en     km
en     km

អ្នកវិភាគ​៖​ ផែនការ​របស់​កញ្ញា​ ធី​ សុវណ្ណ​ថា​ ទម្លាក់​លោក​ កឹ​ម​ សុខា​ នឹង​មិន​បាន​ជោគជ័យ​ឡើយ

Share

​​ភ្នំពេញ​៖​ កាលពី​ម្សិលមិញ​ថា​កញ្ញា​ ធី​ សុវណ្ណ​ថា​ ដែល​ជាតា​រា​ល្បី​លើ​បណ្ដាញ​សង្គម​ បាន​ប្រកាស​ស្វែង​រក​​​​ស្នាម​មេដៃ​មនុស្ស​ឲ្យ​បាន​ ១​ លាន​អ្នក​ដើម្បី​ទាមទារ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ទម្លាក់​លោក​ កឹ​ម​ សុខា​ ចេញពី​តំណែង​ប្រធាន​ស្ដីទី​គណបក្ស​ ប្រឆាំង​ធំ​ជាងគេ​នេះ​ ។​ ក្រុម​អ្នកវិភាគ​បញ្ហា​សង្គម​ ដែល​វិទ្យុ​ស្ត្រី​សុំ​ឱ្យ​ពួក​គាត់​វិភាគ​រឿង​នេះ​ បាន​បង្ហាញ​ការ​យល់​ឃើញ​ប្រហាក់ប្រហែល​គ្នា​ ដោយ​ពួក​គាត់​យល់​ថា​ កញ្ញា​ ធី​ សុវណ្ណ​ថា​ មិន​មាន​លទ្ធភាព​ទម្លាក់​លោក​ កឹ​ម​ សុខា​ បាន​ទេ​ ព្រោះ​គណបក្សប្រឆាំង​ធំ​នេះ​ស្គាល់​យុទ្ធ​សា​ស្ត្រ​គូប្រកួត​រួច​ហើយ​ ។​ ចំណែក​មន្ត្រី​បក្ស​កាន់​អំណាច​ថា​ មិន​និយាយ​រឿង​របស់​គេ​។​

Thy-Sovantha-WMC
​វេទិកា​ពិភាក្សា​ស្តីពី«តើលោក កឹម សុខា គួរលាលែងពីតំណែងដែរឬទេ» កាលពី​ថ្ងៃ​សុក្រ​ទី​ ១៣​ ឧសភា​ រៀបចំ​ឡើង​នៅ​សណ្ឋាគារ​សាន់​វេ​ រាជធានី​ភ្នំពេញ​ ដោ​យ​មាន​គណបក្ស​ទើប​បង្កើត​ថ្មី​ចំនួន​ ០៣​ កញ្ញា ធី សុវណ្ណថា និង​យុវជន​ម្នាក់​គឺ​លោក​ ស្រី​ ចំរើន​ ។

​ផែនការ​របស់​កញ្ញា​ ធី​ សុវណ្ណ​ថា​ ធ្វើ​មានការ​ចាប់អារម្មណ៍​ច្រើន​ដែរ​ពី​អ្នក​តាមដាន​សង្គម​ និង​ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ ដែល​តាមដាន​កញ្ញា​ធ្វើ​សកម្មភាព​ប្រឆាំង​លោក​ កឹ​ម​ សុខា​  និង​ការ​គៀងគរ​អ្នកគាំទ្រ​កញ្ញា​ករណី​របស់​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​រូប​នេះ​ ។​

​នៅ​ក្នុង​វេទិកា​ពិភាក្សា​មួយ​ កាលពី​ថ្ងៃ​សុក្រ​ទី​ ១៣​ ឧសភា​ រៀបចំ​ឡើង​នៅ​សណ្ឋាគារ​សាន់​វេ​ រាជធានី​ភ្នំពេញ​ ដោ​យ​មាន​គណបក្ស​ទើប​បង្កើត​ថ្មី​ចំនួន​ ០៣​ និង​យុវជន​ម្នាក់​គឺ​លោក​ ស្រី​ ចំរើន​ បាន​ចូលរួម​ក៏​ធ្វើ​ឱ្យ​មានការ​ទាក់​ទាញ​ដែរ​ពី​ទស្សន​ជន​បើ​ពួក​គេ​មិន​បានឱ្យ​តម្លៃ​ច្រើន​ក៏​ដោយ​ ។​

