ភ្នំពេញ៖ អតីតអ្នកបើកបររថយន្តឲ្យក្រុមហ៊ុនកាពីតូលប្រមាណជិត ៥០នាក់ បានប្រមូលផ្តុំគ្នាតវ៉ាជាថ្មី នៅពីមុខក្រុមហ៊ុននៅព្រឹកថ្ងៃទី ១៨ ខែឧសភានេះ ដើម្បីទាមទារឲ្យក្រុមហ៊ុនគោរពច្បាប់ស្ដីពីការងារ និងទទួលយកពួកគេចូលធ្វើការដូចធម្មតាវិញ។ ប៉ុន្តែភាគីក្រុមហ៊ុនកាពីតូលនៅតែប្រកាន់ជំហរអនុវត្តតាមគោលការណ៍ច្បាប់ដែលបានសម្រេចកន្លងមក និងរក្សាជំហរដាច់ណាត់មិនទទួលយកអតីតអ្នកបើកបរទាំងនោះ ឱ្យចូលធ្វើការវិញនោះទេ។
ជាថ្មីម្តងទៀតអតីតអ្នកបើកបររថយន្តក្រុងកាពីតូលប្រមាណ ៤៥នាក់ នៅតែបន្តការតវ៉ាទាមទារឱ្យក្រុមហ៊ុនកាពីតូលទទួលយកពួកគេចូលធ្វើការដូចធម្មតាវិញ និងទាមទារឱ្យក្រុមហ៊ុនមួយនេះគោរពនូវច្បាប់ស្តីពីការងារ និងបញ្ឈប់ការប្រមាថអាយុជីវិតរបស់ពួកគេបន្តទៀត។
លោក ប៉ិល វឿន អតីតតៃកុងឡានកាពីតូលដែលបានមកតវ៉ាលើកឡើងពីមូលហេតុ ដែលនាំឱ្យក្រុមហ៊ុនបញ្ឈប់លោកក៏ដូចជាបុគ្គលិកដទៃទៀតយ៉ាងដូច្នេះថា គឺដោយសារតែអ្នកបើកបរទាំងអស់ទាមទារបង្កើតសហជីពក្នុងក្រុមហ៊ុនដើម្បីទាមទារផលប្រយោជន៍ជូនបុគ្គលិក ព្រោះកន្លងមកខាងក្រុមហ៊ុនតែងតែរំលោភលើច្បាប់ស្តីពីការងារជាញឹកញាប់។ អតីតអ្នកបើកបររូបនេះបន្តថា លោកគ្រាន់តែទាមទារឱ្យភាគីក្រុមហ៊ុនទទួលយកពួកគេទាំង ៤៥នាក់ឱ្យចូលធ្វើការដូចធម្មតាវិញ និងស្នើឱ្យថៅកែក្រុមហ៊ុនបញ្ឈប់ការប្រមាថតិះដៀលអាយុវជីវិតបុគ្គលិក ជាពិសេសគឺអ្នកបើកបរ ។ លោក ប៉ិល វឿន៖«ផ្ទុយទៅបែរជាក្រុមហ៊ុនកាពីតូលមិនអនុវត្តច្បាប់ហ្នឹងទេ គាត់យកច្បាប់ដាក់គូទអង្គុយ។គាត់មានតែជេរប្រមាថអាយុជីវិតតៃកុងឡានហ្នឹង មិនស្មើកង់ឡានគាត់មួយគ្រប់។ គាត់ថា ប្រពន្ធឆ្លងទន្លេក៏គាត់ក៏មិនអនុញ្ញាតដែរ បើផ្ទុយទៅវិញបើគាត់អនុញ្ញាត គាត់ឱ្យឈប់តែម្តង»។
