ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកទឹកចិត្តពលរដ្ឋឱ្យរាយការណ៍ប្រាប់សម្ដេចបើសិនជាមានមន្ត្រីថ្នាក់មូលដ្ឋានមានភាពអសកម្ម នៅក្នុងដំណើរការធ្វើអត្តសញ្ញាណប័ណ្ណខណៈសម្ដេចទទូចឱ្យអ្នកជំនាញពន្លឿនការងារនេះបន្ថែមទៀត។
លើបណ្តាញសង្គម Facebook នៅព្រឹកថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៦ នេះ សម្តេច ហ៊ុន សែន បានសរសេរថា៖ «អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គឺតម្រូវឱ្យប្រជាពលរដ្ឋមានគ្រប់ៗគ្នា ដើម្បីសម្គាល់ខ្លួនផង និងសម្រាប់ចូលរួមបោះឆ្នោតផង។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ជាច្រើនលើកមកហើយថា សេវាតំរូវការចាំបាច់ដូចជាការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គឺត្រូវធ្វើឱ្យបានឆាប់ជូនប្រជាពលរដ្ឋ។ ដូច្នេះប្រសិនបើបងប្អូនមានបញ្ហានៅមិនទាន់បានទទួលអត្តសញ្ញាណប័ណ្ណថ្មីទេ គឺពេលនេះក្រុមការងារ «អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម» នឹងដោះស្រាយជូនបងប្អូនទូទាំងប្រទេស»។
សម្តេចនាយករដ្ឋមន្ត្រី សរសេរបន្តថា មានប្រជាពលរដ្ឋមួយចំនួនបានរិះគន់មន្ត្រីធ្វើអត្តសញ្ញាណប័ណ្ណ ដោយបានលើកឡើងថា រយៈពេលនៃការធ្វើអត្តសញ្ញាណប័ណ្ណគឺមានរយៈពេលយូរ អ្នកខ្លះរហូតដល់ជាងមួយឆ្នាំក៏មាន ហើយមិនទាន់បានទទួលអត្តសញ្ញាណប័ណ្ណនៅឡើយ។
ជាមួយគ្នានេះ សម្ដេចទទូចដល់មន្ត្រីសមត្ថកិច្ចជំនាញ ខិតខំធ្វើឱ្យសកម្មកាន់តែខ្លាំងនូវការងារធ្វើអត្តសញ្ញា ណប័ណ្ណ ព្រោះសម្ដេចថា អត្តសញ្ញាណប័ណ្ណមានសារៈសំខាន់ ក្នុងការងារផ្សេងៗ និងកិច្ចការចុះឈ្មោះបោះឆ្នោត ។
ប្រទេសកម្ពុជានឹងរៀបចំចុះបញ្ជីឈ្មោះបោះឆ្នោត នៅប៉ុន្មានខែខាងមុខនេះ ដោយតម្រូវឱ្យពលរដ្ឋត្រូវមានអត្តញ្ញាណប័ណ្ណ ទើបមន្ត្រីចុះឈ្មោះបោះឆ្នោតអនុញ្ញាតចុះឈ្មោះឱ្យ៕