loader

ទស្សនៈ​​ ៖​​ ទី​ណា​​មាន​ការ​​ជិះ​ជាន់​​ ទី​នោះ​​តែង​​មាន​ការ​​រើ​បម្រះ​

​ពាក្យ​មួយ​ឃ្លា​នេះ​ធ្លាប់​ត្រូវ​បាន​មហាជន​យក​មក​ប្រើ​ ដើម្បី​រំដោះខ្លួន​ចេញពី​ការ​ជិះជាន់​ដូច​ជា​ក្នុង​របប​ទាសភាព​ក្តី​ របប​អាណានិគម​ក្តី​ ឬ​ការ​ដឹកនាំ​បែប​ផ្តាច់​ការ​ក្តី​ ។​ ពាក្យ​នេះ​គឺជា​សុភាសិត​ បុរាណ​ ។​

Slave
រូបតំណាង

​ការ​តស៊ូ​រើបម្រះ​ចេញពី​ការ​ជិះជាន់​សង្កត់សង្កិន​ មាន​ប្រវត្តិសាស្ត្រ​ដ៏​យូរលង់​ណាស់​មក​ហើយ​ ។​ ក្នុង​របប​ទាសភាព​ក្រិ​ច​បុរា​ណ​ អ្នក​ទន់ខ្សោយ​តែងតែ​ត្រូវ​បាន​អ្នកមាន​អំណាច​ មានទ្រព្យ​ស្តុកស្តម្ភ​ចាប់​យក​មក​ធ្វើ​ជា​ទាសករ​ ។​ ស្ត្រី​ត្រូវ​គេ​ចាប់​យក​ទៅ​លក់​សម្រាប់​បម្រើ​ផ្លូវភេទ​ ឬ​ធ្វើ​ជា​កញ្ជះ​គេ​ ។​ ចំណែក​បុរសៗ​ដែល​មាន​រាង​កាយ​មាំមួន​ត្រូវ​គេ​កែន​ធ្វើ​ទាហាន​ ឬ​ជា​កីឡាករ​ប្រយុទ្ធ​គ្នា​ស្លាប់​រស់​ (gladiator)​ ក្នុង​កីឡាដ្ឋាន​មួយ​ដែល​គេ​ហៅ​ថា​ Arena​ ។​

កីឡាករ​រូប​ណា​ដែល​ចង់​រួច​ផុត​ពី​ឈ្មោះ​ជា​ទាសករ​ត្រូវ​ប្រយុទ្ធ​ស្លាប់​រស់​ជាមួយ​កីឡាករ​ផ្សេង​ទៀត​ រហូត​លែង​មាន​អ្នក​ហ៊ាន​តតាំង​ ។​ ស្ប៉ា​តាក​ (Spartacus)​ (១១១-៧១​ មុន​ គ​.​ស​.)​ ជា​ឈ្មោះ​របស់​បុរស​ម្នាក់​ដែល​ត្រូវ​គេ​ចាប់​មក​ធ្វើ​ជា​កីឡាករ​ប្រភេទ​នេះ​ដែរ​ ហើយ​គាត់​ជា​មនុស្ស​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​បស្ចិម​លោក​ដែល​ហ៊ាន​ងើប​បះបោរ​ប្រឆាំង​នឹង​របប​ទាសភាព​។​ ទោះបី​គាត់​ត្រូវ​គេ​សម្លាប់​ ហើយ​ការ​បះបោរ​របស់​គាត់​មិន​បាន​ជោគជ័យ​ក៏​ដោយ​ តែ​គាត់​បាន​ចាប់​អង្រួន​របប​ដឹកនាំ​ក្រិ​ច​បុរាណ​ឲ្យ​ងាក​មក​គិតគូរ​ពី​ សុខទុក្ខ​របស់​ប្រជារាស្ត្រ​ឡើង​វិញ​ ហើយ​កេរ្តិ៍ឈ្មោះ​របស់​គាត់​ត្រូវ​បាន​មនុស្ស​ជំនាន់​ក្រោយ​ចង​ចាំ​ និង​ចាត់ទុកជា​និមិត្តរូប​នៃ​ការ​ធ្វើ​បដិវត្តន៍​នានា​ ។

