en     km
en     km

អធិប្បាយ​​ ៖​ ​ប្រទេស​​ ៥ ​​​នៃ​​សមាគម​អាស៊ាន​​មាន​​មេដឹក​នាំ​ថ្មី​​ខណៈ​​មួយ​​ចំនួន​​ស្ថិត​​នៅ​​ក្រោម​ការ​ផ្លាស់​ប្ដូរ​ដ៏​គួ​ឱ្យ​ព្រួយបារម្ភ​

Share

​ភូមិសាស្ត្រ​នយោបាយ​នៅ​អាស៊ីអា​គ្នេ​យ៍ ចុង​ក្រោយ​នេះ​ មានការ​ប្រែប្រួល​ជា​ខ្លាំង​ ។​ ប្រទេស​មួយ​ដែល​ពុំ​ធ្លាប់​មានការ​ផ្ទេរអំណាច​ រយៈពេល​ ៥​ទស​វត្ស​មកនេះ​ បាន​ឯកភាព​ជាតិ​ដោយ​ប្រគល់​អំណាច​ឱ្យ​អ្នក​ឈ្នះ​ដោយ​រលូន​  ខណៈ​ប្រ​ទេ​ស​ខ្លះ​ ផ្ទេរអំណាច​តាម​រយៈ​បក្ស​ជា​អ្នក​កំណត់​ ។​ តែ​បែប​នេះ​ក្ដី​ នៅ​មាន​ប្រទេស​បីទៀត​កំពុង​ឆ្លងកាត់​អន្តរកាល​ មួយ​យ៉ាង​ស្រួច​ស្រាវ​ ដែល​គេ​ពិបាក​រំពឹង​ថា​នឹង​មាន​ស្ថា​ភាព​ដូច​ម្ដេច​នោះ​ទេ​ ខណៈ​ប្រទេស​ទាំងនេះ​មានការ​រឹតត្បិត​សេរីភាព​ខាង​ន​យោ​បាយ​យ៉ាង​ខ្លាំង​ ។​ ដើម្បី​បាន​ជ្រាប​សូម​ស្ដាប់​អធិប្បាយ​របស់​លោក ​នួន​ បូ​រិ​ន​ ដូច​តទៅ​នេះ​៖


ប្រទេស​ចំនួន​ប្រាំក្នុង​ចំណោម​ប្រទេសទាំងទាំង ១០​ នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ បាន​ផ្លាស់​ប្ដួ​រ​មេដឹកនាំ​របស់​ខ្លួន​ហើយ​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ ដែល​គេ​ហៅ​ថា​«​ការ​បើក​ទំព័រ​សករាជ​ថ្មី​»​ ខណៈ​ប្រទេស​ដទៃ​ទៀត​កំពុង​ស្ថិត​នៅ​ក្រោម​ការ​​ផ្លាស់​ប្ដូរ​ដ៏​គួរ​ឱ្យ​ព្រួយបារម្ភ​ ។​ ​ប្រទេសប្រាំ​នេះ​ គឺ​មាន​ ប្រទេស​ភូមា​  វៀតណាម​ ឡាវ​ ឥណ្ឌូ​នេ​ស៊ី​និង​ចុង​ក្រោយ​ គឺ​ប្រទេស​ហ្វី​លី​ពី​ន​ ។​

