en     km
en     km

លោក​ អ៊ូ​ វី​រៈ​ ថា​លោក​មិន​ចំណាយ​លុយ​ទៅ​ឱ្យ​អ្នក​ប្ដឹង​លោក​(CPP)​ទេ​

Share

ភ្នំពេញ ៖ ​លោក​ អ៊ូ​ វី​រៈ​ ប្រធាន​អង្គការ​ វេទិកា​អនាគត​កម្ពុជា​និង​ជា​អ្នកវិភាគ​បញ្ហា​សង្គម​  បាន​ចូលខ្លួន​បំភ្លឺ​នៅ​តុលាការ​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ​ទី​១២​ឧសភា​ ទៅ​តាម​ការ​កោះហៅ​ របស់​តុលាការ​ក្រោម​បណ្ដឹង​របស់​ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ចោទ​លោក​ពី​បទ​បរិហា​កេរ្តិ៍​ ។​ ​តាម​បណ្ដឹង​របស់​លោក​សុខ​ឥ​សាន្ត​ ដើមបណ្ដឹង​រដ្ឋប្បវេណី​ តំណាង​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ គឺ​លោក​អ៊ូ​ វី​រៈ​ ត្រូវ​សងជម្ងឺចិត្ត​១០​ម៉ឺន​ដុល្លារ​ ។​ លោក​ អ៊ូ​ វី​រៈ​ បាន​បញ្ជាក់​ថា​លោក​គ្មាន​ ឆន្ទៈ​ធ្វើ​ទៅ​តាម​ការ​ទាមទារ​នេះ​ទេ​។​ ករណី​នេះ​ លោក​ សុខ​ ឥ​សាន្ត​ ថា​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ​ ។​ លោក​លី​ ស៊ី​ណា​ ជូន​ព័ត៌មាន​នេះ​ ៖​

 

Ou-Vireak
លោក​ អ៊ូ​ វី​រៈ​ ប្រធាន​អង្គការ​ វេទិកា​អនាគត​ កម្ពុជា​។ រូបភាពពី៖ Facebook របស់ លោក​ អ៊ូ​ វី​រៈ

​អ្នកវិភាគ​បញ្ហា​សង្គម​ លោក​ អ៊ូ​ វី​រៈ​ បាន​និយាយ​ថា​លោក​នឹង​មិន​ប្រគល់​លុយ​ ទៅ​ឱ្យ​អ្នក​ប្ដឹង​លោក​ដោយ​លោក​អះអាង​ថា​ ជា​ការ​បណ្ដឹង​មួយ​មិន​ត្រឹមត្រូវ​ ។​​

​ការ​ថ្លែង​របស់​ប្រធាន​អង្គការ​វេទិកា​អនាគត​កម្ពុជា​ បាន​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ កាលពី​ព្រឹក​មិ​ញ​នេះ​ខណៈ​លោក​ទៅ​តុលាកា​រាជធានី​ភ្នំពេញ​ដើម្បី​ បំភ្លឺ​ការ​ចោទប្រកាន់​របស់​លោក​ សុខ​ ឥ​សាន្ត​ លើ​រូប​លោក​ពី​បទ​បរិហារកេរ្តិ៍​គណបក្ស​ប្រជាជន​កម្ពុជា​នូវ​អ្វី​ដែល​ថា​ អ្នកវិភាគ​ម្នាក់​នេះ​ចោទ​គណបក្សកាន់អំណាច​គាបសង្កត់​ លោក​ កឹ​ម​ សុខា​ និង​ ហិរញ្ញវត្ថុ​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ករណី​ កញ្ញា​ ស្រី​មុំ​ ។​  លោក​ សុខ​ ឥ​សាន្ត​ បាន​ទារជម្ងឺចិត្ត​ពី​លោក​ អ៊ូ​ វី​រៈ​ ចំនួន​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ។​​

