ភ្នំពេញ ៖ បើទោះបីសង្គមបានឲ្យតម្លៃស្ត្រីនិងបុរសមានសិទ្ធិស្មើគ្នាក៏ដោយ តែជំហររឹងមាំនៅក្នុងផ្ទះ គឺបុរសដែលជាប្តីឬឪពុកនៅតែបានដើរតួរសំខាន់នៅក្នុងគ្រួសារជាងម្ដាយប៉ុន្តែអាស្រ័យលើកាលៈទេសៈ ។ ថ្មីៗនេះបុរស៣នាក់និងស្រី្តម្នាក់ជាមន្ត្រីជាន់ខ្ពស់សមាគមអាដហុក ដែលពួកគាត់ជាសរសរទ្រូងនៃគ្រួសារត្រូវបានបញ្ជូនទៅកាន់ឃុំខ្លួននៅពន្ធធានាគារព្រៃស ករណីរបស់កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ។ ពួកគាត់មានឈ្មោះ នី សុខា លោក យី សុខសាន្ត លោក ណៃវង់ ដា និង លោកស្រី លឹម មុនី ។
អ្នករាយការណ័ព័ត៌មាននៃ វិទ្យុស្ត្រីបានចុះទៅជួបប្រពន្ធកូនពួកគាត់ ដើម្បីចង់ដឹងផ្ទាល់ពីអារម្មណ៍របស់ពួកគាត់អំពីផលលំបាក នៅពេលស្វាមីឬម្ដាយ ជាប់ឃុំខ្លួននិងចង់ដឹងពីក្ដីរំពឹងរបស់ពួកគាត់ អំពីយុត្តិធម៌សម្រាប់ ប្ដីនិងម្ដាយ ។ ប៉ុន្តែអ្វីដែលចាប់អារម្មណ៍ច្រើននោះគឺពួកគាត់ម្នាក់ៗជាប្រពន្ធនិងជាកួន កំពុងរស់ដោយបាក់ទឹកចិត្តព្រោះក្ដីរំពឹងថាមេគ្រួសារ ជាអ្នកកែមុខមាត់សង្គម ជួយរកយុត្តិធម៌អោយអ្នកទន់ខ្សោយដែលត្រូវគេជិះជាន់ បែរជារងការចោទប្រកាន់ទៅវិញ ។ កញ្ញា ច្រឹក ស្រីអូន ដែលបានចុះទៅជួបពួកគាត់នៅគេហដ្ឋាន បានរៀបរៀងបទយកការណ៍នេះ មានសេចក្ដីរាយការណ៍ដូចតទៅ៖
ស្ថិតក្នុងសហគមន៍ក្រីក្រមួយ នៅសង្កាត់ចាក់អង្រែលើទីនេះគឺជាលំនៅដ្ឋាន តូចមួយរបស់ លោក នី សុខា ជាប្រធានផ្នែកស៊ើបអង្កេតនៃសមាគមអាដហុកដែល មេគ្រួសាររូបនេះ កំពុងឃុំខ្លួននៅពន្ធនាគារព្រៃស ករណីរបស់ កញ្ញា ស្រីមុំ ។ ប្រពន្ធរបស់គាត់គឺ អ្នកស្រី ម៉ែន លក្ខិណា ។ អ្នកស្រីមានទម្ងន់ ៨ខែ គឺនៅសល់មួយខែទៀតនឹងត្រូវប្រសូត្របុត្រ ។
និយាយដោយទឹកមុខក្រៀមក្រំ រលីងរលោងទឹកភ្នែកអ្នកស្រី ម៉ែន លក្ខិណា ហើយពោលពាក្យអួលដើមក ថាប្ដីអ្នកស្រីជាបុរសមានក្ដីមេត្តា គាត់តែងតែជួយកិច្ចការផ្ទះ ពេលគាត់ចេញពីការងារ ជាពិសេសមិនឱ្យអ្នកស្រីធ្វើការងារធ្ងន់ទេ ខ្លាចប៉ះពាល់ កូនក្នុងពោះ និងមានជម្ងឺ ផ្សេងៗ ។ អ្នកស្រីបន្តថាក្រោយពីលោក នី សុខា ត្រូវបានសមត្ថកិច្ចឃុំខ្លួនដោយសារករណីកញ្ញា ស្រីមុំ គឺកិច្ចកាផ្ទះទាំងឡាយធ្លាក់លើអ្នកស្រី ទាំងការចំណាយ ការមើលថែទាំកូនៗ និងសន្តិសុខយប់ព្រលប់ «ចប់ម៉ោងការងារគាត់មកដល់ដឹងតែជួយការងារ ដាំស្លក៏គាត់ធ្វើដែរនិយាយទៅការងារខ្ញុំគាត់សឹងធ្វើទាំងអស់ហើយ តាំងពីខ្ញុំពោះធំនិងមកដល់គាត់ទៅអញ្ចឹងពោះប៉ុនកញ្ជើ ណាធ្វើសព្វធ្វើគ្រប់នៅក្នុងផ្ទះ ។ ការងារស្រីមិនដូចការងារប្រុសឯណា តែគាត់មកពីធ្វើការវិញការងារសព្វគ្រប់ក្នុងផ្ទះ…» ។
ជីវិតគ្រួសារដែលធ្លាប់តែជួបជុំរាល់ថ្ងៃ បែជាបាត់មិនឃើញមនុស្សសំខាន់ម្នាក់ បើចង់ជួបទាល់តែទៅដល់ពន្ធនាគាព្រៃស ។ អ្នកស្រីមានកូនបួននាក់តូចៗ កំពុងសិក្សា ។ អ្នកស្រីបន្តថា នៅពេលបាត់ស្វាមីគឺ ជាការលំបាកមួយសម្រាប់ មនុស្សស្រីនិងកូនៗកំពុងសិក្សា ។ តែនៅពេលសួរពីការងាររបស់ប្ដី ស្រាប់តែអ្នកស្រីនិយាយថា គាត់មិនចង់ឱ្យកូនៗ មានការងារដូចឪពុក ព្រោះតែជួយគេបែរជាមានទុក្ខជាប់ខ្លួន «ខ្ញុំនិយាយត្រង់ខ្ញុំអស់គំនិត ឲ្យកូនរៀនខ្ញុំចង់ឲ្យវារកស៊ីវិញ ព្រោះការងារឥឡូវធ្វើអ្វីក៏ខុសអញ្ចឹង ខ្ញុំគ្មានគំនិតបណ្តុះកូនឲ្យហួសនិងទេ …ខ្ញុំប្រាប់ត្រង់សឹងតែកូនរត់ម៉ូតូឌុបក៏រត់ទៅ…» ។
ទោះបីលំនៅដ្ឋាននៅឆ្ងាយពីគ្នាក៏ដោយ តែអារម្មណ៍នៅតែនឹកទៅរកអ្នកមានគុណរហូត ។ នេះគឺជាកញ្ញា អ៊ុន បុណ្ណារី ជាកូនស្រីរបស់លោកស្រី លឹម មុនី មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគម អាដហុក ។ នាងមានបងប្រុសម្នាក់ដែលមានកំពុងមានជម្ងឺ ។
ពេលនេះនាងកំពុងប្រឈមបញ្ហា ២គឺផ្លូវចិត្ត និងសេដ្ឋកិច្ច ។ កញ្ញាបន្តទាំងទឹកភ្នែកថានាងគ្មានចិត្តធ្វើកិច្ចការអ្វីសោះក្រោយពីម្ដាយជាប់ឃុំ «ខ្ញុំគិតថាខ្ញុំទៅរៀនឬក៏ធ្វើអ្វីមួយគឺដើម្បីគាត់ស្ងប់ចិត្តអញ្ចឹង បើសិនគាត់មានទោស នៅក្នុងគុក៥ ទៅ ១០ឆ្នាំអញ្ចឹង ដល់ពេលខ្ញុំរៀនចប់ ខ្ញុំមានបងប្អូនតែ២នាក់ …ខ្ញុំខំរៀនដូចអត់ន័យអ្វី មិនដឹងថាខ្ញុំខំដើម្បីអ្វី រឿនេះវាប៉ះពាល់ធ្ងន់ធ្ងរណាស់ដល់ផ្លូវចិត្តរបស់ខ្ញុំ…» ។
គ្រួសារដែលពេញលក្ខណៈ គឺត្រូវមានឪពុកជាអ្នករកប្រាក់ទំនុកបម្រុងគ្រួសារទាំងមូល ឯម្តាយមានតួរនាទីមើលថែរក្សាទ្រព្យក្នុងគ្រួសារដែលប្តីបាននិងទុកដាក់ឲ្យបានត្រឹមត្រូវ និងមើលថែកូនៗ រីឯកូនគឺជាកំលាំងចិត្តមួយសម្រាប់គ្រួសារ ហើយក៏ត្រូវការថ្នាក់ថ្នមពីឪពុកម្តាយផងដែរ ។ ជាក្មេងស្រីម្នាក់រស់នៅជាមួយម្តាយដោយគ្មានឪពុកថែរក្សាដូចគេឡើយ ។