ជាមួយគ្នានេះលោក អៀន គឹមហ៊ុន អគ្គលេខាធិការសហព័ន្ធសហជីពកម្មករវិស័យដឹកជញ្ជូនកម្ពុជា ដែលបានចូលរួមដោះស្រាយក្នុងជំលោះនេះលើកឡើងថា កន្លងមកសហជីពបានដាក់លិខិតស្នើដល់ស្ថាប័នពាក់ព័ន្ធមួយចំនួន ដើម្បីរកដំណោះស្រាយក្នុងវិវាទនេះតែនៅមិនបានលទ្ធផលអ្វីនោះទេ។ លោក អៀន គឹមហ៊ុន បញ្ជាក់ថា ប្រសិនបើក្រុមហ៊ុននិងអាជ្ញាធរពាក់ព័ន្ធព្យាយាមមិនដោះស្រាយជូនពួកគាត់ទេ នោះអតីតអ្នកបើកបរឱ្យក្រុមហ៊ុនកាពីតូលនឹងធ្វើយុទ្ធនាការទាមទារជាលក្ខណៈទ្រង់ទ្រាយធំ តវ៉ាដើម្បីពន្លឿនឱ្យមានដំណោះស្រាយក្នុងវិវាទនេះ។ លោក អៀន គឹមហ៊ុន៖«រឿងកាពីតូលមួយបើសិនរដ្ឋាភិបាលគាត់មិនជួយដោះស្រាយយើងទេ យើងហ្នឹងធ្វើយុទ្ធនាការធំដើម្បីបង្ហាញថា រដ្ឋាភិបាលមិនយកចិត្តទុកដាក់នូវរឿងពួកយើងខ្ញុំ»។
ពាក់ព័ន្ធក្នុងរឿងនេះ លោក ភូ កុកវណ្ណ ជំនួយការអគ្គនាយកក្រុមហ៊ុនកាពីតូលបានចេញមុខបញ្ជាក់ជំហររបស់ក្រុមហ៊ុនថា ក្រុមហ៊ុនមិនទទួលយកអតីតអ្នកបើកបរទាំងនោះឱ្យចូលធ្វើការវិញនោះទេ ព្រោះថាវិវាទនេះបានទៅដល់ដៃតុលាការចាត់ការទៅហើយ ។ ចំពោះការចោទប្រកាន់ថា ក្រុមហ៊ុនបានប្រមាថបន្ថោកតម្លៃអាយុជីវិតអតីតអ្នកបើកបរក្រុមហ៊ុនកាពីតូល គឺមិនត្រឹមត្រូវនោះទេ ហើយក៏ជាការចោទប្រកាន់ឥតមានមូលដ្ឋានសមហេតុផលផងដែរ។ លោក ភូ កុកវណ្ណ៖«អាអ្វីៗដែលពួកគាត់និយាយគាត់ធ្វើការចោទប្រកាន់ទាំងស្រស់ ហើយខ្ញុំសូមទាញចំណាប់អាម្មរណ៍តិច! ខ្ញុំសូមសួរថា គាត់តែតែងនិយាយថា ក្រុមហ៊ុនជេរប្រមាថគាត់ ធ្វើបាបគាត់ ប្រើគាត់ដោយរំលោភច្បាប់ តែអ្វីដែលគាត់ទាមទារគឺទាមទារចូលធ្វើការវិញ តើអាហ្នឹងវាឡូស៊ិកនឹងការទាមទារ និងការចោទប្រកាន់របស់គាត់ដែរអត់»។
សូមរំលឹកថា កាលពីថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០១៦ អតីតអ្នកបើកបររថយន្តក្រុងកាពីតូលប្រមាណ១០នាក់រងរបួសធ្ងន់ស្រាល និង មនុស្សពីរនាក់ត្រូវបានចាប់ខ្លួន ខណៈក្រុមអ្នកតវ៉ាបានប៉ះទង្គិចជាមួយសមាគមអ្នករត់រ៉ឺម៉កកង់បី។ បន្ទាប់មកទៀតអតីតតៃកុងរថយន្តកាពីតូលចំនួន ៧នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីចែកខិត្តប័ណ្ណគ្មានកាអនុញ្ញាតដែលធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ៕