​​ការ​បះបោរ​មួយទៀត​ដែល​សំខាន់​ក្នុង​ការ​ផ្លាស់​ប្តូរ​ចរន្ត​ពិភពលោក​ ក្រោយ​ពេល​របប​មូលធន​បាន​កកើត​នៅ​ចុង​ ស​.​វ​ ទី​១៨​ និង​ដើម​ ស​.​វ​ ទី​១៩​ បន្ទាប់​ពី​យុគសម័យ​ឧស្សាហកម្ម​បាន​រីក​លូតលាស់​គឺ​បដិវត្តន៍ខែតុលា​ ឆ្នាំ​១៩១៧​ នៅ​រុ​ស្ស៊ី​ ដឹកនាំ​ដោយ​ វ្លា​ឌី​មៀរ​ លេ​នី​ន​ (Vladimir​ Lenin)​ ដើម្បី​ផ្តួលរំលំ​របប​សក្តិភូមិ​របស់​ស្តេច​ត្សា​រ​ (Tzar)​ ។​ បដិវត្តន៍​ដ៏​ធំ​នេះ​បាន​ជួយ​បំភ្លឺ​ផ្លូវ​ដល់​បណ្តា​ប្រទេស​នៅ​ឧបទ្វីប​ស្ក​ង់​ឌី​ណា​វ​ (Scandinavia)​ ឲ្យ​ប្រកាន់​យក​ប្រព័ន្ធ​សុខុមាលភាព​សង្គម​ (social​ welfare)​ មុន​ដំបូង​គេ​ ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​រស់នៅ​ឲ្យ​សមរម្យ​ជា​មនុស្ស​ ។​

​ស្រ​ដៀង​គ្នា​ដែរ​ របប​អាណានិគមនិយម​ បាន​ធ្វើទុក្ខបុកម្នេញ​ដល់​ប្រជាជន​នៃ​បណ្តា​ប្រទេស​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ខ្លួន​ ដូច​ជា​ការ​កម្រិត​ពន្ធដារ​ធ្ងន់ធ្ងរ​ ការ​ជាប់​កំណែន​ការងារ​ហួសកម្លាំង​តែ​បាន​ទទួល​ប្រាក់​កម្រៃ​តិច​ ការ​ជាប់​កំណែន​យោធា​ក្នុង​សង្គ្រាម​ពិភពលោក​ (​លើក​ទី​១​ និង​ទី​២)​ ធ្វើ​ឲ្យ​ប្រជាជន​មិន​អាច​ទ្រាំទ្រ​នឹង​ការ​ឈឺចាប់​ ហើយ​ក៏​ក្រោក​ឡើង​បះបោរ​ទាមទារ​ឯករាជ្យ​មក​វិញ​ ។

​​បច្ចុប្បន្ន​នេះ​ទៀត​សោត​ ទោះបី​របប​ទាសភាព​ ឬ​របប​សក្តិភូមិ​មូលធន​ ឬ​របប​អាណានិគមនិយម​ត្រូវ​បាន​កាត់​បន្ថយ​ ឬ​លែង​មាន​រូបរាង​ក្តី​ តែ​រូបភាព​នៃ​ការ​ជិះជាន់​បែប​ថ្មី​អាច​នៅ​មាននៅ​ឡើយ​ ។​ ហេតុនេះ​ការ​ក្រោក​ឡើង​រើបម្រះ​ក៏​នៅ​តែ​បន្ត​កើត​មាន​ ។​

