en     km
en     km

លោក​​ កឹ​ម​ ​សុខា​ ​បន្ត​​មិន​​ចូល​​បំភ្លឺ​​នៅ​​តុលាការ​ ​ខណៈ​​ព្រះ​រាជ​អាជ្ញា​​​​រក​​នីតិវិធី​ថ្មី​

Share

​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៧​ខែឧសភា​នេះ​ លោក​ កឹ​ម​ សុខា​ នៅ​តែ​រក្សា​ជំហរ​មិន​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ​ ទាក់ទង​នឹង​បណ្តឹង​ក្រោម​បទ​ចោទ​អំពើ​សញ្ចារ​កម្ម​ ក្នុង​សំនុំរឿង​កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ដោយ​សំអាង​លើ​អភ័យឯកសិទ្ធិ​ ដែល​លោក​ជា​តំណាងរាស្ត្រ​ ។​ តែ​យ៉ាងណា​ មន្ត្រី​តុលាការ​បញ្ជាក់​ថា​ ព្រះរាជអាជ្ញា​កំពុង​ពិនិត្យ​មើល​ឯកសារ​ និង​នីតិវិធី​បន្ត​ដើម្បី​ចាត់ការ​សំនុំរឿង​លោក​ កឹ​ម​ សុខា​ ។​ អ្នក​ច្បាប់​និង​អ្នកវិភាគ​ទទូច​ថា​តុលាការ​ គួរ​ ពិនិត្យ​រដ្ឋធម្មនុញ្ញ​ត្រង់​មាត្រា​៨០​ឡើង​វិញ​ ។​ លោក​ កែវ​ សុខា​ រាយការណ៍​ពី​ព័ត៌មាន​នេះ​ ៖

 

Kem-Sokha-Display
លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ

​នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​បាន​បង្ហាញខ្លួន​នៅ​តុលាការក្រុង​ភ្នំពេញ​ទេ​នៅ​ថ្ងៃ​ទី​១៧​ខែឧសភា​នេះ​ ទាក់ទង​ដីកា​មួយ​ផ្សេង​ទៀត​កោះហៅ​លោក​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​សញ្ចារ​កម្ម​ ។​ លោក​ កឹ​ម​ សុខា​ ក៏​មិន​បាន​ចូល​ទៅ​បំភ្លឺ​នៅ​សាលាដំបូង​ដូច​គ្នា​នេះ​ដែល​ ទាក់ទិន​ដីកា​កោះហៅ​ ករណី​បណ្តឹង​បរិហារកេរ្តិ៍​របស់​កញ្ញា​ ធី​ សុវណ្ណ​ថា​ កាលពី​ថ្ងៃ​ទី​១១​ខែឧសភា​ ។​​

​ទាំង​លោក​ កឹ​ម​ សុខា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​តែ​រក្សា​ជំហរ​ មិន​ឆ្លង​ មិន​ឆ្លើយ​ និង​មិន​ឈ្លោះ​ ករណី​រឿងរ៉ាវ​ស្នេហា​លួចលាក់​ដែល​គេ​ចោទ​ថា​ ជា​លោក​ កឹ​ម​ សុខា​ និង​នាង​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​នេះ​ ។​ នៅ​ថ្ងៃ​ទី​០៤​ខែឧសភា​ គឺ​មុន​ថ្ងៃ​ដែល​តុលាការ​កោះហៅ​លោក​ កឹ​ម​ សុខា​ ឱ្យ​ចូល​បំភ្លឺ​ករណី​បរិហារកេរ្តិ៍​ កញ្ញា​ ធី​ សុវណ្ណ​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​ចេញ​សេចក្តីថ្លែងការណ៍​ បដិសេធ​មិន​អោយ​អ្នកតំណាង​រាស្ត្រ​ចូល​បំភ្លឺ​ និង​ស្នើ​ឲ្យ​បញ្ឈប់​ការ​ចេញ​ដីកា​ជា​បន្ទាន់​ ហើយ​គណបក្ស​ចាត់​ទុក​ដីកាកោះ​ទាំងនោះ​ ថា​ជា​អំពើ​រំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​អភ័យឯកសិទ្ធិ​របស់​អ្នកតំណាង​រាស្ត្រ​ ដែល​ធានា​ការពារ​ដោយ​មាត្រា​ ៨០​នៃ​រដ្ឋធម្មនុញ្ញ​ ។​​

