ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រតិកម្មចំពោះកាសែតបរទេសមួយ ដោយបានចោទថា ធ្វើសម្រង់សម្តីរបស់លោក យកទៅសរសេរខុសពីអ្វីដែលលោកនិយាយដែលជាពិសេសសម្ដេចថា ដាក់ចំណងជើងខុស ។ ប្រតិកម្មនេះធ្វើឡើងក្នុងកម្មវិធីចែកសញ្ញាបត្រដល់និស្សិត IIC នៅវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី១២ខែឧសភាឆ្នាំ២០១៦នេះ ។
សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា លោកនឹងពិនិត្យមើលផ្លូវច្បាប់ដើម្បីចាត់វិធានការ៖ «ម្សិលមិញអាកាំបូឌាលី វាផ្សាយពីស្អីចំណងជើងទៅផ្សេងទៅ ឥលូវកុំផ្សាយទៅវាល្អ និយាយឱ្យត្រង់ៗ គេនិយាយ ទូរទស្សន៍គេចាក់គ្រប់ប៉ុស្តិ៍ ឯងទៅបំភ្លៃគេទៀត ហើយបរទេសគេស្តាប់ភាសាខ្មែរអត់បាន គ្នាមើលអត្ថបទអង់គ្លេសវាមិនងាប់ ឥលូវខ្ញុំនឹងពិនិត្យមើលផ្លូវច្បាប់នានា បើអ្នកឯងហ៊ានផ្សាយខុសពីខ្ញុំ យកល្អអ្នកឯងកុំផ្សាយពីខ្ញុំតែម្តងទៅ» ។
កាលពីរសៀលថ្ងៃទី១១ខែឧសភាឆ្នាំ២០១៦នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានផ្ញើលិខិតផ្លូវការមួយច្បាប់ជូនសារព័ត៌មាន The Cambodia Daily ដោយស្នើឱ្យធ្វើការកែតម្រូវជាបន្ទាន់ បន្ទាប់ពីកាសែតមួយនេះ បានចុះផ្សាយអត្ថបទមានចំណងជើងថា«លោក ហ៊ុន សែន ហាមឃាត់អ្នកដែលស្លៀកពាក់ពណ៌ដូចៗគ្នា មិនឲ្យប្រមូលផ្តុំសាធារណៈ» ។
លោក ស្វាយ ស៊ីថា អ្នកនាំពាក្យនៃអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានសរសេរក្នុងលិខិតនេះថា ការចុះផ្សាយនូវចំណងជើងនៃអត្ថបទនេះ គឺបានបង្ហាញយ៉ាងច្បាស់នូវចេទនាបំភ័ន្ត និងញុះញង់សាធារណៈមតិជាតិ និងអន្តរជាតិ ឱ្យមានការយល់ច្រលំទៅលើប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ។ លោកសរសេរបន្តថា ការចុះផ្សាយបែបនេះ ក៏អាចជាការដុតកំហឹងប្រជាពលរដ្ឋក្នុង និងក្រៅប្រទេសឱ្យប្រឆាំងការដឹកនាំដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាលផងដែរ ។
កាលពីថ្ងៃទី២០ខែមេសាឆ្នាំ២០១៦នេះ ប្រធានក្រុមការងារ Facebook សម្តេច ហ៊ុន សែនបានបានផ្ញើលិខិតមួយ ទៅកាសែតភ្នំពេញប៉ុស្តិ៍ទាមទារឱ្យកាសែតនេះកែតម្រូវអត្តបទរបស់ខ្លួនដែរ ក្រោយពីភ្នំពេញប៉ុស្តិ៍បានចុះផ្សាយនូវចំណងជើងថា«លោក ហ៊ុន សែន ប្រកាសខ្លួនឯងជាអធិរាជហ្វេសប៊ុក» កាលពីអំឡុងពេលសម្តេចទៅសម្ពោធរោងចក្រស្ករស និងកៀបទឹកអំពៅនៅខេត្តព្រះវិហារ ។
បែបនេះក្ដី កាសែតភ្នំពេញប៉ុស្តិ៍ មិនបានធ្វើការកែតម្រូវអត្ថបទរបស់ខ្លួន តាមការចង់បានរបស់ប្រធាន ការងារហ្វេសប៊ុកសម្តេចនាយករដ្ឋមន្ត្រីនោះទេ ៕