en     km
en     km

មេធាវី​​ការ​ពារ​​ក្ដី​​មេ​ឃុំ​​បក្ស​ប្រឆាំង​​ ករណី​​កញ្ញា​​ស្រី​មុំ​ ​នឹង​​ស្នើ​​សុំ​​កូន​ក្តី​​នៅ​​ក្រៅ​​ឃុំ​

Share

​ភ្នំពេញ ៖ មេធាវី​ការពារ​ក្តី​ឲ្យ​លោក​មេឃុំ​មួយ​រូប​មក​ពី​គណបក្ស​ សម​ រ​ង្ស៊ី​ ក្នុង​ករណី​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​ គ្រោង​នឹង​ដាក់​លិខិត​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ស្នើ​សុំ​កូនក្តី​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ខណៈ​ដែល​តុលាការ​សម្រេច​លើក​ពេល​សាកសួរ​ចម្លើយ​បន្ថែម​នៅ​ស​ប្តា​ហ៍​ក្រោយ​នេះ​ ។​ ចំណែក​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា​ ទាល់តែ​ទទួល​បាន​លិខិត​របស់​មេធាវី​ ទើប​សុំ​ធ្វើ​អត្ថាធិប្បាយ​ ។​​​​ ​លោក​ ធូ​ វិ​រៈ​លម្អិត​ព័ត៌មាន​នេះ​៖

 

lawyer
​មេធាវី​ការពារ​ក្តី​ឲ្យ​ លោក​ ស៊ា​ង​ ចែត​ គឺ​ លោក​ សំ​ សុ​គង់​ នៅ​មុខ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ

​មេធាវី​ការពារ​ក្តី​ឲ្យ​ លោក​ ស៊ា​ង​ ចែត​ គឺ​ លោក​ សំ​ សុ​គង់​ បាន​ប្រាប់​អ្នក​សារព័ត៌​មាននៅ​មុខ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា​កូនក្ដី​របស់​លោក​សម​នឹង​បាន​នៅ​ក្រៅ​ឃុំ​ ដោយសារ​តែ​ភស្តុ​តាង​ដាក់បន្ទុក​ប្រឆាំង​កូនក្ដី​លោក​ មិន​មាន​ភាពរឹងមាំ​ ។​

​លោក​ សំ​ សុ​គង់​ និយាយ​ថា​ ៖ «​ក្រោយ​ពី​បំភ្លឺ​បន្ថែម​ នៅ​ថ្ងៃ​ទី​១៨​ ខែឧសភា​ នេះ​ ក្រុម​មេធាវី​នឹង​ដាក់​ពាក្យ​មួយ​សុំ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​ ដោយ​មានគ្រួសារ​គាត់​ជា​អ្នក​ធានា​ ហើយ​កូនក្តី​ខ្លួនឯង​នឹង​មិន​កេ​ច​វេស​ ហើយ​គាត់​ចូលរួម​គ្រប់​ដំណាក់កាល​នីតិវិធី​របស់​តុលាការ​»​ ។​

​លោក​ សំ​ សុ​គង់​ បាន​បន្ថែម​ថា​ តុលាការក្រុង​ភ្នំពេញ​ បាន​សម្រេច​លើក​ពេល​ការ​សួរ​ចម្លើយ​បន្ថែម​ទៅ​លើ​ លោក​មេឃុំ​ ស៊ា​ង​ ចែត​ មក​ពី​គណបក្ស​សម​ រ​ង្ស៊ី​ នៅ​ថ្ងៃ​ទី​ ១៨​ ខែឧសភា​ ដោយសារ​តុលាការ​ជាប់រវល់​ ។​ ​ជុំវិញ​បញ្ហា​នេះ​ អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ លី​ សុ​ផា​ណា​ មាន​ប្រសាសន៍​ថា​ លោក​មិន​អាច​ធ្វើការ​អត្ថាធិបាយ​បាន​យ៉ាងណា​នៅឡើយ​ទេ​ រហូត​ទាល់តែ​លោក​ទទួល​បាន​លិខិតផ្លូវការ​ណ៍​ពី​មេធាវី​ ។​

​លោក​ លី​ សុ​ផា​ណា​ មាន​ប្រសាសន៍​ថា​ ៖​ «​ចាំ​ពេល​បាន​ដាក់​ចូល​មក​រួច​ហើយ​ ចាំ​ខ្ញុំ​ឆ្លើយ​ជូន​បង​បាន​ថា​យើង​ពិចារណា​បែប​ណា​»​ ។​

​លោក​ មេឃុំ​  ស៊ា​ង​ ចែត​  មក​ពី​គណបក្ស​សម​ រ​ង្ស៊ី​ ស្ថិត​នៅ​ស្រុក​កំពង់សៀម​ ខេត្តកំពង់ចាម​ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស​ ពី​បទ​សូកប៉ាន់​សាក្សី​ តាម​មាត្រា​៥៤៨​ នៃ​ក្រមព្រហ្មទណ្ឌ​ នៅ​ថ្ងៃ​ទី​២៧​មេ​សា​ កន្លង​មក​ ។​

ការ​សម្រេច​ឃុំខ្លួន​នេះ​ បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ នាំ​ខ្លួន​មក​ភ្នំពេញ​ ដើម្បី​សាកសួរ​ពាក់ព័ន្ធ​នឹង​លុយ​ ៥០០$​ ដែល​ឈ្មោះ​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ បាន​ឆ្លើយ​ដាក់​ ។​ ក្នុង​សំនុំរឿង​របស់​ កញ្ញា​ ស្រី​មុំ​  តុលាការ​រាជធានី​ភ្នំពេញ​បាន​ ឃុំខ្លួន​ មន្ត្រីជាន់ខ្ពស់​សមាគម​អា​ដ​ហុ​ក​ ៤​នាក់​ ក្នុង​នោះ​មាន​ លោក​ នី​ សុខា​ ប្រធាន​ផ្នែក​ស៊ើបអង្កេត​  លោក​ ណៃ​វង់​ដា​ លោក​ យី​ សុខ​សាន​ ជា​អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​ និង​លោកស្រី​ លឹ​ម​ មុនី​  ជា​មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​របស់​សមាគម​នេះ​ និង​លោក​ នី​ ច​ រិ​យា​ ជា​អគ្គលេខាធិការ​រង​គជ​ប​  ៕

Share

Image
Image
Image