en     km
en     km

អង្គការ​ស្ត្រី ​​រួម​​គ្នា​​ជ​ម្រុញ​​ឱ្យ​​ស្ត្រី​​ចូលរួម​​ប្រ​ទ្បូ​ក​​ក្នុង​​វិស័យ​​នយោបាយ

Share

​ភ្នំពេញ ៖ ខណៈ​ការ​បោះ​ឆ្នោត​ថ្នាក់​ក្រោម​ជាតិ​ និង​ថ្នាក់​ជាតិ​ខិត​ជិត​មក​ដល់​ អង្គការ​ដែល​តែងតែ​លើកកម្ពស់​ស្ត្រី​បាន​រួម​គ្នា​ជម្រុញ​ឱ្យ​ស្ត្រី​ចូលរួម​ប្រ​ទ្បូ​ក​នៅ​ក្នុង​វិស័យ​នយោបាយ​ឱ្យ​បាន​ច្រើន​ ។​ ការ​ជម្រុញ​ឱ្យ​ស្ត្រី​ចូលរួម​វិស័យ​នយោបាយ​នេះ​ ក្រោម​ជំនួយ​មូលនិធិ​សហភាព​អឺរ៉ុប​ ហើយ​អង្គការ​ដែល​ទទួល​អនុវត្ត​គម្រោង​នេះ​ មាន​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ អង្គការ​បន្ទាយស្រី​ និង​អង្គការ​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​អា​ល្លឺ​ម៉​ង់​ ។​

woman-election13

​ទាក់ទង​ការ​អនុវត្ត​គម្រោង​នេះ​ដែរ​ នាយិកា​ប្រតិបត្តិ​ មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​លោកស្រី​  ជា​ ស៊ុន​ដា​ណែ​ត​ បាន​មាន​ប្រសាសន៍​ថា​ ការ​ចូលរួម​របស់​ស្ត្រី​ ជា​ពិសេស​ស្ត្រី​វ័យក្មេង​ ក្នុង​   វិស័យ​នយោបាយ​មាន​ឧបសគ្គ​ជា​ច្រើន​។​ ឧបសគ្គ​ច្រើន​ដោយសារ​ថា​ គណបក្ស​នយោបាយ​មិន​បានដឹង​ពី​សក្តានុពល​ របស់​ស្ត្រី​ជា​បេ​ក្ខ​នារី​ក្នុង​ការ​ដណ្តើម​យក​សន្លឹក​ឆ្នោត​ពី​អ្នកបោះឆ្នោត​ ហើយ​សាមីខ្លួន​ជា​បេ​ក្ខ​នារី​ទៀត​សោត​ក៏​ពុំ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ថ្លែងប្រាប់​ប្រជាពលរដ្ឋ​ អំពី​កម្មវិធី​គោលនយោបាយ​របស់​ខ្លួន​ផង​ដែរ​ ។​

​លោកស្រី​ជា​ ស៊ុន​ដា​ណែ​ត​បន្ត​ទៀត​ថា​ ការ​បង្កើត​ឱ្យ​មានកម្ម​វិធី​ប្រកាស​បើក​ការ​អនុវត្ត​គម្រោង​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​នេះ​ ក្នុង​គោលបំណង​រួមចំណែក​ធ្វើ​ឱ្យ​តំណាង​ស្ត្រី​មាន​ចំនួន​កើន​ទ្បើ​ង​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់​ឆ្នាំ​២០១៧​ និង​ការ​បោះ​ឆ្នោតជាតិ​ឆ្នាំ​២០១៨​ ខាង​មុខ​ និង​ដើម្បី​ឱ្យ​យុវជន​ពិសេស​ស្ត្រី​វ័យក្មេង​ដែល​ជា​អ្នកបោះឆ្នោត​លើក​ទី​០១​ បាន​ចូលរួម​កាន់តែ​ប្រសើរ​ថែម​ទៀត​ ក្នុង​វិស័យ​នយោបាយ​។​

មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ អង្គការ​បន្ទាយស្រី​ និង​អង្គការ​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​អា​ល្លឺ​ម៉​ង់​ តាម​រយៈ​មូលនិធិ​សហភាព​អឺរ៉ុប​ រួម​គ្នា​អនុវត្ត​គម្រោង​ ស្ត្រី​ក្នុង​វិស័យ​នយោបាយ​ដែល​មាន​រយៈពេល​ ៣​ឆ្នាំ​ ចាប់ពី​ឆ្នាំ​២០១៦​ ដល់​ឆ្នាំ​២០១៨​នៅ​ខេត្ត​គោលដៅ​ចំនួន​ ៣​ គឺ​ ខេត្តកំពង់ធំ​ បាត់ដំបង​ និង​ខេត្តសៀមរាប​ ។​ នេះ​ជា​ការ​បន្ថែម​របស់​លោកស្រី​ នាយិកា​ប្រតិបត្តិ​ មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ លោកស្រី​ជា​ ស៊ុន​ដា​ណែ​ត​ ។​

​ទាក់ទង​នឹង​ការ​ប្រកាស​បើក​ការ​អនុវត្ត​គម្រោង​ខាងលើ​នេះ​ដែរ​ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ លោក​ ច្ស​ច​ អេ​ដ​ហ្គា​(George​ Edga)​ បាន​មាន​ប្រសាសន៍​តាម​រយៈ​អ្នកបកប្រែ​ថា​ យោង​តាម​តួរ​លេខ​ស្ត្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន​៥២%​ នៃ​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​។​  ប៉ុន្តែ​អ្នកតំណាង​ជា​ស្ត្រី​នៅ​ក្នុង​រចនាសម្ព័ន្ធ​នៃ​នយោបាយ​ និង​រចនាសម្ព័ន្ធ​របស់​រដ្ឋាភិបាល​មិន​ទាន់​ស្មើនឹង​ចំនួន​ភាគរយ​ស្ត្រី​នៅ​ទូ​ទាំង​ប្រទេស​នៅ​ទ្បើ​យ​ទេ​ ។​

​លោក​ ច្ស​ច​ អេ​ដ​ហ្គា​ (George​ Edga​ )​សង្កេត​ឃើញ​ថា​ មាន​តំណាង​ស្ត្រី​ក្នុង​មុខងារ​មន្ត្រី​សាធារណៈ​មានការ​កើន​ទ្បើ​ង​ខ្លះ​ ប៉ុន្តែ​ក្នុង​វិស័យ​ផ្សេងៗ​ទៀត​ នៅ​មាន​កម្រិត​នៅ​ទ្បើ​យ​ ។​ លោក​សង្កេត​ទៀត​ថា​ ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់​ជា​ស្ត្រី​មានការ​កើន​ទ្បើ​ង​បន្តិច​ពី​១៤.៦%​ ទៅ​១៧.៨%​ពី​អាណត្តិ​មួយ​ទៅ​អាណត្តិ​មួយ​ ។​ តាម​រយៈ​ការ​កើន​ទ្បើ​ង​ចំនួន​ស្ត្រី​នៅ​ក្នុង​វិស័យ​នយោបាយ​នេះ​ដែរ​ លោក​ ច្ស​ច​ អេ​ដ​ហ្គា​ សង្ឃឹមថា​ ការ​អនុវត្ត​គម្រោង​ខាងលើ​នេះ​នឹង​លើក​ស្ទួយ​ស្ត្រី​ឱ្យ​ចូលរួម​ក្នុង​វិស័យ​នយោបាយ​បាន​កាន់តែ​ច្រើន​ថែម​ទៀត​ ។​