​ថ្លែង​នៅ​ក្នុង​វេទិកា​នេះ​ កញ្ញា​ ធី​ សុវណ្ណ​ថា​ បាន​អះអាង​ថា​ យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ​នឹង​ចាប់ផ្តើម​បន្ទាប់​ពី​ក្រុម​​របស់​នាង​ រួម​ទាំង​ក្រុម​ពាក់ព័ន្ធ​ផ្សេង​ទៀត​ពិភាក្សា​គ្នា​ម្តងទៀត​ ហើយ​ស្នាម​មេដៃ​នេះ​ នឹង​ប្រមូល​ពី​យុវជន​ ប្រ​ជា​ពលរដ្ឋ​ និង​សិស្ស​-​និស្សិត​ ដើម្បី​ដាក់​ញត្តិ​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ​។​

​កញ្ញា​បន្ត​ថា​ ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​ដក​តំណែង​លោក​ កឹ​ម​ សុខា​ ចេញ​នោះ​ក្រុម​កញ្ញា​និង​យុវជន​ នឹង​បោះ​ឆ្នោត​ឲ្យ​ ប៉ុន្តែ​បើ​មិន​ដក​តំណែង​របស់​លោក​ កឹ​ម​ សុខា​ គឺ​ក្រុម​កញ្ញា​និង​យុវជន​ដែល​គាំទ្រ​កញ្ញា​នឹង​មិន​បោះ​ឆ្នោត​ឲ្យ​សម្រាប់​អាណត្តិ​ក្រោយ​នេះ​ឡើយ​។​

​តើ​ផែនការ​របស់​កញ្ញា​ ធី​សុវណ្ណ​ថា​ ផ្ដួល​តំណែង​លោក​កឹ​ម​ សុខា​ នឹង​ទទួល​បានការ​គាំទ្រ​ ហើយ​អាច​ ធ្វើ​បាន​សម្រេច​ឬទេ​?​

​លោក​បណ្ឌិត​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម​យល់​ឃើញ​ថា​ រឿង​នេះ​ស្ថិត​ក្នុង​លក្ខណៈ​ពីរ​ដែល​មិន​អាច​ទៅ​រួច​ព្រោះ​ការ​ស្វែងរក​ចំនួន​មនុស្ស​ដែល​មាន​ចំនួន​ច្រើន​សន្ធឹកសន្ធាប់​បែប​នេះ​គឺជា​ការ​លំបាក​ណាស់​។​

​លោក​បន្ដ​ថា​ បើ​ទោះបីជា​ប្រមូល​បាន​ ប៉ុន្ដែ​រឿង​ដក​តំណែង​នេះ​ភាគី​គណបក្ស​គឺជា​អ្នក​សម្រេច​ ដោយ​យោង​តាម​បទបញ្ជាផ្ទៃក្នុង​របស់​បក្ស​ដែល​បាន​កំណត់​មិន​អាច​ធ្វើ​តាម​ការ​ទាមទារ​របស់​មនុស្ស​មួយ​ក្រុម​តូច​នោះ​ទេ​ ។​ ​តែ​យ៉ាងណា​ក្ដី​លោក​ក៏​បញ្ជាក់​ថា​ បើ​សង្កេត​មើល​តាំងពី​ដើម​រហូត​មក​រឿង​នេះ​ គឺ​អាច​និយាយ​បាន​ថា​ មាន​អ្នក​នៅ​ចាំ​ជួយ​ពី​ខាងក្រោយ​។​

