ភ្នំពេញ៖ គេហទំព័រព័ត៌មានមណ្ឌលព័ត៌មានស្ត្រីកម្ពុជាសូមធ្វើការកែតម្រូវខ្លឹមសារនៃអត្ថបទ ដែលបានដកស្រង់មានចំណងថា «លោក សួន សេរីរដ្ឋា និងលោក ខឹម វាសនា អំពាវនាវកុំឱ្យអ្នកនយោបាយលូកដៃរឿងកញ្ញាស្រីមុំ» ដែលខ្លឹមសារគឺលោកទាំងពីរអំពាវនាវឱ្យអ្នកនយោបាយកុំលូកដៃរឿងកញ្ញាស្រីមុំ ដែលបានផ្សាយកាលពីថ្ងៃអាទិត្យ ទី ១៥ ខែឧសភា ឆ្នាំ ២០១៦ ។
លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានបដិសេធថា លោកមិនបាននិយាយពាក្យនេះទេ។ លោកបានបញ្ជាក់ថា សារនៅក្នុងទំព័រហ្វេសប៊ុករបស់លោកគឺនិយាយសម្តៅទៅលើការមិនលូកលាន់ចូលរចនាសម្ព័ន្ធរបស់គណបក្សនយោបាយផ្សេងតែប៉ុណ្ណោះ មិនមានពាក់ព័ន្ធនឹងការអំពាវនាវដល់អ្នកនយោបាយផ្សេង ហើយក៏មិនមានពាក់ព័ន្ធនឹងរឿងស្រីមុំដែរ។
ដោយឡែកអគ្គលេខាធិការគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក កូវ គា បានបដិសេធចំពោះការផ្សាយអត្ថបទនេះដែរ ។ លោកបានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានមណ្ឌលព័ត៌មានស្ត្រីកម្ពុជានៅថ្ងៃនេះថា លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានសរសេរនៅក្នុងទំព័រហ្វេសប៊ុកលោកថា «តើលោក កឹម សុខា គួរតែលាលែងពីតំណែងដែរឬទេ? » លោកបាននិយាយថា មិនមែនជាសំណួរដែលត្រូវសួរមកកាន់អ្នកនៅក្រៅបក្សសង្គ្រោះជាតិទេ មានតែអ្នកគាំទ្របក្សសង្គ្រោះជាតិទេដែលត្រូវពិភាក្សារឿងនេះ ហើយធ្វើការសម្រេចចិត្តថាត្រូវបណ្តេញលោក កឹម សុខា ចេញពីតំណែង គ្មានរឿងអ្វីដែលអ្នកដទៃឬបក្សដទៃទៅពិភាក្សាឬសម្រេចចិត្តក្នុងរឿងនេះ ជួសអ្នកគាំទ្រសង្គ្រោះជាតិទាល់តែសោះ។ លោក កូវ គា បញ្ជាក់ថា លោក ខឹម វាសនា មិនបានអំពាវនាវទៅអ្នកនយោបាយណាមួយឡើយ៕