អ៊ុន បុណ្ណារី ថានាងធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីម្តាយនាងហើយពេលនេះនាង អស់សង្ឃឹមធ្វើអ្វីលែងកើតទៅហើយ ។ នាងបន្តទាំងទឹកភ្នែកថាម្ដាយនាងជាអ្នកជួយពង្រឹង យុត្តិធម៌សង្គម ជួយសហគមន៍ក្រីក្រដែលរងអំពើអយុត្តិធម៌ តែបែរជាគាត់មានឈ្មោះថាអ្នកប្រព្រឹត្តអំពើមិនគួរឱ្យកើតមាននេះទៅវិញ «ខ្ញុំមិងដឹងច្បាស់ថាម៉ាក់ខ្ញុំគាត់ធ្វើអ្វីខុសនោះទេ ខ្ញុំគ្រាន់តែដឹងថាម៉ាក់ខ្ញុំជាមនុស្សល្អ គាត់ជួយសង្គម ហើយគាត់អត់ដែរធ្វើការងារអាក្រក់នោះទេ គាត់ធ្វើការជួយតែស្ត្រីនិង កុមារ ជាង២០ឆ្នាំខ្ញុំឃើញតែម៉ាក់ខ្ញុំធ្វើបែបនឹងតាំងពីខ្ញុំនៅតូចៗ…» ។
ក្នុងជំនួបមួយជាមួយអ្នកសារព័ត៌មាននៅសមាគមអាដហុក កញ្ញា សាន្ត វឌ្ឍនៈវត្តី ដែលកូនស្រីពៅរបស់លោក យី សុខសាន្ត អនុប្រធានផ្នែកស៊ើបអង្កេត សមាគមអាដហុកនិយាយថា ម្តាយរបស់នាងតែងតែសន្លប់ កាលបើរំលឹកដល់ឪពុកនាង «ម៉ាក់គាត់ឧស្សាហ៍សន្លប់នៅពេលដែលរំលឹកដល់ប៉ាចាប់ផ្តើមរន្ធត់ចិត្តគឺគាត់សន្លប់ ។ ថ្ងៃមុននឹងពេលនៅមុខអង្គភាពប្រឆាំងអំពើរពុករលួយគាត់ឃើញគេដាក់ខ្នោះប៉ាម៉ាក់ភ័យខ្លាំងពេកគាត់ក៏សន្លប់…» ។
កញ្ញា បន្តថានាងក៏មិនទាន់រៀនចប់ចំណែកបងប្រុសទៀតក៏កំពុងរៀន ។ នាងថាមិនបានទៅរៀនទៀងទាត់ទេព្រោះត្រូវប្ដូរវេនជាមួយបងប្រុស ដើម្បីនៅមើលថែម្តាយដែលមានជំងឺលើសឈាមនិង ខ្សោយបេះដូង ។ កញ្ញា បន្តទាំងអួលដើមកថាគាត់ជឿជាក់ថាឪពុកនាងជាមនុស្សល្អ ។ នាងថា ទោះជាឪពុកជាប់ពន្ធនាគារតែនាង មិនមានអារម្មណ្ម៍ខ្មាស់គេនោះទេ ព្រោះឪពុកនាង មិនប្រព្រឹត្តអំពើអាក្រក់ តែនៅពេលនេះនាងមានការបារម្ភខ្លាំងទៅលើបញ្ហា សុខភាពរបស់ឪពុកតែប៉ុណ្ណោះ «មិត្តរួមថ្នាក់គេអត់មានថាអ្វីគេមានតែលើកទឹកចិត្តនិងគាំទ្រ ពីដំបូងមានអារម្មណ៍ថា ខ្លាចគេមើលងាយខ្លាចខ្មាស់គេ តែបែជាមានមិត្តគាំទ្រ គេលើកទឹកចិត្តគេ និងមាហាជនគាំទ្រ…ខ្ញុំពិតជាមានមោទនភាពដែលមានគាត់ជាប៉ាខ្ញុំ…» ។