​លោក​ មាស​ នី​៖​ «​ខ្ញុំ​គិត​ថា​ការ​ធ្វើ​នេះ​គឺ​គ្រាន់តែ​ឲ្យ​មាន​ក្ដុងក្ដាំង​ប៉ុណ្ណោះ​ លើកលែងតែ​មាន​ភាគី​ណាមួយ​នៅ​ពីក្រោយ​ដើម្បី​រុញ​ស្ថានភាព​ឲ្យ​ដល់​កន្លែង​មួយ​ដូច​កាល​មនុស្ស​មួយ​ក្រុម​អាច​ទម្លាក់​លោក​ កឹ​ម​ សុខា​ ពី​អនុប្រធាន​រដ្ឋសភា​»​។​

​ជាមួយ​គ្នា​នេះ​លោក​ សូ​ ច​ន្ថា​ សាស្ដ្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ​លើក​ឡើង​ថា​ សកម្មភាព​របស់​កញ្ញា​ ធី​ សុវណ្ណ​ថា​ និង​ អ្នក​ផ្សេង​ទៀត​នា​ពេល​នេះ​គឺ​ហាក់បីដូចជា​រឿង​នយោបាយ​ច្រើន​ជាង​។​ លោក​ថា​ ចំពោះ​កញ្ញា​ ធី​ សុវណ្ណ​ថា​ នាង​គ្រាន់តែ​ជា​អ្នកគាំទ្រ​ម្នាក់​ប៉ុណ្ណោះ​ពុំ​មែន​ជា​សមាជិក​ឬ​សកម្មជន​បក្ស​ទេ​ ។​ លោក​ព្យាករណ៍​ថា​ ផែនការ​នេះ​មិន​អាច​ ធ្វើការ​ផ្លាស់​ប្ដូរ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ដូច​ការ​ទាមទារ​បាន​ឡើយ​។​

​លោក​សាស្ដ្រាចារ្យ​បញ្ជាក់​ថា​ លោក​ កឹ​ម​ សុខា​ មិនមែន​ជា​ថ្នាក់ដឹកនាំ​ប្រទេស​ទេ​ លោក​ត្រឹមតែ​ជា​ថ្នាកដឹកនាំ​គណបក្សប្រឆាំង​មួយ​ប៉ុណ្ណោះ​ហើយ​ការ​បន្ដ​ទាមទារ​ឲ្យ​លោក​លាលែង​ពី​តំណែង​គឺ​សបញ្ជាក់​ថា​ការ​ទាមទារ​នេះ​ជា​ហេតុផល​នយោបាយ​។​

​លោក​ សូ​ ច​ន្ថា​ យល់​ថា​៖​ «​បើ​តាម​ខ្ញុំ​មើលទៅ​ក្នុង​បរិបទ​នេះ​វា​ហាក់ដូចជា​ជំនួញ​នយោបាយ​មួយ​ដែល​មាន​អ្នកគាំទ្រ​ជម្រុញ​ឲ្យ​កញ្ញា​ ធី​ សុវណ្ណ​ថា​ ធ្វើ​រឿង​នេះ​ក្នុង​ន័យ​ឲ្យ​គណបក្សប្រឆាំង​បាត់​អ្នកដឹកនាំ​ទាំង​ពីរ​នាក់​»​។​

​បើ​ទោះជា​យ៉ាងណា​ មិនឃើញ​មាន​ប្រតិកម្ម​ណាមួយ​ជា​ផ្លូវការ​ពី​លោក​ កឹ​ម​ សុខា​ និង​ គណបក្ស​ស​ង្រ​ញ​គោះ​ជាតិ​  ឆ្លើយ​តប​ចំពោះ​ផែនការ​របស់​កញ្ញា​ ធី​ សុវណ្ណ​ថា​ នេះ​ទេ​ ។​

