en     km
en     km

ម្ដាយ​​ស្ត្រី​​គ្រោះ​ថ្នាក់​​ចរាចរណ៍​​ ៖​ ​កូន​ស្រី​​ក្លាយ​ជា​​មនុស្ស​​ពិ​ការ​​បាត់​​ការ​​ចង​​ចាំ ​​ដោយ​សារ​​នាង​​មិន​​ពាក់​មួក​​សុ​វត្តិភាព

Share

ភ្នំពេញ ៖ ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ចេះ​តែ​កើត​មាន​ឡើង​ ឥត​ឈប់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ។​ តើ​អ្វី​នឹង​កើតឡើង​ បើសិន​សោ​ដ​នា​កម្មនេះ​ កើត​ទៅ​លើ​នរណា​ម្នាក់​ ឬ​សាច់ញាតិ​ជាទី​ស្រឡាញ់​?​ ​ស្ដ្រី​វ័យ​ចំណាស់​ម្នាក់​ នឹង​លាតត្រដាង​រឿង​ពិត​ដល់​សារ​ធា​ណ​ជន​ អំពី​ស្ថានភាព​ជម្ងឺ​បាត់​ការ​ ចង​ចាំ​កើតឡើង​ ទៅ​លើ​កូនស្រី​ជាទី​ស្រឡាញ់​របស់​គាត់​ ដែល​ជា​ការ​ចែករំលែក​រឿង​ពិត​មួយ​នេះ​ ។​ ជា​បន្ដ​សូម​អញ្ជើញ​ស្ដាប់​បទ​យកការណ៍​ ដែល​រៀបរៀង​ដោយ​កញ្ញា​ ជុំ​ ជោគ​ជាតា​ ដូច​តទៅ​៖

 

traffic-jam-120516
​អ្នកស្រី​ ងួ​ន​ សុ​ផា​ន់និងកូនស្រីដែលជាជនរងគ្រោះ​ដោយគ្រោះថ្នាក់ចរាចរណ៍​​ កញ្ញា​ រ័​ត្ន​ ស្រី​ពេជ្រ​

​អ្នកស្រី​ ងួ​ន​ សុ​ផា​ន់​ ៖​ «​ កម្រិតជីវភាព​គ្រួសារ​អ៊ំ​កាល​ស្រី​ពេជ្រ​ អត់​ទាន់​ឈឺ​ ក៏​វា​អាច​ថា​គ្រាន់​ដែរ​ តែ​ដល់​ពេល​មួយ​រយៈ​ ស្រី​ពេជ្រ​ ជួប​គ្រោះថ្នាក់​ចរាចរណ៍​ហ្នឹង​ជីវភាព​គ្រួសារ​ គឺ​យ៉ាប់យ៉ឺន​…​ »​ ។​

​អ្នកស្រី​ ងួ​ន​ សុ​ផា​ន់​ ម្ដាយ​កញ្ញា​ រ័​ត្ន​ ស្រី​ពេជ្រ​ ជន​រង​គ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ បាន​រៀបរាប់​ដូចនេះ​ នៅ​ពេល​អ្នក​សារព័ត៌មាន​វិទ្យុ​ស្ត្រី​១០២​ បាន​ចុះ​ជួប​ផ្ទាល់​ ។​ អ្នកស្រី​ ងួ​ន​ សុ​ផា​ន់​មានផ្ទះ​នៅ​ក្នុង​សង្កាត់​បឹង​ទំពុន​ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ​ ។​ ​អ្នកស្រី​បាន​ប្រាប់​បន្ដ​ថា​ គ្រោះថ្នាក់​ចរាច​ណ៍​ដែល​បាន​កើតឡើង​ទៅ​លើ​កូនស្រី​គាត់​ ដោយសារ​តែ​ឡាន​អ្នក​ផ្សេង​បើក​គៀរ​នាង​ពីក្រោយ​ខណៈ​នាង​ជិះ​ម៉ូតូ​ ។​

