en     km
en     km

លោក​​ អ៊ុំ​​ សំ​អាន​​ ចង់​ឱ្យ​​សម្ដេច​ ហ៊ុន​ សែន​​ មក​​បំ​ភ្លឺ​​ក្នុង​​សភា​​ជា​មួយ​​លោក​​ អំ​ពី​​កង​ទ័ព​​វៀតណាមលើ​​ដី​សម្បទាន​

Share

ភ្នំពេញ ៖ ​លោក​ អ៊ុំ​ សំ​អាន​ ដែល​កំពុង​ជាប់​ពន្ធនាគារ​ ចង់ឱ្យ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ចូល​បំភ្លឺ​ដោយ​ផ្ទាល់​ក្នុង​រដ្ឋសភា​ជាមួយនឹង​លោក​ ជា​ជាង​ចាត់​ តំណាង​ចូល​បំភ្លឺ​ជំនួស​ករណី​ ដី​សម្បា​ទាន​សេដ្ឋកិច្ច​មួយ​កន្លែង​នៅ​ខេត្ត​រតនគីរី​ដែល​លោក​ថា​មាន​វត្តមាន​កងទ័ព​វៀតណាម​គ្រប់គ្រង​លើ​ដី​នោះ​ ។​ លោក​ថា​ នាយក​រដ្ឋមន្ត្រី​ជា​អ្នក​ទទួលខុសត្រូវ​ខ្ពស់​បំផុត​ក្នុង​រឿង​នេះ​ ។​ នេះ​បើ​យោង​តាម​លោក​ មាំុ​ ម៉ា​ជី​កូ​​ ដែល​បាន​ប្រាប់​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃ​ទី​១១​ខែឧសភា​នេះ​ ។​ បែប​នេះ​ក្ដី​មន្ត្រី​រដ្ឋាភិបាល​ឆ្លើយ​តប​ថា​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ស្វាគមន៍​ជា​និច្ច​ នៅ​ពេល​ដែល​លោក​ អ៊ុំ​ សំ​អាន​ ចេញពី​ពន្ធ​ធនាគារ​វិញ​ ។​ ​លោក​កែវ​ សុខា​ ជូន​សេចក្ដីរាយការណ៍​ ៖

hunsen-saman

​ជំនួយការ​ម្នាក់​របស់​លោក​ អ៊ុំ​ សំ​អាន​ អ្នកតំណាង​រាស្ត្រ​គណបក្សប្រឆាំង​ដែល​កំពុង​ជាប់ឃុំ​នៅ​ ពន្ធ​ធនាគារ​ ករណី​រឿង​ផែនទី​ព្រំដែន​ជាមួយ​វៀតណាម​បាន​អះអាង​ថា​ លោក​ អ៊ុំ​ សំ​អាន​ ទទូច​ឱ្យ​ប្រមុខ​រដ្ឋាភិបាល​ បំភ្លឺ​ដោយ​ផ្ទាល់​ចំពោះ​ការ​ចោទសួរ​របស់​លោក​ នៅ​ក្នុង​រដ្ឋសភា​ទាក់ទង​ទៅ​នឹង​ការ​ចោទសួរ​ពី​វត្តមានរ​បស់ទ័ព​វៀតណាម​នៅ​លើ​តំបន់​ដី​សម្បទាន​នៅ​កម្ពុជា​ ។​