​ជា​លក្ខណៈ​ធម្មជាតិ​ តម្រូវការ​ចាំបាច់​របស់​មនុស្ស​ និង​សត្វ​មិនសូវ​ខុស​គ្នា​ប៉ុន្មាន​ទេ​ គឺ​មាន​អាហារ​បរិភោគ​គ្រប់គ្រាន់​ និង​ទីជម្រក​គត់​ហ្មត់​ ។​ តែ​ដោយសារ​មនុស្ស​មាន​វិចារណៈញ្ញាណ​លើស​ពី​សត្វ​ នោះ​តម្រូវការ​របស់​មនុស្ស​ក៏​លើស​ពី​សត្វ​ដែរ​ដូច​ជា​ ត្រូវ​មាន​សម្លៀក​បំពាក់​រុំ​បិទ​កាយា​ ត្រូវ​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​រស់នៅ​សមរម្យ​ជា​មនុស្ស​ ការ​គិតការ​សម្តែង​មតិ​ ចៀស​ផុត​ពី​ការ​ធ្វើទុក្ខបុកម្នេញ​ ។​ល​។​ ហេតុនេះ​ ពេល​ណា​ដែល​មហាជន​យល់​ថា​ តម្រូវការ​ចាំបាច់​របស់​ខ្លួន​ទាំងនេះ​បាន​បាត់បង់​ ឬ​ត្រូវ​បាន​គេ​រឹបអូស​ខុស​ពី​ឆន្ទៈ​របស់​ខ្លួន​ ពួក​គេ​នឹង​ក្រោក​ឡើង​តវ៉ា​ទាមទារ​មក​វិញ​ជាក់​ជា​មិន​ខាន​ ។​

តើ​មាន​ដំណោះស្រាយ​អ្វី​ដើម្បី​បញ្ចៀស​បញ្ហា​នេះ​ឬទេ​?

​ពុទ្ធប្រវត្តិ​បាន​ត្រួសត្រាយ​ផ្លូវ​ដល់​ជនានុជន​ផង​ទាំងពួង​ដែរ​ ជា​ពិសេស​ក្នុង​ពេល​ដែល​ព្រះ​សិទ្ធត្ថ​ (៥៦៨-៤៨៣​ មុន​ គ​.​ស​.)​ ចេញ​​សាង​ភ្នួ​ស​ ព្រះ​អង្គ​តម​មិន​សោយ​អាហារ​រហូត​ស្គមស្គាំង​រីងរៃ​ (​ទុក្ខ​កិរិយា​)​ អស់​រយៈពេល​៦​វស្សា​ ។​ ឃើញ​ដូច្នេះ​ ព្រះ​ឥន្ទ្រាធិរាជ​បាន​និមិត្ត​ជា​អ្នកលេង​ពិ​ណ្យ​មក​លេង​ថ្វាយ​ព្រះ​អង្គ​ស្ដាប់​ ។​ ដំបូង​ព្រះឥន្ទ្រ​រឹតខ្សែ​ពិ​ណ្យ​តឹង​ពេក​រហូត​ដាច់​ បន្ទាប់​មក​ទ្រង់​បន្ធូរ​ខ្សែ​ពិ​ណ្យ​ធូរ​ពេក​ តែ​ដេញ​មិន​ពីរោះ​ ទើប​ទ្រង់​រឹត​ល្មមតែ​ដេញ​បាន​ពីរោះ​ ។​

ក្រោយ​ស្ដាប់​ប្រស្នា​នេះ​ហើយ​ ព្រះ​សិទ្ធត្ថ​ទ្រង់​ស្វែង​ពី​អត្ថន័យ​ថា​ មាន​តែ​ជ្រើសរើស​ផ្លូវ​កណ្តាល​ (​ម​ជ្ឈិ​មា​បដិបទា​)​ទេ​ ទើប​ព្រះ​អង្គ​អាច​សម្រេច​ព្រះ​អរ​ហត្ថ​បាន​ ។​ ព្រះ​អង្គ​ក៏​ចាប់ផ្តើម​សោយ​ចង្ហាន់​ឡើង​វិញ​ រហូត​បាន​ត្រាស់​ជា​ព្រះ​សម្មា​សម្ម​ពុទ្ធិ​ញ្ញាណ​ ។​

