ភូមិសាស្ត្រនយោបាយនៅអាស៊ីអាគ្នេយ៍ ចុងក្រោយនេះ មានការប្រែប្រួលជាខ្លាំង ។ ប្រទេសមួយដែលពុំធ្លាប់មានការផ្ទេរអំណាច រយៈពេល ៥ទសវត្សមកនេះ បានឯកភាពជាតិដោយប្រគល់អំណាចឱ្យអ្នកឈ្នះដោយរលូន ខណៈប្រទេសខ្លះ ផ្ទេរអំណាចតាមរយៈបក្សជាអ្នកកំណត់ ។ តែបែបនេះក្ដី នៅមានប្រទេសបីទៀតកំពុងឆ្លងកាត់អន្តរកាល មួយយ៉ាងស្រួចស្រាវ ដែលគេពិបាករំពឹងថានឹងមានស្ថាភាពដូចម្ដេចនោះទេ ខណៈប្រទេសទាំងនេះមានការរឹតត្បិតសេរីភាពខាងនយោបាយយ៉ាងខ្លាំង ។ ដើម្បីបានជ្រាបសូមស្ដាប់អធិប្បាយរបស់លោក នួន បូរិន ដូចតទៅនេះ៖
ប្រទេសចំនួនប្រាំក្នុងចំណោមប្រទេសទាំងទាំង ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បានផ្លាស់ប្ដួរមេដឹកនាំរបស់ខ្លួនហើយនៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដែលគេហៅថា«ការបើកទំព័រសករាជថ្មី» ខណៈប្រទេសដទៃទៀតកំពុងស្ថិតនៅក្រោមការផ្លាស់ប្ដូរដ៏គួរឱ្យព្រួយបារម្ភ ។ ប្រទេសប្រាំនេះ គឺមាន ប្រទេសភូមា វៀតណាម ឡាវ ឥណ្ឌូនេស៊ីនិងចុងក្រោយ គឺប្រទេសហ្វីលីពីន ។
ប្រទេសភូមា មានមេដឹកនាំថ្មីមកពីគណបក្សប្រឆាំងរបស់ជើងឯកប្រជាធិបតេយ្យ អ៊ុង សានស៊ូជី ។ មុនមានការផ្លាស់ប្ដូរមេដឹកនាំថ្មីគឺប្រទេសអតីតរបបយោធានិយមនេះបានបូជាជីវិតមនុស្សជាច្រើនពាន់នាក់ ។ ភូមាមានមេដឹកនាំថ្មីតាមរយៈការបោះឆ្នោត កាលពីថ្ងៃទី ០៨ វិច្ឆិកា ឆ្នាំ ២០១៥ ។ ពួកយោធាកាន់អំណាចជាង ៥០ ឆ្នាំ បានសម្រេចផ្ទេរអំណាចទៅឱ្យអ្នកឈ្នះ ក្រោមលក្ខខណ្ឌសម្របសម្រួលនយោបាយនិងការផ្សះផ្សាជាតិ ។ ប៉ុន្តែអ្វីដែលធ្វើឱ្យពួកយោធាយល់ព្រមប្រគល់អំណាចឱ្យអ្នកឈ្នះគឺដោយសារកម្លាំងរបស់ប្រជាជន ស្ដែងចេញតាមរយៈការបោះឆ្នោតនិងម្យ៉ាងទៀតសម្ពាធពីសហគមន៍អន្តរជាតិ ។
ដោយឡែកប្រទេសឡាវ និងវៀតណាម ប្រកាន់របបកុម្មុយនីស្ត ក៏បានផ្លាស់ប្ដូរមេដឹកនាំខ្លួនដែរ ។ ប៉ុន្តែប្រទេសពីរនេះ ផ្លាស់ប្ដូរមេដឹកនាំតាមរយៈ ការធ្វើមហាសន្និបាតបក្សនិងការបោះឆ្នោតទុកចិត្តពីសមាជិកសភា ដែលគេហៅថាសភាប្រជាជន ដោយកំណត់ ១០ ឆ្នាំរុះរើមេដឹកនាំម្ដង ។
កាលពីឆ្នាំ ២០១៥ ប្រទេសឥណ្ឌូនេស៊ីបានផ្លាស់ប្ដូរមេដឹកនាំតាមរយៈការបោះឆ្នោតប្រធានាធិបតី ។ បេក្ខជនម្នាក់ មកពីក្រុម គណបក្សប្រឆាំង គឺលោក ចូកូវិដូដូ បានឈ្នះឆ្នោត ដែលជាការ បិទបញ្ចប់អំណាច កេរ្តិ៍មរតករបស់ គណបក្សមេដឹកនាំផ្ដាច់ការសូហាតូ ។ ប្រទេសនេះ បានផ្ទេរអំណាច ដោយរលូន ។