analysis-asain-bumai
រូបភាពពី ៖ BBC

​ប្រទេស​ភូមា​ មាន​មេដឹកនាំ​ថ្មី​មក​ពី​គណបក្ស​ប្រឆាំងរបស់​ជើងឯក​ប្រជាធិបតេយ្យ​ អ៊ុ​ង ​សាន​ស៊ូ​ជី​ ។​ មុន​មានការ​ផ្លាស់​ប្ដូរ​មេ​ដឹក​នាំ​ថ្មី​គឺ​ប្រទេស​អតីត​របប​យោធា​និយម​នេះ​បាន​បូជាជីវិត​មនុស្ស​ជា​ច្រើន​ពាន់​នាក់​ ។​ ភូមា​មាន​មេដឹកនាំ​ថ្មី​តាម​រយៈ​ការ​បោះ​ឆ្នោ​ត​ កាលពី​ថ្ងៃ​ទី​ ០៨ ​វិច្ឆិកា​ ឆ្នាំ ​២០១៥​ ។​ ពួក​យោធា​កាន់​អំណាច​ជាង​ ៥០ ​ឆ្នាំ​ បាន​សម្រេច​ផ្ទេរអំណាច​ទៅ​ឱ្យ​អ្នក​ឈ្នះ​ ក្រោម​លក្ខ​ខណ្ឌ​សម្របសម្រួល​នយោបាយ​និង​ការ​ផ្សះផ្សា​ជាតិ​ ។​ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យ​ពួក​យោធា​យល់ព្រម​ប្រគល់​អំណាច​ឱ្យ​អ្នក​ឈ្នះ​គឺ​ដោយសារ​កម្លាំង​របស់​ប្រជាជន​ ស្ដែង​ចេញ​តាម​រយៈ​ការ​បោះ​ឆ្នោត​និងម្យ៉ាងទៀត​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​ ។

ដោយឡែក​ប្រទេស​ឡាវ​ និង​វៀតណាម​ ប្រកាន់​របប​កុ​ម្មុ​យ​នី​ស្ត​ ក៏​បាន​ផ្លាស់​ប្ដូរ​មេដឹកនាំ​ខ្លួន​ដែរ​ ។​ ប៉ុន្តែ​ប្រទេស​ពីរ​នេះ​ ផ្លាស់​ប្ដូរ​មេដឹកនាំ​តាម​រយៈ​ ការ​ធ្វើ​មហាសន្និបាត​បក្ស​និង​ការ​បោះ​ឆ្នោត​ទុកចិត្ត​ពី​សមាជិក​សភា​ ដែល​គេ​ហៅ​ថា​សភា​ប្រជាជន​ ដោយ​កំណត់​ ១០​ ឆ្នាំ​រុះរើ​មេដឹកនាំ​ម្ដង​ ។​

​កាលពី​ឆ្នាំ ​២០១៥​ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​បាន​ផ្លាស់​ប្ដូរ​មេដឹកនាំ​តាម​រយៈ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ ។​ បេក្ខជន​ម្នាក់​ មក​ពី​ក្រុម​ គណបក្សប្រឆាំង​ គឺ​លោក​ ចូ​កូ​វិ​ដូ​ដូ​ បាន​ឈ្នះ​ឆ្នោត​ ដែល​ជា​ការ​ បិទ​បញ្ចប់​អំណាច​ កេរ្តិ៍​មរតក​របស់​ គណបក្ស​មេដឹកនាំ​ផ្ដាច់​ការ​សូ​ហា​តូ​ ។​ ប្រទេស​នេះ​ បាន​ផ្ទេរអំណាច​ ដោយ​រលូន​ ។​

analysis-asain-philipine
ប្រជាជនហ្វី ​លី​ពី​ន​ចេញ​ទៅ​បោះ​ឆ្នោត។ រូបភាព៖ BBC

​ចំណែក​ប្រទេស​ហ្វី​លី​ពី​ន​ គេ​ហៅ​ថា​សាធារណរដ្ឋ​ គឺ​កំពុង​ឆ្លងកាត់​អន្តរកាល​ នៃ​ការ​ផ្លាស់​ប្ដូរ​អំណាច​រដ្ឋ​ ។​ ប្រធានាធិបតី​ បេ​នី​ណូ​ អា​គី​ណូ​ ត្រូវ​ចាក​ចេញពី​តំណែង​ តាម​ការ​កំណត់​ របស់​រដ្ឋ​ធ​មនុញ្ញ​ បន្ទាប់​ពី​លោក​កាន់​តំណែង​រយៈពេល​ ៦​ឆ្នាំ​ ។​ ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ នៅ​ថ្ងៃ​ទី​៩​ឧសភា​ របស់​ប្រទេស​នេះ​នាំ​ឱ្យ​មានការ​ផ្លាស់​ប្ដូរ​ជា​ប្រវត្តិសាស្ត្រ​ ។​ បេក្ខជន​ឈ្នះ​ឆ្នោត​ គឺ​លោក​Rodrigo​ Digong​ Duterte​  ជា​អភិបាលក្រុង​ Davao​ នៃ​ភាគ​ខាងត្បូង​ប្រទេស​ ។​ លោក​បាន​ឈ្នះ​ឆ្នោត​ដាច់​មុខ​គេ​ លើ​បេក្ខជន​ ៤​ រូប​ទៀត​ ។​

