ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកស្រី អ៊ឹង កន្ថាផាវី បានលើកទ្បើងថាស្ត្រីដែលមានបំណងចង់ចូលរួមប្រទ្បូកក្នុងវិស័យនយោបាយត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាមុនសិន ។ អង្គការសង្គមស៊ីវិលថាសមត្ថភាពនេះជារឿងមួយ ប៉ុន្តែអ្វីដែលបានរារាំងស្ត្រីមិនអាចចូលរួមក្នុងវិស័យនយោបាយបាននោះដោយសារគណបក្សនយោបាយ នូវមានការរើសអើងទៅលើស្ត្រី ។ការថ្លែងបែបនេះធ្វើទ្បើងនៅក្នុងពិធីប្រកាសបើកការអនុវត្តគម្រោង «ស្ត្រីក្នុងវិស័យនយោបាយ» នាព្រឹកថ្ងៃពុធទី១១ខែឧសភា ឆ្នាំ២០១៦ នេះនៅសណ្ឋាគារ អ៊ីនធើខនធី ណិនថល រាជធានីភ្នំពេញ ។ លោក ជួន សារ៉េត រាយការណ៍ពីព័ត៌មាននេះ៖
ប្រជាពលរដ្ឋសរុបនៅក្នុងប្រទេសកម្ពុជាមានស្ត្រីចំនួន៥២% ហើយចំនួនស្ត្រីដ៏ច្រើននេះ ពិតជាមានសារៈសំខាន់ក្នុងការចូលរួមចំណែកក្នុងវិស័យនយោបាយ ប៉ុន្តែទន្ទឹមនឹងការជំរុញស្ត្រីឱ្យចូលរួមវិស័យនយោបាយនេះស្ត្រីត្រូវពង្រឹងគុណភាពនៃចំណេះដឹងរបស់ខ្លួនជាមុនសិនទើបងាយស្រួលប្រទ្បូកទៅក្នុងវិស័យនយោបាយ ។ នេះជាការលើកទ្បើងរបស់ រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកស្រី អ៊ឹង កន្ថាផាវី ។
លោកស្រីរដ្ឋមន្ត្រី បានថ្លែងថាស្ត្រី និងបុរសមានសិទ្ធិស្មើគ្នាក្នុងការជ្រើសរើសធ្វើអ្វីមួយដែលខ្លួនពេញចិត្តហើយការផ្តល់សិទ្ធិស្មើគ្នាចំពោះបុរស និងស្ត្រីនេះគឺជាគោលការណ៍លទ្ធិប្រជាធិបតេយ្យគឺមានន័យថាស្ត្រីមានសិទ្ធិគ្រប់គ្រាន់ក្នុងការចូលរួមប្រទ្បូកទៅក្នុងវិស័យនយោបាយ ។
លោកស្រី អ៊ឹង កន្ថាផាវីបន្តទៀតថាដើម្បីបង្កើនវត្តមានស្ត្រីអាចចូលរួមប្រកួតប្រជែងនៅក្នុងវិស័យនយោបាយបាននោះស្ត្រីខ្លួនឯងត្រូវយកចិត្តទុកដាក់ទៅលើការពង្រឹងគុណភាពរបស់ខ្លួនផងដែរ មានន័យថា ស្ត្រីត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនតាមរយៈការសិក្សាវគ្គ បណ្តុះបណ្តាល និងសិក្សាជំនាញជាដើម ។
លោកស្រី អ៊ឹង កន្ថាផាវី៖«ស្ត្រីត្រូវមានសមត្ថភាពគ្រប់គ្រាន់ដើម្បីដឹកនាំការងាររបស់ខ្លួនអញ្ចឹងមានន័យថានេះជាកត្តាសំខាន់ណាស់គុណភាព គុណភាពនេះបានមកពីការបើកវគ្គហ្វឹកហ្វឺនធ្វើយ៉ាងម៉េចឱ្យគាត់មានជំនាញគ្រប់គ្រាន់..» ។
ទាក់ទងនឹងការលើកទ្បើងខាងលើនេះ នាយិការអង្គការសីលការ លោកស្រី ធីតា ឃឹះ គាំទ្រការលើកទ្បើងរបស់ លោកស្រី អ៊ឹង កន្ថាផាវី។ ប៉ុន្តែលោកស្រីថាបញ្ហាប្រឈមជាងគេដែលបានរារាំងស្ត្រីមិនអាចចូលរួមវិស័យនយោបាយបានច្រើននោះគឺការរើសអើងពីគណបក្សនយោបាយ ។
