en     km
en     km

លោក​ ​អ៊ុំ​ សំ​អាន​ ​មាន​​សង្ឃឹម​​អាច​​នៅ​​ក្រៅ​​ឃុំ​ ​បើ​​យោង​​តាម​​រដ្ឋ​ធម្ម​នុញ្ញ​​មាត្រា​​៨០

Share

ភ្នំពេញ ៖ ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ម្នាក់​ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ ចាប់​ឃុំខ្លួន​ករណី​បង្ហោះ​ផែនទី​ក្លែងក្លាយ​ និង​ករណី​សន្ធិសញ្ញា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ មាន​សង្ឃឹមថា​តុលាការ​សាលាឧទ្ធរណ៍​នឹង​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​នៅ​ពេល​បញ្ចប់​សវនាការ​នៅ​ថ្ងៃ​អង្គារ​នេះ​ ។​

Oum-Saman-text
លោក​ អ៊ុំ​ សំ​អាន​ តំណាងរាស្ត្រ​មណ្ឌល​ខេត្តសៀមរាប​ របស់​គណបក្ស​សង្គ្រោះ​ជាតិ​

លោក​ អ៊ុំ​ សំ​អាន​ តំណាងរាស្ត្រ​មណ្ឌល​ខេត្តសៀមរាប​ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​សកម្ម​ខាង​កិច្ចការ​ព្រំដែន​ បាន​ថ្លែង​បែប​នេះ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ មុន​ពេល​លោក​ដើរ​ចូល​បន្ទប់​សវនាការ​នៃ​សាលាឧទ្ធរណ៍​ ដោយ​ដៃ​ទាំង​គូ​របស់​លោក​ជាប់​ខ្នោះ​ ។​ លោក​ អ៊ុំ​ សំ​អាន​ បាន​បញ្ជាក់​ប្រាប់​ថា​ ការ​ចាប់ខ្លួន​លោក​គឺជា​ការ​បំពាន​លើ​រដ្ឋធម្មនុញ្ញ​មាត្រា​៨០​ ដែល​ធានា​ការពារ​អ្នកតំណាង​រាស្ត្រ​ ពី​ការ​ចាប់ចង​ណាមួយ​ដែល​មិនមែន​ជា​បទឧក្រិដ្ឋ​ជាក់ស្តែង​ ។​ តំណាងរាស្ត្រ​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា​ បើ​យោង​តាម​អំណាច​នៃ​រដ្ឋធម្មនុញ្ញ​ គឺ​លោក​នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​ ។​​

​សូម​ជំរាប​ថា​លោក​ អ៊ុំ​ សំ​អាន​ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​១០​ខែមេសា​ នៅ​ខេត្តសៀមរាប​ គឺ​ភ្លាមៗ​ បន្ទាប់​ពី​លោក​បាន​ចុះ​ពី​យន្តហោះ​មក​ពី​សហរដ្ឋអាមេរិក​ ។​ លោក​ត្រូវ​បាន​ចោទ​ដោយ​អាជ្ញាធរ​កម្ពុជា​ ពី​បទ​ក្លែង​ឯកសារ​ ដែល​លោក​បាន​បង្ហោះ​ផែនទី​កម្ពុជា​ លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក​ ដោយ​ចោទ​រដ្ឋាភិបាល​ថា​ ប្រើប្រាស់​ដែន​ទី​ក្លែងក្លាយ​ក្នុង​ការ​បោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម​ ។​ ករណី​នេះ​នាំ​ឱ្យ​រដ្ឋាភិបាល​ចោទ​លោក​មួយ​ករណី​ទៀត​ ពី​បទ​ញុះញង់​ឱ្យ​មានការ​រើស​អើ​ស​ ។​​

​​ករណី​របស់​លោក​ អ៊ុំ​ សំ​អាន​ ត្រូវ​បាន​អ្នក​ច្បាប់​មួយ​ចំនួន​អះអាង​ថា​ អាជ្ញាធរ​បាន​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​មាត្រា​៨០​ ដែល​ការពារ​តំណាងរាស្ត្រ​ឱ្យ​រួច​ផុត​ពី​ការ​ចាប់ចង​ និង​ការ​ចោទប្រកាន់​ ។​ ​ជាមួយ​គ្នា​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ ចំពោះ​ការ​ចាប់ខ្លួន​អ្នកតំណាង​ ដោយ​មិន​ទាន់​បាន​ដក​អភ័យឯកសិទ្ធិ​នៅឡើយ​ ។​​

​ជុំវិញ​ ករណី​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​នេះ​ សមាជិក​ព្រឹទ្ធសភា​ម្នាក់​មក​ពី​គណបក្ស​ សម​ រ​ង្ស៊ី​ គឺ​លោក​ ហុង​ សុខ​ហួរ​ ក៏​ត្រូវ​បាន​ចាប់ខ្លួន​ និង​ចោទប្រកាន់​ដូច​លោក​ អ៊ុំ​ សំ​អាន​ នេះ​ដែរ​ ៕

Share

ព័ត៌មានទាក់ទង

Image