en     km
en     km

រដ្ឋ​​មន្ត្រី​​មហា​ផ្ទៃ​​បញ្ជា​​ឱ្យ​​រឹត​​បន្តឹង​​ ការ​​ត្រួត​ពិនិត្យ​​ជន​បរទេស​​ខុស​ច្បាប់​​លួច​​ចូល​​មក​​រស់​នៅ​​កម្ពុជា​

Share

​ភ្នំពេញ​៖​ ដើម្បី​ការពារ​ឱ្យ​បាន​ដាច់ខាត​នូវ​មុខសញ្ញា​គ្រប់​ប្រភេទ​ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ជា​ពិសេស​មុខសញ្ញា​ភេរវកម្ម​ និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​ដាក់​បញ្ជា​ឱ្យ​មន្ត្រី​ទទួល​បន្ទុក​ជនអន្ដោប្រវេសន៍​ បន្ដ​ចាត់​វិធាន​ ចំពោះ​ជនបរទេស​ដែល​ជ្រៀតចូល​មក​ស្នាក់​នៅ​ដោយ​ខុសច្បាប់​នៅ​កម្ពុជា​ ។​ ប្រសាសន៍​របស់​សម្ដេច​ ស​ ខេ​ង​ បាន​ថ្លែង​ដូចនេះ​ នៅ​ក្នុង​វេទិកា​ខួប​អនុស្សាវរីយ៍​លើក​ទី​៧១​ នៃ​ថ្ងៃកំណើត​នគរបាល​ជាតិ​កម្ពុជា​ នា​ទីស្ដីការ​ ក្រសួងមហាផ្ទៃ​  កាលពី​ថ្ងៃចន្ទ ទី១៦ឧសភា​ ។​ អ្នកនាំពាក្យ​បក្ស​ប្រឆាំង​សាទរ​ តែ​អ្នកវិភាគ​ថា​ អន្ដោ​ប្រវេ​ស្តន៍​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​គឺ​មនុស្ស​ហូរ​ចូល​មក​ពី​ប្រទេស​ជាប់​កម្ពុជា​ ។​ កញ្ញា​ ជុំ​ ជោក​ជាតា​ ជូន​ព័ត៌មាន​លម្អិត​ ៖

 

Ministry-of-interior-text
រូបភាពពី៖ interior.gov.kh

​សម្តេច​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​និង​ជា​ រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​ បាន​ថ្លែង​ថា​ ជនបរទេស​ដែល​ ជ្រៀតចូល​កម្ពុជា​មាន​ច្រើន​ប្រភេទ​ ប៉ុន្តែ​ជនបរទេស​ខ្លះ​ជា​ប្រភេទ​ភេរវកម្ម​ គឺជា​មុខសញ្ញា​ត្រូវ​តាមដាន​ ហើយ​ចំពោះ​ជនបរទេស​មក​រក​ការងារ​ធ្វើ​នៅ​កម្ពុជា​ ក៏​ត្រូវ​ត្រួតពិនិត្យ​ម៉ត់ចត់​ដែរ​ ។​​

​សម្ដេច​ ស​ ខេ​ង​ ៖​ «​ ត្រូវ​ជំរុញ​ ការ​គ្រប់គ្រង​ និង​ដោះស្រាយ​បញ្ហា​ ជនបរទេស​ អន្ដោប្រវេសន៍​ដែល​បាន​ធ្វើ​ជំរឿន​រួច​ ដោយ​ជម្រុញ​ដោះស្រាយ​ តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល​  និង​បន្ដ​ចាត់​វិធាន​តាម​ច្បាប់​ជាតិ​ និង​អន្ដរជាតិ​ចំពោះ​ជនបរទេស​ដែល​ជ្រៀតចូល​មក​ស្នាក់​នៅ​ខុសច្បាប់​នៅ​កម្ពុជា​ ។​ ទន្ទឹម​នឹង​នេះ​ត្រូវ​បន្ដ​ក្នុង​ការ​ត្រួតពិនិត្យ​ជនបរទេស​ ដែល​ធ្វើការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ តាម​រោងចក្រ​សហគ្រាស​ ការដ្ឋាន​ គ្រឹះស្ថាន​នានា​ដោយ​តម្រូវ​ ឱ្យ​មាន​លិខិត​ស្នាម​ និង​ប័ណ្ណ​ការងារ​ត្រឹមត្រូវ​ ព្រមទាំង​បន្ដ​ពង្រឹង​ គ្រប់គ្រង​ការ​ចេញចូល​ប្រទេស​ឱ្យ​បាន​ម៉ត់ចត់​ ម៉ឺងម៉ាត់​ ដើម្បី​ការពារ​ឱ្យ​បាន​ដាច់ខាត​ នូវ​មុខសញ្ញា​គ្រប់​ប្រភេទ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ជា​ពិសេស​មុខសញ្ញា​ ភេរវកម្ម​ និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ »​ ។​​