លោកស្រី ធីតា ឃឹះស្នើឱ្យគណបក្សនយោបាយទាំងអស់ត្រូវបង្កើតវិធានការណ៍ផ្ទៃក្នុងរបស់ខ្លួនក្នុងការលើកកម្ពស់ស្ត្រីឱ្យមានឈ្មោះជាបេក្ខភាព លេខរៀងខាងលើនៅក្នុងបញ្ជីគណបក្សរបស់ខ្លួនដើម្បីអាចឱ្យស្ត្រីមានលទ្ធភាពជាប់ឆ្នោត ។
លោកស្រី ធីតា ឃឹះ ៖ «យោបល់របស់ខ្ញុំគុណភាពអីគាត់និយាយមិនខុសនោះទេក៏ប៉ុន្តែសារៈសំខាន់បំផុតហ្នឹងគឺការរើសអើងទៅលើស្ត្រីនៅក្នុងគណបក្សនយោបាយផ្ទាល់អញ្ចឹងទៅបញ្ហាប្រឈមធំជាងគេរបស់ស្ត្រីជាងគេគឺនៅក្នុងគណបក្សនយោបាយ..» ។
ប្រហាក់ប្រហែលនឹងការលើកទ្បើងខាងលើនេះដែរ អ្នកសំរបសំរួលកម្មវិធីអប់រំ និង យេនឌ័រ នៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (អង្គការខុមហ្រែ្វល) លោកស្រី សឺនកេត សិរីលក្ខណ៍ បានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុស្ត្រីថា បើគណបក្សនយោបាយលើកទ្បើងតែពីសមត្ថភាពរបស់ស្ត្រីក្នុងការចូលរួមវិស័យនយោបាយនោះវាហាក់បីដូចជាឧបសគ្គចំពោះស្ត្រីមួយចំនួន គឺពួកគេអាចរារែកក្នុងការប្រកួតប្រជែងក្នុងគណបក្សនយោបាយ ។
អ្នកស្រីបញ្ជាក់ថាទាំងនេះគឺជាឧបសគ្គព្រោះថាមនុស្សអាច យល់ច្រទ្បំថាសមត្ថភាពនេះទាល់តែបុគ្គលនោះជាអ្នកដែលបានរៀនខ្ពង់ខ្ពស់ ឬមានបទពិសោធន៍ច្រើនជាដើមទើបអាចចូលរួមក្នុងវិស័យនយោបាយ ។
អ្នកស្រី សឺនកេត សិរីលក្ខណ៍ បញ្ជាក់ផងដែរថាដើម្បីឱ្យមានវត្តមានស្ត្រីកាន់តែច្រើនក្នុងការឈរឈ្មោះឱ្យគេបាះឆ្នោតនោះទាល់តែមានច្បាប់កំណត់ឱ្យបានច្បាស់លាស់ពីចំនួនស្ត្រីនៅក្នុងបញ្ជីបោះឆ្នោត ។
លោកស្រី សឺនកេត សិរីលក្ខណ៍ ៖ «ចង់ឱស្ត្រីក្លាយជាតំណាងនៃបោះឆ្នោតឱ្យបានច្រើនទាល់តែគិតគូរអំពីការធ្វើដាក់នៅក្នុងច្បាប់បោះឆ្នោតឃុំ បោះឆ្នោតជាតិហ្នឹងដាក់ចំនួនស្ត្រីឱ្យជាក់លាក់ ឬក៏ដាក់ឆ្លាស់គ្នាពីលើដល់ក្រោមហ្នឹងឱ្យបានច្បាស់លាស់..» ។
បើតាមការឱ្យដឹងពីអ្នកស្រី សឺនកេត សិរីលក្ខណ៍ ចំនួនស្ត្រីដែលបានចូលរួមបោះឆ្នោតនាពេលកន្លងមកនេះមាន ៥២,៥២% ហើយចំនួនស្ត្រីដែលបានឈរឈ្មោះឱ្យគេបោះឆ្នោតនោះមានប្រមាណជាង២០% ។
សូមជំរាបថាពិធីប្រកាសបើកការអនុវត្តគម្រោង «ស្ត្រីក្នុងវិស័យនយោបាយ» នាព្រឹកមិញនេះទទួលបានគម្រោងពីសហភាពអឺរ៉ុប សំដៅជំរុញស្ត្រីចូលរួមក្នុងវិស័យនយោយបាយហើយអង្គការដែលប្រតិបត្តិគំរោងនេះ មានអង្គការបន្ទាយស្រី មណ្ឌលព័ត៌មានស្ត្រីកម្ពុជា និងរួមសហការជាមួយអង្គការអភិវឌ្ឍប្រព័ន្ធផ្សាយអាល្លឺម៉ង់ ។
ប្រទេសកម្ពុជា នឹងរៀបចំបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ នៅឆ្នាំ២០១៧ និងបោះឆ្នោតសភាអាណត្តិទី៦នៅឆ្នាំ២០១៨ ៕