​ប្រជាជន​ហ្វី​លី​ពី​ន​ចេញ​ទៅ​បោះ​ឆ្នោត​ ៨១​ភាគ​នៃ​អ្នកមាន​ឈ្មោះ​បោះ​ឆ្នោត​ ៥៤​លាន​នាក់​ ។​ លោក​ Rodrigo​ ដណ្ដើម​បាន​សន្លឹក​ឆ្នោត​៤០​ភាគរយ​  ។​ ចំណែ​ក​បេក្ខជន​៤​រូប​ទៀត​  អ្នកខ្លះ​បាន​ជាង​២០​ភាគរយ​ អ្នកខ្លះ​បាន​ ជាង​១០​ភាគរយ​ ។​ លោក​ត្រូវ​បាន​ប្រជាជន​ និង​អ្នកនយោបាយ​ ហ្វី​លី​ពី​ន​ដាក់​ឈ្មោះ​ថា​ជា​ អ្នក​ប្រកាន់​ខ្សែ​តឹង​ ។​

​នៅ​ក្នុង​រដូវ​ឃោសនា​រកសំលេងឆ្នោត​  លោក​សន្យា​កំទេចពួក​ពុក​រលួយ​ បក្សពួក​និយម​ យោធា​និយម​ ហើយ​ជា​ពិសេស​ថា​ លោក​សន្យា​ ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ លើ​ឧក្រិដ្ឋជនល្បីឈ្មោះ ។​ លោក​ក៏​បាន​សន្យា​ ជិះ​លើ​នាវា​ ដើម្បី​ទៅ​កាន់​ កោះ​ដែល​មាន​ជំ​លោះ​ជាមួយ​ចិន​។​ ធានា​ធិ​បតី​ ចូល​និវត្តន៍​ បេ​នី​ណូ​អា​គី​ណូ​ សម្ដែង​ការ​ព្រួយបារម្ភ​ ពី​ការ​ដឹកនាំ​បែប​ផ្ដាច់​ការ​របស់​លោក​ Rodrigo​  ។​ លោក​បេ​នី​ណូ​អា​គី​ណូ​ទទូច​ឱ្យ​មានការ​សម្របសម្រួល​ជាតិ​ មុន​ធ្វើ​អ្វីមួយ​ ។​

ប្រទេស​ស្ថិត​នៅ​ក្នុង​អន្តរកាល​នៃ​ការ​ផ្លាស់​ប្ដូរ​មេដឹកនាំ​គួរ​ឱ្យ​ព្រួយបារម្ភ​

​ក្នុង​ចំណោម​ប្រទេស​ចំនួន​១០​នៃ​សមាគម​អាស៊ាន​ ឃើញ​ថា​ប្រទេស​ ៥​ខាងលើ​នេះ​ បាន​ ផ្លាស់​ប្ដូរ​មេដឹកនាំ​របស់​ខ្លួន​ ដោយ​ ភាព​រលូន​ និង​មានការ​ជឿជាក់​ទុកចិត្ត​ ពោល​គឺ​មិន​មានការ​សង​សឹក​ គុំ​គួ​ន​អ្វី​ឡើយ​ ។​

