en     km
en     km

លោក​ អ៊ូ​ វី​រៈ​ ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​ចោល​បណ្តឹង​ CPP​ ប្ដឹង​លោក​ពី​បទ​បរិហារកេរ្តិ៍​

Share

ភ្នំពេញ ៖ ​អ្នកវិភាគ​ឯករាជ្យ​មួយ​រូប​បាន​ចូល​ទៅ​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ទាក់ទង​បណ្តឹង​របស់​   គណបក្ស​ប្រជាជន​កម្ពុជា​ពី​បទ​បរិហា​កេរ្តិ៍​សាធារណៈ​ នៅ​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត្ត៍​នេះ​ ។​ អ្នកវិភាគ​រូប​នេះ​បាន​បដិសេធ​ខ្លឹមសារ​នៃ​ពាក្យបណ្តឹង​របស់​បក្ស​កាន់​អំណាច​ថា​ មានការ​ភាន់ច្រឡំ​មក​លើ​រូប​លោក​ក្នុង​ករណី​បរិហា​កេរ្តិ៍​ក្នុង​រឿង​ស្នេហា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ជាមួយ​ស្រី​ស្នេហ៍​ ។​  លោក​បាន​ ទាមទារ​ឱ្យ​ តុលាការ​ទម្លាក់​ចោល​ បណ្ដឹង​ប្រឆាំង​រូប​លោក​ ។​ លោក​ ធូ​ វិ​រៈ​ រាយការណ៍​ព័ត៌មាន​នេះ​៖

 

Ou-Vireak13-text
លោក​ អ៊ូ​ វី​រៈ​ អ្នកវិភាគ​ឯករាជ្យ​និង​ប្រធាន​អង្គការ​វេទិកា​អនាគត​កម្ពុជា។ រូបភាពពី៖ youtube

​ក្រោយ​ចេញពី​បន្ទប់​ការ​សាកសួរ​ លោក​ អ៊ូ​ វី​រៈ​ អ្នកវិភាគ​ឯករាជ្យ​និង​ប្រធាន​អង្គការ​វេទិកា​អនាគត​កម្ពុជា​បាន​សម្តែង​ការ​សោកស្តាយ​ដែល​គណបក្ស​ប្រជាជន​ប្តឹង​រូប​លោក​ ដែល​លោក​ថា​ភស្តុ​តាង​របស់​គណបក្សកាន់អំណាច​នេះ​ មិន​មាន​ភាពរឹងមាំ​ ។​

​អ្នកវិភាគ​រូប​នេះ​ បាន​ច្រានចោល​ពាក្យបណ្តឹង​របស់​ លោក​ សុខ​ ឥ​សាន្ត​ អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ ត្រង់​ខ្លឹមសារ​មួយ​បាន​ចោទប្រកាន់​លោក​ថា​ បាន​បំភ្លៃ​រឿងរ៉ាវ​ស្នេហា​ឯកជន​ លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ជាមួយ​កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ ។​ ​ត្រង់​ចំនុច​នេះ​ លោក​ វី​រៈ​ ស្នើ​ឲ្យ​ព្រះរាជអាជ្ញា​កុំ​ចាត់ការ​ តែ​លោក​ថា​ព្រះរាជអាជ្ញារ​មិន​ទាន់​ផ្តល់​ចំលើយ​យ៉ាងណា​នៅឡើយ​ទេ​ ។

​​លោក​ អ៊ូ​ វី​រៈ​ ៖«​បណ្តឹង​រាយ​រ៉ាប់​ពី​ការ​ចោទប្រកាន់​ថា​ខ្ញុំ​ បាន​បំភ្លៃ​រឿងរ៉ាវ​ស្នេហា​ឯកជន​ របស់​លោក​ កឹ​ម​ សុខា​ និង​ កញ្ញា​ស្រី​មុំ​គឺ​ខ្ញុំ​មិន​និយាយ​រឿង​ស្នេហា​ឯកជន​ឡើយ​ ដោយសារ​អ​ញ្ចឹ​ង​ហើយ​បានជា​ខ្ញុំ​បដិសេធ​ ហើយ​ខ្ញុំ​បាន​ស្នើ​សុំ​ឲ្យ​ព្រះរាជអាជ្ញា​មិន​ចាត់ការ​រឿង​នេះ​ទេ​»​ ។

