ភ្នំពេញ ៖ ខណៈការបោះឆ្នោតថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិខិតជិតមកដល់ អង្គការដែលតែងតែលើកកម្ពស់ស្ត្រីបានរួមគ្នាជម្រុញឱ្យស្ត្រីចូលរួមប្រទ្បូកនៅក្នុងវិស័យនយោបាយឱ្យបានច្រើន ។ ការជម្រុញឱ្យស្ត្រីចូលរួមវិស័យនយោបាយនេះ ក្រោមជំនួយមូលនិធិសហភាពអឺរ៉ុប ហើយអង្គការដែលទទួលអនុវត្តគម្រោងនេះ មានមណ្ឌលព័ត៌មានស្ត្រីកម្ពុជា អង្គការបន្ទាយស្រី និងអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ ។
ទាក់ទងការអនុវត្តគម្រោងនេះដែរ នាយិកាប្រតិបត្តិ មណ្ឌលព័ត៌មានស្ត្រីកម្ពុជាលោកស្រី ជា ស៊ុនដាណែត បានមានប្រសាសន៍ថា ការចូលរួមរបស់ស្ត្រី ជាពិសេសស្ត្រីវ័យក្មេង ក្នុង វិស័យនយោបាយមានឧបសគ្គជាច្រើន។ ឧបសគ្គច្រើនដោយសារថា គណបក្សនយោបាយមិនបានដឹងពីសក្តានុពល របស់ស្ត្រីជាបេក្ខនារីក្នុងការដណ្តើមយកសន្លឹកឆ្នោតពីអ្នកបោះឆ្នោត ហើយសាមីខ្លួនជាបេក្ខនារីទៀតសោតក៏ពុំមានសមត្ថភាពគ្រប់គ្រាន់ក្នុងការថ្លែងប្រាប់ប្រជាពលរដ្ឋ អំពីកម្មវិធីគោលនយោបាយរបស់ខ្លួនផងដែរ ។
លោកស្រីជា ស៊ុនដាណែតបន្តទៀតថា ការបង្កើតឱ្យមានកម្មវិធីប្រកាសបើកការអនុវត្តគម្រោងស្ត្រីក្នុងវិស័យនយោបាយនេះ ក្នុងគោលបំណងរួមចំណែកធ្វើឱ្យតំណាងស្ត្រីមានចំនួនកើនទ្បើង នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោតជាតិឆ្នាំ២០១៨ ខាងមុខ និងដើម្បីឱ្យយុវជនពិសេសស្ត្រីវ័យក្មេងដែលជាអ្នកបោះឆ្នោតលើកទី០១ បានចូលរួមកាន់តែប្រសើរថែមទៀត ក្នុងវិស័យនយោបាយ។
មណ្ឌលព័ត៌មានស្ត្រីកម្ពុជា អង្គការបន្ទាយស្រី និងអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ តាមរយៈមូលនិធិសហភាពអឺរ៉ុប រួមគ្នាអនុវត្តគម្រោង ស្ត្រីក្នុងវិស័យនយោបាយដែលមានរយៈពេល ៣ឆ្នាំ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨នៅខេត្តគោលដៅចំនួន ៣ គឺ ខេត្តកំពង់ធំ បាត់ដំបង និងខេត្តសៀមរាប ។ នេះជាការបន្ថែមរបស់លោកស្រី នាយិកាប្រតិបត្តិ មណ្ឌលព័ត៌មានស្ត្រីកម្ពុជា លោកស្រីជា ស៊ុនដាណែត ។
