ភ្នំពេញ៖ ហ្វេសប៊ុករបស់សម្ដេចនាយករដ្ឋមន្ត្រីបង្ហាញពីការអបអរសាទរ ថ្ងៃបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រដែលថា ក្រោមម្លប់ដ៏ត្រជាក់នៃព្រះមហាក្សត្របានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ ខណៈហ្វេសប៊ុករបស់លោក សម រង្ស៊ី បង្ហាញវត្តមានរបស់លោកនៅឯកិច្ចប្រជុំសិទ្ធិមនុស្ស នៅប្រទេសស្វិស។
សារលើទំព័រហ្វេសប៊ុករបស់សម្ដេច ហ៊ុន សែន សរសេរដូចនេះថា៖«ក្រោមម្លប់ដ៏ត្រជាក់នៃព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងប្រជាពលរដ្ឋជាពិសេសយុវជនកាន់តែមានឱកាស និងរីកចម្រើនទៅមុខឥតឈប់ឈរ»។
ចំណែកទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី បានសរសេរថា៖ «ថ្ងៃនេះមានកិច្ចប្រជុំមួយស្តីពីនីតិរដ្ឋនិងសិទ្ធិទទួលចំណេះដឹងនៅទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស។ មានតំណាង ២៥ ប្រទេសបានចូលរួមក្នុងកិច្ចប្រជុំនេះហើយខ្ញុំអង្គុយនៅខាងស្តាំបំផុត»។
អុ្នកនយោបាយល្បីល្បាញពីររូបនេះ បានបែកបាក់គ្នាដោយសារតែការប្រើវោហាសាស្ត្រនយោបាយ រិះគន់គ្នាធ្ងន់ៗ ។ ឥសរ្យជនទាំងពីរនេះ បានស្គាល់ភាពផ្អែមល្ហែមជាមួយគ្នា បានជិតមួយឆ្នាំ តាមរយៈវប្បធម៌សន្ទនា ។
លោក សម រង្ស៊ី ជាប្រធានគណបក្សសង្គ្រោះជាតិ លោកកំពុងរស់នៅជាអ្នកនយោបាយនិរទេសខ្លួន ដោយជាប់បណ្ដឹងតាមចាប់ខ្លួន ករណីបរិហារកេរ្តិ៍អតីតរដ្ឋមន្ត្រីការបរទេសលោក ហោ ណាំហុង និង បណ្ដឹងជាច្រើនទៀតនៅតុលាការ។
ចំណែកសម្ដេច ហ៊ុន សែន ស្បថថាលោកមិនលើកលែងទោសឱ្យ លោក សម រង្ស៊ី ជាដាច់ខាត ហើយបើលោកព្រម គឺលោកកាត់ដៃលោកក្រវែងចោល ។ ចាប់ពីនោះមកស្ថានភាពនយោបាយ នៅកម្ពុជាបន្តឡើងកម្តៅជាប់មកទល់ពេលនេះ ៕