​អ្នកស្រី​ ងួ​ន​ សុ​ផា​ន់​ ៖​ «​កាល​ហ្នឹង​ថ្ងៃអាទិត្យ​ ថ្ងៃអាទិត្យ​ វា​សុំ​ប៉ា​ ១០​ដុល្លារ​ ទៅ​ទិញ​ខោ​ ហើយ​ពេល​ទៅ​ទិញ​ខោ​ហើយ​ វា​ឈាន​ទៅ​លេង​ ឌ្រី​ម​លែ​ន​ ទៅ​មើល​កុន​ ហើយ​ដល់​ពេល​ចេញ​មក​វិញ​នឹង​ ប៉ះ​ឡាន​គេ​មក​ តាម​ពិត​ឡាន​នឹង​មិនមែន​បុក​ទេ​…»​ ។​

​ជួប​ជាមួយ​ជន​រង​គ្រោះ​ដែល​អង្គុយ​មិន​ឆ្ងាយ​ពី​អ្នក​ម្ដាយ​គឺ​ កញ្ញា​ រ័​ត្ន​ ស្រី​ពេជ្រ​។​ កញ្ញា​ ស្រី​ ពេជ្រ​ បាន​និយាយ​ឆ្លើយ​តប​ជាមួយ​សំនួរ​អ្នក​សារព័ត៌មាន​នូវ​សំនួរ​មួយ​ចំនួន​ដែល​ទាក់ទង​នឹង​មូលហេតុ​ដែល​នាំ​អោយ​កើត​គ្រោះថ្នាក់​ចរាចរណ៍​ ។​ កញ្ញា​ឆ្លើយ​ថា​នាង​ មិន​បាន​ចាំ​រឿង​ទាំង​នេះនោះ​ទេ​ ។​ ចាំ​ត្រង់​តែ​ថា​ពេល​មាន​គ្រោះថ្នាក់​ កញ្ញា​មិន​បាន​ពាក់មួក​សុ​វតិភាព​ ។​

​កញ្ញា​ រ័​ត្ន​ ស្រី​ពេជ្រ​ ៖​ «​មាន​ចាំ​ទេ​ថី​បាន​កើតហេតុ​ចឹ​ង​?​ ភ្លេច​បាត់​ហើយ​ -…-​កាល​ហ្នឹង​ជិះ​ ពីក្រោយ​គេ​ឌុ​ប​ ហើយ​អត់​បាន​ពាក់មួក​..»​ ។​

​រីឯ​ម្ដាយ​ជន​រង​គ្រោះ​ គឺ​អ្នកស្រី​ ងួ​ន​ សុ​ផា​ន់​ ឆ្លើយ​ទាំង​ទឹកភ្នែក​រលីងរលោង​ ថា​ ៖​ «​តាំងពី​ថ្ងៃ​កើតហេតុ​រហូត​ដល់​ពេល​នេះ​ ស្រី​ ពេជ្រ​ ឈឺ​អស់​រយៈពេល​៥​ខែ​ហើយ​  តាំងពី​រយៈពេល​៥​ខែ​នេះ​ វា​បាន​ធូរស្រាល​បាន​ខ្លះ​ហើយ​កាលពី​ចេញពី​ពេទ្យ​មក​តែ​វា​ អត់​មានការ​ចង​ចាំ​ទេ​…»​ ។​

