en     km
en     km

លោ​ក​ អ៊ូ​ វី​រៈ​ ថា​​បក្ស​​កាន់​​អំណាច​​យល់​​ខុស​​ពី​​អ្វី​​ជា​​និទណ្ឌភាព​​ ខណៈ​​លោក​​ត្រៀម​​ឡើង​​តុលាការ​នៅ​ថ្ងៃស្អែក​

Share

​ភ្នំពេញ ៖ នៅ​ថ្ងៃស្អែក​ទី​១២​ខែឧសភា​នេះ​ ជា​ថ្ងៃ​កំណត់​ដែល​លោក​ អ៊ូ​ វី​រៈ​ ត្រូវ​ចូលខ្លួន​បំភ្លឺ​ក្នុង​តុលាការ​ តប​តាម​បណ្តឹង​របស់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ ក្នុង​សំណុំរឿង​បរិហារកេរ្តិ៍​ជា​សាធារណៈ​ ។​ មន្ត្រី​បក្ស​កាន់​អំណាច​បាន​ប្រកាស​ថា​ការ​ប្តឹង​លោក​ អ៊ូ​ វី​រៈ​ អ្នកវិភាគ​បញ្ហា​សង្គម​ គឺ​ដើម្បី​បញ្ចប់​វប្បធម៌​និទណ្ឌភាព​ ក្នុង​សង្គម​កម្ពុជា​។​ ប៉ុន្តែ​អង្គការ​សង្គម​ស៊ី​វិល​ថា​ ការ​ប្តឹង​លោក​ អ៊ូ​ វី​រៈ​ គឺជា​ផ្នែក​មួយ​នៃ​ការ​បំបិទមាត់​ និង​បិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ ។

Ou-Vireak
​លោក​ អ៊ូ​ វី​រៈ​ ប្រធាន​អង្គការ​វេទិកា​អនាគត​ និង​ជា​អ្នកវិភាគ​ស្ថានការណ៍​នយោបាយ។ រូបភាពពី៖ Facebook របស់ ​លោក​ អ៊ូ​ វី​រៈ

​លោក​ អ៊ូ​ វី​រៈ​ ប្រធាន​អង្គការ​វេទិកា​អនាគត​ និង​ជា​អ្នកវិភាគ​ស្ថានការណ៍​នយោបាយ​ នៅ​តែ​រក្សា​ជំហរ​រឹង​មាំ​ដដែល​ ក្នុង​ការ​ចូលខ្លួន​ទៅ​បំភ្លឺ​តាម​ដីកាកោះ​របស់​តុលាការ​នៅ​ថ្ងៃ​ទី​១២​ខែឧសភា​ស្អែក​នេះ​ តប​តាម​បណ្តឹង​របស់​បក្ស​កាន់​អំណាច​ ដែល​បាន​ចោទប្រកាន់​លោក​ថា​បាន​បរិហារកេរ្តិ៍​ គណបក្ស​ប្រជាជន​ជា​សាធារណៈ​ តាម​រយៈ​ការ​វិភាគ​របស់​លោក​ ។​​

​លោក​ អ៊ូ ​ វី​រៈ​ បញ្ជាក់​ប្រាប់​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ ការ​វិភាគ​របស់​លោក​នោះ​ គឺជា​ករណី​សម្តែង​មតិ​ជា​សាធារណៈ​ ហើយ​ការ​សម្តែង​មតិ​នេះ​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ដែល​មានការ​ ការពារ​ដោយ​ច្បាប់​ ។​ អ្នកវិភាគ​រូប​នេះ​ បន្ត​ថា​ការ​សម្តែង​មតិ​គឺ​មិន​ត្រូវ​រាប់​ចូល​ក្នុង​បទ​បរិហារកេរ្តិ៍​នោះ​ទេ​ ហើយ​ការ​ប្តឹង​រូប​លោក​ក៏​កាន់តែ​បង្ហាញ​រូបភាព​អាក្រក់​ថា​ សិទ្ធិ​បញ្ចេញមតិ​របស់​ពលរដ្ឋ​គឺ​កំពុង​រង​ផល​ប៉ះពាល់​ ។​

