en     km
en     km

សាលា​ឧទ្ធរណ៍​​បដិសេធ​​សំណើ​សុំ​​នៅ​​ក្រៅ​​ឃុំ​​របស់​​លោក​ ​អ៊ុំ​ ​សំ​អាន​ ​ក្រោម​​ហេតុ​ផល​រក្សា​​ស្ថិរភាព​​ជាតិ​

Share

​ភ្នំពេញ​៖​ សំណើសុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​ អ៊ុំ​ សំ​អាន​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​សាលាឧទ្ធរណ៍​សម្រេច​ទាត់​ចោល​ហើយ​ បន្ទាប់​ពី​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​បាន​បើក​សវនាការ​អស់​រយៈពេល​ជិត​៣​ម៉ោង​ នៅ​ព្រឹក​ថ្ងៃ​ទី​ ១៧​ខែឧសភា​ឆ្នាំ​២០១៦​នេះ​ ។​

um-saman
លោក​ អ៊ុំ​ សំ​អាន​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ នៅសាលាឧទ្ធរណ៍​នាព្រឹកថ្ងៃ អង្គារទី ១៧ ឧសភា ២០១៦

​ការ​សម្រេច​បដិសេធ​របស់​សាលាឧទ្ធរណ៍​នេះ​ ដោយ​សំអាង​ហេតុផល​ថា​ សំនុំរឿង​របស់​លោក​ អ៊ុំ​ សំ​អាន​ មិន​ទាន់​បញ្ចប់​នីតិវិធី​ស៊ើបអង្កេត​នៅ​សាលាដំបូង​ និង​ខ្លាច​លោក​ អ៊ុំ​ សំ​អាន​ បង្ក​ភាព​វឹកវរ​ក្នុង​សង្គម​ជាតិ​ពេល​នៅ​ក្រៅ​ឃុំ​ ។​ ​តំណាងរាស្ត្រ​មណ្ឌល​សៀមរាប​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ អ៊ុំ​ សំ​អាន​ សម្តែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ នៅ​ពេល​ដែល​ដើរ​ចេញពី​បន្ទប់​សវនាការ​ ខណៈ​សាលាឧទ្ធរណ៍​សម្រេច​ទាត់​ចោល​សំណើសុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​ ។​​

​លោក​ អ៊ុំ​ សំ​អាន​ ដែល​គេ​ដឹង​ថា​ជា​តំណាងរាស្ត្រ​សកម្ម​ខាង​កិច្ចការ​ព្រំដែន​ បាន​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ ក្រោយ​បញ្ចប់​សវនាការ​នៃ​សាលាឧទ្ធរណ៍​ថា​ ការ​សម្រេច​នេះ​គឺ​បាន​រំលោភ​លើ​មាត្រា​៨០​ នៃ​រដ្ឋធម្មនុញ្ញ​ ដែល​ធានា​ការពារ​តំណាងរាស្ត្រ​ ពី​ការ​ចាប់ចង​ណាមួយ​ ដែល​មិនមែន​ជា​បទឧក្រិដ្ឋ​ជាក់ស្តែង ​។​​

​សាលាឧទ្ធរណ៍​បាន​សម្រេច​បដិសេធ​សំណើសុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​ អ៊ុំ​ សំ​អាន​ ដោយ​សំអាង​ហេតុផល​ចំនួន​២៖​ ទី​១​ ដោយ​សំនុំរឿង​របស់​លោក​ អ៊ុំ​ សំ​អាន​ នៅ​មិន​ទាន់​បញ្ចប់​ការ​ស៊ើបអង្កេត​រួចរាល់​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​,​ និង​ ទី​២​ គឺ​សាលាឧទ្ធរណ៍​ព្រួយបារម្ភ​ចំពោះ​លោក​ អ៊ុំ​ សំ​អាន​ ខ្លាច​លោក​បង្ក​អសន្តិសុខ​ជាតិ​ និង​អ​ស្ថេ​រ​ភាព​ជាតិ​ជា​ថ្មី​ នៅ​ពេល​អនុញ្ញាត​ឱ្យ​លោក​នៅ​ក្រៅ​ឃុំ​ ។​​

​មេធាវី​ការពារ​ក្តី​លោក​ អ៊ុំ​ សំ​អាន​ គឺ​ ជួង​ ជូ​ងី​ បញ្ជាក់​ថា​ ហេតុផល​របស់​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ទាំង​ពីរ​ គឺជា​លេស​នយោបាយ​ ដែល​ការ​ប្រការ​នេះ​លោក​ថា​ មិន​សម​ហេតុផល​នោះ​ទេ​ ។​ លោក​បន្ត​ថា​ កូនក្តី​របស់​លោក​ជា​តំណាងរាស្ត្រ​មាន​អភ័យឯកសិទ្ធិ​ និង​ធានា​មិន​គេចវេស​ពី​នីតិវិធី​របស់​តុលាការ​នោះ​ឡើយ​ ។​​

​សូម​ជំរាប​ថា​លោក​ អ៊ុំ​ សំ​អាន​ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​១០​មេ​សា​ នៅ​ខេត្តសៀមរាប​ គឺ​ភ្លាមៗ​បន្ទាប់​ពី​លោក​បាន​ចុះ​ពីលើ​យន្តហោះ​មក​ពី​សហរដ្ឋអាមេរិក​ ។​ លោក​ត្រូវ​បាន​ចោទ​ដោយ​អាជ្ញាធរ​រដ្ឋ​កម្ពុជា​ ពី​បទ​ក្លែង​ឯកសារ​ដែល​លោក​បាន​បង្ហោះ​ផែនទី​កម្ពុជា​ លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ ដោយ​ចោទ​រដ្ឋាភិបាល​ថា​ ប្រើប្រាស់​ផែនទី​ក្លែងក្លាយ​ក្នុង​ការ​បោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម​។​ ករណី​នេះ​នាំ​ឱ្យ​រដ្ឋាភិបាល​ចោទ​លោក​មួយ​ករណី​ទៀត​ បី​បទ​ញុះញង់​ឱ្យ​មានការ​រើស​អើ​ស​។​​

​ករណី​របស់​លោក​ អ៊ុំ​ សំ​អាន​ ត្រូវ​បាន​អ្នក​ច្បាប់​មួយ​ចំនួន​អះអាង​ថា​ អាជ្ញាធរ​បាន​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​មាត្រា​៨០​ ដែល​ការពារ​តំណាងរាស្ត្រ​ឱ្យ​រួច​ផុត​ពី​ការ​ចាប់ចង​ និង​ចោទប្រកាន់​។​ ជាមួយ​គ្នា​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ ចំពោះ​ការ​ចាប់ខ្លួន​តំណាងរាស្ត្រ​ ដោយ​មិន​ទាន់​បាន​ដក​អភ័យឯកសិទ្ធិ​នៅឡើយ​នេះ​។​​

​ករណី​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​នេះ​ សមាជិក​ព្រឹទ្ធសភា​ម្នាក់​ពី​គណបក្ស​ សម​ រ​ង្ស៊ី​ គឺ​លោក​ ហុង​ សុខ​ហួរ​ ក៏​ត្រូវ​បាន​ចាប់ខ្លួន​ និង​ ចោទប្រកាន់​ដូច​លោក​ អ៊ុំ​ សំ​អាន​នេះ​ដែរ​ ៕​

Share

ព័ត៌មានទាក់ទង

Image