en     km
en     km

វិភាគ​​ ៖​ ​កម្ពុជា​​មិន​​អាច​​កើត​​មាន​​បដិវត្តន៍​ពណ៌​​ទេ​!​​ តើ​​បដិវត្ត​​ពណ៌​​កើត​ឡើង​​ដោយ​សារ​​អ្វី​?

Share

​ភ្នំពេញ​ ៖​ អ្នកវិភាគ​ឯករាជ្យ​មួយ​ចំនួន​មើលឃើញ​ថា​ ការ​ប្រមូលផ្តុំ​គ្នា​របស់​អង្គការ​សង្គម​ស៊ី​វិល​ សហគមន៍​រង​គ្រោះ​ដីធ្លី​ និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ ដែល​ស្លៀកពាក់​ឈុត​ពណ៌​ខ្មៅ​សម្តែង​មតិ​ ទាមទារ​ដោះ​លែង​មន្ត្រី​អា​ដ​ហុ​ក​ និង​មន្ត្រី​ គជ​ប​ ឱ្យ​មាន​សេរីភាព​ឡើង​វិញ​ កាលពី​ម្សិលមិញ​ គឺ​មិន​អាច​កើត​ចេញ​ជា​បដិវត្ត​ពណ៌​ទៅ​រួច​នោះ​ទេ​ គឺ​គ្រាន់តែ​ជា​ការ​តស៊ូ​មតិ​ធម្មតា​តែ​ប៉ុណ្ណោះ​ ។​

Khan-Dangkor

​អ្នកវិភាគ​យល់​ថា​ ប្រទេស​មួយ​ដែល​អាច​កើត​មាន​បដិវត្ត​ពណ៌​បាន​លុះណាតែ​ប្រទេស​នោះ​ បាន​គាបសង្កត់​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​ធ្ងន់ធ្ងរ​ ប្រជាពលរដ្ឋ​មិន​អាច​រួមរស់​ក្នុង​សង្គម​អយុត្តធម៌​ ។​ នៅ​ក្នុង​តវ៉ា​ ប្រឆាំង​លទ្ធ​បោះ​ឆ្នោត​ ឆ្នាំ​២០១៣​ ដឹកនាំ​ដោយ​ គណបក្ស​សង្គ្រោះ​ជាតិ​ មាន​មនុស្ស​ចូលរួម​ ដើរ​តវ៉ា​តាម​ផ្លូវ​ រាប់​ម៉ឹ​ន​នាក់​  ហើយ​ទីបំផុត​ទាមទារ​ឱ្យ​សម្ដេច​ ហ៊ុន​ សែន​ លាលែង​ពី​តំណែង​ ។​

​បក្ស​កាន់​អំណាច​នៅ​ពេល​នោះ​ បាន​ហៅ​ជា​ចលនា​ បដិវត្តន៍​មួយ​របស់​ក្រុមប្រឆាំង​ ។​ ប៉ុន្តែ​គេ​មិន​បាន​ហៅ​ថា​ បដិវត្តន៍​ពណ៌​អ្វី​ច្បាស់លាស់​នោះ​ទេ​ ។​ តែ​កាលពី​ថ្ងៃ​ទី​៩​ឧសភា​ មនុស្ស​ស្លៀកពាក់​ ឈុត​ខ្មៅ​ បាន​ទៅ​តវ៉ា​នៅ​ខាង​មុខ​ពន្ធនាគារ​ព្រៃ​ស​ ដើម្បី​ទាមទារ​ដោះ​លែង​មន្ត្រី​សង្គម​ស៊ី​វិល​ ត្រូវ​បាន​រដ្ឋាភិបាល​ហៅ​ ក្រុម​នេះ​ថា​ធ្វើ​ចលនា​មួយ​ ឆ្ពោះទៅ​រក​បដិវត្តន៍​ពណ៌​ខ្មៅ​ នៅ​កម្ពុជា​ ។​ ព្រឹត្តិការណ៍​នេះ​ មនុស្ស​ ពាក់​ឈុត​ខ្មៅ​៨​នាក់​ ត្រូវ​បាន​ចាប់ខ្លួន​មក​ទទួល​ការ​ព្រមាន​ ។​ តើ​អ្វី​ទៅ​ជា​បដិវត្តន៍​ពណ៌​ ហើយ​បដិវត្តន៍​ពណ៌​កើត​នៅ​កាលៈទេសៈ​ណា​ ?​
​សូម​នាង​កញ្ញា​ លោក​ លោកស្រី​ ស្តាប់​ អត្ថាធិប្បាយ​របស់​លោក​ កែវ​ សុខា​ ដូច​តទៅ​ ៖