​លោក​ អ៊ូ​  វី​រៈ​ ៖ ​«ករណី​ខ្ញុំ​ គឺ​ខ្ញុំ​ច្បាស់លាស់​តែ​ម្តងនោះ​ គឺជា​ករណី​សាធារណៈ​ ហើយ​ទាក់ទង​នឹង​បទ​បរិហារកេរ្តិ៍​ជា​ទូទៅ​ ការ​សម្តែង​មតិ​មិន​អាច​រាប់​ចូល​ក្នុង​បទ​បរិហារកេរ្តិ៍​នោះ​ទេ​។​ ហើយ​ការ​ប្តឹង​ហ្នឹង​ យើង​មើលទៅ​វា​ពាក់ព័ន្ធ​ទៅ​លើ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ក្នុង​ការ​សម្តែង​មតិ​។​ ដូច្នេះ​ករណី​ខ្ញុំ​គឺ​យើង​តែ​តវ៉ា​ និង​ធ្វើការ​ការពារ​» ។​

​លោក​ សុខ​ ឥ​សាន្ត​  តាង​នាម​ជា​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ប្តឹង​លោក​ អ៊ូ​  វី​រៈ​ បន្ទាប់​ពី​អ្នកវិភាគ​រូប​នេះ​ បាន​វិភាគ​នៅ​ក្នុង​ការ​ផ្សាយ​របស់​វិទ្យុ​អាស៊ី​សេរី​ថា​ ជា​យុទ្ធសាស្ត្រ​របស់​គណបក្សកាន់អំណាច​នៅ​ពេល​នេះ​ គឺ​ព្យាយាម​គាបសង្កត់​លោក​ កឹ​ម​ សុខា​ និង​ហិរញ្ញវត្ថុ​របស់​លោក​ករណី​ កញ្ញា​ស្រី​មុំ​ ។​ បញ្ហា​នេះ​ គណបក្ស​ប្រជាជន​យល់​ឃើញ​ថា​ជា​ការ​បំផ្លើស​ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ និង​ជា​ការ​បរិហារកេរ្តិ៍​ ។​​

​លោក​ សុខ​ ឥ​សាន្ត​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ នឹង​ជា​អ្នក​តាំងខ្លួន​ជាដើម​បណ្តឹង​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ នៅ​ឯ​តុលាការ​រាជធានី​ភ្នំពេញ​ថា​ការ​វិភាគ​របស់​លោក​ អ៊ូ​ វី​រៈ​ គឺ​ហួស​ព្រំដែន​នៃ​សិទ្ធិ​បញ្ចេញមតិ​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​គណបក្ស​ប្រជាជន​ និង​អាច​ធ្វើ​ឱ្យ​ពលរដ្ឋ​យល់​ច្រ​លំ​ថា​ គណបក្ស​របស់​លោក​គាបសង្កត់​ ហើយ​មាន​ផែនការ​បំបែកបំបាក់​បក្ស​ប្រឆាំង​ ។​ លោក​បន្ត​ថា​ គណបក្ស​ប្រជាជន​ត្រូវ​តែ​ដោះស្រាយ​ករណី​នេះ​តាម​ផ្លូវច្បាប់​ ព្រោះ​កម្ពុជា​ជា​ប្រទេស​នីតិរដ្ឋ​ ហើយ​ការ​ប្តឹង​លោក​ អ៊ូ​ វី​រៈ​ ពេល​នេះ​គឺ​មិន​ចង់ឱ្យ​សង្គម​កម្ពុជា​កើត​មាន​វប្បធម៌​និទណ្ឌភាព​ឡើយ​ ។​

​លោក​ សុខ​ ឥ​សាន្ត​៖​​«​ការ​បញ្ចេញមតិ​ហ្នឹង​វា​ហួស​ព្រំដែន​ហើយ​ វា​ប៉ះពាល់​ដល់​កិត្តិយស​ បើ​យើង​មិន​ដោះស្រាយ​តាម​ផ្លូវច្បាប់​នោះ​ទេ​ ទី​មួយ​ប្រទេស​យើង​មិន​មាន​នីតិរដ្ឋ​ទេ​ វា​កើត​នូវ​វប្បធម៌​និទណ្ឌភាព​ ទី​ពីរ​ នាំ​ឱ្យ​វ​ប្រជាពលរដ្ឋ​មានការ​យល់​ច្រ​លំ​ថា​ ប្រា​ដក​ជា​គណបក្ស​មាន​ផែនការ​បំបែកបំបាក់​គេ​ ឬ​មួយ​ក៏​គាប់សង្កត់​គេ​ហើយ​ អ​ញ្ចឹ​ង​!​យើង​ក៏​ត្រូវ​តែ​ដោះស្រាយ​រក​យុត្តិធម៌​ជូន​ឱ្យ​យើង​ដែរ​» ។​