​លោក​ យឹ​ម​ សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ប្រសាសន៍​ជាមួយ​វិទ្យុ​ស្ដ្រី​ថា​លោក​គ្មាន​ចំណា​ប់​អារ​ម្មណ៍​​អ្វី​ដែល​ត្រូវ​នឹង​ឆ្លើយ​តប​ជាមួយនឹង​ការ​ទាមទារ​របស់​កញ្ញា​ ធី​ សុវណ្ណ​ថា​ នេះ​ឡើយ​។​

​លោក​ យឹ​ម​ សុវណ្ណ​៖ «​ខ្ញុំ​មិន​ចាប់អារម្មណ៍​បញ្ហា​ហ្នឹង​ទេ​ ហើយ​ក៏​មិនបាច់​ឆ្លើយ​តប​អ្វី​ដែរ​»​។​

​ដោយឡែក​លោក​ សុខ​ ឥ​សាន្ដ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ការ​ទាមទារ​របស់​កញ្ញា​ ធី​ សុវណ្ណ​ថា​ ទម្លាក់​លោក​ កឹ​ម​ សុខា​ គឺជា​រឿង​ផ្ទៃក្នុង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​អ្នក​គ្រប់​គ្នា​បានដឹង​មក​ហើយ​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ផ្សេង​ពី​រឿង​វិវាទ​មួយ​នេះ​ប៉ុន្តែ​ លោក​សុំ​មិន​អត្ថាធិប្បាយ​អ្វី​ឡើយ​។​

​លោក​ សុខ​ ឥ​សាន្ដ​៖​ «​ខ្ញុំ​មិន​អាច​អត្ថាធិប្បាយ​បាន​ទេ​ រឿង​ផ្ទៃក្នុង​គណបក្ស​ CNRP​ របស់​គាត់​ស្រេច​ទៅ​លើ​គាត់​ទៅ​ គាត់​ចង់​ធ្វើ​ម៉េច​ហ្នឹង​ជា​សិទ្ធិ​របស់​គាត់​»​។​

​មុន​ពេល​ដែល​ កញ្ញា​ ធី​ សុវណ្ណ​ថា​ ប្រកាស​ស្វែងរក​ស្នាម​មេដៃ​ឲ្យ​បាន​ ១​ លាន​នាក់​ដើម្បី​ទម្លាក់​លោក​ កឹ​ម​ សុខា​ ចេញពី​តំណែង​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ នាង​ក៏​បាន​ដាក់​ពាក្យបណ្ដឹង​ប្ដឹង​លោក​ កឹ​ម​ សុខា​ ទៅ​តុលាការ​ពី​បទ​ បរិហា​កេរ្ដិ៍​ ដោយ​ទាមទារ​ប្រាក់​សំណង​ជំងឺ​ចិត្ដ​ ១​លាន​ដុល្លា​ពី​លោក​ កឹ​ម​ សុខា​ ផង​ដែរ​។​ កញ្ញា​ធី​ សុវណ្ណ​ថា​ ត្រូវ​បាន​ គេ​មើលឃើញ​ថា​ ជា​យុវជន​ឆ្នើម​មួយ​រូប​របស់​គណបក្សប្រឆាំង​ធំ​នេះ​ ។​ នាង​ជួយ​ឃោសនា​រក​សំឡេង​ឆ្នោត​ឱ្យ​គណបក្ស​នេះ​ កាលពី​ការ​បោះ​ឆ្នោត​សភា​ឆ្នាំ​ ២០១៣​ ។​ ប៉ុន្តែ​មជ្ឈដ្ឋាន​ខ្លះ​ ដាក់​ការ​សង្ស័យ​ថា​ កញ្ញា​ជន​មនុស្ស​ បង្គ​ប់ម្នាក់​ របស់​អ្នកនយោបាយ​ណាមួយ​ដែល​មាន​ អំណាច​។​ បែប​នេះ​កញ្ញា​តែងតែ​បដិសេធ​ការ​ចោទប្រកាន់​ដូចនេះ​៕

Share

Image
Image
Image