​លោក​ អ៊ូ​ វី​រៈ​ បាន​និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ថា​គ្រាន់តែ​បញ្ចេញមតិ​ ត្រូវ​គេ​ចោទប្រកាន់​ ឡើង​តុលាការ​នោះ​គឺជា​អំពើ​គ្រោះថ្នាក់​ ដល់​មនុស្ស​ជំនាន់​ក្រោយ​ ។​ លោក​ថា​លោក​វិភាគ​ត្រូវ​ គេ​សរសើរ​ ហើយ​វិភាគ​មិន​ត្រូវចិត្ត​ គេ​វាយប្រហារ​បឹ្ដ​ង​ប្ដ​ល់​ គឺជា​បញ្ហា​ដែល​លោក​ត្រូវ​តស៊ូ​មតិ​ទៀត​ ។​ ប៉ុន្តែ​នៅ​ពេល​អ្នក​សារព័ត៌មាន​ ចោទសួរ​អំពី​រឿង​បង់ប្រាក់​សងជម្ងឺចិត្ត​ ទៅ​បក្ស​កាន់​អំណាច​ដែល​ជាដើម​បណ្ដឹង​ លោក​បាន​បញ្ជាក់​ថា​លោក​មិន​ចាប់អារម្មណ៍​ទេ​ ព្រោះ​គ្មាន​ឆន្ទៈ​នឹង​ធ្វើ​តាម​ការ​ទាមទារ​ ។​​

​លោក​ អ៊ូ​ វី​រៈ​ ៖​ «​ ខ្ញុំ​គ្មាន​ឆន្ទៈ​ក្នុង​ការ​បង់លុយ​នូវ​អ្វីមួយ​ដែល​មិន​ត្រឹមត្រូវ​នោះ​ទេ​»​ ។​​

​តែ​បែប​នេះ​ក្ដី​ លោក​ សុខ​ ឥ​សាន្ត​ ដើមបណ្ដឹង​រដ្ឋប្បវេណី​តំណាង​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​និយាយ​ជាមួយ​វិទ្យុ​ស្ត្រី​ថា​ គឺជា​សិទ្ធិ​អំណាច​របស់​តុលាការ​ ហើយ​បើ​ជន​ណា​ម្នាក់​មិន​ធ្វើ​តាម​ការ​បង្គាប់​របស់​តុលាការ​ គឺជា​រឿង​មួយទៀត​ ។​​

​លោក​ សុខ​ ឥ​សាន្ដ​ ៖​ «​រឿង​នេះ​គឺ​ទុក​ឲ្យ​តុលាការ​អ្នក​ដោះស្រាយ​ មិនមែន​ជា​អ្វី​ដែល​ខ្ញុំ​ជាដើម​បណ្ដឹង​អ្នក​ថា​ ឬ​គាត់​ជា​ចុង​បណ្ដឹង​អ្នក​ថា​នោះ​ទេ​ ហើយ​រឿង​នេះ​គឺជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ​ដែល​ត្រូវ​មើល​អង្គហេតុ​អង្គសេចក្ដី​ដែល​ស្រប​ទៅ​តាម​គោលការណ៍​ច្បាប់​ ។​ គណបក្ស​ប្រជាជន​យល់​ថា​នេះ​គឺ​ប៉ះពាល់​ដល់​កិ​តិ្ត​យស​របស់​គណបក្ស​ធ្ងន់ធ្ងរ​ ។​ ដូច្នេះ​គណបក្ស​ប្ដឹង​ដើម្បី​រក​យុ​ត្ដិ​ធ​ម៍​ ហើយ​ចំពោះ​គាត់​ថា​គាត់​បញ្ចេញមតិ​រឿង​នេះ​គឺ​ទុក​ឲ្យ​តុលាការ​ដោះស្រាយ​ព្រោះ​ដើមបណ្ដឹង​ នឹង​ចុង​បណ្ដឹង​មិន​ឯកភាព​គ្នា​ទៅ​លើ​និយម​ន័យ​ពាក្យ​បរិហា​កេរ្ដិ៍​ វា​ជា​រឿង​ធម្មតា​ទេ​បើ​គាត់​ថា​គាត់​បង់​ បាន​ន័យ​ថា​គាត់​ទទួលកំហុស​គាត់​គេច​ពី​ការ​ទទួលខុសត្រូវ​ រឿង​សំខាន់​គឺ​លើ​ការ​កាត់សេចក្ដី​របស់​តុលាការ​»​ ។​​