​​តែ​ជាមួយ​គ្នា​នេះ​ អ្នកវិភាគ​ល្បីឈ្មោះ​មួយ​រូប​នៅ​កម្ពុជា​នេះ​ បាន​សម្តែង​ក្តី​បារម្ភ​អំពី​ការ​ងើបឡើង​ បន្តិច​នៃ​ពន្លឺសេរីភាព​សម្តែង​មតិ​របស់​យុវជន​កម្ពុជា​ប៉ុន្តែ​ពេល​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ផុយ​ស្រួយ​ ខណៈ​លោក​ជាប់​បណ្តឹង​នៅ​តុលាការ​ដោយ​ការ​សម្តែង​មតិ​ដែល​គណបក្សកាន់អំណាច​ថា​ ការ​សម្តែង​មតិ​ហួស​ព្រំដែន​ ។​

​នៅ​ក្នុង​ពាក្យបណ្ដឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ទាមទារ​ឲ្យ​តុលាការ​ផ្ដន្ទាទោស​ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៤០០​លាន​រៀល​ ។​ តែ​លោក​ អ៊ូ​ វី​រៈ​ បញ្ជាក់​ថា​ លោក​គ្មាន​ឆន្ទៈ​ធ្វើ​ទៅ​តាម​ការ​ទាមទា​នោះ​ទេ​ ចំណែក​ លោក​ សុខ​ ឥ​សាន្ត​ ថា​ករណី​នេះ​ស្ថិត​នៅ​ក្នុង​ឆន្ទានុសិទ្ធិ​របស់​តុលាការ​ ។​

​យោង​តាម​ក្រមព្រហ្មទណ្ឌ​បោះ​ពុ​ម្ភ​នៅ​ឆ្នាំ​ ២០១០​ ត្រង់​មាត្រា​ ៣០៥​ បទ​បរិហា​កេរ្តិ៍​ជា​សាធារណៈ​ ចែង​ថា​ គ្រប់ការ​អះអាង​បំផ្លើស​ ឬ​ការ​ទំលាក់​កំហុស​ដោយសារ​អ​សុទ្ធចិត្ត​លើ​អំពើ​ណាមួយ​ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ ឬ​កិត្តិ​ស័ព្ទ​ ឬ​នៃ​ស្ថាប័ន​គឺជា​ការ​បរិហារកេរ្តិ៍​ ។​ ត្រូវ​ពិន័យ​ជា​ប្រាក់​ ១​សែន​រៀល​ ទៅ​១០​លាន​រៀល​ បទ​បរិហា​កា​រ្តិ៍​ដែល​ព្រឹត្តិ​តាម​មធ្យោបាយ​ណាមួយ​ដូច​ជា​ ៖

១​ តាម​សំដី​ ទោះបីជា​ប្រភេទ​ណា​ក៏​ដោយ​ដែល​បញ្ចេញ​នៅ​ទី​សាធារណៈ​ ឬ​នៅ​ក្នុង​សាល​ប្រជុំ​សាធារណៈ​ ។​
២​ តាម​លិខិត​ ឬ​ គំនូរ​ ទោះបីជា​ប្រភេទ​ណា​ក៏​ដោយ​ដែល​ផ្សព្វផ្សាយ​នៅ​ក្នុង​ចំណោម​សាធារណជន​ ឬ​ដាក់​តាំង​ឲ្យ​សាធារណជន​មើល​។​
៣​ តាម​គ្រប់​មធ្យោបាយ​ទូរគមនាគមន៍​សោត​ទស្សន៍​សម្រាប់​សាធារណជន​ ។​

​ចំណែកឯ​អ្នក​ច្បាប់​ម្នាក់​គឺ​ លោក​ គង់​ សំ​អុ​ន​ បាន​មាន​ប្រសាសន៍​ថា​ប្រសិនបើ​លោក​ អ៊ូ​ វី​រៈ​ ពិតជា​បាន​លើក​ឡើង​ថា​ ជា​យុទ្ធសាស្ត្រ​របស់​គណបក្សកាន់អំណាច​គាបសង្កត់​លោក​ កឹ​ម​ សុខា​ និង​ហិរញ្ញវត្ថុ​របស់​មេ​បក្ស​ប្រឆាំង​ ពាក់ព័ន្ធ​នឹង​សំណុំរឿង​ស្នេហា​អាស្រូវ​ជាមួយ​អ្នក​នាង​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ ពិតប្រាកដ​មែន​ នោះ​ជា​ការ​ទទួលខុសត្រូវ​របស់​ លោក​ អ៊ូ​ វី​រៈ​ ចំពោះ​មុខ​ច្បាប់​ពិ​ប្រាកដ​ ។​

