ចិនសម្ដែងសេចក្តីរីករាយដោយមើលឃើញប្រទេសវៀតណាម មានទំនាក់ទំនងធម្មតាឡើងវិញជាមួយសហរដ្ឋអាមេរិក ហើយក្រុងប៉េកាំងសង្ឈឹមថាប្រទេសពីរនេះនឹងធ្វើឲ្យមានសន្ដិភាពក្នុងតំបន់ បើទោះជាក្រុងវ៉ាស៊ីនតោនលុបចោលបំរាមលក់អាវុធទៅឲ្យវៀតណាមក៏ដោយនោះ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ឡឺ កាង បានប្រាប់ក្រុងអ្នកសារព័ត៌មានចិនថា៖«ចាប់ពីពេលនេះតទៅទីក្រុងប៉េកាំងរីករាយដោយសារតែឃើញប្រទេសវៀតណាម មានទំនាក់ទំនងបើកជំហជាមួយនិងសហរដ្ឋអាមេរិក ហើយសង្ឈឹមថាទំនាក់ទំនងនេះនឹងធ្វើឲ្យមានសន្ដិភាព ស្ថេរភាពនិងការរីកចំរើននៅក្នុងតំបន់»។
សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសចិន បានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ប្រកាសធ្វើទស្សនៈកិច្ចនៅប្រទេសវៀតណាមនៅខែនេះ ហើយជាមួយគ្នានេះក្រុងវ៉ាស៊ីនតោនប្រកាសលុបចោលការដាក់ទណ្ឌកម្មឬការហាមលក់អាវុធទៅឲ្យអតីតសត្រូវសង្គ្រាមត្រជាក់ជាមួយគ្នានេះ។
ប្រទេសចិននិងវៀតណាមបច្ចុប្បន្នកំពុងមានជំលោះជាមួយគ្នានៅលើការដណ្ដើមកាន់កាប់កោះមួយចំនួននៅសមុទ្រចិនខាងត្បូង ហើយជារឿយៗប្រទេសវៀតណាមតែងតែអំពាវនាវឲ្យចិនគោរពអធិបតេយ្យភាពរបស់ខ្លួនហើយបញ្ឈប់ការវាតទី៕
ប្រភព:CNA