ពាក្យ​ថា​«​បដិវត្ត​»​តើ​មាន​ន័យ​ថា​ដូច​ម្តេច​ ?​ ពាក្យ​ «​បដិវត្ត​»​ បើ​តាម​វចនានុក្រម​សម្តេច​សង្ឃរាជ​ ជួន​ ណាត​ ពន្យល់​ថា​ ជា​កិរិយា​ស័ព្ទ​គឺ​ ប្រព្រឹត្ត​ប្រឆាំង​ បង្វិល​ត្រលប់​ ប្រែប្រួល​ កែប្រែ​ ផ្លាស់​ប្តូរ​ របប​គ្រប់គ្រង​ឱ្យ​រីក​ចំរើន​ ។​ ពាក្យ​បដិវត្តន៍​នេះ​ដែរ​ បើ​តាម​និយម​ន័យ​បែប​វិទ្យាសាស្ត្រ​វិញ​ គឺ​មាន​រូបភាព​ពីរ​បែប​ គឺ​បដិវត្ត​បែប​ហិង្សា​ និង​បដិវត្ត​អហិង្សា​ ។​ បដិវត្តន៍​ដែល​មាន​រូបភាព​ហិង្សា​មាន​ន័យ​ថា​ គឺជា​ប្រើប្រាស់​គ្រឿង​សព្វាវុធ​ដើម្បី​ដណ្តើម​អំណាច​មក​គ្រប់គ្រង​ ។​ ចំណែក​បដិវត្តន​បែប​អហិង្សា​វិញ​ គឺជា​ការ​តស៊ូ​មតិ​កម្រិត​ខ្ពស់​ដើម្បី​ទម្លាក់​រដ្ឋាភិបាល​ចេញពី​អំណាច​ ។​​

​រីឯ​ពាក្យ​ថា​ បដិវត្ត​ពណ៌​វិញ​មាន​ន័យ​ថា​ ជា​ចលនា​មហាជន​មួយ​ដើម្បី​ផ្លាស់​ប្តូរ​របប​ចាស់​ ព្រោះ​ដោយ​យល់​ថា​ របប​ដែល​កំពុង​គ្រប់គ្រង​នោះ​មានការ​គាប់សង្កត់​ ការ​ដឹកនាំ​ផ្តាច់​ការ​ អយុត្តិធម៌​សង្គម​ និង​អំពើ​ពុក​រលួយ​ជាដើម​ ។​​

​​ការ​ធ្វើ​បដិវត្តន៍​ពណ៌​ ធ្លាប់​កើត​មាននៅ​បណ្តា​ប្រទេស​មួយ​ចំនួន​ដូច​ជា​ ប្រទេស​អា​រ៉ាប់​ ប្រទេស​នុយ​នេ​ស៊ី​ ប្រទេស​ស៊ី​រី​ និង​ប្រទេស​អេ​ហ្សិ​ប​ជាដើម​ ។​ បដិវត្តន៍​ពណ៌​ទាំងនោះ​មាន​ពណ៌​ជា​ច្រើន​ ដូច​ជា​បដិវត្តន៍​ពណ៌​ផ្កាឈូក​ បដិវត្តន៍​ពណ៌​ក្រហម​ បដិវត្តន៍​ពណ៌​លឿង​ជាដើម​ ។​ ឧទាហរណ៍​ ចលនា​នៃ​បដិវត្តន៍​ពណ៌​ផ្កាឈូក​ផ្តើម​ចេញពី​ការ​បាត់បង់​ភាព​យុត្តិធម៌​ក្នុង​សង្គម​ ហើយ​ចង់បាន​ភាព​យុត្តិធម៌​ស្មើគ្នា​ចំពោះ​មុខ​ច្បាប់​ដូចៗ​គ្នា​ជាដើម​ ។​​