​ពិត​ណាស់​ថា​អ្នកស្រី​ ពិតជា​មិន​អាច​ទទួលយក​បាន​នូវ​សោ​ដ​នា​កម្ម​ដ៏​ក្រៀមក្រំ​មួយ​នេះ​ ហើយ​ក៏​គ្មាន​នរណា​ចង់​ជួប​ និង​ចង់អោយ​បញ្ហា​បែប​នេះ​កើតឡើង​ដែរ​ ។​ ​អ្នកស្រី​ បន្ដ​ប្រាប់​ទៀត​ថា​កូនស្រី​របស់​គាត់​ ទើបតែ​អាយុ​១៨​ឆ្នាំ​ប៉ុណ្ណោះ​ហើយ​ក៏​កំពុង​រៀន​ថ្នាក់​ទី​១១​ នៅ​សាលា​បែ​ល​ធី​អន្ដរជាតិ​ ។​ អ្នកស្រី​បញ្ជាក់​ថា​ កាលពី​មិន​ទាន់​ជួប​គ្រោះថ្នាក់​បែប​នេះ​  កូនស្រី​របស់​គាត់​ធ្លាប់​បាន​ប្រាប់​ថា​ នាង​ក៏​មាន​ក្ដី​ស្រមៃ​ ចង់​ក្លាយជា​គ្រូបង្រៀន​ភាសា​ ។​ ប៉ុន្ដែ​ក្ដី​ស្រមៃ​របស់​កូនស្រី​ រួម​ទាំង​ក្ដី​រំពឹង​របស់​អ្នកស្រី​ត្រូវ​បាត់បង់​ និង​សោកស្ដាយ​ជាទី​បំផុត​ ដោយសារ​តែ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ពេល​នេះ​ បាន​កាត់​ផ្ដាច់​ សតិអារម្មណ៍​,​ បញ្ញា​,​ស្មារតី​ និង​រូបរាង​របស់​កូនស្រី​របស់​គាត់​មិន​អោយ​ដូច​សភាព​ធម្មតា​វិញ​ ។​

​អ្នកស្រី​ ងួ​ន​ សុ​ផា​ន់​ ៖​ «​ស្ដាយ​កូន​ណាស់​អូន​ ដូច​ថា​រក​អ្វី​មក​និយាយ​ មក​ប្រៀបធៀប​មិន​បាន​ អាការ​ស្ដាយ​ហ្នឹង​ណាស់​ ដូច​ថា​កូន​កើតមក​មាន​គ្រប់​ទាំងអស់​ បាត់​ធាតុ​ដើម​របស់​វា​ ដើរ​អត់​រួច​…»​ ។​

Traffic-Mok-tevin
មន្ដ្រី​កម្មវិធី​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​ កញ្ញា​ ម៉ក់​ ទេវិន្ទ​

​ទាក់ទង​នឹង​រឿង​ជន​រង​គ្រោះ​ មន្ដ្រី​កម្មវិធី​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​ កញ្ញា​ ម៉ក់​ ទេវិន្ទ​ ថ្មីៗ​នេះ​បាន​លើក​ឡើង​ នៅ​ក្នុង​សន្និសីទ​ស្ដី​ពី​ ការ​អនុវត្ដ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ ក្រោម​ប្រធានបទ​ “​សំឡេង​ជន​រង​គ្រោះ​”​ ថា​ការ​រឹត​បន្តឹង​ការ​អនុវត្ដ​ច្បាប់​ចរាចរណ៍​ គឺជា​យន្ដការ​មួយ​ដែល​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ ។​ ប៉ុន្តែ​កញ្ញា​ថា​ហើយ​ប្រសិនបើ​ក្នុង​ករណី​ ដែល​ពលរដ្ឋ​មានការ​ពន្យារពេល​ក្នុង​ការ​អនុវត្ដ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ​ ដូច​ជា​ការ​រួមចំណែក​ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​នៅ​តែ​ដដែល​ ។​

​កញ្ញា​ មក់​ ទេវិន្ទ​ ៖​ «​យើងខ្ញុំ​ក៏​សូម​ឱ្យ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ ក្រសួងមហាផ្ទៃ​ និង​ក្រសួង​ ពាក់ព័ន្ធ​ទាំងអស់​ រក្សា​នូវ​ជំហរ​ក្នុង​ការ​រឹត​បន្តឹង​ការ​អនុវត្ដ​ច្បាប់​នេះ​ បើ​ទោះជា​មាន​ប្រតិកម្ម​ខ្លះ​ ពី​ប្រជាពលរដ្ឋ​មួយ​ចំនួន​ក៏​ដោយ​ ក៏​សូម​ឱ្យ​ក្រសួង​ចាត់ចែង​ ឱ្យ​មាននូវ​នីតិវិធី​ច្បាប់​ច្បាស់លាស់​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ ដែល​បាន​លើក​ឡើង​ដោយ​ ប្រជាពលរដ្ឋ​ ។​ គួរ​កត់​សម្គាល់ថា​ ការ​ពន្យារពេល​មួយ​ថ្ងៃ​ គឺ​ប្រៀប​បាន​នឹង​ការ​បណ្ដោយ​ឱ្យ​មាន​ពលរដ្ឋ​កម្ពុជា​ប្រមាណ​៦​នាក់​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​»​ ។​

