ភ្នំពេញ៖ តំណាងរាស្ត្របក្សប្រឆាំង ដែលត្រូវបានតុលាការសាលាដំបូងកោះហៅឱ្យចូលខ្លួនមកបំភ្លឺករណីកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ មិនបានចូលខ្លួនទៅបំភ្លឺតាមដីកាកោះហៅរបស់តុលាការឡើយ កាលពីព្រឹកមិញនេះ។ តំណាងរាស្ត្រម្នាក់ គឺលោក តុប វ៉ាន់ចាន់ មិនបានមកបង្ហាញខ្លួន តាមការហៅរបស់ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញលោក សៀង សុខ ពាក់ព័ន្ធអំពើពេស្យាចារ លើករណីកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ។ ចំណែកលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ក៏មិនចូលខ្លួនដែរកាលពីថ្ងៃទី ១១ ខែឧសភា ដែរ ។ ករណីនេះ នាំឱ្យមានការចោទសួរពីភាពងាយគ្រោះថ្នាក់ចំពោះអ្នកតំណាងរាស្ត្រទាំងនេះ ពាក់ព័ន្ធនឹងការមិនធ្វើតាមបង្គាប់របស់តុលាការ ។ ថាតើអ្នកច្បាប់បកស្រាយដូចម្ដេច? ចុះមន្ត្រីតុលាការមានវិធានការអ្វីបន្តទៀត?
នៅថ្ងៃទី១៦នេះ ជាថ្ងៃកំណត់ដែលព្រះរាជអាជ្ញារងលោក សៀង សុខ កំណត់ឲ្យលោក តុប វ៉ាន់ចាន់ និង លោក ពិន រតនា តំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិចូលខ្លួនបំភ្លឺនៅតុលាការជុំវិញបទល្មើសពេស្យាចារ តែពួកគេមិនបានចូលតាមការកោះឡើយ។
ចំណែកលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិត្រូវចូលបំភ្លឺនៅតុលាការថ្ងៃទី ១៧ ស្អែកនេះ ជុំវិញបទចោទមួយគេហៅសញ្ជាកម្មករណីកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ។ បើថ្ងៃស្អែក លោកមិនបានទៅកាន់តុលាការ គឺជាលើកទី ២ ហើយ ដែលមេដឹកនាំបក្សប្រឆាំងមានអភ័យឯកសិទ្ធិរូបនេះ ច្រានចោលដីកាកោះហៅរបស់តុលាការ។
បើដូចនេះ តើតុលាការត្រូវបន្តនីតិវិធីដូចម្ដេច ?
លោក លី សុផាណា អ្នកពាក្យសាលាដំបូងរាជធានីភ្នំពេញមានប្រសាសន៍ជាមួយវិទ្យុស្ដ្រីនៅថ្ងៃនេះថា ចំពោះចំណាត់ការលើបណ្ដឹងកញ្ញា ធី សុវណ្ណថា ដែលប្ដឹងលោក កឹម សុខា លោកមិនអាចជម្រាបឲ្យដឹងទេ ព្រោះសំណុំរឿងនេះគឺស្ថិតនៅលើការសម្រេចជាឆន្ទានុសិទ្ធរបស់ព្រះរាជអាជ្ញារងដែលកាន់សំណុំរឿងនេះ។ អ្នកនាំ ពាក្យបន្ថែមថា លោកនឹងជូនដំណឹងនៅពេលព្រះរាជអាជ្ញារងសម្រេចថា នឹងមានយន្ដការអ្វីជាបន្ដគឺស្របទៅតាមនីតិវិធី។
ជុំវិញរឿងនេះ វិទ្យុស្ដ្រីមិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមពីគណបក្សសង្គ្រោះជាតិបានទេនៅថ្ងៃនេះ។ ក៏ប៉ុន្ដែបើយោងតាមសេចក្ដីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ ដែលបានចេញកាលពីថ្ងៃទី ០៤ ឧសភា កន្លងទៅបានបញ្ជាក់គោលជំហថា តំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិនឹងមិនទៅតាមដីការកោះរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដែលរំលោភបំពានច្បាប់នោះឡើយ។