​នៅ​កម្ពុជា​ រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ​ មិន​មាន​ចលនា​បដិវត្តន៍​ កើតឡើង​ដូច​ប្រទេស​ អា​រ៉ាប់​នោះ​ទេ​គឺ​គ្រាន់តែ​ជា​ការ​និយាយ​តៗ​គ្នា​ថា​ធ្វើ​នេះ​ធ្វើ​នោះ​ដើម្បី​ប្រឆាំង​អយុត្តិធម៌​សង្គម​ ។​​

​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ មាន​ចលនា​មួយ​ ស្លៀកពាក់​ឈុត​ ទាមទារ​ដោះ​លែង​ មន្ត្រី​សង្គម​ស៊ី​វិល​ដែល​ កំពុង​ជាប់​ឃុំ​ករណី​កញ្ញា​ស្រី​មុំ​ ត្រូវ​បាន​ រដ្ឋអំណាច​ មូលដ្ឋាន​របស់​បក្ស​កាន់​អំណាច​ថា​ជា​ចលនា​បដិវត្តន៍​ពណ៌​ ហើយ​ត្រូវ​បាន​បង្ក្រាប​ស្ងាត់​ទៅ​វិញ​ ។​​

​​នៅ​ថ្ងៃ​ទី​១០​ខែឧសភា​នេះ​ សម្ដេច​ នាយក​រដ្ឋមន្ត្រី​ ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​វិទ្យាស្ថាន​ វ៉ា​ន់​ដា​ សម្តេច​ ព្រលយ​សារ​ព្រមាន​ដុសក្អែល​អ្នក​ដែល​នៅ​ពីក្រោយ​ការ​ផ្តួចផ្តើម​ ឱ្យ​មានការ​ស្លៀកពាក់​ឈុត​ខ្មៅ​ថា​ នឹង​មាន​ចំណាត់ការ​ណាមួយ​ជាក់​ជា​មិន​ខាន​ ។​​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ៖​ «​អ្នក​ដែល​បំផុស​នោះ​ត្រូវ​តែ​ប្រយ័ត្ន​គ្រែង​វា​នាំ​ទៅ​ដល់​នីតិបុគ្គល​ ខ្ញុំ​គ្រាន់តែ​ផ្តាំផ្ញើ​ទេ​។​ ហើយ​សូម​ម្នាក់​ដែល​ផ្តល់​លុយ​កាស​បោះ​អាវ​ ប្រយ័ត្ន​ព្រោះ​គេ​ស្គាល់​មុខ​ច្បាស់​ណាស់​រួច​ទៅ​ហើយ​ ។​ ប៉ុន្តែ​ខ្ញុំ​គ្រាន់តែ​បញ្ជាក់​ ពណ៌​អី​ក៏​ដោយ​ នៅ​កន្លែង​ខ្លះ​គេ​ហៅ​ពណ៌​ទឹកក្រូច​ ខ្លះ​គេ​ហៅ​ពណ៌​ក្រហម​ ខ្លះ​គេ​ហៅ​ពណ៌​ខ្មៅ​ ខ្ញុំ​ថា​ពណ៌​អី​ក៏​ដោយ​ឱ្យ​តែ​ធ្វើ​ខុសច្បាប់​ដាក់​ទាំងអស់​ហ្នឹង​»​ ។​​

​តើ​ចលនា​ស្លៀកពាក់​ឈុត​ខ្មៅ​ ទាមទារ​ឱ្យ​មានការ​ដោះ​លែង​មន្ត្រី​អង្គការ​អា​ដ​ហុ​កបួន​នាក់​ និង​មន្ត្រី​គជ​ប​ មួយ​រូប​ ជា​អណ្ដាតភ្លើង​នៃ​បដិវត្តន៍​ពណ៌​ឬ​យ៉ាងណា​?​ ចុះ​កម្ពុជា​អាច​មាន​បដិវត្ត​ពណ៌​កើតឡើង​ឬទេ​?​