​ប្រទេស​ភូមា​ ទទួល​បានការ​សាទរ​ខ្លាំង​ជាងគេ​ ពី​សហគមន៍​អន្តរជាតិ​ ទោះជា​លោកស្រី​អ៊ុ​ង​សាន​ស៊ូ​ជី​ មិន​បាន​ ធ្វើ​ជា​ប្រធានាធិបតី​ក៏​ដោយ​ ។​ ប្រទេស​ក្រីក្រ​មួយ​ នេះ​កំពុង​ទាក់ទាញ​យ៉ាង​ខ្លាំង​កម្លាំង​វិនិយោគទុន​បរទេស​ ។​ សហរដ្ឋអាមេរិក​ សហភាព​អឺរ៉ុប​ និង​ប្រទេស​ជប៉ុន​ បាន​សន្យា​ផ្ដល់​ប្រាក់​ជំនួយ​ រាប់រយ​លាន​ដុល្លារ​ ដើម្បី​ជួយ​អភិវឌ្ឍន៍​ សេដ្ឋកិច្ច​ និង​ ប្រជាធិបតេយ្យ​ ។​

​ចំណែក​ ប្រទេស​ដែល​កំពុង​ឆ្លងកាត់​អន្តរកាល​ នៃ​ការ​ផ្លាស់​ប្ដូរ​មេដឹកនាំ​ ដែល​គេ​ហៅ​ថា​ការ​ផ្លាស់​ប្ដូរ​គួរ​ឱ្យ​ព្រួយបារម្ភ​ គឺ​មាន​ ៣​ ប្រទេស​ -​ប្រទេស​ថៃ​  កម្ពុជា​ និង​ ម៉ា​ឡេ​ស៊ី​ ។​  ប្រទេស​ថៃ​ នឹង​មានការ​បោះ​ឆ្នោត​សភា​ នៅ​ខែកក្កដា​ ឆ្នាំ​២០១៧​  ។​ កម្ពុជា​ និង​ម៉ា​ឡេ​ស៊ី​ នឹង​មានការ​បោះ​ឆ្នោត​ សភាឆ្នាំ​២០១៨​ ។​ ប្រទេស​ទាំង​៣​នេះ​  សុទ្ធតែ​មាន​សន្ទុះ​នៃ​ការ​ផ្លាស់​ប្ដូរ​យ៉ាង​ខ្លាំង​ ។​

analysis-asain-thai
រូបភាព ៖ BBC

​រាជាណាចក្រ​ថៃ​ដែល​ធ្លាប់​មាន​រដ្ឋប្រហារ​ ១៩ ​លើក​មក​ហើយ​នេះ​ នឹង​មានការ​ផ្លាស់​ប្ដូរ​អំណាច​ ពី​រដ្ឋាភិបាល​យោធា​សព្វ​ថៃ​ ទៅ​រដ្ឋាភិបាល​ជាប់​ឆ្នោត​ ។​ មានការ​ព្រមាន​ថា​ ការ​បោះ​ឆ្នោត​ ឆ្នាំ​២០១៧​ នឹង​ធ្វើ​ឱ្យ​រាជាណាចក្រ​នេះ​កែប្រែ​មុខមាត់​ថ្មី​ តែបើ​ពុំ​ដូច្នេះ​ទេ​ នឹង​រឹតតែ​ឈឺចាប់​ទៀត​ ព្រោះ​ពួក​យោធា​ជា​អ្នក​កាន់​អំណាច​រដ្ឋ​ ។​ បច្ចុប្បន្ន​ ប្រទេស​នេះ​មានការ​រឹត​បន្តឹង​សេរីភាព​ខាង​ នយោបាយយ៉ាង​ខ្លាំង​ ។​ អ្នកនយោបាយ​ជា​ច្រើន​ ត្រូវ​បាន​ចោទប្រកាន់​ឡើង​ តុលាការ​ក្នុង​នោះ​មាន​ អតីត​នាយក​រដ្ឋមន្ត្រី​ យី​ង​ឡាក់​ស៊ី​ណា​វា​ត្រាម្នាក់​ដែរ​ ។​