Lim-Sochea
អ្នកស្រី​ លឹ​ម​ សុ​ជា​

​ទន្ទឹម​នឹង​នេះ​ដែរ​ នាយិការ​អង្គការ​សម្ព័ន្ធ​សុវត្ថិភាព​ចរាចរណ៍​ ផ្លូវគោក​ អ្នកស្រី​ លឹ​ម​ សុ​ជា​ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​ស្ដ្រី​កន្លង​មក​ថា​ ការ​ពន្យារពេល​មិន​អនុវត្ដ​ច្បាប់​ចរាចរណ៍​ មិន​ត្រឹមតែ​ធ្វើ​ឱ្យ​មនុស្ស​៦​នាក់​ស្លាប់​ក្នុង​មួយ​ថ្ងៃ​នោះ​ទេ​ ប៉ុន្ដែ​ការ​ដែល​មិន​ចូលរួម​អនុវត្ដ​ច្បាប់​ចរាចរណ៍​ គឺ​ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​ នឹង​មានការ​កើនឡើង​ ។​

​អ្នកស្រី​ លឹ​ម​ សុ​ជា​  ៖ «​ចំនួន​អ្នក​ស្លាប់​នឹង​មានការ​កើនឡើង​ យើង​គ្រាន់តែ​គិតតែ​ប៉ុណ្ណេះ​ទេ​ បច្ចុប្បន្ន​យើង​ នៅ​អនុវត្ដ​ច្បាប់​ចាស់​ទេ​ ហើយ​យើង​ទើប​អនុវត្ដ​ច្បាប់​ថ្មី​ បាន​រយៈពេល​បី​បួន​ថ្ងៃនេះ​ទេ​  ។​ យើង​ឃើញ​ថា​ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ អ្នក​ស្លាប់​កើនឡើង​រហូត​ ចុះបើ​ទម្រាំ​យើង​អត់​មាន​អនុវត្ដ​ច្បាប់​ទៀត​ តើ​យើង​គិត​ថា​ថយ​ដែរ​ទេ​?»​ ។​

​អ្នកស្រី​បន្ថែម​ថា​ មិនមែន​តែ​អ្នក​ដែល​បើកបរ​  ឬ​អ្នក​អង្គុយ​ពីក្រោយ​អ្នកបើកបរ​ទេ​ ដែល​ជា​ជន​រង​គ្រោះ​ សូ​ម្បី​សាច់ញាតិ​ និង​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ​ ក៏​ជា​ជន​រង​គ្រោះ​ដោយសារ​ គ្រោះថ្នាក់​ចរាចរណ៍​នេះ​ផង​ដែរ​ ។​

​អ្នកស្រី​ លឹ​ម​ សុ​ជា​ ៖​ «​គ្រោះថ្នាក់​ចរាចរណ៍​ driver​ (​អ្នកបើកបរ​)​ ដែល​ភាគច្រើន​ជា​បុរស​នោះ​គឺ​ ជា​អ្នក​រង​គ្រោះ​ខ្លាំង​ជាងគេ​ ។​ អ្នក​ដែល​រង​ផល​ប៉ះពាល់​បន្ទាប់​ហ្នឹង​ គឺជា​ប្រពន្ធ​ហើយ​ ដែល​បន្សល់​ទុក​នូវ​ការ​ទទួលខុសត្រូវ​ផ្សេងៗ​ បន្ទាប់​ពី​ប្ដី​ រង​ពិការ​ ឬ​ក៏​ស្លាប់​ហ្នឹង​»​ ។