​បើ​ទោះបីជា​លោក​ កឹ​ម​ សុខា​ ព្យាយាម​មិន​ចូល​ទៅ​បំភ្លឺ​ ដោយ​សំអាង​លើ​អភ័យឯកសិទ្ធិ​អ្នកតំណាង​រាស្ត្រ​យ៉ាងណា​ក៏​ដោយ​ ក៏​លោក​ លី​ សុ​ផា​ណា​ ព្រះរាជអាជ្ញា​រង​ និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​ក្រុងភ្នំពេញ​ បញ្ជាក់​ថា​ ព្រះរាជអាជ្ញា​ដែល​កាន់​សំនុំរឿង​នេះ​កំពុង​ពិនិត្យ​មើល​ឯកសារ​ និង​នីតិវិធី​ផ្សេងៗ​ដើម្បី​ធ្វើ​ចំណាត់ការ​បន្ត​ ។​ តែ​យ៉ាងណា​លោក​ លី​ សុ​ផា​ណា​ មិន​បាន​បញ្ជាក់​ច្បាស់លាស់​នោះ​ទេពី​នីតិវិធី​បន្ត​ ដែល​អាច​ឈាន​ដល់​ការ​នាំ​ខ្លួន​លោក​ កឹ​ម​ សុខា​ ឱ្យ​ចូល​តុលាការ​បាន​ឬ​យ៉ាងណា​នោះ​ ។​ លោក​ លី​ សុ​ផា​ណា​៖​ ព្រះរាជអាជ្ញា​រង​ដែល​ចាត់ការ​សំនុំរឿង​ហ្នឹង​ លោក​កំពុង​ពិនិត្យ​លើ​ឯកសារ​និង​នីតិវិធី​ដើម្បី​ធ្វើ​ចំណាត់ការ​បន្ត​ ។​​

​ជុំវិញ​រឿង​អភ័យឯកសិទ្ធិ​អ្នកតំណាង​នេះ​ សង្គម​ស៊ី​វិល​ អ្នក​វិភាក​ និង​អ្នក​ច្បាប់​មួយ​ចំនួន​បាន​រិះគន់​ តុលាការ​ដែល​បាន​ចាប់​ឃុំខ្លួន​លោក​ អ៊ុំ​ សំ​អាន​ និង​លោក​ ហុង​ សុខ​ហួរ​ ថា​បាន​រំលោភ​លើ​ច្បាប់​កំពូល​របស់​កម្ពុជា​ គឺ​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​មាត្រា​៨០​ ដែល​ធានា​ការពារ​អ្នកតំណាង​រាស្ត្រ​ ពី​ការ​ចាប់ចង​ណាមួយ​ ដែល​មិនមែន​ជា​បទឧក្រិដ្ឋ​ជាក់ស្តែង​ ។​ តែ​ជាមួយ​គ្នា​នេះ​ អ្នក​ច្បាប់​ខ្លះ​យល់​ថា​ ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​ប្រែប្រួល​តាម​ការ​បកស្រាយ​ ។​ មាន​ន័យ​ថា​លោក​ កឹ​ម​ សុខា​ នៅ​តែ​ស្ថិត​ក្នុង​ស្ថានភាព​មួយ​អាច​ តុលាកា​ការ​ចាត់​ តាម​អំណាច​របស់​ស្ថា​ប័​នេះ​ ។​​

​លោក​ ហុង​ គឹ​ម​សួន​ មេធាវី​នៃ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​ និង​ជា​មេធាវី​តំណាង​ដើមបណ្តឹង​  រដ្ឋប្បវេណី​នៃ​សាលាក្តី​ខ្មែរក្រហម​លើក​ឡើង​ថា​ ការ​កោះហៅ​លោក​ កឹ​ម​ សុខា​ ឱ្យ​ចូល​បំភ្លឺ​ក្នុង​តុលាការ​គឺជា​សិទ្ធិ​របស់​តុលាការ​ដែល​ធ្វើ​ទៅ​បាន​ហើយ​ការ​ចូល​បំភ្លឺ​ ឬ​មិន​ចូល​បំភ្លឺ​ពី​លោក​ កឹ​ម​ សុខា​ គឺជា​សិទ្ធិ​ស្របច្បាប់​របស់​លោក​ កឹ​ម​ សុខា​  ព្រោះ​លោក​ មាន​អភ័យឯកសិទ្ធិ​ជាប់​ខ្លួន​ ។​​