ទាក់ទងនឹងការប្រកាសបើកការអនុវត្តគម្រោងខាងលើនេះដែរ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក ច្សច អេដហ្គា(George Edga) បានមានប្រសាសន៍តាមរយៈអ្នកបកប្រែថា យោងតាមតួរលេខស្ត្រីនៅក្នុងប្រទេសកម្ពុជាមានចំនួន៥២% នៃប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ប៉ុន្តែអ្នកតំណាងជាស្ត្រីនៅក្នុងរចនាសម្ព័ន្ធនៃនយោបាយ និងរចនាសម្ព័ន្ធរបស់រដ្ឋាភិបាលមិនទាន់ស្មើនឹងចំនួនភាគរយស្ត្រីនៅទូទាំងប្រទេសនៅទ្បើយទេ ។
លោក ច្សច អេដហ្គា (George Edga )សង្កេតឃើញថា មានតំណាងស្ត្រីក្នុងមុខងារមន្ត្រីសាធារណៈមានការកើនទ្បើងខ្លះ ប៉ុន្តែក្នុងវិស័យផ្សេងៗទៀត នៅមានកម្រិតនៅទ្បើយ ។ លោកសង្កេតទៀតថា ក្រុមប្រឹក្សាឃុំ/សង្កាត់ជាស្ត្រីមានការកើនទ្បើងបន្តិចពី១៤.៦% ទៅ១៧.៨%ពីអាណត្តិមួយទៅអាណត្តិមួយ ។ តាមរយៈការកើនទ្បើងចំនួនស្ត្រីនៅក្នុងវិស័យនយោបាយនេះដែរ លោក ច្សច អេដហ្គា សង្ឃឹមថា ការអនុវត្តគម្រោងខាងលើនេះនឹងលើកស្ទួយស្ត្រីឱ្យចូលរួមក្នុងវិស័យនយោបាយបានកាន់តែច្រើនថែមទៀត ។
ជុំវិញបញ្ហានេះដែរ រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកស្រី អ៊ឹង កន្ថាផាវី គាំទ្រទៅលើការបង្កើតឱ្យមានគម្រោងស្ត្រីក្នុងវិស័យនយោបាយនេះ ព្រោះថាគម្រោងនេះបានបង្កើតឡើងស្របពេលប្រទេសកម្ពុជានឹងធ្វើការបោះឆ្នោតឃុំ-សង្កាត់ ២០១៧ និងបោះឆ្នោតសភាឆ្នាំ២០១៨ ។
លោកស្រី អ៊ឹង កន្ថាផាវី ស្នើឱ្យស្ត្រីត្រូវបង្កើនសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីអាចចូលរួមប្រទ្បូកនៅក្នុងវិស័យនយោបាយ ជាពិសេសដើម្បីអាចក្លាយជាថ្នាក់ដឹកនាំទៅថ្ងៃអនាគត ។ «មានន័យថា ស្ត្រីនឹងត្រូវមានសមត្ថភាពគ្រប់គ្រាន់ដើម្បីដឹកនាំការងាររបស់ខ្លួនអញ្ចឹងមានន័យថា នេះជាកត្តាសំខាន់ណាស់គុណភាពចំនួនផងយើង ចាប់ផ្តើមបរិមាណមុនហើយយើងយកមួយទៀតគុណភាព អញ្ចឹងគុណភាពមកពី មកពីបើកវគ្គហ្វឹកហ្វឺនធ្វើយ៉ាងម៉េចឱ្យគាត់មានជំនាញគ្រប់គ្រាន់» ។
សូមបញ្ជាក់ថា ការអនុវត្តគម្រោងស្ត្រីក្នុងវិស័យនយោបាយនេះមានសកម្មភាពធំៗចំនួន៣ គឺ «ទី១ បណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពបេក្ខនារី អំពីជំនាញទំនាក់ទំនង និងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយទំនើប, ទី០២ យុទ្ធនាការផ្សព្វផ្សាយព័ត៌មានសម្រាប់យុវជនពិសេសស្ត្រីវ័យក្មេង អំពីដំណើរការបោះឆ្នោត, ទី០៣ ផ្សព្វផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងដែគូពាក់ព័ន្ធ អំពីបញ្ហា និងតម្រូវការរបស់ស្ត្រី » ៕