​ប៉ុន្តែ​អ្នកជំនាញ​ច្បាប់​រូប​នេះ​បាន​បញ្ជាក់​ថា​ លោក​អាច​ដោះខ្លួន​បាន​លុះត្រាតែ​លោក​បង្ហាញ​ភស្តុ​តាង​រឹង​មាំ​បញ្ជាក់​ថា​ ដំណើររឿង​ស្នេហា​របស់​លោក​ កឹ​ម​ សុខា​ និង​កញ្ញា​ស្រី​មុំ​ ពិតជា​មានការ​រៀបចំ​ពី​គណបក្ស​កាន់​អំណាច​មែន​នោះ​ទើប​អ្នកវិភាគ​រូប​នេះ​រួច​ផុត​ពី​ផ្លូវច្បាប់​ ។​

​លោក​ គង់​ សំ​អុ​ន​ ៖«…..​ក៏​ប៉ុន្តែ​បើ​អត់​មាន​ភស្តុ​តាង​បញ្ជាក់​ការងារ​និង​ទេ​ ហើយ​វា​ជា​ការងារ​មួយ​កើតឡើង​ដោយ​ឯងៗ​ បាន​ន័យ​ករណី​នឹង​លោក​ កឹ​ម​ សុខា​ មាន​ជាប់​ពាក់ព័ន្ធ​រឿង​និង​ជាមួយ​ស្រី​មុំ​ដោយ​ខ្លួនឯង​ ហើយ​សមត្ថកិច្ច​បាន​ធ្វើការ​ ហើយ​មាន​អ្នក​ប្តឹងផ្តល់​វា​ជា​រឿង​ក្រៅ​ឆាក​ទាំងអស់​ វា​អត់​មានការ​រៀបចំ​ នេះ​ជា​ចំនុច​មួយ​ដែល​លោក​ អ៊ូ​ វី​រៈ​ ជា​អ្នក​ទទួលខុសត្រូវ​»​ ។​

​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ី​សេរី​កាលពី​ថ្ងៃ​ទី​ ២៤​មេ​សា​ លោក​ អូ​ វី​រៈ​ មាន​ប្រសាសន៍​ថា​ជា​យុទ្ធសាស្ត្រ​របស់​គណបក្សកាន់អំណាច​ព្យាយាម​គាបសង្កត់​លោក​ កឹ​ម​ សុខា​ និង​ហិរញ្ញវត្ថុ​របស់​លោក​ ពាក់ព័ន្ធ​នឹង​សំណុំរឿង​ស្នេហា​អាស្រូវ​ជាមួយ​អ្នក​នាង​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ ដែល​ចំណុច​នេះ​ គណបក្សកាន់អំណាច​ថា​បរិហារ​កេ​រ្ត៍​លើ​ខ្លួន​ ។

​លោក​ សុខ​ ឥ​សាន្ត​ ថ្លែង​កាលពី​ថ្ងៃ​ទី​០៦​ខែឧសភា​ថា​ លោក​បាន​ប្រគល់​ភស្តុ​តាង​ជូន​តុលាការ​រួច​ហើយ​ ។​ លោក​ថា​ ការ​វិភាគ​របស់​លោក​ អ៊ូ​ វី​រៈ​ គឺ​ហួស​ព្រំដែន​ នៃ​សិទ្ធិ​បញ្ចេញមតិ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ ដោយសារ​ការ​បកស្រាយ​នេះ​ គឺ​មាន​ចេតនា​បំផ្លាញ​មុខមាត់​បក្ស​ប្រជាជន​ ។​ លោក​ សុខ​ ឥ​សាន្ត​ បន្ត​ថា​ ការ​ប្តឹង​លោក​ អ៊ូ​ វី​រៈ​ ពេល​នេះ​គឺ​ស្រប​តាម​ប្រទេស​ដែល​មាន​នីតិរដ្ឋ​ ហើយ​លោក​មិន​ចង់ឱ្យ​មាន​វប្បធម៌​និទណ្ឌភាព​ក្នុង​សង្គម​កម្ពុជា​នោះ​ទេ​ ។​

