សហរដ្ឋអាមេរិកអបអរសាទរប្រជាជនហ្វីលីពីនដែលបានចេញទៅបោះឆ្នោតយ៉ាងសន្ធឹកសន្ធាប់ដើម្បីជ្រើសរើសមេដឹកនាំថ្មីគឺលោក Rodrigo Duterte ឲ្យធ្វើជាប្រធានាធិបតីដែលក្រុងវ៉ាស៊ីនតោនហៅថាជារលកប្រជាធិបតេយ្យមួយនៅអាស៊ីអាគ្នេយ៌ ។
សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិកបានផ្សព្វផ្សាយកាលពីថ្ងៃម្សិលមិញថា ខ្លួនមានភាពកក់ក្ដៅចំពោះទំនាក់ទំនងទ្វេភាគីយ៉ាងស៊ីជម្រៅទៅមុខទៀតជាមួយនិងមេដឹកនាំថ្មីនៃប្រទេសហ្វីលីពីនដោយផ្អែកលើអត្ថប្រយោជន៍ទៅវិញទៅមក។
សេចក្ដីថ្លែងការណ៍របស់សេតវិមានបានបញ្ជាក់ទៀតថាសហរដ្ឋអាមេរិកវាយតំលៃខ្ពស់ចំពោះដំណើរការបោះឆ្នោតនៅក្នុងប្រទេសហ្វីលីពីនប្រកបដោយភាពសេរីនិងត្រឹមត្រូវ បើទោះជាតំបន់ខ្លះជួបហិង្សាក៏ដោយ។ ទន្ទឹមគ្នានេះ ការចេញទៅបោះឆ្នោតដ៏ច្រើនលើសលប់នៃប្រជាជនហ្វីលីពីនជ្រើសរើសមេដឹកនាំរបស់ខ្លួននោះគឺបញ្ជាក់ថាប្រទេសនេះប្រកបដោយប្រជាធិបតេយ្យសេរីពហុបក្ស។
ប្រទេសហ្វីលីពីនដែលស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៌ប្រទេសនេះមានប្រជាជនជិត ១០០ លាននាក់ហើយប្រជាជនដែលមានឈ្មោះទៅបោះឆ្នោតជាង ៥៤ លាននាក់។
ប្រធានាធិបតីថ្មីដែលជាប់ឆ្នោតគឺលោក Rodrigo Duterte បានថ្លែងទៅកាន់ប្រជាជនរបស់លោកដោយសន្យាធ្វើឲ្យមានកំណើនសេដ្ឋកិច្ចកាត់បន្ថយភាពក្រីក្រប្រយុទ្ធប្រឆាំងអំពើពុករលួយ និង អំពើឧក្រិដ្ឋ ហើយក៏បានសន្យាខិតខំការពារដែនអធិបតេយ្យភាពរបស់ខ្លួនដែរ៕
ប្រភពៈReuters