​តែ​យ៉ាងណា​លោក​មេធាវី​ ហុង​ គឹ​ម​សួន​ ពន្យល់​ថា​ តុលាការ​ក៏​អាច​ឃាត់ខ្លួន​ ឬ​ចាប់ខ្លួន​លោក​ កឹ​ម​ សុខា​ បាន​ភ្លាម​ផង​ដែរ​ ប្រសិនបើ​ករណី​នេះ​លោក​ កឹ​ម​ សុខា​ ចូល​ទៅ​បំភ្លឺ​ ព្រោះថា​តុលាការ​មាន​អភ័យឯកសិទ្ធិ​ផ្ទាល់ខ្លួន​ ដោយ​អាច​ចោទប្រកាន់​បទល្មើស​ថ្មី​មួយទៀត​ដែល​បាន​រក​ឃើញ​ ។​ «​ លោក​ ហុង​ គឹ​ម​សួន​៖​ នីតិវិធី​កោះ​ហ្នឹង​វា​មិន​ខុស​អី​ទេ​គឺ​ត្រូវ​ ក៏​ប៉ុន្តែ​ដើម្បី​ធ្វើការ​ចោទប្រកាន់​ ដើម្បី​ធ្វើការ​ឃាត​ និង​ចាប់​អីហ្នឹង​ គឺ​ត្រូវ​ដក​អភ័យឯកសិទ្ធិ​ ព្រោះថា​បទល្មើស​មិន​ជាក់ស្តែង​។​[​សំនួរ​អ្នកកាសែត​]​ករណី​នេះ​ បើសិនជា​លោក​ កឹ​ម​ សុខា​ គាត់​ចូល​ទៅ​បំភ្លឺ​វិញ​ តុលាការ​អាច​ចោទ​ពី​បទ​ផ្សេង​ភា្ល​មៗ​ហើយ​ឃាត​លោក​ កឹ​ម​ សុខា​ ទុក​បាន​ទេ​បាទ​?​  លោក​ ហុង​ គឹ​ម​សួន​ ឆ្លើយ​តប​៖​ បាន​!​ ព្រោះ​តុលាការ​គេ​មាន​អភ័យឯកសិទ្ធិ​»​ ។​​

​អ្នកវិភាគ​មើលឃើញ​ថា​ ការ​ដែល​តុលាការ​មិន​ចាត់ការ​ភ្លាមៗ​លើ​លោក​ កឹ​ម​ សុខា​ គឺជា​រឿង​ត្រឹមត្រូវ​ ព្រោះ​ដើម្បី​ឈាន​ទៅ​ដល់​ការ​នាំ​ខ្លួន​លោក​ កឹ​ម​ សុខា​ មក​កាន់​តុលាការ​បាន​ លុះណាតែ​លោក​ កឹ​ម​ សុខា​ ត្រូវ​បាន​ព្យួរ​អភ័យឯកសិទ្ធិ​ជា​មុន​សិន​ ។​ ​លោក​ សូ​ ច​ន្ថា​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ និង​ជា​អ្នកវិភាគ​នយោបាយ​កម្ពុជា​លើក​ឡើង​ថា​ ការ​ដែល​លោក​ កឹ​ម​ សុខា​ មិន​ព្រម​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​ គឺជា​វិធីសាស្ត្រ​មួយ​ល្អ​ក្នុង​ការ​បញ្ចៀស​ រាល់​អំពើ​ហិង្សា​ណាមួយ​រវាង​អ្នកគាំទ្រ​របស់​លោក​ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ ។​ អ្នកវិភាគ​រូប​នេះ​បន្ថែម​ថា​ ប្រសិនបើ​លោក​ កឹ​ម​ សុខា​ ចូល​ទៅ​បំភ្លឺ​មែន​នោះ​ នោះ​លោក​នឹង​អាច​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​បន្ថែម​ដើម្បី​ឃាត់ខ្លួន​លោក​ ព្រោះ​រឿង​នេះ​មាន​ជាប់​ពាក់ព័ន្ធ​និង​រឿង​នយោបាយ​ ។​​

chantha
លោក​ សូ​ ច​ន្ថា​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ និង​ជា​អ្នកវិភាគ​នយោបាយ​កម្ពុជា