​យ៉ាងណាមិញ​ ក្នុង​ការ​ដឹកនាំ​ប្រទេស​ក៏​ដូច​គ្នា​ដែរ​ ប្រ​សិន​ណា​ជា​គេ​ដឹកនាំ​បែប​ធូរ​លុង​ នោះ​នឹង​ធ្វើ​ឲ្យ​ប្រទេស​មាន​ភាព​អាណា​ធិ​ប​តេ​យ្យ​ ពួក​ឱកាសនិយម​កេងប្រវ័ញ្ច​បំផ្លាញ​ជាតិ​ បង្កើត​ជា​ប្រព័ន្ធ​បក្សពួក​និយម​ រំលោភច្បាប់​ បំពាន​សិទ្ធិ​សេរីភាព​ជា​មូល​ដ្ឋាន​​របស់​មហាជន​ ។​ ដើម្បី​ការពារ​អំណាច​របស់​ខ្លួន​ មេដឹកនាំ​មួយ​ចំនួន​ជ្រើសរើស​ការ​បង្ក្រាប​ទៅ​លើ​រាស្ត្រ​ក្រីក្រ​ទន់ខ្សោយ​ ដែល​​ជា​ការ​លើកទឹកចិត្ត​ដល់​បក្សពួក​ដែល​នាំ​ប្រយោជន៍​ដល់​ក្រុម​ខ្លួន​ ជា​ជាង​ប្រយោជន៍​សង្គម​ទាំងមូល​ ។​

នៅ​ក្នុង​សៀវភៅ​ “Why​ Nations​ Fail?:​ The​ Origins​ of​ Power,​ Prosperity,​ and​ Poverty”​ (“​ហេតុ​អ្វី​បានជា​ប្រទេស​ខ្លះ​បរា​ជ័យ​​?​ ៖​ ប្ញ​ស​កែវ​នៃ​អំណាច​ វិបុលភាព​ និង​ភាព​ក្រីក្រ​”)​ របស់​អ្នកនិពន្ធ​ Daron​ Acemoglu​ និង​ James​ Robinson​ បោះពុម្ព​ឆ្នាំ​២០១៣​ បាន​ឲ្យ​ឈ្មោះ​ការ​ដឹកនាំ​បែប​នេះ​ថា​ជា​ “Extractive​ Political/Economical​ Institutions”​ (“​ប្រព័ន្ធ​និស្សា​រណកម្ម​”)​។​
​ផ្ទុយ​ពី​ការ​ដឹកនាំ​បែប​គាបសង្កត់​អ្នកតូច​ លើក​ស្ទួយ​អ្នកធំ​ មាន​ប្រព័ន្ធ​មួយ​ដែល​បម្រើ​ផលប្រយោជន៍​សង្គម​ទូទៅ​ ទាក់ទាញ​ការ​ចូលរួម​ពី​មហាជន​ និង​កាត់​បន្ថយ​រវាង​គម្លាត​អ្នកមាន​និង​អ្នកក្រ​គឺ​ “Inclusive​ Institutions”​ (“​ប្រព័ន្ធ​បរិ​យា​ប័ណ្ណ​”)​ ។​

​ឧទាហរណ៍​ ក្រោយ​យុគសម័យ​ឧស្សាហកម្ម​រីក​ចម្រើន​នៅ​ស​.​វ​ទី​១៩​ បណ្តា​ប្រទេស​នានា​ជា​ច្រើន​ជួប​ប្រទះ​នូវ​ភាព​វឹកវរ​ ការ​បះបោរ​ បដិវត្តន៍​ ចំណែក​ប្រទេស​អង់គ្លេស​អាច​ចៀស​ផុត​ពី​វិបត្តិ​អស់ទាំង​នេះ​ ដោយសារ​ប្រទេស​នេះ​បាន​វិ​វត្ត​ខ្លួន​ប្រែក្លាយ​ពី​ប្រទេស​រាជា​និយម​ផ្តាច់​ការ​ ហើយ​ប្រកាន់​យក​ប្រព័ន្ធ​ប្រជាធិបតេយ្យ​មានការ​ជ្រើសរើស​តំណាងរាស្ត្រ​ និង​ប្រែក្លាយ​ពី​ប្រព័ន្ធ​និស្សា​រណកម្ម​ មក​បរិ​យា​ប័ណ្ណ​វិញ​ ។​