«​ខ្ញុំ​ជឿ​ថា​គម្រោង​នេះ​មាន​សក្តានុពល​ទៅ​ក្នុង​ការ​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ជា​ពិសេស​ការ​ជម្រុញ​ឱ្យ​មានការ​ចូលរួម​របស់​សង្គម​ស៊ី​វិល​នៅ​ក្នុង​ដំណើរការ​នៃ​ការ​ធ្វើការ​កែទម្រង់​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ផង​ដែរ​ជាក់លាក់​នោះ​គឺ​ EU​ ចាប់អារម្មណ៍​ទៅ​លើ​មធ្យោបាយ​ដែល​គម្រោង​នេះ​នឹង​ធ្វើ​នៅ​ក្នុង​ផែនការ​របស់​ខ្លួន​»​ ។​

​ជុំវិញ​បញ្ហា​នេះ​ដែរ​ រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី​ លោកស្រី​ អ៊ឹ​ង​ ក​ន្ថា​ផា​វី​ គាំទ្រ​ទៅ​លើ​ការ​បង្កើត​ឱ្យ​មាន​គម្រោង​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​នេះ​ ព្រោះថា​គម្រោង​នេះ​បាន​បង្កើត​ឡើង​ស្រប​ពេល​ប្រទេស​កម្ពុជា​នឹង​ធ្វើការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​ ២០១៧​ និង​បោះ​ឆ្នោត​សភា​ឆ្នាំ​២០១៨​ ។​

​លោកស្រី​ អ៊ឹ​ង​ ក​ន្ថា​ផា​វី​ ស្នើ​ឱ្យ​ស្ត្រី​ត្រូវ​បង្កើន​សមត្ថភាព​របស់​ខ្លួន​បន្ថែម​ទៀត​ ដើម្បី​អាច​ចូលរួម​ប្រ​ទ្បូ​ក​នៅ​ក្នុង​វិស័យ​នយោបាយ​ ជា​ពិសេស​ដើម្បី​អាច​ក្លាយជា​ថ្នាក់ដឹកនាំ​ទៅ​ថ្ងៃ​អនាគត​ ។​ «​មាន​ន័យ​ថា​ ស្ត្រី​នឹង​ត្រូវ​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ដឹកនាំ​ការងារ​របស់​ខ្លួន​អ​ញ្ចឹ​ង​មាន​ន័យ​ថា​ នេះ​ជា​កត្តា​សំខាន់​ណាស់​គុណភាព​ចំនួន​ផង​យើង​ ចាប់ផ្តើម​បរិមាណ​មុន​ហើយ​យើង​យក​មួយទៀត​គុណភាព​ អ​ញ្ចឹ​ង​គុណភាព​មក​ពី​ មក​ពី​បើក​វគ្គ​ហ្វឹកហ្វឺន​ធ្វើ​យ៉ាងម៉េច​ឱ្យ​គាត់​មាន​ជំនាញ​គ្រប់គ្រាន់​»​ ។​

​សូម​បញ្ជាក់​ថា​ ការ​អនុវត្ត​គម្រោង​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​នេះ​មាន​សកម្មភាព​ធំៗ​ចំនួន​៣​ គឺ​ «​ទី​១​ បណ្តុះបណ្តាល​ និង​អភិវឌ្ឍ​សមត្ថភាព​បេ​ក្ខ​នារី​ អំពី​ជំនាញ​ទំនាក់ទំនង​ និង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទំនើប​,​ ទី​០២​ យុទ្ធនាការ​ផ្សព្វផ្សាយ​ព័ត៌មាន​សម្រាប់​យុវជន​ពិសេស​ស្ត្រី​វ័យក្មេង​ អំពី​ដំណើរការ​បោះ​ឆ្នោត​,​ ទី​០៣​ ផ្សព្វផ្សាយ​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ដែ​គូ​ពាក់ព័ន្ធ​ អំពី​បញ្ហា​ និង​តម្រូវការ​របស់​ស្ត្រី​ »​

Share

Image
Image
Image