en     km
en     km

អាជ្ញា​ធរ​​ចុះ​​ត្រួត​ពិនិត្យ​​ទី​ស្នាក់​ការ​​សមាគម​ ​IDEA​ ​បន្ទាប់​​ពី​​មាន​​យុទ្ធ​នា​ការ​​អាវ​​ខ្មៅ​

Share

ភ្នំពេញ ៖ ​បន្ទាប់​ពី​បង្ក្រាប​លើ​ពួក​ពាក់អាវ​ខ្មៅ​ឬ​ហៅ​ថា​អ្នកធ្វើយុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​បាន​ដោយ​ជោគជ័យ​នៅ​ថ្ងៃនេះ​សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ​រក​មើល​ម៉ាស៊ីនបោះពុម្ព​អាវយឺត​ពណ៌​ខ្មៅ​ នៅ​ស្នាក់​ការ​សមាគម​មួយ​នៅ​រាជធានី​ភ្នំពេញ​។​ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ សមត្ថកិច្ច​ក៏​បាន​កោះហៅ​ប្រធាន​សមាគម​មួយ​រូប​មក​សាកសួរ​ ពាក់ព័ន្ធ​នឹង​ករណី​ យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ ។​ មន្ដ្រី​សិទ្ធិ​មនុស្ស​បានចាត់ទុកទ​ង្វើរបស់សមត្ថកិច្ច​នេះ​ថា​ ជា​សកម្មភាព​ថ្មី​មួយទៀត​ បង្ក្រាប​លើ​អង្គការ​សង្គម​ស៊ី​វិល​នៅ​កម្ពុជា​ ប៉ុន្ដែ​សមត្ថកិច្ច​ថា​ជា​ការ​ត្រួតពិនិត្យ​ធម្មតា​តែ​ប៉ុណ្ណោះ​ ។​

Von-Pov-

​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​នៅ​ព្រឹក​ថ្ងៃ​ទី ​១១ ​ខែឧសភា​នេះ​  បាន​ចុះ​ត្រួតពិនិត្យ​ស្នាក់​ការ​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ហៅ​កាត់​ថា​ IDEA​ ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​ពាក់អាវ​ខ្មៅ​ ។​

​លោក​ វ៉​ន់​ ពៅ​ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ការ​ចុះ​ត្រួតពិនិត្យ​នេះ​បន្ទាប់​ពី​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​នៃ​ក្រសួងមហាផ្ទៃ​បាន​ហៅ​លោក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ទឹកថ្លា​ ទាក់ទង​នឹង​យុទ្ធនាការ​ «​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​»​ ។​

​លោក​ វ៉​ន់​ ពៅ​ ៖​ «​គោលបំណង​ខ្លាច​យើង​មាន​រោង​ពុ​ម្ភ​បោះ​ពុ​ម្ភ​អាវ​អីហ្នឹង​៖.​..​ គេ​សួរ​តើ​យើង​មាន​បោះ​ពុ​ម្ភ​អាវ​ យុទ្ធនាការ​អាវ​ខ្មៅ​ហ្នឹង​អត់​ ហើយនឹង​គេ​សួរ​ថា​កន្លង​មក​យើង​ធ្វើ​កម្មវិធី​មូលគ្នា​រាល់ដង​ កម្មវិធី​ផ្សេងៗ​ពី​ណា​អ្នក​ផ្តល់​ថវិកា​ ផ្តល់​អាវ​ផ្តល់​សម្ភារៈ​»​ ។​

​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​រូប​នេះ​យល់​ថា​ សកម្មភាពរបស់សមត្ថកិច្ច​​គឺជា​រូបភាព​នៃ​ការ​បំភិតបំភ័យ​ដល់អង្គការ​សមាគម​ដែល​ធ្វើការ​តស៊ូ​មតិ​ ទាក់ទង​នឹង​សិទ្ធិ​និង​យុត្តិធម៌​ ។​

