ភ្នំពេញ៖ កាលពីម្សិលមិញថាកញ្ញា ធី សុវណ្ណថា ដែលជាតារាល្បីលើបណ្ដាញសង្គម បានប្រកាសស្វែងរកស្នាមមេដៃមនុស្សឲ្យបាន ១ លានអ្នកដើម្បីទាមទារឲ្យគណបក្សសង្គ្រោះជាតិទម្លាក់លោក កឹម សុខា ចេញពីតំណែងប្រធានស្ដីទីគណបក្ស ប្រឆាំងធំជាងគេនេះ ។ ក្រុមអ្នកវិភាគបញ្ហាសង្គម ដែលវិទ្យុស្ត្រីសុំឱ្យពួកគាត់វិភាគរឿងនេះ បានបង្ហាញការយល់ឃើញប្រហាក់ប្រហែលគ្នា ដោយពួកគាត់យល់ថា កញ្ញា ធី សុវណ្ណថា មិនមានលទ្ធភាពទម្លាក់លោក កឹម សុខា បានទេ ព្រោះគណបក្សប្រឆាំងធំនេះស្គាល់យុទ្ធសាស្ត្រគូប្រកួតរួចហើយ ។ ចំណែកមន្ត្រីបក្សកាន់អំណាចថា មិននិយាយរឿងរបស់គេ។
ផែនការរបស់កញ្ញា ធី សុវណ្ណថា ធ្វើមានការចាប់អារម្មណ៍ច្រើនដែរពីអ្នកតាមដានសង្គម និង អ្នកលេងហ្វេសប៊ុក ដែលតាមដានកញ្ញាធ្វើសកម្មភាពប្រឆាំងលោក កឹម សុខា និងការគៀងគរអ្នកគាំទ្រកញ្ញាករណីរបស់មេដឹកនាំបក្សប្រឆាំងរូបនេះ ។
នៅក្នុងវេទិកាពិភាក្សាមួយ កាលពីថ្ងៃសុក្រទី ១៣ ឧសភា រៀបចំឡើងនៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ ដោយមានគណបក្សទើបបង្កើតថ្មីចំនួន ០៣ និងយុវជនម្នាក់គឺលោក ស្រី ចំរើន បានចូលរួមក៏ធ្វើឱ្យមានការទាក់ទាញដែរពីទស្សនជនបើពួកគេមិនបានឱ្យតម្លៃច្រើនក៏ដោយ ។
ថ្លែងនៅក្នុងវេទិកានេះ កញ្ញា ធី សុវណ្ណថា បានអះអាងថា យុទ្ធនាការប្រមូលស្នាមមេដៃនឹងចាប់ផ្តើមបន្ទាប់ពីក្រុមរបស់នាង រួមទាំងក្រុមពាក់ព័ន្ធផ្សេងទៀតពិភាក្សាគ្នាម្តងទៀត ហើយស្នាមមេដៃនេះ នឹងប្រមូលពីយុវជន ប្រជាពលរដ្ឋ និងសិស្ស-និស្សិត ដើម្បីដាក់ញត្តិទៅគណបក្សសង្គ្រោះជាតិ។
កញ្ញាបន្តថា ប្រសិនបើគណបក្សសង្គ្រោះជាតិដកតំណែងលោក កឹម សុខា ចេញនោះក្រុមកញ្ញានិងយុវជន នឹងបោះឆ្នោតឲ្យ ប៉ុន្តែបើមិនដកតំណែងរបស់លោក កឹម សុខា គឺក្រុមកញ្ញានិងយុវជនដែលគាំទ្រកញ្ញានឹងមិនបោះឆ្នោតឲ្យសម្រាប់អាណត្តិក្រោយនេះឡើយ។
តើផែនការរបស់កញ្ញា ធីសុវណ្ណថា ផ្ដួលតំណែងលោកកឹម សុខា នឹងទទួលបានការគាំទ្រ ហើយអាច ធ្វើបានសម្រេចឬទេ?
លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គមយល់ឃើញថា រឿងនេះស្ថិតក្នុងលក្ខណៈពីរដែលមិនអាចទៅរួចព្រោះការស្វែងរកចំនួនមនុស្សដែលមានចំនួនច្រើនសន្ធឹកសន្ធាប់បែបនេះគឺជាការលំបាកណាស់។
លោកបន្ដថា បើទោះបីជាប្រមូលបាន ប៉ុន្ដែរឿងដកតំណែងនេះភាគីគណបក្សគឺជាអ្នកសម្រេច ដោយយោងតាមបទបញ្ជាផ្ទៃក្នុងរបស់បក្សដែលបានកំណត់មិនអាចធ្វើតាមការទាមទាររបស់មនុស្សមួយក្រុមតូចនោះទេ ។ តែយ៉ាងណាក្ដីលោកក៏បញ្ជាក់ថា បើសង្កេតមើលតាំងពីដើមរហូតមករឿងនេះ គឺអាចនិយាយបានថា មានអ្នកនៅចាំជួយពីខាងក្រោយ។
ជាមួយគ្នានេះលោក សូ ចន្ថា សាស្ដ្រាចារ្យវិទ្យាសាស្ដ្រនយោបាយលើកឡើងថា សកម្មភាពរបស់កញ្ញា ធី សុវណ្ណថា និង អ្នកផ្សេងទៀតនាពេលនេះគឺហាក់បីដូចជារឿងនយោបាយច្រើនជាង។ លោកថា ចំពោះកញ្ញា ធី សុវណ្ណថា នាងគ្រាន់តែជាអ្នកគាំទ្រម្នាក់ប៉ុណ្ណោះពុំមែនជាសមាជិកឬសកម្មជនបក្សទេ ។ លោកព្យាករណ៍ថា ផែនការនេះមិនអាច ធ្វើការផ្លាស់ប្ដូរប្រធានស្ដីទីគណបក្សសង្គ្រោះជាតិដូចការទាមទារបានឡើយ។
លោកសាស្ដ្រាចារ្យបញ្ជាក់ថា លោក កឹម សុខា មិនមែនជាថ្នាក់ដឹកនាំប្រទេសទេ លោកត្រឹមតែជាថ្នាកដឹកនាំគណបក្សប្រឆាំងមួយប៉ុណ្ណោះហើយការបន្ដទាមទារឲ្យលោកលាលែងពីតំណែងគឺសបញ្ជាក់ថាការទាមទារនេះជាហេតុផលនយោបាយ។
លោក សូ ចន្ថា យល់ថា៖ «បើតាមខ្ញុំមើលទៅក្នុងបរិបទនេះវាហាក់ដូចជាជំនួញនយោបាយមួយដែលមានអ្នកគាំទ្រជម្រុញឲ្យកញ្ញា ធី សុវណ្ណថា ធ្វើរឿងនេះក្នុងន័យឲ្យគណបក្សប្រឆាំងបាត់អ្នកដឹកនាំទាំងពីរនាក់»។
បើទោះជាយ៉ាងណា មិនឃើញមានប្រតិកម្មណាមួយជាផ្លូវការពីលោក កឹម សុខា និង គណបក្សសង្រញគោះជាតិ ឆ្លើយតបចំពោះផែនការរបស់កញ្ញា ធី សុវណ្ណថា នេះទេ ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិមានប្រសាសន៍ជាមួយវិទ្យុស្ដ្រីថាលោកគ្មានចំណាប់អារម្មណ៍អ្វីដែលត្រូវនឹងឆ្លើយតបជាមួយនឹងការទាមទាររបស់កញ្ញា ធី សុវណ្ណថា នេះឡើយ។
លោក យឹម សុវណ្ណ៖ «ខ្ញុំមិនចាប់អារម្មណ៍បញ្ហាហ្នឹងទេ ហើយក៏មិនបាច់ឆ្លើយតបអ្វីដែរ»។
ដោយឡែកលោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា ការទាមទាររបស់កញ្ញា ធី សុវណ្ណថា ទម្លាក់លោក កឹម សុខា គឺជារឿងផ្ទៃក្នុងរបស់គណបក្សសង្គ្រោះជាតិ ដែលអ្នកគ្រប់គ្នាបានដឹងមកហើយតាមបណ្ដាញផ្សាយព័ត៌មានផ្សេងពីរឿងវិវាទមួយនេះប៉ុន្តែ លោកសុំមិនអត្ថាធិប្បាយអ្វីឡើយ។
លោក សុខ ឥសាន្ដ៖ «ខ្ញុំមិនអាចអត្ថាធិប្បាយបានទេ រឿងផ្ទៃក្នុងគណបក្ស CNRP របស់គាត់ស្រេចទៅលើគាត់ទៅ គាត់ចង់ធ្វើម៉េចហ្នឹងជាសិទ្ធិរបស់គាត់»។
មុនពេលដែល កញ្ញា ធី សុវណ្ណថា ប្រកាសស្វែងរកស្នាមមេដៃឲ្យបាន ១ លាននាក់ដើម្បីទម្លាក់លោក កឹម សុខា ចេញពីតំណែងប្រធានស្ដីទីគណបក្សសង្គ្រោះជាតិនេះ នាងក៏បានដាក់ពាក្យបណ្ដឹងប្ដឹងលោក កឹម សុខា ទៅតុលាការពីបទ បរិហាកេរ្ដិ៍ ដោយទាមទារប្រាក់សំណងជំងឺចិត្ដ ១លានដុល្លាពីលោក កឹម សុខា ផងដែរ។ កញ្ញាធី សុវណ្ណថា ត្រូវបាន គេមើលឃើញថា ជាយុវជនឆ្នើមមួយរូបរបស់គណបក្សប្រឆាំងធំនេះ ។ នាងជួយឃោសនារកសំឡេងឆ្នោតឱ្យគណបក្សនេះ កាលពីការបោះឆ្នោតសភាឆ្នាំ ២០១៣ ។ ប៉ុន្តែមជ្ឈដ្ឋានខ្លះ ដាក់ការសង្ស័យថា កញ្ញាជនមនុស្ស បង្គប់ម្នាក់ របស់អ្នកនយោបាយណាមួយដែលមាន អំណាច។ បែបនេះកញ្ញាតែងតែបដិសេធការចោទប្រកាន់ដូចនេះ៕