​លោក​ សូ​ ច​ន្ថា​ ៖​ «​លោក​ កឹ​ម​ សុខា​ មិន​បាន​ចូល​បំភ្លឺ​ ឬ​សម្រេច​មិន​ថា​មិន​ចូល​បំភ្លឺ​ក្នុង​ពេល​នេះ​ ខ្ញុំ​គិត​ថា​វា​ជា​រឿង​មួយ​ដែល​អាច​បញ្ចៀស​នូវ​បញ្ហា​មួយ​ចំនួន​ករណី​ដែល​លោក​គិត​រឿង​ទាំង​អស់នោះ​គឺជា​រឿង​អយុត្តិធម៌​សម្រាប់​លោក​ ឬ​ក៏​ជា​រឿង​ដែល​មិន​ពិត​ ហើយ​ត្រូវ​បាន​គេ​បង្វែ​ល​រឿង​ផ្ទាល់ខ្លួន​ទៅ​ជា​រឿង​នយោបាយ​ទៅ​វិញ​ ព្រោះ​នៅ​ពេល​ដែល​ចូល​ប​ភ្លឺ​អាច​មាន​ក្រុម​អ្នកគាំទ្រ​លោក​ជំទាស់​ ឬ​ប្រឆាំង​នឹង​អាជ្ញាធរ​ដែល​នឹង​ធ្វើ​ចំណាត់ការ​ណាមួយ​ចំពោះ​លោក​ កឹ​ម​ សុខា​»​ ។​​

​គួរ​គត់​សម្គាល់ថា​ រឿងរ៉ាវ​ស្នេហា​អាស្រូវ​ដែល​គេ​ជឿ​ថា​ជា​លោក​ កឹ​ម​ សុខា​ និង​ស្រី​មុំ​នោះ​ បាន​ធ្វើ​ឱ្យ​អ្នក​ជាប់​ពាក់ព័ន្ធ​មួយ​ចំនួន​កំពុង​ជាប់​ឃុំខ្លួន​នៅ​ពន្ធ​ធា​គារ​ ក្នុង​នោះ​មាន​មន្ត្រី​សិទ្ធិ​មនុស្ស​សមាគម​អា​ដ​ហុ​ក​ចំនួន​៤​រូប​ មន្ត្រី​គជ​ប​ ១​រូប​ និង​លោក​ សៀង​ ចែត​ មេឃុំ​បក្ស​ប្រឆាំង​១​រូប​ ។​ ចំណែក​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ ២​រូប​ទៀត​ គឺ​លោក​ តុ​ប​ វ៉ា​ន់​ចាន់​ និង​លោក​ ពិន​ រតនា​ ក៏​ត្រូវ​បាន​តុលាការ​កោះហៅ​ឲ្យ​ចូល​បំភ្លឺ​កាលពី​ថ្ងៃ​ទី​១៦​ ខែឧសភា​ម្សិលមិញ​ដែរ​ ពាក់ព័ន្ធ​នឹង​អំពើ​ពេស្យាចារ​ក្នុង​រឿងអាស្រូវ​ស្នេហា​រវាង​លោក​ កឹ​ម​ សុខា​ និង​អ្នក​នាង​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ ស្រី​មុំ​ ។​ រីឯ​លោក​ អ៊ូ​ វី​រៈ​ អ្នកវិភាគ​នយោបាយ​ក៏​កំពុង​រង​បណ្តឹង​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ​ ករណី​លោក​បាន​វិភាគ​ថា​ ជា​ការ​រៀបចំ​របស់​បក្ស​កាន់​អំណាច​កំពុង​គាប់សង្កត់​លោក​ កឹ​ម​ សុខា​ និង​ហិរញ្ញវត្ថុ​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​ ៕​

Share

ព័ត៌មានទាក់ទង

Image