​លោក​ មាំុ​ ម៉ា​ជី​កូ​ បាន​បញ្ជាក់​ដូចនេះ​ក្នុង​បទ​សម្ភាសន៍​ខ្លី​មួយ​ជាមួយ​វិទ្យុ​ស្ត្រី​កាលពី​ថ្ងៃ​ម្សិលមិញ​ នូវ​អ្វី​ដែល​ជា​ការ​ឆ្លើយ​តប​លិខិត​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ ផ្ញើ​ជូន​ប្រធានរដ្ឋសភា​ ជុំវិញ​ការ​ចាត់​បញ្ជូន​អ្នកជំនាញ​របស់​រដ្ឋាភិបាល​ ដើម្បី​បំភ្លឺ​សំនួរ​របស់​អ្នកតំណាង​រាស្ត្រ​បក្ស​ប្រឆាំង​រូប​នេះ​ អំពី​ដី​តំបន់​សម្បទាន​នៅ​រតនគីរី​ថា​ជា​ជំរក​កងទ័ព​វៀតណាម​ ។​ ​លោក​ មាំុ​ ម៉ា​ជី​កូ​ បាន​បញ្ជាក់​ទៀត​ថា​ លោក​បាន​ទទួល​ការ​ណែនាំ​ដូចនេះ​ ពី​លោក​ អ៊ុំ​ សំ​អាន​ នៅ​ពេល​លោក​ បាន​ទៅ​សួរសុខទុក្ខ​កាលពី​ថ្ងៃ​អង្គារ​ទី​១០​ឧសភា​ ។​ ​លោក​បាន​បន្ថែម​ថា​ លោក​ អ៊ុំ​ សំ​អាន​ ចង់​ឆ្លើយ​នឹង​សាកសួរ​ផ្ទាល់​ទៅ​សម្តេច​នាយក​រដ្ឋមន្ត្រី​ ជា​ជាង​អ្នក​ផ្សេង​ទៀត​ ។​

​លោក ​មាំុ​ ម៉ា​ជី​កូ​ ៖​  «​កាលពី​ម្សិលមិញ​ ខ្ញុំ​បាន​ទៅ​សួរសុខទុក្ខ​គាត់​ ខ្ញុំ​បាន​ជំរាប​គាត់​អំពី​ការ​ឆ្លើយ​តប​របស់​នាយក​រដ្ឋមន្ត្រី​ហ្នឹង​ គាត់​ក៏​បាន​ផ្តាំផ្ញើ​វិញ​ថា​ ប្រ​សិន​ណា​នៅ​ពេល​ដែល​គាត់​រួច​ផុត​ពី​ការ​ឃុំខ្លួន​ ហើយ​រួច​ផុត​ពី​ការ​ពិន័យ​រដ្ឋបាល​អាច​ចូលរួម​ប្រជុំ​វិញ​បាន​ហ្នឹង​ គាត់​ចង់ឱ្យ​សម្តេច​នាយ​រដ្ឋមន្ត្រី​ចូល​ឆ្លើយ​បំភ្លឺ​ដោយ​ផ្ទាល់​ចំពោះ​អង្គ​រដ្ឋសភា​ ជា​ជាង​ចាត់​ឱ្យ​សមាសភាព​រដ្ឋាភិបាល​មក​ឆ្លើយ​ជំនួយ​ ពីព្រោះ​ក្នុង​នាម​គាត់​ជា​ប្រមុខ​រាជរដ្ឋាភិបាល​ អ​ញ្ចឹ​ង​!​គាត់​គឺជា​អ្នកមាន​ទំនួញ​ខុស​ត្រូវ​ខ្ពស់​ក្នុង​បញ្ហា​ហ្នឹង​ ។

​​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ សរសេរ​ថា​ នឹង​បញ្ជូន​តំណាង​រដ្ឋាភិបាល​ទៅ​រដ្ឋសភា​ទាក់ទង​នឹង​សំណួរ​របស់​លោក​ អ៊ុំ​ សំ​អាន​ នៅ​ពេល​ដែល​លោក​មាន​វត្ត​មាននៅ​ក្នុង​កិច្ចប្រជុំ​សភា ​។​

​សម្តេច​ ហ៊ុន​ សែន​៖​  «​ចំពោះ​ករណី​នេះ​រាជរដ្ឋាភិបាល​នឹង​បញ្ជូន​សមាសភាព​រដ្ឋាភិបាល​ទៅ​បំភ្លឺ​ដោយ​ផ្ទាល់មាត់​ជូន​ម្ចាស់​សំណួរ​នៅ​រដ្ឋសភា​ តាម​កាលបរិច្ឆេទ​សមរម្យ​ណាមួយ​ដែល​រៀបចំ​ដោយ​រដ្ឋសភា​ នៅ​ពេល​ដែល​ឯកឧត្តម​ អ៊ុំ​ សំ​អាន​ មាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​នោះ​»​។​