ចុះចំណែកអ្នកច្បាប់ និងជាមេធាវីមានបទពិសោធន៍ជាច្រើនឆ្នាំអំពីកិច្ចការច្បាប់ មានការបកស្រាយដូចម្ដេច ចំពោះករណីរបស់អ្នកតំណាងរាស្ត្របក្សប្រឆាំងនេះ ដែលពួកគេមានអភ័យឯកសិទ្ធិសភាការពារដោយរដ្ឋធម្មនុញ្ញមាត្រា ៨០ ។
លោកមេធាវី ហុង គឹមសួន បានពន្យល់ថា ប្រសិនជាការប្រព្រឹត្ដបទល្មើសមិនមែនជាបទល្មើសព្រហ្មទណ្ឌថ្នាក់មជ្ឈឹមធ្ងន់ធ្ងរ ឬ ថ្នាក់ឧក្រិដ្ឋទេ នោះវាគឺមិនមែនជាបទល្មើសជាក់ស្ដែងទេ ហើយប្រសិនព្រះរាជអាជ្ញាមានលិខិតអញ្ជើញហើយគាត់មិនព្រមចូលខ្លួនតាមលិខិតនោះទេ ព្រះរាជអាជ្ញាគ្មានសិទ្ធិចេញដីការនាំខ្លួនឬចាប់ខ្លួនឡើយ។
លោកមេធាវីបន្ថែមថា អ្នកដែលមានសិទ្ធិក្នុងការចេញដីការនាំខ្លួន ដីការចាប់ខ្លួន នៅពេលដែលមានដីការអញ្ជើញម្ដង ពីរដងមិនព្រមចូលខ្លួនទៀតនោះគឺមានតែចៅក្រមស៊ើបអង្កេតប៉ុណ្ណោះ។
លោកថា ជុំវិញបញ្ហាដីកាអញ្ជើញលោក កឹម សុខា ទាំងមានអភ័យឯកសិទ្ធិជាតំណាងរាស្ដ្រដោយច្បាប់បានទទួលស្គាល់ហើយនោះ ករណីមិនមែនជាបទល្មើសឧក្រិដ្ឋគឺ ការចោទប្រកាន់របស់តុលាការត្រូវស្នើសុំឲ្យដកអភ័យឯកសិទ្ធិធ្វើការចោទប្រកាន់ជាមុនសិន ហើយប្រសិនបើមិនដកអភ័យឯកសិទ្ធិតាមមាត្រា ៨០ នៃរដ្ឋធម្មនុញ្ញគឺជាការបំពានច្បាប់។
នៅថ្ងៃទី ១៦ ឧសភានេះ តំណាងរាស្ដ្រពីររូបមកពីគណបក្សសង្គ្រោះជាតិ ដែលត្រូវបានកោះឱ្យចូលខ្លួនទៅបំភ្លឺតាមដីការកោះរបស់លោក សៀង សុខ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញរួមមានលោក តុប វ៉ាន់ចាន់ តំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិមណ្ឌលខេត្ដកណ្ដាល ឲ្យចូលបំភ្លឺនៅវេលាម៉ោង ៩ ព្រឹកថ្ងៃទី ១៦ ឧសភា រីឯលោក ពិន រតនា តំណាងរាស្ដ្រមណ្ឌលខេត្ដបាត់ដំបង ឲ្យចូលបំភ្លឺនៅវេលាម៉ោង ៤៖ ៣០ នាទីរសៀលថ្ងៃទី ១៦ ឧសភា នេះដូចគ្នាដែរ ក្នុងនាមជាជនសង្ស័យពាក់ព័ន្ធករណីអំពើពេស្យាចារដែលមានកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ជាជនរងគ្រោះ។ ប៉ុន្តែលោក តុប វ៉ាន់ចាន់ មិនបានចូលខ្លួនទៅបំភ្លឺនៅតុលាការតាមការកោះហៅរបស់ព្រះរាជអាជ្ញារងរូបនេះទេ ។
ករណីនេះកំពុងក្លាយទៅជាផ្នែកមួយនៃទិដ្ឋភាពសង្គមក្នុងការអនុវត្តិនីតិរដ្ឋ។ អ្នកសង្កេតការណ៍មួយចំនួនទទួលស្គាល់ថា កម្ពុជានៅពុំទាន់មាននីតិរដ្ឋត្រឹមត្រូវឡើយ ។ ពួកគាត់ថា ការបកស្រាយច្បាប់ហាក់មិនបានឈរលើគោលការណ៍ ត្រឹមត្រូវឡើយ ខណៈរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ប្រទេស ត្រូវបានយកមកបកស្រាយទៅតាមកាលៈទេសៈដែលក្រុមនីមួយៗចង់បាន ៕