាច​ដូច​ប្រទេស​ភូមា​នេះ​ហើយ​ បានជា​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លី​កាដូ​ (LICADHO)​ សម្តែង​ក្តី​បារម្ភ​អំពី​ចំនួន​អ្នកទោស​នយោបាយ​នៅ​កម្ពុជា​កាន់តែ​កើនឡើង​ ។​ តែ​បែប​នេះ​ក្ដី​  ក្រុម​អ្នកវិភាគ​លើក​ឡើង​ប្រហាក់ប្រហែល​គ្នា​ថា​  ប្រទេស​កម្ពុជា​មិន​អាច​ដើរ​លើ​ផ្លូវ​លំនាំ​តាម​ ប្រទេស​ភូមា​ ឬ​មី​យ៉ា​ន​ម៉ា​ដូច​ពេល​អតីត​កាលេ​របស់​ប្រទេស​នេះ​ឡើយ​ ។​​

​សាស្ត្រ​ចា​រ្យ​វិទ្យាសាស្ត្រ​នយោបាយ​ លោក​ សូ​ ច​ន្ថា​ មាន​សុទិដ្ឋិនិយម​ថា​ គ្មាន​សញ្ញា​អាសន្ន​ណាមួយ​ដែល​បញ្ជាក់​ថា​ ដំណើរការ​ដឹកនាំ​ប្រទេស​កម្ពុជា​ តាំងពី​ឆ្នាំ​១៩៩៣​ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ ធ្វើ​ដំណើរ​តាម​កន្លង​ផ្លូវ​នៃ​ប្រទេស​ភូមា​ ឬ​មី​យ៉ា​ន​ម៉ា​ ដែល​ដឹកនាំ​ដោយ​របប​យោធា​ឡើយ​ ប៉ុន្តែ​អ្នកវិភាគ​រូប​នេះ​ បញ្ជាក់​ថា​ នេះ​ជា​បរិបទ​នយោបាយ​ថ្មី​មួយ​ ដែល​រុញ​ដំណើរការ​លិ​ទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​ដើរ​លើ​ផ្លូវខុស​ប៉ុណ្ណោះ​ ។​​

​លោក​ សូ​ ច​ន្ថា​ ថា​៖​ «​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា​ វា​មិន​ដល់​ថ្នាក់​ដូច​ភូមា​ដែល​ចាប់​អ្នកទោស​ដាក់​ពន្ធនាគារ​ច្រើន​សន្ធឹកសន្ធាប់​នោះ​ទេ​ សម្រាប់​កម្ពុជា​យើង​អាច​មើលឃើញ​ថា​ការ​ចោទប្រកាន់​អ្នកនយោបាយ​ ការ​ចាប់​អ្នក​ន​យោ​យ​បាន​ដាក់​ព​ន្ឋ​នាគារ​ជាដើម​ គ្រាន់តែ​ធ្វើ​យ៉ាងណា​ឲ្យ​បក្ស​ប្រឆាំង​ខ្សោយ​ប៉ុណ្ណោះ​ មិន​ឈាន​ដល់​ថ្នាក់​ធ្វើ​ឲ្យ​ស្ថានភាព​ដូច​ភូមា​ទេ​»​ ។​​

​ចំណែក​លោក​ បណ្ឌិត​ ចាន់​ វិបុល​ អ្នក​សិក្សា​ពី​អភិបាលកិច្ច​ល្អ​ និង​លទ្ធិប្រជាធិបតេយ្យ​ បាន​មាន​ប្រសាសន៍​ថា​ លោក​ពុំ​ទាន់​ឃើញ​សញ្ញាណ​ណាមួយ​វិវត្តន៍​ស្ថានភាព​នយោបាយ​កម្ពុជា​ទៅ​រក​របប​យោធា​និយម​ដូច​ប្រទេស​ភូមា​ ឬ​ មី​យ៉ា​ន់​ម៉ា​ទេ​ ។​ ប៉ុន្តែ​លោក​ថា​ កម្តៅ​នយោបាយ​បច្ចុប្បន្ន​ បង្ហាញ​ពី​ទិដ្ឋភាព​នយោបាយ​បែប​រក្សា​អំណាច​ និង​ការ​ដឹកនាំ​នយោបាយ​បែប​ចាស់​ក​ម្រិ​ល​ប៉ុណ្ណោះ​ ។​​

