ភ្នំពេញ ៖ នៅថ្ងៃស្អែកទី១២ខែឧសភានេះ ជាថ្ងៃកំណត់ដែលលោក អ៊ូ វីរៈ ត្រូវចូលខ្លួនបំភ្លឺក្នុងតុលាការ តបតាមបណ្តឹងរបស់មន្ត្រីគណបក្សប្រជាជនកម្ពុជា ក្នុងសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈ ។ មន្ត្រីបក្សកាន់អំណាចបានប្រកាសថាការប្តឹងលោក អ៊ូ វីរៈ អ្នកវិភាគបញ្ហាសង្គម គឺដើម្បីបញ្ចប់វប្បធម៌និទណ្ឌភាព ក្នុងសង្គមកម្ពុជា។ ប៉ុន្តែអង្គការសង្គមស៊ីវិលថា ការប្តឹងលោក អ៊ូ វីរៈ គឺជាផ្នែកមួយនៃការបំបិទមាត់ និងបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ។
លោក អ៊ូ វីរៈ ប្រធានអង្គការវេទិកាអនាគត និងជាអ្នកវិភាគស្ថានការណ៍នយោបាយ នៅតែរក្សាជំហររឹងមាំដដែល ក្នុងការចូលខ្លួនទៅបំភ្លឺតាមដីកាកោះរបស់តុលាការនៅថ្ងៃទី១២ខែឧសភាស្អែកនេះ តបតាមបណ្តឹងរបស់បក្សកាន់អំណាច ដែលបានចោទប្រកាន់លោកថាបានបរិហារកេរ្តិ៍ គណបក្សប្រជាជនជាសាធារណៈ តាមរយៈការវិភាគរបស់លោក ។
លោក អ៊ូ វីរៈ បញ្ជាក់ប្រាប់វិទ្យុស្ត្រីនៅថ្ងៃនេះថា ការវិភាគរបស់លោកនោះ គឺជាករណីសម្តែងមតិជាសាធារណៈ ហើយការសម្តែងមតិនេះជាសិទ្ធិរបស់ពលរដ្ឋដែលមានការ ការពារដោយច្បាប់ ។ អ្នកវិភាគរូបនេះ បន្តថាការសម្តែងមតិគឺមិនត្រូវរាប់ចូលក្នុងបទបរិហារកេរ្តិ៍នោះទេ ហើយការប្តឹងរូបលោកក៏កាន់តែបង្ហាញរូបភាពអាក្រក់ថា សិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋគឺកំពុងរងផលប៉ះពាល់ ។
លោក សុខ ឥសាន្ត តាងនាមជាតំណាងគណបក្សប្រជាជនកម្ពុជា បានប្តឹងលោក អ៊ូ វីរៈ បន្ទាប់ពីអ្នកវិភាគរូបនេះ បានវិភាគនៅក្នុងការផ្សាយរបស់វិទ្យុអាស៊ីសេរីថា ជាយុទ្ធសាស្ត្ររបស់គណបក្សកាន់អំណាចនៅពេលនេះ គឺព្យាយាមគាបសង្កត់លោក កឹម សុខា និងហិរញ្ញវត្ថុរបស់លោកករណី កញ្ញាស្រីមុំ ។ បញ្ហានេះ គណបក្សប្រជាជនយល់ឃើញថាជាការបំផ្លើស និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងជាការបរិហារកេរ្តិ៍ ។
លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នឹងជាអ្នកតាំងខ្លួនជាដើមបណ្តឹង បានប្រាប់អ្នកសារព័ត៌មាន នៅឯតុលាការរាជធានីភ្នំពេញថាការវិភាគរបស់លោក អ៊ូ វីរៈ គឺហួសព្រំដែននៃសិទ្ធិបញ្ចេញមតិ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់គណបក្សប្រជាជន និងអាចធ្វើឱ្យពលរដ្ឋយល់ច្រលំថា គណបក្សរបស់លោកគាបសង្កត់ ហើយមានផែនការបំបែកបំបាក់បក្សប្រឆាំង ។ លោកបន្តថា គណបក្សប្រជាជនត្រូវតែដោះស្រាយករណីនេះតាមផ្លូវច្បាប់ ព្រោះកម្ពុជាជាប្រទេសនីតិរដ្ឋ ហើយការប្តឹងលោក អ៊ូ វីរៈ ពេលនេះគឺមិនចង់ឱ្យសង្គមកម្ពុជាកើតមានវប្បធម៌និទណ្ឌភាពឡើយ ។
សង្គមស៊ីវិលគេសង្កេតឃើញថា អាជ្ញាធរចាប់ផ្តើមមានវិធានការរឹតបន្តឹង ជាបន្តបន្ទាប់មកលើមន្ត្រីអង្គការសង្គមស៊ីវិល សកម្មជនដីធ្លីជាដើម ខណៈពួកគេបានជួបជុំ និងប្រមូលផ្តុំគ្នាសម្តែងមតិ ឱ្យមានការដោះលែងមន្ត្រីអង្គការអាដហុក និងមន្ត្រី គជប ឱ្យមានសេរីភាពឡើងវិញ ។ ជាក់ស្តែងកាលពីថ្ងៃទី០៩ខែឧសភា លោក អ៊ី សារ៉ុម ប្រធានសមាគមនធាងត្នោត លោក ថាវ គឹមសាន មន្ត្រីអង្គការលីកាដូ សកម្មជនដីធ្លីសហគមន៍បុរីកីឡា និងជនបរទេសពីររូបនៃអង្គការលីកាដូ ត្រូវបានចាប់ខ្លួនភ្លាមៗបន្ទាប់ពីពួកគេចាប់ផ្តើមយុទ្ធនាការ «ថ្ងៃចន្ទពណ៌ខ្មៅ» ។
យ៉ាងណាក៏ដោយ មន្ត្រីសង្គមស៊ីវិលចាត់ទុកថា ការកោះហៅអ្នកវិភាគឯករាជ្យ លោក អ៊ូ វីរៈ គឺជាចំណាត់ការរបស់រដ្ឋាភិបាលលើអ្នកសម្ដែងមតិ ដែលហ៊ាននិយាយរិះគន់រដ្ឋាភិបាល និងដើម្បីបំបាក់ស្មារតីអ្នកជំនាន់ក្រោយ ។
លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព និយាយថានៅពេលអ្នកសម្តែងមតិ ទទួលទោសនោះសេរីភាពក្នុងការបញ្ចេញមតិកាន់តែមើលឃើញថា មានរូបភាពអាក្រក់ទៅៗនិងមានលក្ខណរឹតត្បឹត ។ លោកថា ប្រសិនបើរដ្ឋាភិបាលកាន់តែរឹតបន្តឹងការបញ្ចេញមតិ នោះរដ្ឋាភិបាលខ្លួនឯង និងកាន់តែបាត់បង់ឪកាសក្នុងការកែលម្អ នូវចំណុចខ្វះខាតទៅវិញហើយចំណាត់ការមកលើអ្នកវិភាគបែបនេះ មិនជាការលុបបំបាត់វប្បធម៌និទណ្ឌភាពនោះទេ ពោលគឺកាន់តែមើលឃើញច្បាស់ថា កម្ពុជាកំពុងដើរខុសពីគន្លងលទ្ធិប្រជាធិបតេយ្យទៅវិញ ។
លោក យ៉ង់ គឹមអេង ៖ «កាលណា ការបញ្ចេញយើងយកជាទោស គឺសេរីភាពហ្នឹងវាតូចចង្អៀតហើយបាទ!។ អញ្ចឹងបើយើងនិយាយដល់ទៅដល់និទណ្ឌភាពទៅលើអ្នកបញ្ចេញមតិនោះហ្នឹងមានបញ្ហាហើយសម្រាប់ការអនុវត្តប្រជាធិបតេយ្យក្នុងសង្គមប្រជាធិតេយ្យ » ។