​អ្នកវិភាគ​ឯករាជ្យ​មួយ​ចំនួន​យល់​ឃើញ​ថា​ សកម្មភាព​ប្រមូលផ្តុំ​គ្នា​តវ៉ា​ដោយ​សន្តិវិធី​ ដើម្បី​ទាមទារ​ឱ្យ​មានការ​ដោះ​លែង​អ្នក​ទាំង​៥​នាក់​ដែល​កំពុង​ជាប់​ឃុំខ្លួន​ គឺ​មិន​មាន​សញ្ញាណ​ណាមួយ​លេច​រូបរាង​ជា​បដិវត្តន៍​ពណ៌​នោះ​ទេ​ហើយ​ការ​ស្លៀកពាក់​ខ្មៅ​នេះ​ទៀត​សោត​ គឺ​គ្រាន់តែ​ជា​សញ្ញា​មួយ​បញ្ជាក់​ថា​ សេរីភាព​របស់​ពលរដ្ឋ​បាន​ធ្លាក់​ចុះ​តែ​ប៉ុណ្ណោះ​ ។​ យ៉ាងណា​ក៏​ដោយ​ យុវជន​ ម្នាក់​ឈ្មោះ​គង់​ រ៉ៃ​យ៉ា​ ដែល​បង្ហោះ​ឱ្យ​មាន​បដិវត្តន៍​ ប្រឆាំង​រដ្ឋាភិបាល​ ត្រូវ​ចាប់ខ្លួន​ដោយ​រង់ចាំ​ការ​ជំនុំ​ជ​ម្រៈ​ក្ដី​ ។​​

​លោក​ សូ​ ច​ន្ថា​ សាស្ត្រាចារ្យ​វិទ្យា​នយោបាយ​ និង​ជា​អ្នក​តាម​វិភាគ​នយោបាយ​លើក​ឡើង​ថា​ រដ្ឋាភិបាល​មិន​គួរ​បារម្ភ​ពី​ការ​កើត​មាន​បដិវត្ត​ពណ៌​នោះ​ទេ​ តែ​អ្វី​ដែល​រដ្ឋាភិបាល​គួរ​ធ្វើ​នៅ​ពេល​នេះ​ គឺ​ត្រូវ​ធ្វើការ​កែទម្រង់​ប្រព័ន្ធ​តុលាការ​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​ កែទម្រង់​យ៉ាង​ឱ្យ​យុវជន​មានការ​ងារ​ធ្វើ​ នោះ​រដ្ឋាភិបាល​នឹង​មិន​ភ័យ​ខ្លាច​និង​ស្រមោល​ខ្លួនឯង​នោះ​ទេ​ ។​​

​លោក​ សូ​ ច​ន្ថា​ ៖​ «​អ្វី​ដែល​រដ្ឋាភិបាល​ត្រូវធ្វើ​គឺ​ធ្វើការ​តែ​ទម្រង់​ឱ្យ​បាន​ត្រឹមត្រូវ​ កែទម្រង់​ឱ្យ​មាន​ប្រសិទ្ធិ​ពិត​ប្រា​ដក​បំរើ​ផលប្រយោជន៍​ផល​ជាតិ​ ជា​ទូទៅ​ខ្ញុំ​គិត​ថា​ បដិវត្ត​ពណ៌​ហ្នឹង​វា​នឹង​មិនកើត​មាន​ឡើង​ទេ​ ប្រសិនបើ​សង្គម​មាន​យុត្តិធម៌​ ហើយ​យុវជន​មានការ​ងារ​ធ្វើ​»​ ។​​