​លោក​ បណ្ឌិត​ ចាន់​ វិបុល​ និយាយ​ថា​ ៖​ «​ខ្ញុំ​នៅ​តែ​មាន​សុ​ទិ​ដ្ឋ​និយម​សម្រាប់​សង្គម​កម្ពុជា​របស់ខ្ញុំ​ថា​ អ្វី​ដែល​យើង​ចង់​ឃើញ​នៅ​ឆ្នាំ​ ២០១៧​ ២០១៨​ គឺ​ចង់​ឃើញ​មេដឹកនាំ​ម្នាក់​ថ្មី​មួយ​ អាច​ធានា​ថា​លិ​ទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ត្រូវ​បាន​ស្តារ​ឡើង​វិញ​ ពីព្រោះ​ខ្ញុំ​បានឃើញ​ថា​លិ​ទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ពេល​ប​ច្ចប្ប​ន្ន​នេះ​កំពុង​វិវត្តន៍​ទៅ​រក​ផ្លូវ​អាក្រក់​មួយ​ធំ​បំផុត​ ហើយ​សម្រាប់​សង្គម​កម្ពុជា​»​ ។​​

​យ៉ាងណា​ក៏​ដោយ​អ្នកវិភាគ​គិត​ថា​ ប្រទេស​ខុស​ភូមា​ត្រង់​ កម្ពុជា​មាន​សន្តិភាព​ មានការ​អភិវឌ្ឍន៍​ មក​ទល់​ពេល​នេះ​ គឺ​ដោយសារ​តែ​ សហគមន៍​អន្តរជាតិ​ជួយ​ ជ្រុំ​ជ្រែង​ផង​ដែរ​ ។​

​ជុំវិញ​របាយការណ៍​អង្គការ​លី​ការ​ដូរ​បង្ហាញ​ថា​ អ្នកទោស​នយោបាយ​មានការ​កើនឡើង​នេះ​ មន្ត្រី​រដ្ឋាភិបាល​បាន​ច្រាន់ចោល​របាយការណ៍​នេះ​ ដោយ​ចាត់​ទុក​ថា​មិន​ត្រឹមត្រូវ​និង​មាន​លក្ខណៈ​ប្រឆាំង​រដ្ឋាភិបាល​ ។​ ​លោក​  ក៏​មិន​យល់​ស្រប​ ការ​លើក​របស់​ក្រុម​អ្នកវិភាគ​ដែល​ថា​លិ​ទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​ដើរ​លើ​ផ្លូវខុស​ដែរ​ ។​​

​លោក​ ផៃ​ ស៊ី​ផា​ន​ ៖«​ខ្ញុំ​យល់​ថា​ អង្គការ​នានា​ ហៅ​ថា​ភ្នាក់ងារ​បរទេស​ ដោយសារ​ទទួល​លុយ​ពី​ខាងក្រៅ​ រៀបចំ​របាយការណ៍​ ដែល​ជា​និន្នាការ​បង្កើត​ការ​និ​ន័យ​ ហើយ​ក្រុម​វិភា​គជា​ក្រុម​បក្សពួក​គេ​និង​ឯង​ យើង​ឃើញ​អ្នកវិភាគ​ឯករាជ្យ​ក្លាយជា​សមាជិក​គណបក្សប្រឆាំង​កន្លង​មក​ ហើយ​អ្នកវិភាគ​មួយ​ចំនួន​មិន​វិភាគ​ទៅ​តាម​វិទ្យាសាស្ត្រ​នោះ​ទេ​ វិភាគ​តាម​អារម្មណ៍​ ហើយ​មាន​គោល​ការ​ប្រឆាំង​ប៉ុណ្ណោះ​ឯង​ មិន​មាន​អ្វី​គួរ​ចាប់អារម្មណ៍​នោះ​ទេ​»​ ។​​

​តែ​បែប​នេះ​ក្ដី​អ្នកវិភាគ​ទាំង​ពីរ​ខាងលើ​នេះ​ បាន​ផ្តល់​អនុសាសន៍​ថា​ ដើម្បី​ឲ្យ​ក​ម្បុ​ជា​ធ្វើ​ដំណើរ​លើ​កន្លង​លិ​ទ្ធិ​ប្រជាធិបតេយ្យ​ត្រឹមត្រូវ​ពិតប្រាកដ​ គឺ​រាជរដ្ឋាភិបាល​ត្រូវ​គោរ​សិទ្ធិ​មនុស្ស​ សិទ្ធិ​សេរីភាព​សម្តែង​មតិ​ កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ និង​រាជរដ្ឋាភិបាល​ត្រូវ​ស្វែងរក​បេក្ខជន​នាយក​រដ្ឋមន្ត្រី​ថ្មី​ដែល​អាច​ធានា​ភាព​សុខសាន្ត​នៃ​លិ​ទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ​ ៕​

Share

ព័ត៌មានទាក់ទង

Image