ភ្នំពេញ ៖ កន្លងមកនេះក្រសួងកិច្ចការនារី បានរៀបចំគោលនយោបាយមួយចំនួនទាក់ទងនឹងស្ត្រីដែលគោលនយោបាយនោះផ្តោតទៅលើស្ត្រីធ្វើយ៉ាងណា ឱ្យពួកគេមានភាពល្អប្រសើរទ្បើងនៅក្នុងសង្គម តាមរយៈការរៀបចំច្បាប់ក៏ដូចជាគោលនយោយបាយមួយចំនួនជាដើម ប៉ុន្តែសង្គមស៊ីវិលដែលធ្វើការទាក់ទងនឹងស្ត្រីមិនបានយកចិត្តទុកដាក់ទៅលើការចូលរួមពិភាក្សាបញ្ហាស្ត្រីជាមួយក្រសួងកិច្ចការនារីច្រើននោះទេ ។ នេះជាការលើកទ្បើងរបស់រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកស្រី អ៊ឹង កន្ថាផាវី នៅក្នុងពិធីប្រកាសបើកការអនុវត្តគម្រោង «ស្ត្រីក្នុងវិស័យនយោបាយ» នៅសណ្ឋាគារអ៊ីនធើខនធីណិនថលនៅថ្ងៃ១១ខែឧសភាម្សិលមិញនេះ ។ លោក ជួន សារ៉េត រាយការណ៍៖
ក្នុងកិច្ចពិភាកក្សានេះ លោកស្រី អ៊ឹង កន្ថាផាវី បានអំពាវនាវឱ្យសង្គមស៊ីវិលជាតិ អន្តរជាតិ និង ដៃគូរពាក់ព័ន្ធផ្សេងៗទៀតឱ្យចូលរួមជជែកអំពីការរៀបចំគោលនយោបាយរបស់ក្រសួងកិច្ចការនារីទាក់ទងបញ្ហាស្ត្រីដើម្បីធ្វើយ៉ាងណាឱ្យស្ត្រីមានភាពល្អប្រសើរទ្បើងនៅក្នុងសង្គមកម្ពុជា ។
លោកស្រី អ៊ឹង កន្ថាផាវី ៖ «ក្រសួងកិច្ចការនារី ក្រុមហ៊ុនប្រឹក្សាជាតិដើម្បីស្ត្រីមានគោលជំហរទូលំទូលាយណាស់សូមអញ្ចើញសង្គមស៊ីវិលចូលរួមក្នុងការរៀបចំច្បាប់ ក្នុងការរៀបចំកម្មវិធី ក្នុងការរៀបចំគោលនយោបាយ..» ។
លោកស្រីរដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានលើកទ្បើងថាស្ត្រីបានតួនាទីយ៉ាងសំខាន់ក្នុងការចួលរួមអភិវឌ្ឍប្រទេសជាតិ ប៉ុន្តែលោកស្រីថាដើម្បីឱ្យស្ត្រីកាន់តែមានតួនាទីកាន់តែសំខាន់ទៀតនោះស្ត្រីខ្លួនឯងត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនតាមរយៈ ការតស៊ូមតិធ្វើយ៉ាងណាឱ្យគេមានជំនឿចិត្តទៅលើសមត្ថភាពរបស់ខ្លួន ។
ឆ្លើយតបនឹងការអំពាវនាវរបស់រដ្ឋមន្ត្រីក្រសួងកិច្ចនារីនេះដែរ នាយិការអង្គការសីលកា លោកស្រី ធីតា ឃឹះ មានប្រសាសន៍ថាកន្លងមកលោកស្រីក៏ធ្លាប់បានចូលរួមប្រជុំជាមួយក្រសួងកិច្ចការនារីផងដែរ ប៉ុន្តែការចូលរួមប្រជុំម្តងៗមិនមានប្រសិទ្ធភាពល្អច្រើននោះទេ ដោយសារតែមូលហេតុនេះហើយទើបលោកស្រី ច្រើនខកខានចូលរួមប្រជុំជាមួយក្រសួងកិច្ចការនារី ។
លោកស្រី ធីតា ឃឹះ ពន្យល់ថាការប្រជុំមិនសូវមានប្រសិទ្ធដោយសារតែការបើកកិច្ចប្រជុំនោះមានលក្ខណៈទូលំទូលាយពេកគឺមានន័យថា មនុស្សចូលរួមប្រជុំច្រើនប៉ុន្តែប្រសិទ្ធភាពមានចំនួនតិច ។ ទោះបីជាយ៉ាងនេះក្តីលោកស្រីថា បច្ចុប្បន្នអង្គការសង្គមស៊ីវិលកំពុងរៀបចំផែនការធ្វើយ៉ាងណាឱ្យសង្គមស៊ីវិលដែលបានធ្វើការទាក់ទងស្ត្រីនេះបានចូលរួមកាន់តែច្រើនថែមទៀតជាមួយកិច្ចពិភាក្សាជាមួយភាគីខាងរដ្ឋាភិបាល ។
ចំណែកឯនាយិការអង្គការយេនឌ័រ និងការអភិវឌ្ឍន៍ដើម្បីកម្ពុជា លោកស្រី រស់ សុភាពបានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុស្ត្រីនៅថ្ងៃនេះថាលោកស្រីគាំទ្រការអំពាវរបស់រដ្ឋមន្ត្រីក្រសួងកិច្ចការនារីដែលចង់ឱ្យសង្គមស៊ីវិលចូលរួមជជែកពីការលើកកម្ពស់ស្ត្រី។
លោកស្រី រស់ សុភាពបានលើកទ្បើងផងដែរថាការចូលរួមសហការពីភាគីរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលជារឿងសំខាន់ដែលមិនអាចខ្វះខាតគ្នាបាន ។
សូមជំរាបថា ការអំពាវនាវរបស់រដ្ឋមន្ត្រីក្រសួងកិច្ចការនារីលោកស្រី អ៊ឹង កន្ថាផាវី ធ្វើទ្បើងនៅក្នុងពិធីប្រកាសបើកការអនុវត្តគម្រោង«ស្ត្រីក្នុងវិស័យនយោបាយ» ដែលមានគោលបំណងបង្កើនចំនួនស្ត្រីឲ្យឈរ ឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោតជាតិឆ្នាំ ២០១៨ នាពេលខាងមុខ ។
គម្រោងនេះរៀបចំឡើងដោយអង្គការបន្ទាយស្រី មណ្ឌលព័ត៌មានស្ត្រីកម្ពុជា និង អង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ ក្រោមជំនួយមូលនិធិពីសហភាពអឺរ៉ុប ។ គម្រោងនេះ មានរយៈពេល៣ឆ្នាំចាប់ពីឆ្នាំ២០១៦ដល់ឆ្នាំ២០១៨ ។ គម្រោងនេះនឹងត្រូវដាក់ឲ្យអនុវត្តក្នុងខេត្តចំនួន៣ រួមមានខេត្តសៀមរាប បាត់ដំបង និងខេត្តកំពង់ធំ ។