​ឧទាហរណ៍​ប្រៀបធៀប​មួយទៀត​ នៅ​ទ្វីបអាមេរិក​ទាំងមូល​សុទ្ធសឹងតែ​ធ្លាប់​ឆ្លងកាត់​របប​អាណានិគម​ដូច​គ្នា​ តែ​បណ្តា​ប្រទេស​ជា​ច្រើន​នៅ​អា​មេ​រិ​កឡា​ទី​ន​ នៅ​តែ​ប្រកាន់​យក​ការ​គ្រប់គ្រង​បែប​បក្សពួក​និយម​ និង​មិន​បាន​យក​ប្រយោជន៍​សង្គម​ជា​គោល​ ។​ ប្រជាជន​ភាគច្រើន​ក៏​កំពុង​តែ​រស់នៅ​ស្ថិត​ក្នុង​ភាព​ក្រីក្រ​លំបាកលំបិន​ដដែល​ គឺ​ផ្ទុយ​ពី​ប្រជាជន​នៅ​អា​មេ​រិ​ក​ខាងជើង​ (​ស​.​រ​.​អា​ និង​កា​ណា​ដា​)​ ដែល​ស្គាល់​វិបុលភាព​ និង​ការ​រីក​ចម្រើន​ ។​ ឧទាហរណ៍​ជាក់ស្តែង​មួយទៀត​ គឺ​ស្ថានភាព​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ និង​កូរ៉េ​ខាងជើង​ ។​

​ជួនកាល​ ការ​កាន់​អំណាច​បែប​តឹងរ៉ឹង​ប្រើ​កណ្តាប់ដៃ​ដែក​បន្តិច​នៅ​តែ​អាច​ ទទួលយក​បាន​ ដរាបណា​ប្រព័ន្ធ​នោះ​ផ្តល់​វិបុលភាព​ដល់​មនុស្ស​ទូទៅ​ ។​ ឧទាហរណ៍​ បច្ចុប្បន្ន​ ប្រទេស​សឹ​ង្ហ​បុរី​នៅ​តែ​ត្រូវ​បាន​ចាត់​ទុក​ថា​មានការ​ដឹកនាំ​បែប​ផ្តាច់​ការ​នៅឡើយ​ដែរ​ តែ​ប្រាក់​ចំណូល​ជា​មធ្យម​របស់​ពលរដ្ឋ​ម្នាក់ៗ​ដល់​ទៅ​រាប់​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំ​ ។​ ហេតុនេះ​ប្រជាពលរដ្ឋ​សឹ​ង្ហ​បុរី​នៅ​តែ​សប្បាយចិត្ត​និង​ការ​ដឹកនាំ​បែប​នេះ​ ។​

​របប​ប្រជាធិបតេយ្យ

​​ប្រជាធិបតេយ្យ​ភាវូបនីយកម្ម​ (Democratization)​ ក្នុង​ការ​ដឹកនាំ​គឺជា​ជម្រើស​តែ​មួយ​គត់​ដែល​បន្ត​ស្ថិរភាព​យូរអង្វែង​ក្នុង​ការ​ដឹកនាំ​ និង​សម្រាប់​ការ​រស់រាន​ដោយ​សុខសាន្ត​របស់​ប្រជាជន​បាន​។​ ឧទាហរណ៍​ គណបក្ស​ប្រជា​ធិ​តេ​យ្យ​សេរីនិយម​ (LDP)​ របស់​ជប៉ុន​ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៩៥៣​មក​ ។​ មក​ទល់​នឹង​ពេល​នេះ​ បក្ស​នេះ​បាន​ដឹកនាំ​ប្រទេស​ជប៉ុន​ជាង​ ៥០​ ឆ្នាំ​ហើយ​ ចំណែក​បក្ស​ផ្សេង​មានឱកាស​កាន់​អំណាច​តិចតួច​ណាស់​ ។​