​សង្គម​ស៊ី​វិល​គេ​សង្កេត​ឃើញ​ថា​ អាជ្ញាធរ​ចាប់ផ្តើម​មាន​វិធានការ​រឹត​បន្តឹង​ ជា​បន្តបន្ទាប់​មក​លើ​មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​ សកម្មជន​ដីធ្លី​ជាដើម​ ខណៈ​ពួក​គេ​បាន​ជួបជុំ​ និង​ប្រមូលផ្តុំ​គ្នា​សម្តែង​មតិ​ ឱ្យ​មានការ​ដោះ​លែង​មន្ត្រី​អង្គការ​អា​ដ​ហុ​ក​ និង​មន្ត្រី​ គជ​ប​ ឱ្យ​មាន​សេរីភាព​ឡើង​វិញ​ ។​ ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​០៩​ខែឧសភា​ លោក​ អ៊ី​ សា​រ៉ុ​ម​ ប្រធាន​សមាគម​ន​ធាងត្នោត​ លោក​ ថាវ​ គឹ​ម​សាន​ មន្ត្រី​អង្គការ​លី​កាដូ​ សកម្មជន​ដីធ្លី​សហគមន៍​បុរី​កីឡា​ និង​ជនបរទេស​ពីរ​រូប​នៃ​អង្គការ​លី​កាដូ​ ត្រូវ​បាន​ចាប់ខ្លួន​ភ្លាមៗ​បន្ទាប់​ពី​ពួក​គេ​ចាប់ផ្តើម​យុទ្ធនាការ​ «​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​»​ ។​​

​យ៉ាងណា​ក៏​ដោយ​ មន្ត្រី​សង្គម​ស៊ី​វិល​ចាត់​ទុក​ថា​ ការ​កោះហៅ​អ្នកវិភាគ​ឯករាជ្យ​ លោក​ អ៊ូ​ វី​រៈ​ គឺជា​ចំណាត់ការ​របស់​រដ្ឋាភិបាល​លើ​អ្នក​សម្ដែង​មតិ​ ដែល​ហ៊ាន​និយាយ​រិះគន់​រដ្ឋាភិបាល​ និង​ដើម្បី​បំបាក់ស្មារតី​អ្នក​ជំនាន់​ក្រោយ​ ។​​

​លោក​ យ៉ង់​ គឹ​ម​អេ​ង​ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព​ និយាយ​ថា​នៅ​ពេល​អ្នក​សម្តែង​មតិ​ ទទួលទោស​នោះ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​កាន់តែ​មើលឃើញ​ថា​ មាន​រូបភាព​អាក្រក់​ទៅៗ​និង​មាន​លក្ខណ​រឹត​ត្បឹ​ត​ ។​ លោក​ថា​ ប្រសិនបើ​រដ្ឋាភិបាល​កាន់តែ​រឹត​បន្តឹង​ការ​បញ្ចេញមតិ​ នោះ​រដ្ឋាភិបាល​ខ្លួនឯង​ និង​កាន់តែ​បាត់បង់​ឪ​កាស​ក្នុង​ការ​កែ​លម្អ​ នូវ​ចំណុច​ខ្វះខាត​ទៅ​វិញ​ហើយ​ចំណាត់ការ​មក​លើ​អ្នកវិភាគ​បែប​នេះ​ មិនជា​ការ​លុប​បំបាត់​វប្បធម៌​និទណ្ឌភាព​នោះ​ទេ​ ពោល​គឺ​កាន់តែ​មើលឃើញ​ច្បាស់​ថា​ កម្ពុជា​កំពុង​ដើរ​ខុស​ពី​គន្លង​លទ្ធិប្រជាធិបតេយ្យ​ទៅ​វិញ​ ។​