រីឯ អ្នកស្រី ភាវ ម៉ី ជាស្ត្រីមេផ្ទះ ដែលត្រូវមើលថែកូនតូចៗ២នាក់គឺស្រីម្នាក់ ប្រុសម្នាក់ ។ អ្នកស្រីគឺជាប្រពន្ធរបស់លោក ណៃ វង់ដា ក៏ជាអនុប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុកដែរ ។ លោកស្រីថា កូនស្រីរបស់លោកស្រីតែងតែសួរកឪពុកគេ ហើយជួនកាលយំសុំទៅពន្ធនាគារទាំងយប់ដើម្បីបានជួបឪពុក ព្រោះពួកគេមិនដឹងថាឪពុកបាត់ទៅណា «អាទីពីកូនស្រីមួយនិង ប្តីខ្ញុំស្រលាញ់ខ្លាំងណាស់ ហើយកូននិងពុកតែងនិយាយលេងសើច ក្រោយពីមកពីធ្វើការវិញអញ្ចឹងកូន និងតាមប៉ាខ្លាំណាស់» ។
អ្នកស្រីលំបាកទាំងផ្លូវកាយ និងផ្លូវចិត្តកើតឡើងក្នុងពេលតែមួយ ហើយផ្ទះដែលធ្លាប់នៅជុំគ្រួសារបែជាស្ងាត់ឈឹង ព្រោះចង់សើច ក៏សើចលែងចេញដែរ ។ លោកស្រីបានបន្តថា លោកស្រីចង់ឲ្យតុលាការពន្លឿននិតិវិធីឲ្យបានឆាប់ ដើម្បីចង់ដឹងថាមានទោស ឬក៏អត់ ។ អ្នកស្រីសង្ឃឹមថារដ្ឋាភិបាល នឹងបានឃើញអំពើល្អដែលសមាគមអាដហុកធ្លាប់បានធ្វើកន្លងមក ហើយ និងទម្លាក់បទចោទលើប្ដីនិងអ្នកជាប់ពាក់ព័ន្ធទាំងអស់ «ខ្ញុំចង់ឲ្យរដ្ឋាភិបាលពិនិត្យឡើងវិញព្រោះខ្ញុំគិតថាប្តីខ្ញុំគាត់មិនបានធ្វើខុសអ្វីនោះទេ ហើយប្រជាពលរដ្ឋទូទាំងប្រទេសក៏ដឹងថាគាត់ធ្វើការតាមគោលការអង្គការ ចង់ឲ្យសម្តេចគាត់ពិន្យមើលហើយទម្លាក់ការចោទលើរូបប្តីខ្ញុំ» ។
មន្ត្រីជាន់ខ្ពស់ខ្ពស់ការពារសិទ្ធិមនុស្សអាដហុក ដែលតុលាការបញ្ជាឲ្យឃុំខ្លួននៅពន្ធនាគារព្រៃស មាន លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា លោកស្រី លឹម មុន្នី និងអតីតមន្ត្រីការពារសិទ្ធិមនុស្សមួយរូបទៀត ដែលទើបទទួលតំណែងជាអគ្គលេខាធិការរង គជប គឺលោក នី ចរិយា ។
អ្នកទាំងនោះ ត្រូវបានតុលាការចោទប្រកាន់ពីបទសូកប៉ាន់ និងសមគំនិត ឲ្យសាក្សីផ្តល់ចម្លើយមិនពិតដល់តុលាការ ទាក់ទិននឹងសំនុំរឿងស្នេហាជាលក្ខណឯកជនរបស់ ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលគេចោទថា មានទំនាក់ទំនងជាមួយមេបក្សប្រឆាំងមួយរូបគឺលោក កឹម សុខា ។
កាលពីទី៦ឧសភា ស្ថានទូតអាមេរិកប្រចាំងនៅកម្ពុជាបានរៀបចំទទួលទាន អាហារពេលល្ងាចជូនប្រពន្ធ និងកូនរបស់មន្ត្រី សមាគមអាដហុក និងមន្ត្រីគជប ដែលគេថាធ្វើឡើងដើម្បី លើកទឹកចិត្តប្រពន្ធកូនពួកគាត់ កុំឱ្យបាក់ទឹកចិត្ត ហើយខិតខំតស៊ូចិញ្ចឹម មើលថែកូន ដើម្បី អនាគតពួកគេទៅថ្ងៃមុខ ។ ក្រុមអង្គការសង្គមជាតិ និងអន្តរជាតិ សហភាពអឺរ៉ុប និង គណបក្សប្រឆាំង ថ្កោលទោសការចាប់ខ្លួនមនុស្សទាំង៥នាក់នេះ ដោយទទូចឱ្យដោះលែង ពួកគេមានសេរីភាពវិញ ៕