ភាព​ជោគជ័យ​របស់​បក្ស​នេះ​មិនមែន​កំណត់​ដោយ​បុគ្គល​ណា​តែ​ម្នាក់​ជា​អ្នក​គូសបន្ទាត់​ទេ​ តែ​បក្ស​នេះ​ប្រកាន់​យក​គោលការណ៍​ប្រជាធិបតេយ្យ​ ពោល​គឺថា​៖​ ១.​រក្សា​បាន​កំណើនសេដ្ឋកិច្ច​ និង​ជំនឿ​ទុកចិត្ត​ពី​ពលរដ្ឋ​ និង​ ២.​ផ្លាស់​ប្តូរ​មេដឹកនាំ​ដែល​លែង​ទាក់ទាញ​បានការ​គាំទ្រ​ (​រយៈពេល​ជាង​ ៥០​ ឆ្នាំ​ បក្ស​នេះ​បាន​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី​ ២៣​ រូប​មក​ហើយ​ (​ជា​មធ្យម​ ២​ ឆ្នាំ​សម្រាប់​បុគ្គល​ម្នាក់​)​ ។​

​ការ​បន្ត​កាន់​អំណាច​ស្នង​ត្រកូល​ពុំ​មែន​ជា​ឧបសគ្គ​ធំ​ក្នុង​ការ​កំណត់​ពី​ភាគ​ជោគជ័យ​ ឬ​បរាជ័យ​នៃ​ការ​ដឹកនាំ​នៅ​ក្នុង​ប្រទេស​មួយ​ទេ​ ។​ នៅ​ជប៉ុន​ក្តី​ នៅ​កូរ៉េ​ខាងត្បូង​ក្តី​ អា​មេ​រិ​ក​ក្តី​ អង់គ្លេស​ក្តី​ ឬ​សឹ​ង្ហ​បុរី​ក្តី​ ថ្នាក់ដឹកនាំ​បច្ចុប្បន្ន​ក៏​មាន​សែស្រឡាយ​ពី​ថ្នាក់ដឹកនាំ​មុនៗ​ដែរ​ តែ​អ្នក​ជំនាន់​ក្រោយ​បាន​ទទួល​ការ​គាំទ្រ​បែប​ប្រជាធិបតេយ្យ​ ហើយ​ម្ចាស់​ឆ្នោត​ក៏​ពេញចិត្ត​នឹង​បុគ្គល​នោះ​ដែរ​ ។​ សូ​ម្បី​តែ​លោក​ លី​ ក្វា​ន់​យូ​ (Lee​ Kuan​ Yew)​ (១៩២៣-២០១៥)​ ឬ​ លោក​មហា​ធា​ មហា​ម៉េ​ដ​ (Mahathir​ Mohamad)​ (១៩២៥-​  )​ ក៏​ជ្រើសរើស​ពេលវេលា​មួយ​ឈប់​សម្រាក​ពី​ការ​ដឹកនាំ​ដែរ​ ហើយ​ទុក​ឱកាស​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​ម្តង​ ។​

ចរន្ត​ពិភពលោក​ និង​របត់​នយោបាយ​មានការ​ប្រែប្រួល​ហើយ​

​សូ​ម្បី​តែ​បណ្តា​ប្រទេស​កុម្មុយនីស្ត​បែប​ជឿនលឿន​និយម​ (Progressive​ Communism)​ ក៏​ធ្វើការ​ផ្លាស់​ប្តូរ​មេដឹកនាំ​ជា​ទៀងទាត់​ដែរ​ ។​ ឧទាហរណ៍​ វៀតណាម​ និង​ចិន​ បាន​ផ្លាស់​ប្តូរ​ក្បាលម៉ាស៊ីន​ដឹកនាំ​រដ្ឋ​រវាង​ ១០​ ឆ្នាំ​ម្តង​ ដើម្បី​ឲ្យ​ប្រជាជន​បាន​ភព​ប្រសប់​នឹង​រសជាតិ​ថ្មី​ និង​មុខមាត់​ថ្មី​ទាំង​នៅ​ក្នុង​ប្រទេស​ផង​ និង​នៅ​លើ​ឆាក​អន្តរជាតិ​ផង​ ។​

