ព្រះករុណាព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ជាព្រះរាជបុត្រារបស់ព្រះករុណាព្រះមហាវិរក្សត្រ នរោត្តម សីហនុ ព្រះវររាជបិតា និងសម្តេចព្រះមហាក្សត្រ នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតា ។ ព្រះអង្គទ្រង់ប្រសូតនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ នៅទីក្រុងភ្នំពេញ ។
- នៅឆ្នាំ ១៩៥៩ ដល់ ឆ្នាំ ១៩៦២ ព្រះអង្គទ្រង់បានសិក្សានៅសាលាបឋមសិក្សានរោត្តម និងវិទ្យាល័យដេកាត ភ្នំពេញ ។
- ក្នុងឆ្នាំ ១៩៦២ ដល់ ឆ្នាំ ១៩៦៧ ទ្រង់សិក្សានៅសាលាបឋមសិក្សា និងមធ្យមសិក្សា នៅវិទ្យាល័យប្រាត (ឆេកូស្លូវ៉ាគី) ។
- ក្នុងឆ្នាំ១៩៦៧ ដល់ ១៩៧១ ព្រះអង្គសិក្សាផ្នែករបាំ តូរ្យតន្ត្រី នៅវិទ្យាស្ថានអភិរក្សជាតិប្រាត ។ ក្នុងឆ្នាំ១៩៧០ ព្រះអង្គទ្រង់ សិក្សានៅមធ្យមសិក្សាប័ត្រ នៅប្រាត (និទ្ទេសល្អណាស់) ។
- ក្នុងឆ្នាំ ១៩៧១ ព្រះអង្គទ្រង់ទទួលបានជ័យលាភីលេខ១ ផ្នែករបាំបុរាណ នៅវិទ្យាស្ថានជាតិប្រាត ។
- នៅឆ្នាំ១៩៧១ ដល់ ១៩៧៥ ព្រះអង្គសិក្សានៅវិទ្យាល័យ បណ្ឌិតសភាផ្នែកសិល្បៈតន្ត្រីប្រាត ។
- ក្នុងឆ្នាំ ១៩៧៥ ព្រះអង្គទទួលបាន បរិញ្ញាប័ត្រជាន់ខ្ពស់ នៃបណ្ឌិតសភាផ្នែកសិល្បៈតន្ត្រីប្រាត ។
- ក្នុងឆ្នាំ ១៩៧៥ ដដែល ព្រះអង្គទ្រង់ព្រះរាជនិពន្ធនិក្ខេបបទស្តីពីទស្សនៈ និងការគ្រប់គ្រងសិល្បៈនៅកម្ពុជា ។
- ក្នុងឆ្នាំ ១៩៧៥ ដល់ ១៩៧៦ ព្រះអង្គសិក្សានៅឧត្តមសិក្សាខាងផ្នែកភាពយន្ត នៅសាធារណៈរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ ។
- ក្នុងឆ្នាំ ១៩៧៦ ដល់ ១៩៧៩ ព្រះអង្គជាប់ក្រោមការឃុំឃាំង របស់ខ្មែរក្រហម ជាមួយព្រះវររាជ បិតា និងវររាជមាតា និងព្រះអនុជ សម្តេច នរោត្តម នរិន្ទ្រៈពង្ស ។
- ក្នុងឆ្នាំ ១៩៧៩ ដល់ ឆ្នាំ១៩៨០ ព្រះអង្គទ្រង់ជាព្រះលេខាផ្ទាល់ ព្រះវររាជបិតា ក្នុងពេលព្រះអង្គប្រថាប់នៅសាធារណៈរដ្ឋប្រជាមានិតចិន ។
- ក្នុងឆ្នាំ ១៩៨១ ដល់ ឆ្នាំ២០០០ ព្រះអង្គជាសាស្ត្រាចារ្យផ្នែករបាំបុរាណ និងផ្នែកគរុកោសលសិល្បៈ នៅវិទ្យាស្ថានអភិរក្ស MARIUS PETIPA, GABRIEL FAURE និង W.A. MOZART នៅក្រុងប៉ារីស ។
- ក្នុងឆ្នាំ១៩៨៤ ដល់ ឆ្នាំ១៩៨៨ ទ្រង់ជាប្រធាសមាគមរបាំខ្មែរនៅប្រទេសបារាំង ជាអគ្គនាយក និងជានាយកសិល្បៈនៃក្រុមរបាំបាលេ (DEVA) ។
- ក្នុងឆ្នាំ១៩៨៨ ដល់ ឆ្នាំ១៩៩៣ ទ្រង់ជាអគ្គនាយក និងជានាយកសិល្បៈ នៃសាជីវកម្ម ខេមរភូមិន្ទភាពយន្ត “ខេមរាភាពយន្ត” ។ ព្រះករុណា នរោត្តម សីហមុនី ទ្រង់បានបង្កើតស្នាព្រះហស្ថ នៅខ្សែភាពយន្តបារាំងបាលេចំនួនពីររឿង ទី១”សុបិន្ត”, និងទី២ “ធាតុទាំង៤” ។
- ក្នុងឆ្នាំ ១៩៩២ ដល់ ១៩៩៣ ព្រះអង្គត្រូវបានជ្រើសតាំងជាឯកច្ឆន្ទ ជាតំណាងអចិន្ត្រៃយ៍ នៃកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ ដោយក្រុមប្រឹក្សាជាន់ខ្ពស់នៃកម្ពុជា ។
- ក្នុងឆ្នាំ១៩៩៣ ដល់ ឆ្នាំ២០០៤ ព្រះអង្គជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការយូណេស្កូ ។
- ក្នុងឆ្នាំ២០០៤ ទ្រង់ជាសមាជិកក្រុមព្រឹក្សាជាន់ខ្ពស់ នៃបណ្តាប្រទេសនិយាយភាសាបារាំង ។
នៅថ្ងៃទី១ខែកុម្ភៈ ឆ្នាំ១៩៩៤ ព្រះមហាក្សត្រប្រោសប្រទានតម្លើងព្រះគោរម្យ៍ងារជា ស្តេចក្រុមឃុន ។ ថ្ងៃទី១៧ខែតុលា ឆ្នាំ២០០៣ ព្រះមហាក្សត្រប្រោសប្រទានតែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ។ ថ្ងៃទី៣១ខែសីហា ឆ្នាំ២០០៤ ព្រះមហាក្សត្រប្រោសប្រទានតម្លើងព្រះគោរម្យ៍ងារជា សម្តេចព្រះបរមនាថ ។ ថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០០៤ ព្រះអង្គត្រូវបានសមាជិក ក្រុមប្រឹក្សារាជសម្បត្តិ ជ្រើសរើសជាឯកច្ឆន្ទ តែងតាំងជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ៕