en     km
en     km

ក្រុមហ៊ុន​កា​ពី​តូ​ល​រក្សា​ជំហរ​ដាច់​ណាត់​ មិន​ទទួលយក​អតីត​តៃកុង​ឡាន​ឱ្យ​ចូល​ធ្វើការ​

Share

ភ្នំពេញ៖ ​អតីត​អ្នកបើកបរ​រថយន្ត​ឲ្យ​ក្រុមហ៊ុន​កា​ពី​តូ​ល​ប្រមាណ​ជិត​ ៥០​នាក់​ បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​ជា​ថ្មី​ នៅ​ពីមុខ​ក្រុមហ៊ុន​នៅ​ព្រឹក​ថ្ងៃ​ទី​ ១៨​ ខែឧសភា​នេះ​ ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​គោរព​ច្បាប់​ស្ដី​ពី​ការងារ​ និង​ទទួលយក​ពួក​គេ​ចូល​ធ្វើការ​ដូច​ធម្មតា​វិញ​។​  ប៉ុន្តែ​ភាគី​ក្រុមហ៊ុន​កា​ពី​តូ​ល​នៅ​តែ​ប្រកាន់​ជំហរ​អនុវត្ត​តាម​គោលការណ៍​ច្បាប់​ដែល​បាន​សម្រេច​កន្លង​មក​ និង​រក្សា​ជំហរ​ដាច់​ណាត់​មិន​ទទួលយក​អតីត​អ្នកបើកបរ​ទាំងនោះ​ ឱ្យ​ចូល​ធ្វើការ​វិញ​នោះ​ទេ​។

 

kapitol-01
អតីតតៃកុងឡានកាពីតូលតវ៉ានៅមុខក្រុមហ៊ុន ក្បែរផ្សារអូរឫស្សី ក្រុងភ្នំពេញ

ជា​ថ្មី​ម្តងទៀត​អតីត​អ្នកបើកបរ​រថយន្តក្រុង​កា​ពី​តូ​ល​ប្រមាណ​ ៤៥​នាក់​ នៅ​តែ​បន្ត​ការ​តវ៉ា​ទាមទារ​ឱ្យ​ក្រុមហ៊ុន​កា​ពី​តូ​ល​ទទួលយក​ពួក​គេ​ចូល​ធ្វើការ​ដូច​ធម្មតា​វិញ​ និង​ទាមទារ​ឱ្យ​ក្រុមហ៊ុន​មួយ​នេះ​គោរព​នូវ​ច្បាប់​ស្តី​ពី​ការងារ​ និង​បញ្ឈប់​ការ​ប្រមាថ​អាយុជីវិត​របស់​ពួក​គេ​បន្ត​ទៀត​។​

​លោក​ ប៉ិល​ វឿ​ន​ អតីត​តៃកុង​ឡាន​កា​ពី​តូ​ល​ដែល​បាន​មក​តវ៉ា​លើក​ឡើង​ពី​មូលហេតុ​ ដែល​នាំ​ឱ្យ​ក្រុមហ៊ុន​បញ្ឈប់​លោក​ក៏​ដូច​ជា​បុគ្គលិក​ដទៃ​ទៀត​យ៉ាង​ដូច្នេះ​ថា​ គឺ​ដោយសារ​តែ​អ្នកបើកបរ​ទាំងអស់​ទាមទារ​បង្កើត​សហជីព​ក្នុង​ក្រុមហ៊ុន​ដើម្បី​ទាមទារ​ផលប្រយោជន៍​ជូន​បុគ្គលិក​ ព្រោះ​កន្លង​មក​ខាង​ក្រុមហ៊ុន​តែងតែ​រំលោភ​លើ​ច្បាប់​ស្តី​ពី​ការងារ​ជា​ញឹកញាប់​។​ អតីត​អ្នកបើកបរ​រូប​នេះ​បន្ត​ថា​ លោក​គ្រាន់តែ​ទាមទារ​ឱ្យ​ភាគី​ក្រុមហ៊ុន​ទទួលយក​ពួក​គេ​ទាំង​ ៤៥​នាក់​ឱ្យ​ចូល​ធ្វើការ​ដូច​ធម្មតា​វិញ​ និង​ស្នើ​ឱ្យ​ថៅកែ​ក្រុមហ៊ុន​បញ្ឈប់​ការ​ប្រមាថ​តិះដៀល​អាយុ​វ​ជីវិត​បុគ្គលិក​ ជា​ពិសេស​គឺ​អ្នកបើកបរ​ ។​ លោក​ ប៉ិល​ វឿ​ន​៖​«ផ្ទុយ​ទៅ​បែរជា​ក្រុមហ៊ុន​កា​ពី​តូ​ល​មិន​អនុវត្ត​ច្បាប់​ហ្នឹង​ទេ​ គាត់​យក​ច្បាប់​ដាក់​គូទ​អង្គុយ​។​គាត់​មាន​តែ​ជេរ​ប្រមាថ​អាយុជីវិត​តៃកុង​ឡាន​ហ្នឹង​ មិន​ស្មើ​កង់​ឡាន​គាត់​មួយ​គ្រប់​។​ គាត់​ថា​ ប្រពន្ធ​ឆ្លងទន្លេ​ក៏​គាត់​ក៏​មិន​អនុញ្ញាត​ដែរ​ បើ​ផ្ទុយ​ទៅ​វិញ​បើ​គាត់​អនុញ្ញាត​ គាត់​ឱ្យ​ឈប់​តែ​ម្តង»​។​