​សំនុំរឿង​របស់​កញ្ញា​ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​  បាន​ធ្វើ​ឱ្យ​មនុស្ស​យ៉ាងតិច​៦​នាក់​ រង​ការ​ចោទ​ទៅ​តុលាការ​ និង​ឃុំខ្លួន​ ។​ ជាមួយ​គ្នា​នេះ​ លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ និង​អ្នកតំណាង​រាស្ត្រ​២​ រូប​ទៀត​របស់​គណបក្ស​នេះ​ក៍​មាន​សំនុំរឿង​នៅ​តុលាការ​ដែរ​ ។​ ក្រុម​អ្នកវិភាគ​មួយ​ចំនួន​ថា​ជា​រឿង​ របស់​បុគ្គល​ឯកជន​ហើយ​គេ​ ព្យាយាម​ ទាញ​ទៅ​ជា​រឿង​នយោបាយ​ ។​​

​លោក​ សូ​ច​ន្ថា​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ និង​ជា​អ្នកវិភាគ​បញ្ហា​សង្គម​មើលឃើញ​ថា​ ដើម្បី​ឱ្យ​រឿង​បញ្ចេញមតិ​មិន​ត្រូវ​បាន​ ប្ដឹង​ ដូច​ជា​ករណី​របស់​លោក​ អ៊ូ​ វី​រៈ​ គឺ​សហគមន៍​អន្តរជាតិ​ត្រូវ​ទទូច​ ឱ្យ​កម្ពុជា​គោរព​ការ​សម្ដែង​មតិ​ និង​បន្ត​លើកដំកើង​លទ្ធិប្រជាធិបតេយ្យ​ ។​ លោក​ថា​លោក​ អ៊ូ​ វី​រៈ​ ត្រូវ​ស្វែងរក​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​ ។​​

​លោក​ សូ​ ច​ន្ថា​៖​ «​ ជា​ការ​ពិត​រឿង​នេះ​ប្រ​សិន​គាត់​អះអាង​ថា​គាត់​មិន​បាន​ខុស​ទេ​អ​ញ្ចឹ​ង​ គាត់​គឺ​ត្រូវ​តែ​រក​មេធាវី​ដែល​ពូកែ​បន្ថែម​ទៀត​នេះ​គឺ​រឿង​ទី​១​ ហើយ​រឿង​ទី​២​គាត់​ត្រូវ​តែ​រក​កិច្ច​អន្ដរាគមន៍​ពី​អង្គការ​ជាតិ​ អង្គការ​អន្ដរជាតិ​ធំៗ​ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា​បាន​ប្រសើរ​ជាង​មុន​ដោយ​ស្រប​ទៅ​តាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ​»​ ។​​

​នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ គណបក្សកាន់អំណាច​នៅ​កម្ពុជា​ ប្ដឹង​អ្នកវិភាគ​ទៅ​តុលាការ​ ករណី​បរិហារ​កេ​រ្តិ័​ ដែល​ពី​មុន​ធ្លាប់​ប្ដឹង​អ្នក​សារព័ត៌មាន​ និង​អ្នកនយោបាយ​ ។​ ករណី​នេះ​ ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ជាតិ​ និង​អន្តរជាតិ​មួយ​ចំនួន​ បាន​សម្ដែង​ការ​ព្រួយបារម្ភ​ ពី​ការ​ធ្លាក់​ចុះ​ សេរីភាព​សម្ដែង​មតិ​នៅ​កម្ពុជា​ ៕

Share

ព័ត៌មានទាក់ទង

Image