​ស្របពេល​ពេល​ជាមួយ​គ្នា​នេះ​លោក​ វ៉​ន​ ពៅ​ បញ្ជាក់​ថា​មាន​លិខិត​ចុះ​ថ្ងៃ​ទី ​១០ ​ខែឧសភា​ ឆ្នាំ​ ២០១៦​ របស់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា​ បាន​កោះហៅ​លោក​ ដើម្បី​សួរនាំ​ករណី​មួយ​ចំនួន​ពាក់ព័ន្ធ​យុទ្ធនាការ​អាវ​ខ្មៅ​ ហើយ​បន្ទាប់​មក​សមត្ថកិច្ច​បាន​មក​ពិនិត្យ​ស្នាក់​ការ​សមាគម​របស់​លោក​ ។​

ចំណែកលោក​ ព្រាប​ បុរី​ មន្ត្រី​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​នៃ​ក្រសួងមហាផ្ទៃ​ ដែល​បាន​ដឹកនាំ​ការ​ចុះ​ត្រួតពិនិត្យ​នេះ​ មិន​បាន​អះអាង​ពី​ការ​ចុះ​ត្រួតពិនិត្យ​នេះ​ទេ​ ។​

​លោក​ ព្រាប​ បុរី​ ៖​ «​អត់​ទេ​ ខ្ញុំ​គ្មាន​ទៅ​ទេ​ គ្រាន់​ទៅ​សំណេះសំណាល​ជាមួយ​មិត្តភក្តិ​តើ​ មានអី​ទៅ​ធ្វើ​ការពារ​អី​ខ្ញុំ​»​ ។​

​ទាក់ទិន​បញ្ហា​នេះ​ដែរ​ លោក​ អំ​ សំអាត​ ប្រធាន​ផ្នែក​ស៊ើបអង្កេត​របស់​អង្គការសិទ្ធិមនុស្ស​លី​កាដូ​ មាន​ប្រសា​ន៍​ថាស​កម្មនេះ​ គឺជា​ការ​គម្រាមកំហែង​បំភិតបំភ័យ​ និង​ជា​ការ​រំលោភ​ទៅ​លើ​សិទ្ធិ​របស់​អង្គការ​ សមាគម​ ។​

​លោក​យល់​ថា​ការ​ហៅ​ទៅ​សាកសួរ​ ក៏​ដូច​ជា​ការ​ចុះ​ទៅ​ឆែកឆេ​នេះ​ ធ្វើ​បានឱ្យ​ប៉ះពាល់​ដល់​អង្គការ​សមាគម​មួយ​ចំនួន​ ។​

​លោក​ អំ​ សំអាត​៖ «​ពីព្រោះ​យើង​ឃើញ​ហើយ​ ប្រហែល​ទៅ​ឆែក​ហ្នឹង​គ្មាន​ឃើញ​ម៉ាស៊ីន​បោះ​ពុ​ម្ភ​អី​ទេ​ អាវ​ទាំងអស់​ហ្នឹង​ ប៉ុន្តែ​យើង​ឃើញ​ថា​ អានេះ​ទី​១​ ជា​ការ​បារម្ភ​ខ្ពស់​របស់​អាជ្ញាធរ​ ក៏​ដូច​ជា​រដ្ឋាភិបាល​ទាក់ទង​នឹង​បញ្ហា​ដែល​ឃើញ​អ្នកខ្លះ​គាត់​ លើក​ឡើង​អំពី​យុទ្ធ​ការ​អាវ​ខ្មៅ​»​ ។​

​ការ​កោះហៅ​លោក​ វ៉​ន​ ពៅ​ និង​ការ​ត្រូ​ត​ពិនិត្យ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​យុទ្ធនាការ​ “​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​”​ ក្នុង​គោលបំណង​ទាមទារ​ឱ្យ​មានការ​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស​០៤​នាក់​ និង​អគ្គលេខាធិការ​រង​គ.ជ.​ប​ ម្នាក់​ដែល​ត្រូវ​បាន​ឃុំខ្លួន​ ក្រោយ​ការ​ចោទប្រកាន់​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ពាក់ព័ន្ធ​រឿង​របស់​នាង​ ខុ​ម​ ចាន់​តា​រ៉ា​ទី​ ហៅ​ស្រី​មុំ​ និង​បុរស​ម្នាក់​គេ​ថា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា​ ៕

Share

Image
Image
Image