ចំណែកប្រទេសហ្វីលីពីន គេហៅថាសាធារណរដ្ឋ គឺកំពុងឆ្លងកាត់អន្តរកាល នៃការផ្លាស់ប្ដូរអំណាចរដ្ឋ ។ ប្រធានាធិបតី បេនីណូ អាគីណូ ត្រូវចាកចេញពីតំណែង តាមការកំណត់ របស់រដ្ឋធមនុញ្ញ បន្ទាប់ពីលោកកាន់តំណែងរយៈពេល ៦ឆ្នាំ ។ ការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី៩ឧសភា របស់ប្រទេសនេះនាំឱ្យមានការផ្លាស់ប្ដូរជាប្រវត្តិសាស្ត្រ ។ បេក្ខជនឈ្នះឆ្នោត គឺលោកRodrigo Digong Duterte ជាអភិបាលក្រុង Davao នៃភាគខាងត្បូងប្រទេស ។ លោកបានឈ្នះឆ្នោតដាច់មុខគេ លើបេក្ខជន ៤ រូបទៀត ។
ប្រជាជនហ្វីលីពីនចេញទៅបោះឆ្នោត ៨១ភាគនៃអ្នកមានឈ្មោះបោះឆ្នោត ៥៤លាននាក់ ។ លោក Rodrigo ដណ្ដើមបានសន្លឹកឆ្នោត៤០ភាគរយ ។ ចំណែកបេក្ខជន៤រូបទៀត អ្នកខ្លះបានជាង២០ភាគរយ អ្នកខ្លះបាន ជាង១០ភាគរយ ។ លោកត្រូវបានប្រជាជន និងអ្នកនយោបាយ ហ្វីលីពីនដាក់ឈ្មោះថាជា អ្នកប្រកាន់ខ្សែតឹង ។
នៅក្នុងរដូវឃោសនារកសំលេងឆ្នោត លោកសន្យាកំទេចពួកពុករលួយ បក្សពួកនិយម យោធានិយម ហើយជាពិសេសថា លោកសន្យា ដាក់ទណ្ឌកម្មធ្ងន់ធ្ងរ លើឧក្រិដ្ឋជនល្បីឈ្មោះ ។ លោកក៏បានសន្យា ជិះលើនាវា ដើម្បីទៅកាន់ កោះដែលមានជំលោះជាមួយចិន។ ធានាធិបតី ចូលនិវត្តន៍ បេនីណូអាគីណូ សម្ដែងការព្រួយបារម្ភ ពីការដឹកនាំបែបផ្ដាច់ការរបស់លោក Rodrigo ។ លោកបេនីណូអាគីណូទទូចឱ្យមានការសម្របសម្រួលជាតិ មុនធ្វើអ្វីមួយ ។
ប្រទេសស្ថិតនៅក្នុងអន្តរកាលនៃការផ្លាស់ប្ដូរមេដឹកនាំគួរឱ្យព្រួយបារម្ភ
ក្នុងចំណោមប្រទេសចំនួន១០នៃសមាគមអាស៊ាន ឃើញថាប្រទេស ៥ខាងលើនេះ បាន ផ្លាស់ប្ដូរមេដឹកនាំរបស់ខ្លួន ដោយ ភាពរលូន និងមានការជឿជាក់ទុកចិត្ត ពោលគឺមិនមានការសងសឹក គុំគួនអ្វីឡើយ ។
ប្រទេសភូមា ទទួលបានការសាទរខ្លាំងជាងគេ ពីសហគមន៍អន្តរជាតិ ទោះជាលោកស្រីអ៊ុងសានស៊ូជី មិនបាន ធ្វើជាប្រធានាធិបតីក៏ដោយ ។ ប្រទេសក្រីក្រមួយ នេះកំពុងទាក់ទាញយ៉ាងខ្លាំងកម្លាំងវិនិយោគទុនបរទេស ។ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសជប៉ុន បានសន្យាផ្ដល់ប្រាក់ជំនួយ រាប់រយលានដុល្លារ ដើម្បីជួយអភិវឌ្ឍន៍ សេដ្ឋកិច្ច និង ប្រជាធិបតេយ្យ ។