​ជាមួយ​គ្នា​នេះ​លោក​ អៀន​ គឹ​ម​ហ៊ុន​ អគ្គលេខាធិការ​សហព័ន្ធ​សហជីព​កម្មករ​វិស័យ​ដឹក​ជញ្ជូន​កម្ពុជា​ ដែល​បាន​ចូលរួម​ដោះស្រាយ​ក្នុង​ជំ​លោះ​នេះ​លើក​ឡើង​ថា​ កន្លង​មក​សហជីព​បាន​ដាក់​លិខិតស្នើ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ ដើម្បី​រក​ដំណោះស្រាយ​ក្នុង​វិវាទ​នេះ​តែ​នៅ​មិន​បាន​លទ្ធផល​អ្វី​នោះ​ទេ​។​ លោក​ អៀន​ គឹ​ម​ហ៊ុន​ បញ្ជាក់​ថា​ ប្រសិនបើ​ក្រុមហ៊ុន​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ព្យាយាម​មិន​ដោះស្រាយ​ជូន​ពួក​គាត់​ទេ​  នោះ​អតីត​អ្នកបើកបរ​ឱ្យ​ក្រុមហ៊ុន​កា​ពី​តូ​ល​នឹង​ធ្វើ​យុទ្ធនាការ​ទាមទារ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ តវ៉ា​ដើម្បី​ព​ន្លឿ​ន​ឱ្យ​មាន​ដំណោះស្រាយ​ក្នុង​វិវាទ​នេះ​។​ លោក​ អៀន​ គឹ​ម​ហ៊ុន​៖​«រឿង​កា​ពី​តូ​ល​មួយ​បើសិន​រដ្ឋាភិបាល​គាត់​មិន​ជួយ​ដោះស្រាយ​យើង​ទេ​ យើង​ហ្នឹង​ធ្វើ​យុទ្ធនាការ​ធំ​ដើម្បី​បង្ហាញ​ថា​ រដ្ឋាភិបាល​មិន​យកចិត្តទុកដាក់​នូវ​រឿង​ពួក​​យើងខ្ញុំ»​​។​

kapitol-2
លោក អៀន គឹមហ៊ុន កំពុងផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន

ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​ លោក​ ភូ​ កុក​វណ្ណ​ ជំនួយការ​អគ្គនាយក​ក្រុមហ៊ុន​កា​ពី​តូ​ល​បាន​ចេញ​មុខ​បញ្ជាក់​ជំហរ​របស់​ក្រុមហ៊ុន​ថា​ ក្រុមហ៊ុន​មិន​ទទួលយក​អតីត​អ្នកបើកបរ​ទាំងនោះ​ឱ្យ​ចូល​ធ្វើការ​វិញ​នោះ​ទេ​ ព្រោះថា​វិវាទ​នេះ​បាន​ទៅ​ដល់​ដៃ​តុលាការ​ចាត់ការ​ទៅ​ហើយ​ ។​ ចំពោះ​ការ​ចោទប្រកាន់​ថា​ ក្រុមហ៊ុន​បាន​ប្រមាថ​បន្ថោក​តម្លៃ​អាយុជីវិត​អតីត​អ្នកបើកបរ​ក្រុមហ៊ុន​កា​ពី​តូ​ល​ គឺ​មិន​ត្រឹមត្រូវ​នោះ​ទេ​ ហើយ​ក៏​ជា​ការ​ចោទប្រកាន់​ឥត​មាន​មូលដ្ឋាន​សម​ហេតុផល​ផង​ដែរ​។​ លោក​ ភូ​ កុក​វណ្ណ​៖​«អា​អ្វីៗ​ដែល​ពួក​គាត់​និយាយ​គាត់​ធ្វើការ​ចោទប្រកាន់​ទាំង​ស្រស់​ ហើយ​ខ្ញុំ​សូម​ទាញ​ចំណាប់​អា​ម្មរណ៍​តិច​!​ ខ្ញុំ​សូម​សួរ​ថា​ គាត់​តែ​តែង​និយាយ​ថា​ ក្រុមហ៊ុន​ជេរ​ប្រមាថ​គាត់​ ធ្វើបាប​គាត់​ ប្រើ​គាត់​ដោយ​រំលោភច្បាប់​ តែ​អ្វី​ដែល​គាត់​ទាមទារ​គឺ​ទាមទារ​ចូល​ធ្វើការ​វិញ​ តើ​អាហ្នឹង​វា​ឡូ​ស៊ិ​ក​នឹង​ការ​ទាមទារ​ និង​ការ​ចោទប្រកាន់​របស់​គាត់​ដែរ​អត់​»។​

​សូម​រំលឹក​ថា​ កាលពី​ថ្ងៃ​ទី​ ០៦​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៦​ អតីត​អ្នកបើកបរ​រថយន្តក្រុង​កា​ពី​តូ​ល​ប្រមាណ​១០​នាក់​រង​របួសធ្ងន់​ស្រាល​  និង​ មនុស្ស​ពីរ​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ ខណៈ​ក្រុម​អ្នក​តវ៉ា​បាន​ប៉ះទង្គិច​ជាមួយ​សមាគម​អ្នក​រត់​រ៉ឺ​ម៉ក​កង់​បី​។​ បន្ទាប់​មក​ទៀត​អតីត​តៃកុង​រថយន្ត​កា​ពី​តូ​ល​ចំនួន​ ៧​នាក់​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ករណី​ចែក​ខិត្តប័ណ្ណ​គ្មាន​កា​អនុញ្ញាត​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​៕​

Share

Image
Image
Image