​លិខិត​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ ផ្ញើ​ជូន​សម្តេច​ ហេង​ សំ​រិ​ន​ ចុះ​ថ្ងៃ​ទី​១៧​មីនា​ គឺ​មុន​លោក​ អ៊ុំ​ សំ​អាន​ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​១០​មេ​សា​នៅ​ខេត្តសៀមរាប​ ។​ ចំណែក​លិខិត​ដែល​លោក​ អ៊ុំ​ សំ​អាន​ បាន​ផ្ញើ​ជូន​នាយក​រដ្ឋមន្ត្រី​ឱ្យ​ឆ្លើយ​នឹង​សំនួរ​រួម​មាន​ ៖​

១/​ហេតុ​អី្វ​បានជា​កងទ័ព​ប្រជាជន​វៀតណាម​ទទួល​បានការ​គ្រប់គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ខេត្ត​រតនគីរី​?
២/​តើ​វត្តមាន​កងទ័ព​ប្រជាជន​វៀតណាម​នៅ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​គ្រប់គ្រង​ដោយ​កងទ័ព​ប្រជាជន​វៀតណាម​នៅ​ខេត្ត​រតនគីរី​ឬទេ​?
៣/​តើ​រាជរដ្ឋាភិបាល​មាន​គម្រោង​ដកហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ ដែល​គ្រប់គ្រងយ​កងទ័ព​ប្រជាជន​វៀតណាម​នៅ​ខេត្ត​រតនគីរី​ឬទេ​?

​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​ លោក​ ផៃ​ ស៊ី​ផា​ន​ អ្នកនាំពាក្យ​នៃ​ទីស្តីការគណរដ្ឋមន្ត្រី​ លើក​ឡើង​ថា​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នឹង​រង​ចាំ​ឆ្លើយ​បំភ្លឺ​រាល់​ការ​ចោទសួរ​របស់​លោក​ អ៊ុំ​ សំ​អាន​ ជា​និច្ច​នៅ​ពេល​ដែល​លោក​ អ៊ុំ​ សំ​អាន​ បាន​រួច​ផុត​ពី​ទោស​ នឹង​វិល​ត្រលប់​មក​ធ្វើការ​ជា​តំណាងរាស្ត្រ​វិញ​ ។​ លោក​ ផៃ​ ស៊ី​ផា​ន​ បញ្ជាក់​ថា​ ចំពោះ​ការ​ចូល​បំភ្លឺ​ ឬ​មិន​ចូល​បំភ្លឺ​ដោយ​វត្តមាន​នាយក​រដ្ឋមន្ត្រី​ គឺជា​សិទ្ធិ​របស់​សម្ដេច​ផ្ទាល់​ ។​ តែ​ករណី​នេះ​ លោក​ក៏​ធ្លាប់​បានការ​បំភ្លឺ​បាន​ខ្លះៗ​ហើយ​ ជូន​រដ្ឋសភា​ដោយ​សម្ដេច​ហ៊ុន​សែន​ ។​

​​លោក​ ផៃ​ ស៊ី​ផា​ន​៖«​ដូច្នេះ​អាស្រ័យ​ហេតុ​ដូចនេះ​ បានជា​សម្តេច​នាយក​សម្តេច​លោក​រង់ចាំ​ដើម្បី​ពន្យល់​ម្តងទៀត​ផ្ទាល់មាត់​ រីឯ​ការ​លើក​ដេញដោល​សួរ​អាហ្នឹង​ជា​ផ្សេង​មួយទៀត​ ។​ ការ​រង់ចាំ​ដើម្បី​ដោះស្រាយ​នៅ​ក្នុង​អ្វី​ដែល​កើតឡើង​ គឺ​នៅ​ពេល​ដែល​លោក​ អ៊ុំ​ សំ​អាន​ អាច​ចេញពី​ពន្ធ​ធនាគារ​មក​ ហើយ​មក​ធ្វើ​កិច្ច​ជា​តំណាងរាស្ត្រ​វិញ​ នោះ​សម្តេច​នឹង​បើក​ការ​សន្ទនា​ក្នុង​រឿង​នេះ​» ។