​លោក​ យ៉ង់​ គឹ​ម​អេ​ង​ ៖​ ​​«​​កាលណា​ ការ​បញ្ចេញ​យើង​យក​ជា​ទោស​ គឺ​សេរីភាព​ហ្នឹង​វា​តូច​ចង្អៀត​ហើយ​បាទ​!​។​ អ​ញ្ចឹ​ង​បើ​យើង​និយាយ​ដល់​ទៅ​ដល់​និទណ្ឌភាព​ទៅ​លើ​អ្នក​បញ្ចេញមតិ​នោះ​ហ្នឹង​មាន​បញ្ហា​ហើយ​សម្រាប់​ការ​អនុវត្ត​ប្រជាធិបតេយ្យ​ក្នុង​សង្គម​ប្រជា​ធិ​តេ​យ្យ​ ​» ។​

​ចំពោះ​លោក​ អ៊ូ ​ វី​រៈ​ ដែល​កំពុង​រង​បណ្ដឹង​នេះ​ លើក​ឡើង​ថា​ការ​ដែល​គណបក្ស​ប្រជាជន​និយាយ​ថា​ ការ​ប្តឹង​នេះ​ដើម្បី​លុប​បំបាត់​វប្បធម៌​និទណ្ឌភាព​នោះ​ គឺជា​ការ​ខុស​ ព្រោះ​លោក​មិន​ទាន់​ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា​មានទោស​នៅឡើយ​នោះ​ទេ​ ។​ លោក​ថា​ វប្បធម៌​និទណ្ឌភាព​គឺ​សំដៅ​ទៅ​លើ​អ្នក​ប្រព្រឹត្តិ​ទោស​ហើយ​ តែ​មិន​ត្រូវ​បាន​ទទួលទោស​ ចំណែក​ការ​បញ្ចេញមតិ​របស់​លោក​មិន​មាន​ជាប់​ពាក់ព័ន្ធ​និង​និទណ្ឌភាព​នោះ​ឡើយ​ ។​

លោក​ អ៊ូ​ វី​រៈ​ ៖​​«​​​គាត់​និយាយ​ហ្នឹង​ក៏​ខុស​ដែរ​!​ និទណ្ឌភាព​បាន​ន័យ​ថា​ មាន​បទល្មើស​ហើយ​មិន​អនុវត្ត​ ដូច​ជា​ពួក​អ្នក​វៃ​តំណាងរាស្ត្រ​សភា​បី​រូប​ហ្នឹង​អ​ញ្ចឹ​ង​ ហើយ​គេ​មាន​ថត​វី​ដេ​អូ​មាន​មនុស្ស​មិន​ចេះ​តិច​ ហើយ​ក្នុង​កាសែត​ភ្នំពេញ​ប៉ុ​ស្តន៍​ថា​មាន​១៦​នាក់​ តែ​ចាប់​តែ​បី​នាក់​ អ​ញ្ចឹ​ង​បាន​ន័យ​ថា​ បី​នាក់​ហ្នឹង​មិន​មាន​និ​ទណ្ឌ​ ភាព​ អាហ្នឹង​គឺ​ការ​ពិត​។​ ហើយ​បើ​យើង​និយាយ​ពី​និទណ្ឌភាព​នោះ​គឺ​យើង​ឃើញ​រៀងរាល់ថ្ងៃ​ តែ​ករណី​សេរីភាព​បញ្ចេញមតិ​មិនមែន​ជា​បទល្មើស​ អ​ញ្ចឹ​ង​!​អត់​មាន​ទាក់ទង​រឿង​និទណ្ឌភាព​ទេ​ អ្វី​ដែល​គាត់​ធ្វើ​នេះ​ ទៅ​ជា​ការ​គាប់​សង្កេត​សេរីភាព​ការ​បញ្ចេញ​វិញ ​»​ ។​

​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​វិទ្យាស្ថាន​វ៉ា​ន់​ដា​ កាលពី​ម្សិលមិញ​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ មាន​ប្រសាសន៍​ថា​អ្នក​បញ្ចេញមតិ​ត្រូវ​គិត​ពី​ព្រំដែន​នៃ​សិទ្ធិ​របស់​ខ្លួនឯង​ ដើម្បី​ជៀសវាង​ប៉ះពាល់​សិទ្ធិ​អ្នក​ដទៃ​ ដែល​នាំ​ឱ្យ​មានការ​ប្តឹងផ្តល់​តាម​ផ្លូវច្បាប់​ ។​