​ចំណែក​លោក​ ចាន់​ វិបុល​ អ្នកជំនាញ​អភិបាលកិច្ច​ និង​ប្រជាធិបតេយ្យ​ យល់​ថា​ការ​ទាមទារ​ឱ្យ​មានការ​ដោះ​លែង​មនុស្ស​ ដោយ​គ្រាន់តែ​ពាក់​ឈុត​ខ្មៅ​ដូចនេះ​ មិន​អាច​ឈាន​ដល់​បដិវត្តន៍​ពណ៌​នោះ​ទេ​ ។​ លោក​បន្ត​ថា​ ការ​ប្រើប្រាស់​ពណ៌​ដែល​អាច​ឈាន​ដ៏​ការ​ធ្វើ​បដិវត្ត​ពណ៌​បាន​ លុះណាតែ​សកម្មភាព​នោះ​មាន​លក្ខណ​ទ្រង់ទ្រាយ​ធំ​មាន​មនុស្ស​ចូលរួម​ច្រើន​ ដោយ​ភ្ជាប់​ទៅ​នឹង​សារ​នយោបាយ​ទម្លាក់​រដ្ឋាភិបាល​ខុសច្បាប់​ណាមួយ​ ។​​

​លោក​ ចាន់​ វិបុល​៖​ «​ការ​ប្រើប្រាស់​ពណ៌​ឈាន​ទៅ​ដល់​បដិវត្ត​ពណ៌​លុះ​ណា​ស្ថិត​នៅ​ក្នុង​ ទម្រង់​ទ្រង់ទ្រាយ​ធំ​ ហើយ​ទាំង​សារ​នយោបាយ​ហ្នឹង​គឺ​ទម្លាក់​រដ្ឋាភិបាល​ស្របច្បាប់​ណាមួយ​ បាន​យើង​ចាត់​ទុក​វា​ជា​បដិវត្ត​ពណ៌​។​ ប៉ុន្តែ​គ្រាន់តែ​ជា​ការ​កំណត់​ពណ៌​មួយ​សម្រាប់​ការ​បង្ហាញ​ពី​សេចក្តី​ទុក្ខ​ ការ​មិន​ពេញចិត្ត​មិន​អាច​ចាត់ទុកជា​បដិវត្ត​ពណ៌​បាន​ទេ​ គ្រាន់តែ​ជា​វិធីសាស្ត្រ​មួយ​សំខាន់​សម្រាប់​ការ​តស៊ូ​មតិ​នៅ​ក្នុង​សង្គម​មួយ​ » ​។​​

​តែ​បែប​នេះ​ក៏​ដោយ​គឺ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ សម្ដេច​ស​ ខេ​ង​ រាយការណ៍​ទៅ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ថា​ ការ​ឃាត់ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស​ក្នុង​យុទ្ធនាការ​ «​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​»​ គឺ​ដើម្បី​ធ្វើការ​សាកសួរ​ធ្វើ​កំណត់ហេតុ​ អប់រំ​ ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​តវ៉ា​ និង​រក្សា​ទុកជា​ឯកសារ​សម្រាប់​បម្រើ​ដល់​ផ្លូវច្បាប់​ទៅ​ថ្ងៃក្រោយ​ ។​ សម្ដេច​រដ្ឋមន្ត្រី​ថា​មិនមែន​ជា​ការ​ខុសឆ្គង​នោះ​ទេ​ ដែល​រដ្ឋាភិបាល​ចាត់វិធានការ​ណ៍​មក​លើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​នេះ​ ប្រសិនបើ​យុទ្ធនាការ​នេះ​ពិតជា​រងើកភ្លើង​នៃ​បដិវត្ត​ពណ៌​មែន​នោះ​ ។​​

​ទោះបីជា​យ៉ាងនេះ​ក្តី​ អ្នក​សិក្សា​ពី​ការ​អភិវឌ្ឍ​សង្គម​ លោក​ មាស​ នី​ និយាយ​ថា​ ការ​ទប់ស្កាត់​យុទ្ធនាការ​នេះ​ រដ្ឋាភិបាល​មាន​មូលហេតុ​គ្រប់គ្រាន់​សម្រាប់​ការ​ព្រួយបារម្ភ​ចំពោះ​បដិវត្ត​ពណ៌​ដែល​អាច​កើត​មាន​ឡើង​។​ ប៉ុន្តែ​លោក​ មាស​ នី​ ទទូច​ថា​រដ្ឋាភិបាល​ត្រូវ​ហ៊ាន​ប្រឈម​មុខ​ដោះស្រាយ​នូវ​រាល់​បញ្ហា​ដែល​កំពុង​កើតឡើង​ទើប​ល្អ​ប្រសើរ​ ជាង​ការ​ប្រើ​កម្លាំងបាយ​ ។​​