​ទន្ទឹម​នឹង​នេះ​ ការ​ដាក់​បញ្ជា​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ ត្រួតពិនិត្យ​ និង​តាមដាន​ ជនអន្តោប្រវេសន៍​ដែល​បាន​ចេញចូល​ដោយ​ខុសច្បាប់​នៅ​តាម​ច្រករបៀង​តូចៗ​ និង​នៅ​តាម​ព្រំដែន​នេះ​ដែរ​ រដ្ឋមន្ដ្រី​​ក្រសួងមហាផ្ទៃ​រូប​នេះ​ ក៏​បាន​ដាក់​កំហិត​ឱ្យ​មន្ដ្រី​របស់​ខ្លួន​ ឆាប់​បញ្ចប់​ការងារ​ជំរឿន​របស់​ខ្លួន​   នៅ​ដំណាច់ខែ​មិថុនា​ ឬ​យ៉ាង​យូរ​ ខែកក្កដា​ ក្នុង​ឆ្នាំ​២០១៦​ដើម្បី​ត្រៀម​ បង្កើត​គណៈ​ក​ម្មា​ការ​ចំពោះ​កិច្ច​មួយ​ ពិភាក្សា​លើ​បញ្ហា​អន្ដោប្រវេសន៍​ និង​សុំ​គោលការណ៍​ផ្លូវច្បាប់​ពី​រាជរដ្ឋាភិបាល​ផង​ដែរ​ ។​​

​ទាក់ទង​នឹង​រឿង​នេះ​ មន្ដ្រី​អ្នកនាំពាក្យ​គណបក្សប្រឆាំង​លោក​ យឹ​ម​ សុវណ្ណ​ មាន​ប្រសាសន៍​ថា​  តាម​ការងារ​ដែល​គណបក្ស​លោក​បាន​ចុះ​អនុវត្ត​ និង​បាន​សង្កេត​ឃើញជាក់ស្ដែង​គឺថា​ កន្លង​មក​ ការ​ចាត់វិធានការ​របស់​ក្រសួងមហាផ្ទៃ​អត់​ជាប់លាប់​ ហើយ​អត់​គ្រប់​ជ្រុងជ្រោយ​  ធ្វើ​ទៅ​ស្ងាត់ៗ​ ហើយ​នៅ​តែ​មានការ​លេចលឺ​ នៅ​តែ​មានការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ដែល​បណ្ដែតបណ្ដោយ​ឱ្យ​ជនអន្ដោប្រវេសន៍​ចូល​មក​ក្នុងស្រុក​ខ្មែរ​ ដោយ​ឥត​មានច្បាប់​ទម្លាប់​ ហើយ​ធ្វើការ​ដោយ​ខុសច្បាប់​ និង​អត់​មាន​ឯកសារ​ស្របច្បាប់​  ហើយ​មាន​ពេល​ខ្លះ​ទៀត​ រហូត​ដល់​ការ​លួច​ធ្វើ​អត្ដសញ្ញាណប័ណ្ណ​ អោយ​ជនបរទេស​ថែម​ទៀត​ ។​ ប៉ុន្ដែ​ទោះជា​យ៉ាងណា​ក៏​លោក​ នៅ​តែ​មានការ​អបអរសាទរ​នូវ​ការ​ដាក់​ចេញ​របស់​ក្រសួងមហាផ្ទៃ​មួយ​នេះ​ ព្រោះ​លោក​ចាត់​ទុក​ថា​ បើ​ក្រសួងមហាផ្ទៃ​ ធ្វើការ​នេះ​មាន​ប្រសិទ្ធិ​ភាព​ គឺជា​រឿង​ល្អ​ចំពោះ​ផលប្រយោជន៍​ជាតិ​ ។​​