​​ជា​ថ្មី​នាយិការ​នៃ​អង្គការ​សម្ព័ន្ធ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ មាន​ប្រសាសន៍​បន្ថែម​ថា​ ដើម្បី​ ទប់ស្កាត់​បញ្ហា​ ឬ​ដើម្បី​បញ្ចៀស​នូវ​សោកនាដកម្ម​ទាំងនេះ​ គឺ​ទាំងអស់​គ្នា​ ត្រូវ​ចូលរួម​ អនុវត្ដ​ច្បាប់​ចរាច​ចរណ៍​ផ្លូវគោក​ និង​ការ​យកចិត្ដទុកដាក់​អំពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ទាំងអស់​គ្នា​ ទើប​កន្លង​មក​អង្គការ​សង្គម​ស៊ី​វិល​ជា​ច្រើន​ បាន​សម្រេច​គាំទ្រ​ការ​អនុម័ត​ និង​ការ​ដាក់​ឱ្យ​អនុវត្ដ​នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ​ ។​ អង្គការ​ទាំងនោះ​រួម​មាន​ អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ (AIP)​ វិទ្យាស្ថាន​តស៊ូ​មតិ​និង​គោលនយោបាយ​(API)​ និង​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​ ។​ ​អង្គការ​ទាំងនេះ​ បាន​ចូលរួម​ផ្សព្វផ្សាយ​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ ទៅ​ដល់​អ្នក​សារព័ត៌មាន​ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ នៅ​តាម​មូលដ្ឋាន​និង​នៅ​តាម​សហគមន៍​ ។​

​បើ​យោង​តាម​របាយការណ៍​ជន​រង​គ្រោះ​ដោយសារ​ គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ​២០១៤​ របស់​គណៈកម្មការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​កម្ពុជា​ គឺ​ក្នុង​មួយ​ថ្ងៃៗ​ ជា​មធ្យម​មាន​មនុស្ស​ ប្រមាណ​៦​នាក់​ បាន​ស្លាប់​បាត់បង់​ជីវិត​ និង​៣៩​នាក់​ បាន​រង​របួស​ ។​

​របាយការណ៍​បញ្ជាក់​ថា​ ៦៩%​ នៃ​អ្នក​ស្លាប់​គឺជា​អ្នក​ប្រើប្រាស់​ទោចក្រយានយន្ដ​ ហើយ​ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​អស់នោះ​មាន​ ៦២%​ បាន​ទទួល​រង​ការ​ប៉ះទង្គិច​ក្បាល​ ហើយ​គិត​ជា​រួម​អ្នក​ធ្វើ​ដំណើរ​តាម​ទោចក្រយានយន្ដ​ដែល​ទទួល​រង​គ្រោះ​ មាន​ប្រមាណ​ជាង​៨០%​ មិន​បាន​ពាក់​មួយ​សុវត្ថិភាព​នៅ​ពេល​ធ្វើ​ដំណើរ​តាម​ទោចក្រយានយន្ដ​ ។​

​ត្រឡប់​មក​រក​ កញ្ញា​ រ័​ត្ន​ ស្រី​ពេជ្រ​ ដែល​បាត់បង់​ការ​ចង​ចាំ​ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ ហើយ​ ធ្វេសប្រហែស​មិន​បាន​ពាក់​សុវត្ថិភាព​ បាន​ទទូច​ឱ្យ​អ្នកដំណើរ​ទោចក្រយានយន្ត​ ត្រូវ​ពាក់មួក​សុវត្ថិភាព​ នៅ​គ្រប់ការ​ធ្វើ​ដំណើរ​ទាំងអស់​ ។​
​កញ្ញា​ រ័​ត្ន​ ស្រី​ពេជ្រ​ ថា​ ៖​ «​កុំអោយ​គាត់​បើកបរ​លឿន​ពេក​,​ ហើយ​ពាក់មួក​ ,​ប្រយ័ត្ន​ខ្លួន​ពេល​ជិះ​ម៉ូតូ​»​

​    ​

Share

Image
Image
Image