​​រឿង​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ ត្រូវ​បាន​អ្នកវិភាគ​ នយោបាយ​ ចាត់​ទុក​ថា​ជា​បញ្ហា​សំខាន់​និង​ ជា​របៀបវារៈ​នយោបាយ​ របស់​គណបក្សប្រឆាំង​ដែល​មិន​អាច​អត់​បាន​ឡើយ​ ។​

​លោក​ សូ​ ច​ន្ថា​ សាស្ត្រ​ចា​រ្យ​វិទ្យាសាស្ត្រ​នយោបាយ​ លើក​ឡើង​ថាស​ម្ដេច​នាយក​រដ្ឋមន្ត្រី​គួរតែ​ត្រូវ​បាន​ចូល​ទៅ​បំភ្លឺ​ដោយ​ផ្ទាល់​ រាល់​ច​ម្ង​ល់​របស់​តំណាងរាស្ត្រ​ ព្រោះ​នាយក​រដ្ឋមន្ត្រី​ជា​បុគ្គល​សំខាន់​ ដែល​ប្រជាជន​ចង់​ដឹង​ពី​ជំហរ​របស់​រដ្ឋាភិបាល​ក្នុង​រឿង​ទឹកដី​ ។

​​លោក​ សូ​ច​ន្ថា​៖​ «​អ្នកតំណាង​រាស្ត្រ​ទូទៅ​ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ចង់​លឺ​ពី​ប្រសាសន៍​របស់​នាយក​រដ្ឋមន្ត្រី​ផ្ទាល់​ ថា​តើ​បញ្ហា​ទឹកដី​ហ្នឹង​វា​ដូច​ម្ត៉េ​ច​?​ ថា​តើ​ចំណេញ​ខ្មែរ​ឬ​ក៏​ចំណេញ​ប្រទេស​ជិតខាង​នោះ​បាទ​!​ » ​។

​​បើ​តាម​លិខិត​របស់​លោក​អ៊ុំ​សំ​អាន​ ផើ្ញ​ជូន​សម្ដេច​នាយក​រដ្ឋមន្ត្រី​ចុះ​ថ្ងៃ​ទី​៤​មីនា​ឆ្នាំ​២០១៦​  ដោយ​ស្រង់​ សម្រង់​ព័ត៌មាន​របស់​កាសែត​ខេ​ម​បូ​ឌា​ឌ​ដេ​លី​ ចុះ​ផ្សាយ​ថ្ងៃ​ទី​២៨​ធ្នូ​ឆ្នាំ​២០១៥​ សរសេរ​ថា​ ដី​សម្បទាន​នោះ​ ដំបូង​ប្រគល់​ឱ្យ​ក្រុមហ៊ុន​ ក​សិ​-​ឧស្សាហកម្ម​មួយ​ តែ​ច្រើន​ឆ្នាំ​ក្រោយ​ធ្លាក់​ចូល​ក្រោម​ការ​គ្រប់គ្រង​មួយ​របស់​កងពល​១៥​ ជា​សាខា​នៃ​ប្រជាជន​វៀតណាម​មក​ពី​ខេត្ត​យ៉ា​ឡាយ​ ។​ លិខិត​របស់​លោក​ អ៊ុំ​ សំ​អាន​ បន្ត​ថា​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ​ មាន​ទំហំ​ ជិត​៤​ម៉ឺន​ហិច​តា​ ។​

​សូម​ជម្រាប​ថា​លោក​ អ៊ុំ​ សំ​អាន​ កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​ ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ ជា​អាទិ៍​និង​បទ​ញុះញង់​ ឲ្យ​មានការ​រើសអើង​តាម​មាត្រា​៤៩៥​និង​៤៩៦​នៃ​ក្រមព្រហ្មទណ្ឌ​ ករណី​លោក​ចោទ​ថា​រដ្ឋាភិបាល​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ​ កំណត់​ខ័​ណ្ឌ​សីមា​ព្រំដែន​គោក​ជាមួយ​ប្រទេស​វៀតណាម​ ។​ បើ​តាម​មាត្រា​នេះ​ លោក​នឹង​មានទោស​ ពី​៦​ខែ​ទៅ​២​ឆ្នាំ​ ៕​

Share

ព័ត៌មានទាក់ទង

Image