​លោក​ យឹ​ម​ សុវណ្ណ​ ថា​ ៖​ «​ យើង​មានការ​អបអរសាទរ​ហើយ​យើង​គាំទ្រ​នូវ​វិធានការ​ ពីព្រោះ​ គោលនយោបាយ​ គណបក្ស​សង្គ្រោះ​ជាតិ​ តាំងពី​មុន​មក​ ក៏​ចាប់អារម្មណ៍​ទៅ​លើ​ជនអន្ដោប្រវេសន៍​ខុសច្បាប់​ដែល​ចេះ​តែ​ ហូរ​ចូល​មក​ប្រទេស​កម្ពុជា​ឥត​ឈប់​ឈរ​ នេះ​គឺជា​រឿង​មួយ​ដែល​ត្រូវ​តែ​ដោះស្រាយ​  ហើយ​បើ​ក្រសួងមហាផ្ទៃ​ធ្វើការ​ហ្នឹង​ ចាត់វិធានការ​ហ្នឹង​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​ អា​ហឹ្ន​ង​គឺជា​ការ​ល្អ​ ចំពោះ​ផលប្រយោជន៍​ជាតិ​ ដែល​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ គាំទ្រ​»​ ។​​

​ជុំវិញ​រឿង​នេះ​ដែរ​ អ្នក​តាមដាន​ពី​ស្ថានការណ៍​សង្គម​ដើម្បី​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​ លោក​ បណ្ឌិត​ មាស​ នី​ មាន​ប្រសា​ន៍​ដែរ​ថា​ លោក​សាទរ​ចំពោះ​ការ​លើក​ឡើង​របស់​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​ ប៉ុន្ដែ​ក្នុង​ភាព​សាទរ​របស់​លោក​ហាក់ដូចជា​ អល់អែក​ និង​មិន​មាន​ជំនឿ​ថា​ ការ​ជំរុញ​ របស់រាជរដ្ឋាភិបាល​លើក​នេះ​  អាច​កាត់​បន្ថយ​ជនអន្ដោប្រវេសន៍​ខុសច្បាប់​ បាន​ប្រសិទ្ធិ​ភាព​នោះ​ ឬ​យ៉ាងណា​ទេ​ ។​ លោក​ បន្ត​ថា​នៅ​កម្ពុជា​ រឿង​ចាប់​ប​ញ្ចូ​ន​ជនអន្ដោប្រវេសន៍​មាន​ច្រើន​ ហើយ​ជនអន្ដោប្រវេសន៍​ទាំងនោះ​ ចូ​មក​វិញ​ក៏​ច្រើន​ដែរ​ដូច​ជា​ ករណី​ប្រជាជន​វៀតណាម​ ជាដើម​ ។​​

​លោក​ មាស​ នី​ ៖​ «​បា៎ទ​ សំខាន់​យើង​សួរ​ថា​តើ​ ពេល​ដែល​យើង​និយាយ​ពី​អន្ដោប្រវេសន៍​ខុសច្បាប់​ យើង​ចង់​សំដៅ​ទៅ​លើ​អ្នក​ណា​ អ្នក​ណា​មក​ពី​ឆ្ងាយ​ ឬ​ក៏​អ្នក​ជិត​?​ ប៉ុន្ដែ​បើ​អ្នក​នៅ​ជិត​នេះ​ ខ្ញុំ​ លឺ​សូរ​ ដូច​ជា​ច្រើន​ឆ្នាំ​ហើយ​ដែរ​ ប៉ុន្ដែ​ហាក់ដូចជា​មិនឃើញ​មាន​ប្រសើរ​អី​នោះ​ទេ​ គ្រាន់តែ​ថា​ បានឃើញ​មាន​ចាប់​ប​ញ្ចូ​ន​អី​ទៅ​ខ្លះៗ​ដែរ​ ដូច​ប្រជាពលរដ្ឋ​វៀតណាម​អី​  ប៉ុន្ដែ​មក​វិញ​ក៏​យើង​ឃើញ​ថា​ ច្រើន​ដែរ​មិនដឹង​ថា​ប្រព័ន្ធ​រៀបចំ​យ៉ាងម៉េច​…»​ ។​​