ចំណែក ប្រទេសដែលកំពុងឆ្លងកាត់អន្តរកាល នៃការផ្លាស់ប្ដូរមេដឹកនាំ ដែលគេហៅថាការផ្លាស់ប្ដូរគួរឱ្យព្រួយបារម្ភ គឺមាន ៣ ប្រទេស -ប្រទេសថៃ កម្ពុជា និង ម៉ាឡេស៊ី ។ ប្រទេសថៃ នឹងមានការបោះឆ្នោតសភា នៅខែកក្កដា ឆ្នាំ២០១៧ ។ កម្ពុជា និងម៉ាឡេស៊ី នឹងមានការបោះឆ្នោត សភាឆ្នាំ២០១៨ ។ ប្រទេសទាំង៣នេះ សុទ្ធតែមានសន្ទុះនៃការផ្លាស់ប្ដូរយ៉ាងខ្លាំង ។
រាជាណាចក្រថៃដែលធ្លាប់មានរដ្ឋប្រហារ ១៩ លើកមកហើយនេះ នឹងមានការផ្លាស់ប្ដូរអំណាច ពីរដ្ឋាភិបាលយោធាសព្វថៃ ទៅរដ្ឋាភិបាលជាប់ឆ្នោត ។ មានការព្រមានថា ការបោះឆ្នោត ឆ្នាំ២០១៧ នឹងធ្វើឱ្យរាជាណាចក្រនេះកែប្រែមុខមាត់ថ្មី តែបើពុំដូច្នេះទេ នឹងរឹតតែឈឺចាប់ទៀត ព្រោះពួកយោធាជាអ្នកកាន់អំណាចរដ្ឋ ។ បច្ចុប្បន្ន ប្រទេសនេះមានការរឹតបន្តឹងសេរីភាពខាង នយោបាយយ៉ាងខ្លាំង ។ អ្នកនយោបាយជាច្រើន ត្រូវបានចោទប្រកាន់ឡើង តុលាការក្នុងនោះមាន អតីតនាយករដ្ឋមន្ត្រី យីងឡាក់ស៊ីណាវាត្រាម្នាក់ដែរ ។
រីឯប្រទេសម៉ាឡេស៊ី ក៏រងនូវអំពើហិង្សានយោបាយដែរ ។ មេដឹកនាំបក្សប្រឆាំង ល្បីឈ្មោះម្នាក់ កំពុងជាប់ឃុំក្នុងពន្ធនាគារ សកម្មជនសង្គមជាច្រើន ជាមុខសញ្ញានៃការចាប់ខ្លួន ។ នាយករដ្ឋមន្ត្រីរបស់ប្រទេសនេះ គឺលោក ណាជិព រ៉ាសាក់ មានឈ្មោះជាមេដឹកនាំពុករលួយពិតមែន តែមិនអាចចាត់ការលោកឡើងតុលាការបានឡើយ ។ ប្រជាជនភាគច្រើន បាត់ជំនឿ ហើយ ពួកគេថា នឹងលែងគាំទ្រ គណបក្សកាន់អំណាចរបស់លោក ណាជីព ទៀត ហើយ ។
ចំណែក រាជាណាចក្រកម្ពុជាវិញមេដឹកនាំបក្សប្រឆាំង គេចខ្លួននៅក្រៅប្រទេស និងសកម្មជននយោបាយ ១៦រូបទៀតជាប់ឃុំនៅពន្ធនាគារ ។ តែបែបនេះក្ដី កម្ពុជា មានលក្ខណៈពិសេស ជាងប្រទេសថៃ និងម៉ាឡេស៊ី បន្តិច គឺត្រង់ ប្រទេសនេះ មានច្បាប់បោះឆ្នោតមួយថ្មីដោយកំណត់ឱ្យ គណបក្សចាញ់ឆ្នោត ទទួលស្គាល់ លទ្ធផល បោះឆ្នោត ហើយ បើពុំនោះទេ អាសនៈរបស់បក្សដែលមិនព្រមទទួលយកការចាញ់ឆ្នោត នឹងត្រូវបានរឹបអូស ។ អ្នកចាញ់មិនមានសិទ្ធិតវ៉ា ដូចអាណត្តិមុនៗឡើយ ។ នេះជាការសម្របសម្រួលអំណាចមួយក៏ពិតមែន ប៉ុន្តែ នៅមានឧបសគ្គជាច្រើន ដែលអាច ធ្វើឱ្យសៅហ្មង ចំពោះ ការឯកភាពជាតិមុនការបោះឆ្នោត ។
សរុបសេចក្ដីទៅ បើយោងតាមស្ថានភាពនយោបាយនៃប្រទេសទាំង៣នេះ គឺកតា្តភូមិសាស្ត្រ នយោបាយ ប្រហាក់ប្រហែលគ្នា គឺគេអាចរាប់ទាំង បញ្ហាសិទ្ធិសេរីភាព ខាងការប្រមូលផ្ដុំ សេរីភាពសម្ដែងមតិ និង ការគុំគួនសងសឹងខាងនយោបាយ មានរូបភាពដូចគ្នា ។ទាំងនេះគឺពិតជាការព្រួយបារម្ភអំពីការផ្លាស់ប្ដូរមួយ ជាប្រវត្តិសាស្ត្ររបស់ប្រទេសទាំង៣នេះ ៕