ចំពោះលោក អ៊ូ វីរៈ ដែលកំពុងរងបណ្ដឹងនេះ លើកឡើងថាការដែលគណបក្សប្រជាជននិយាយថា ការប្តឹងនេះដើម្បីលុបបំបាត់វប្បធម៌និទណ្ឌភាពនោះ គឺជាការខុស ព្រោះលោកមិនទាន់ត្រូវបានតុលាការរកឃើញថាមានទោសនៅឡើយនោះទេ ។ លោកថា វប្បធម៌និទណ្ឌភាពគឺសំដៅទៅលើអ្នកប្រព្រឹត្តិទោសហើយ តែមិនត្រូវបានទទួលទោស ចំណែកការបញ្ចេញមតិរបស់លោកមិនមានជាប់ពាក់ព័ន្ធនិងនិទណ្ឌភាពនោះឡើយ ។
ក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា កាលពីម្សិលមិញ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថាអ្នកបញ្ចេញមតិត្រូវគិតពីព្រំដែននៃសិទ្ធិរបស់ខ្លួនឯង ដើម្បីជៀសវាងប៉ះពាល់សិទ្ធិអ្នកដទៃ ដែលនាំឱ្យមានការប្តឹងផ្តល់តាមផ្លូវច្បាប់ ។
រីឯលោក សុខ ឥសាន្ត បង្ហើយថាលោកមិនដកពាក្យបណ្តឹងវិញឡើយបើទោះបីជាមានដំណោះស្រាយផ្នែកនយោបាយណាមួយក៏ដោយ ដោយលោកបញ្ជាក់ថា លោកនឹងអនុវត្តតាមគន្លងលទ្ធិប្រជាធិបតេយ្យ ដែលកម្ពុជាបានចុះកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ។
លោក សុខ ឥសាន្ត៖«អត់មានដំណោះស្រាយនយោបាយអីទេ ក្រៅពីការអនុវត្តច្បាប់ ពីព្រោះយើងផ្អែកទៅលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៩១ គឺថា ឱ្យយើងដើរតាមគន្លងនៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ» ។
កាលពីថ្ងៃទី២៥ខែមេសា សម្ដេចនាយករដ្ឋមន្ត្រី បានសរសេរនៅលើទំព័រហ្វេសប៊ុក (Facebook) របស់លោកថា មិនអត់ឱនឲ្យអ្នកណាដែល និយាយមួលបង្កាច់បង្ខូចកិត្តិយសគណបក្សប្រជាជនកម្ពុជា ទៀតឡើយ ។ លោកថា គណបក្សកាន់អំណាច គោរពសិទ្ធិបញ្ចេញមតិ ប៉ុន្តែប្រឆាំងដាច់ខាតចំពោះអ្នកមួលបង្កាច់បង្ខូចកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់គណបក្ស ។
បន្ទាប់នោះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត បានធ្វើជាដើមបណ្ដឹងប្ដឹងឲ្យតុលាការ ទាមទារសំណងជំងឺចិត្តពីលោក អ៊ូ វីរៈ ចំនួន ៤០០លានរៀល ឬស្មើប្រមាណ ១០ម៉ឺនដុល្លារ។
នៅក្នុងសំនុំរឿងអាស្រូវស្នេហាលួចលាក់រវាង នាង ខុម ចាន់តារាទី ហៅស្រីមុំ និង បរុសម្នាក់ដែលគេចោទថាជាលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិនោះ រហូតមកទល់ពេលនេះ គឺមានមន្ត្រី សមាគមអាដហុកចំនួន៤នាក់ និងមន្ត្រីគជប ម្នាក់កំពុងជាប់ឃុំខ្លួន ក្រោមបទចោទ សូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី ហើយសាក្សីប្រហែលជាកញ្ញាស្រីមុំ ៕