​សាស្ដ្រ​ចា​រ្យ​ មាស​ នី​ បាន​មាន​ប្រសាសន៍​បន្ដ​ថា​ រឿង​ដែល​សំខាន់​មួយទៀត​ដែល​ពលរដ្ឋ​ខ្មែរ​តែងតែ​សង្កេត​ឃើញ​ជនអន្ដោប្រវេសន៍​ ដែល​ចូល​មក​ប្រទេស​កម្ពុជា​ គឺ​មាន​ភាព​ងាយស្រួល​ជាង​ពលរដ្ឋ​ខ្មែរ​ កាន់​លិខិតឆ្លងដែន​ដែល​ចូល​ទៅ​ប្រទេស​គេ​ ។​​

​លោក​ មាស​ នី​ ថា​ ៖​ «​ រឿង​សំខាន់​មួយ​ដែល​ពលរដ្ឋ​ខ្មែរ​សង្កេត​ឃើញ​ត្រង់​ថា​ គេ​ចូល​មក​យើង​ស្រួល​ ដល់​យើង​ទៅ​គេ​ពិបាក​ អាហ្នឹង​(​បែប​នេះ​)​ ដែល​ពលរដ្ឋ​ខ្មែរ​ចេស​តែ​នាំ​គ្នា​ចោទសួរ​ ថា​ ហេតុ​អី​ ហេតុ​អី​ បាន​ទៅ​ជា​ចឹ​ង​?​ ដូចនេះ​ ខ្ញុំ​គិត​ថា​វា​ ជា​វិធានការ​សមរម្យ​ហើយ​ សម្រាប់​ពង្រឹង​ប៉ុន្ដែ​ ធ្វើ​ម៉េច​ធ្វើ​វា​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​ច្រើន​ជាង​សព្វថ្ងៃ​ហ្នឹង​ យើង​ឃើញ​ថា​វិធានការ​ហ្នឹង​ធ្វើ​ច្រើន​ឆ្នាំ​ តែ​ដូច​ជា​មិនឃើញ​បាន​ប្រសើរ​អី​ប៉ុន្មាន​»​ ។​​

​ជា​ការ​កត់សម្គាល់​ផង​ដែរ​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​លោក​ សុខ​ ផល​ បាន​បង្ហាញ​របាយការណ៍​ជនអន្តោប្រវេសន៍​ខុសច្បាប់​ ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​អន្តោប្រវេសន៍​នៅ​កម្ពុជា​ កាលពី​ខែកក្កដា​ឆ្នាំ​២០១៥​ ថា​ជនអន្តោប្រវេសន៍​ខុសច្បាប់​វៀតណាម​បាន​កើនឡើង​ពី​ ៧​ម៉ឺន​នាក់​ក្នុង​ឆ្នាំ​២០០២​ មក​ដល់​១៦​ម៉ឺន​នាក់​ក្នុង​ឆ្នាំ​២០១៤​ ។​ ប៉ុន្តែ​បើ​តាម​ការ​អះអាង​របស់​លោក​ សុខ​ ផល​ ចំនួន​១៦​ម៉ឺន​នាក់​នៃ​ជនអន្តោប្រវេសន៍​ខុសច្បាប់​វៀតណាម​នេះ​ ក៏​មិន​ទាន់​ជា​ចំនួន​សរុប​ចុង​ក្រោយ​ដែរ​ ។​​

​តែ​បែប​នេះ​ក្ដី​ ក្រុមប្រឆាំង​តែងតែ​ឃោសនា​ថា​ ជន​ប​ជនជាតិ​ វៀតណាម​មក​រស់នៅ​កម្ពុជា​ អាច​មាន​ចំនួន​ ១​លាន​ទៅ​ ១​លាន​ ប្រាំ​សែន​នាក់​ ៕​
​​

Share

ព័ត៌មានទាក់ទង

Image