ភ្នំពេញ ៖ គណៈបក្សប្រជាធិបតេយ្យមូលដ្ឋាន បានទទួច និងជំរុញឱ្យរដ្ឋាភិបាលរៀបចំកាលបរិច្ឆេទច្បាស់លាស់ នៃការបោះឆ្នោត ឃុំសង្កាត់ យ៉ាងតិចប្រាំបួនខែ មុនការបោះឆ្នោត ។ នេះបើតាមសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី១២ខែឧសភាឆ្នាំ២០១៦នេះ ។
បើតាមសេចក្តីថ្លែងការណ៍ បានសរសេរថា « ពេលវេលានៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ កាន់តែខិតជិតមកដល់ បើយោងតាមច្បាប់ស្តីពីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ និងច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ មាត្រា៣ នាយករដ្ឋមន្ត្រីត្រូវប្រកាសកាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងរយៈពេល ៩ខែ យ៉ាងតិចមុនថ្ងៃបោះឆ្នោត» ។
សេចក្តីថ្លែងការណ៍ដដែលបានបន្តថា ការប្រកាសកាលបរិច្ឆេទរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា និងការបង្ហាញប្រតិទិននៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់នេះ អាចធ្វើឱ្យសង្គមស៊ីវិល អង្គការពាក់ព័ន្ធ និងមា្ចស់ជំនួយដល់ដំណើរការរៀបចំការបោះឆ្នោត បានត្រៀមលក្ខណៈគ្រប់គ្រាន់ក្នុងការជួយដល់ដំណើរការរៀបចំការបោះឆ្នោតបានល្អប្រសើរ ៕