​រីឯ​ប្រទេស​ម៉ា​ឡេ​ស៊ី​ ក៏​រង​នូវ​អំពើ​ហិង្សា​នយោបាយ​ដែរ​ ។​ មេដឹកនាំ​បក្ស​ប្រឆាំង​ ល្បីឈ្មោះ​ម្នាក់​ កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​  សកម្មជន​សង្គម​ជា​ច្រើន​ ជា​មុខសញ្ញា​នៃ​ការ​ចាប់ខ្លួន​ ។​ នាយក​រដ្ឋមន្ត្រី​របស់​ប្រទេស​នេះ​ គឺ​លោក​ ណា​ជិ​ព ​រ៉ា​សាក់​ មានឈ្មោះ​ជា​មេដឹកនាំ​ពុក​រលួយ​ពិតមែន​ តែ​មិន​អាច​ចាត់ការ​លោក​ឡើង​តុលាការ​បាន​ឡើយ​ ។​ ប្រជាជន​ភាគច្រើន​ បាត់​ជំនឿ​ ហើយ​ ពួក​គេ​ថា​ នឹង​លែង​គាំទ្រ​ គណបក្សកាន់អំណាច​របស់​លោក ​ណា​ជីព ​ទៀត ហើយ​ ។​

election-2013
ប្រជាជនកម្ពុជាចេញទៅបោះឆ្នោតកាលពីពេលកន្លងមក។

​ចំណែក​ រាជាណាចក្រ​កម្ពុជា​វិញ​មេដឹកនាំ​បក្ស​ប្រឆាំង​ គេចខ្លួន​នៅ​ក្រៅប្រទេស​ និង​សកម្មជន​នយោបាយ​ ១៦​រូប​ទៀតជាប់​ឃុំ​នៅ​ពន្ធនាគារ​ ។​ តែ​បែប​នេះ​ក្ដី​ កម្ពុជា​ មាន​លក្ខណៈ​ពិសេស​ ជាង​ប្រទេស​ថៃ​ និង​ម៉ា​ឡេ​ស៊ី​ បន្តិច​ គឺ​ត្រង់​ ប្រទេស​នេះ​ មាន​ច្បាប់បោះឆ្នោត​មួយ​ថ្មី​ដោយ​កំណត់​ឱ្យ​ គណបក្ស​ចាញ់ឆ្នោត​ ទទួលស្គាល់​ លទ្ធផល​ បោះ​ឆ្នោត​ ហើយ​ បើ​ពុំនោះ​ទេ​ អាសនៈ​របស់​បក្ស​ដែល​មិន​ព្រម​ទទួលយក​ការ​ចាញ់ឆ្នោត​ នឹង​ត្រូវ​បាន​រឹបអូស​ ។​ អ្នក​ចាញ់​មិន​មាន​សិទ្ធិ​តវ៉ា​ ដូច​អាណត្តិ​មុនៗ​ឡើយ​ ។​ នេះ​ជា​ការ​សម្របសម្រួល​អំណាច​មួយ​ក៏​ពិតមែន​ ប៉ុន្តែ​ នៅ​មាន​ឧបសគ្គ​ជា​ច្រើន​ ដែល​អាច​ ធ្វើ​ឱ្យ​សៅហ្មង​ ចំពោះ​ ការ​ឯកភាព​ជាតិ​មុន​ការ​បោះ​ឆ្នោត​ ។​

​សរុបសេចក្ដី​ទៅ​ បើ​យោង​តាម​ស្ថានភាព​នយោបាយ​នៃ​ប្រទេស​ទាំង​៣​នេះ​ គឺ​កតា្ត​ភូមិសាស្ត្រ​ នយោបាយ​ ប្រហាក់ប្រហែល​គ្នា​ គឺ​គេ​អាច​រាប់​ទាំង​ បញ្ហា​សិទ្ធិ​សេរីភាព​ ខាង​ការ​ប្រមូល​​ផ្ដុំ​ សេរីភាព​សម្ដែង​មតិ​ និង​ ការ​គុំ​គួ​ន​សង​សឹង​ខាង​នយោបាយ​ មាន​រូបភាព​ដូច​គ្នា​ ។​​ទាំងនេះ​គឺ​ពិតជា​ការ​ព្រួយបារម្ភ​អំពី​ការ​ផ្លាស់​ប្ដូរ​មួយ​ ជា​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ទាំង​៣​នេះ​ ៕​

Share

Image
Image
Image