​គោលបំណង​ជា​មូលដ្ឋាន​របស់​មហាជន​គឺ​ចង់បាន​អ្នកដឹកនាំ​ ដែល​មាន​ទសពិធរាជធម៌​ (​ធម៌​សន្ដោស​ទាំង​ ១០​ ប្រការ​របស់​អ្នកដឹកនាំ​)​ ពោល​គឺ​៖​ ១.​ទាន​ ការ​ធ្វើ​អំណោយ​ (​ដែល​មាន​ស្ថិរភាព​ មិនមែន​មួយ​ដង​មួយ​យាម​)​ ២.​សីល​ (​ប្រកបដោយ​សេចក្តី​ថ្លៃថ្នូរ​ គ្មាន​ល្បិច​កល​ សម្ដី​ពីរោះពិសា​)​ ៣.​នេ​ក្ខ​រកម្ម​ (​មានធម៌​ក្នុង​ខ្លួន​ដូច​អ្នកបួស​)​ ៤.​បញ្ញា​ (​ការ​ដឹង​ច្បាស់​នូវ​សេចក្តី​ពិត​ និង​ចេះ​ទទួលស្គាល់​ការ​ពិត​)​ ៥.​វី​រយៈ​ (​ការ​ព្យាយាម​ជួយ​មនុស្ស​ទន់ខ្សោយ​ មិន​ប្រកាន់​បក្សពួក​)​ ៦.​ខន្តី​ (​មាន​សេចក្តី​អត់​ធន​ មិន​ច្រឡោតខឹង​ដោយសារ​ពាក្យចាក់ដោត​របស់​បក្សពួក​)​ ៧.​សច្ចៈ​ (​ការ​ប្រកាន់​ពាក្យពិត​ មិន​ក្រឡិចក្រឡុច​)​ ៨.​អធិដ្ឋាន​ (​ការ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ប្រយោជន៍​ពិត​នៃ​ទ​ង្វើ​របស់​ខ្លួន​ដល់​មហាជន​)​ ៩.​មេត្តា​ (​ការ​ផ្សាយ​សេចក្តី​រាប់អាន​ចំពោះ​សព្វ​សត្វ​មិន​រើសមុខ​ មិន​ប្រកាន់​បក្សពួក​)​ និង​ ១០.​ឧ​ប​ក្ខា​ (​ការ​ប្រកាន់​ចិត្តជា​កណ្តាល​)​ ។​

​មេដឹកនាំ​រដ្ឋ​ដែល​ប្រតិបត្តិ​ ប្រកា​រទាំង​១០​នេះ​បាន​ គឺ​កម្រ​ទទួល​រង​ការ​ ស្ដីបន្ទោស​  វាយប្រហារ​ ត្មិះ​ដៀល​ ពី​ពលរដ្ឋ​ខ្លួន​ ឬ​អ្នក​ក្រោម​ឱវាទ​ ហើយ​តែងតែ​ដឹកនាំ​ប្រទេស​ សម្បូរ​ សប្បាយ​ មាន​សន្តិភាព​ គឺជា​មេដឹកនាំ​ ប្រកាន់​សច្ចៈ​ធម៌​ មាន​សីល​ក្នុង​ខ្លួន​។​
​ប៉ុន្តែ​ដរាបណា​ជីវភាព​របស់​មហាជន​នៅ​តែ​មាន​សភាព​ដុនដាប​ ដរាបណា​គម្លាត​រវាង​អ្នកមាន​និង​អ្នកក្រ​នៅ​ឆ្ងាយ​ពី​គ្នា​ដូច​មេឃ​និង​ដី​ ដរាបណា​ មហាជន​នៅ​តែ​ញាំញី​ដោយ​ភាព​អយុត្តិធម៌​ហើយ​អ្នកមាន​លុយ​និង​អំណាច​អង្គុយ​លើ​ច្បាប់​ ដរាបណា​ច្បាប់​នៅ​តែ​ត្រូវ​បាន​គេ​យក​មក​បកស្រាយ​ដើម្បី​ការពារ​ផលប្រយោជន៍​ខ្លួន​ដោយ​មិន​ឆ្លុះ​បញ្ចាំង​ពីរ​បត់​សង្គម​ ដរាប​នោះ​ការ​តស៊ូ​រើបម្រះ​ពី​ការ​ជិះជាន់​នៅ​តែ​មាន​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ ៕​

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x