​សម្តេច​ ហ៊ុន​ សែន​៖​ ​«​​​ខ្ញុំ​សុំ​បញ្ជាក់​សារ​ជា​ថ្មី​នៅ​ទី​នេះ​ សិទ្ធិ​របស់​អ្នកមាន​ព្រំប្រទល់​ជាមួយ​សិទ្ធិ​របស់​អ្នក​ដទៃ​។​ អ្នក​រំលោភសិទ្ធិ​អ្នក​ដទៃ​និង​ប៉ះពាល់​ទៅ​ដល់​បញ្ហា​ផ្លូវច្បាប់​ហើយ​ ហើយ​សូមកុំ​ប្រើប្រាស់​សិទ្ធិ​បញ្ចេញមតិ​ដើម្បី​បំពាន​អ្នក​ដទៃ​។​ រាជរដ្ឋាភិបាល​ត្រូវការ​រក្សា​សន្តិភាព​សម្រាប់​ប្រទេស​ រក្សា​នៅ​ស្ថេ​រ​ភាព​នយោបាយ​ដើម្បី​ការ​អភិវឌ្ឍន៍​ បុគ្គល​ធ្វើ​ខុស​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់»​ ។​​​

​រីឯ​លោក​ សុខ​ ឥ​សាន្ត​ បង្ហើយ​ថា​លោក​មិន​ដក​ពាក្យបណ្តឹង​វិញ​ឡើយ​បើ​ទោះបីជា​មាន​ដំណោះស្រាយ​ផ្នែក​នយោបាយ​ណាមួយ​ក៏​ដោយ​ ដោយ​លោក​បញ្ជាក់​ថា​ លោក​នឹង​អនុវត្ត​តាម​គន្លង​លទ្ធិប្រជាធិបតេយ្យ​ ដែល​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ឆ្នាំ​១៩៩១​ ។​​

​​លោក​ សុខ​ ឥ​សាន្ត​៖​​«​​​អត់​មាន​ដំណោះស្រាយ​នយោបាយ​អី​ទេ​ ក្រៅពី​ការ​អនុវត្ត​ច្បាប់​ ពីព្រោះ​យើង​ផ្អែក​ទៅ​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​ ថ្ងៃ​ទី​២៣​ ខែសីហា​ ឆ្នាំ​១៩៩១​ គឺថា​ ឱ្យ​យើង​ដើរ​តាម​គន្លង​នៃ​លទ្ធិប្រជាធិបតេយ្យ​ និង​នីតិរដ្ឋ» ​។

​​កាលពី​ថ្ងៃ​ទី​២៥​ខែមេសា​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ (Facebook)​ របស់​លោក​ថា​ មិន​អត់ឱន​ឲ្យ​អ្នក​ណា​ដែល​ និយាយ​មួលបង្កាច់​បង្ខូច​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​ ទៀត​ឡើយ​ ។​ លោក​ថា​ គណបក្សកាន់អំណាច​ គោរព​សិទ្ធិ​បញ្ចេញមតិ​ ប៉ុន្តែ​ប្រឆាំង​ដាច់ខាត​ចំពោះ​អ្នក​មួលបង្កាច់​បង្ខូច​កិត្តិយស​ និង​សេចក្ដី​ថ្លៃថ្នូរ​របស់​គណបក្ស​ ។​​

​បន្ទាប់​នោះ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ត​ បាន​ធ្វើ​ជាដើម​បណ្ដឹង​ប្ដឹង​ឲ្យ​តុលាការ​ ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក​ អ៊ូ​ វី​រៈ​ ចំនួន​ ៤០០​លាន​រៀល​ ឬ​ស្មើ​ប្រមាណ​ ១០​ម៉ឺន​ដុល្លារ​។​​

​នៅ​ក្នុង​សំនុំរឿង​អាស្រូវ​ស្នេហា​លួចលាក់​រវាង​ នាង​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ និង​ បរុស​ម្នាក់​ដែល​គេ​ចោទ​ថា​ជា​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ រហូត​មក​ទល់​ពេល​នេះ​ គឺ​មាន​មន្ត្រី​ សមាគម​អា​ដ​ហុ​ក​ចំនួន​៤​នាក់​ និង​មន្ត្រី​គជ​ប​ ម្នាក់​កំពុង​ជាប់​ឃុំខ្លួន​ ក្រោម​បទ​ចោទ​ សូកប៉ាន់​សាក្សី​ និង​សមគំនិត​សូកប៉ាន់​សាក្សី​ ហើយ​សាក្សី​ប្រហែលជា​កញ្ញា​ស្រី​មុំ​ ៕​

Share

Image
Image
Image