​លោក​ មាស​ នី​៖ «​បើសិនជា​ការ​ព្រួយបារម្ភ​ទាំងអស់​ហ្នឹង​ចេះ​តែ​កើនឡើង​ ហើយ​មិន​បាន​ដោះស្រាយ​ទៅ​លើ​បញ្ហា​ដែល​កំពុង​ប្រឈម​ទេ​ ខ្ញុំ​គិត​ថា​ពេល​ខ្លះ​ស្ថានភាព​ការណ៍​ហ្នឹង​វា​ហាក់ដូចជា​ ទាញ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ធ្លាក់​កាន់តែ​ជ្រៅ​ទៅៗ​នៅ​ក្នុង​វិបត្តិ​ នៃ​សង្គម​អយុត្តិធម៌​អី​ផ្សេងៗ​ដែល​កំពុង​កើត​មាន​ឡើង​។​យើង​ប្រើ​កម្លាំង​គ្រប់​សាច់​រឿង​ទាំងអស់​ ដូច​ពេល​ខ្លះ​គេ​និយាយ​ថា​ កូន​មាន់​តូច​មួយ​ក៏​យក​កាំភ្លើង​១៣០​យក​ទៅ​បាញ​ដែរ​ អាហ្នឹង​វា​ខាត​ប្រយោជន៍​ ខាត​ទាំង​ប្រជាប្រិយ​ហើយ​អត់​បាន​ចំនេញ​អី​សម្រាប់​សង្គម​ទេ​បាទ​»​ ។​​

​ដើម្បី​ កុំឱ្យ​អំពើ​អយុត្តិធម៌​កាន់តែ​រីក​ធំ​ ឬ​បង្ក​ផ្ទុះ​ការ​តវ៉ា​ អ្នកវិភាគ​ផ្តល់​អនុសាសន៍​ថា​ បក្ស​កាន់​អំណាច​ ត្រូវធ្វើ​កំណែទម្រង់​ទ្រង់ទ្រាយ​ធំ​មួយ​ ផ្តើម​ចេញពី​ការ​ពង្រឹង​អភិបាលកិច្ច​ល្អ​ពិតប្រាកដ​មួយ​ ។​ អភិបាលកិច្ច​ល្អ​ពិត​ប្រា​ដក​គឺជា​ការ​គ្រប់គ្រង​សង្គម​មួយ​ដែល​មានការ​ចូលរួម​ មាន​សុខដុម​ភាវ​នី​យ​កម្ម​ មានការ​បែងចែក​អំណាច​ពិត​ប្រា​ដក​រវាង​ ស្ថាប័ន​នី​តី​បញ្ញា​តិ្ត​ ស្ថាប័ន​នីតិប្រតិបត្តិ​ និង​ស្ថាប័ន​តុលាការ​ និង​អំណាច​សារព័ត៌មាន​ ។​ រដ្ឋាភិបាល​គួរតែ​បើក​ចិត្ត​ឱ្យ​ទូលាយ​ ទទួលយក​ការ​រិះគន់​ពី​អង្គការក្រៅរដ្ឋាភិបាល​ ដោយ​មិន​ត្រូវ​ចាត់​ទុក​សង្គម​ស៊ី​វិល​ជាស​ត្រូវ​ដូច​បច្ចុប្បន្ន​នេះ​ទេ​ ។​​​

​ប្រសិនបើ​រដ្ឋាភិបាល​អាច​ធានា​បាន​ថា​ សិទ្ធិ​របស់​ពលរដ្ឋ​ទន់ខ្សោយ​ត្រូវ​បានការ​ពារ​ នោះ​រដ្ឋាភិបាល​នឹង​អាច​កាត់​បន្ថយ​ការ​ខ្លាច​ស្រមោល​ខ្លួនឯង​បាន​ ពោល​គឺ​ខ្លាច​ស្រមោល​បដិវត្តន៍​ពណ៌​ ៕​
​    ​

Share

Image
Image
Image