​លោក​ សុខ​ ឥ​សាន្ត​ ៖​ «​ការ​បញ្ចេញមតិ​ហ្នឹង​វា​ហួស​ព្រំដែន​ហើយ​ វា​ប៉ះពាល់​ដល់​កិត្តិយស​ បើ​យើង​មិន​ដោះស្រាយ​តាម​ផ្លូវច្បាប់​នោះ​ទេ​ ទី​មួយ​ប្រទេស​យើង​មិន​មាន​នីតិរដ្ឋ​ទេ​ វា​កើត​នូវ​វប្បធម៌​និទណ្ឌភាព​ ទី​ពីរ​ នាំ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​យល់​ច្រ​លំ​ថា​ ប្រា​ដក​ជា​គណបក្ស​មាន​ផែនការ​បំបែកបំបាក់​គេ​ ឬ​មួយ​ក៏​គាប់សង្កត់​គេ​ហើយ​ អ​ញ្ចឹ​ង​!​យើង​ក៏​ត្រូវ​តែ​ដោះស្រាយ​រក​យុត្តិធម៌​ជូន​ឱ្យ​យើង​ដែរ​»​ ។​

​ករណី​នេះ​ លោក​ កែម​ ឡី​ អ្នក​សិក្សា​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម​បាន​លើក​ថា​ អ្នកនយោបាយ​ទាំងអស់​គួរតែ​ស្រលាញ់​មតិ​រិះគន់​ ដើម្បី​ស្ថាបនា​ឲ្យ​កាន់តែ​ប្រសើរ​ ។​ លោក​យល់​ថា​ គណបក្សកាន់អំណាច​គួរតែ​ ទម្លាក់​ការ​ចោទប្រកាន់​មក​លើ​លោក​ អ៊ូ​ វី​រៈ​ រួម​ទាំង​បក្ស​ប្រឆាំង​ និង​អង្គការ​កា​ពារ​សិទ្ធិ​មនុស្ស​ផង​ដែរ​ ។​

​លោក​ កែម​ ឡី​ និយាយ​ថា​ ៖​ «​ខ្ញុំ​មើល​ប្រសិនបើជា​គាត់​ឆ្លាត់​ គាត់​មាន​ទេព​កោសល​ ហើយ​គាត់​មាន​ភាព​ចាស់ទុំ​ខាង​ផ្នែក​នយោបាយ​ គួរតែ​ដូរ​នៅ​អ​កប្ប​កិរិយា​នយោបាយ​ នៅ​វប្បធម៌​សង្គម​ វប្ប​ប​ធ៌​បុគ្គល​ វប្បធម៌​ស្ថាប័ន​បើកចំហរ​ បើក​ទូលាយ​ ទំលាក់​ចោល​នៅ​ការ​ចោទប្រកាន់​ទាំងឡាយ​ ទាំង​តំណាងរាស្ត្រ​ ទាំង​សកម្មជន​ ទាំង​មន្ត្រី​សិទ្ធិ​មនុស្ស​»​ ។​

​កាលពី​ព្រឹក​ថ្ងៃ​ទី​២៥​ខែមេសា​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ របស់​លោក​ ថា​ មិន​អត់ឱន​ចំពោះ​ជន​ណា​ដែល​មួលបង្កាច់​បង្ខូច​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​ ទៀត​ឡើយ​ ។​ លោក​ថា​គណបក្ស​ប្រជាជន​គោរព​សិទ្ធិ​បញ្ចេញមតិ​ ប៉ុន្តែ​ប្រឆាំង​ដាច់ខាត​ចំពោះ​អ្នក​មូល​បង្កាច់បង្ខូច​កិត្តិយស​និង​សេចក្ដី​ថ្លៃថ្នូរ​បក្ស​ ។

​​ទោះបីជា​ លោក​ អ៊ូ​ វី​រៈ​ ជាប់​ពាក្យបណ្តឹង​នៅ​តុលាការ​ក៏​ដោយ​ ក៏​អ្នកវិភាគ​រូប​នេះ​នៅ​តែ​បន្ត​សម្តែង​មតិ​វិភាគ​អំពី​បញ្ហា​សង្គម​ និង​ស្ថានការណ៍​នយោបាយ​ ដោយ​ប្រកាន់​ជំហរ​នៅ​កណ្តាល​ ៕

Share

ព័ត៌មានទាក់ទង

Image