ភ្នំពេញ៖ ក្រសួងសុខាភិបាលបានជូនដំណឹងដល់ពលរដ្ឋទូទាំងប្រទេស ឱ្យចេះពីរបៀបបង្ការជំងឺពុលអាហារ ដែលតែងតែកើតមានជាហូរហែ ដោយសារប្រជាពលរដ្ឋខ្វះការយល់ដឹងពីវិធីបង្ការជំងឺមួយនេះ ។
សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលចុះថ្ងៃ១១ខែឧសភាឆ្នាំ២០១៦ បានបង្ហាញរបាយការណ៏អំពីចំណីអាហារពុលមួយចំនួនដូចជា ពុលនំបុ័ងប៉ាតេ ពុលនំបញ្ចុក ពុលម្ហូបអាពាហ៍ពិពាហ៍ ពុលគ្រឿងសមុទ្រ ពុលបាយកញ្ចប់សាច់ជ្រូក ឬសាច់មាន់ និងពុលទឹកជាដើម……..។ល។
មូលហេតុនៃការពុលនេះ បណ្តាលមកពីការរៀបចំណីអាហារខ្វះអនាម័យ ប្រភពអាហារឆៅ ពុំមានគុណភាព ឬរក្សាទុកពុំបានត្រឹមត្រូវ ឬមានមេរោគដូចជា ស្ត្រិបតូកូក (Streptococcus) អ៊ីកូលី (E-coli) ជាតិគីមី….។
ក្រសួងសុខាភិបាល ណែនាំអំពីវិធីបង្ការជំងឺពុលអាហារតាមរបៀប ៨ចំណុច រួមមាន៖
ទី១. ប្រើប្រាស់ទឹកស្អាត និងម្ហូបអាហារដែលស្អាត និងឆ្អិនជានិច្ច
ទី២ ត្រូវលាងដៃ នឹងសាប៊ូ មុនពេលនិងអំឡុងពេលរៀបចំម្ហូបអាហារ មុនបរិភោគ និងក្រោយពេលបន្ទោ. របង់
ទី៣. លាងបន្លែ ផែ្លឈើ ឲ្យបានស្អាតមុនបរិភោគ
ទី៤. សំអាតសំភារៈប្រើសំរាប់ចម្អិន ម្ហូបអាហារឲ្យបានត្រឹមត្រូវ
ទី៥. ចម្អិនអាហារឲ្យបានឆ្អិនល្អ ជាពិសេសសាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ
ទី៦. ទុកដាក់ចំណីអាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា
ទី៧. មិនត្រូវរក្សាទុកអាហារជាច្រើនថ្ងៃទេ ទោះជាស្ថិតក្នុងកម្រិតសីតុណ្ហភាពសុវត្ថិភាពក៏ដោយ
ក. បើយើងរក្សាអាហារទុកក្នុងប្រព័ន្ធត្រជាក់ គឺត្រូវអោយនៅក្រោមសីតុណ្ហភាព ៥អង្សាសេ
ខ. បើយើងរក្សាអាហារក្នុងប្រព័ន្ធកំដៅ គឺត្រូវអោយលើសបីសីតុណ្ហភាព៦០អង្សាសេ
ទី៨. កុំប្រើប្រាស់ចំណីអាហារហួសកាលកំណត់ប្រើប្រាស់ ៕