ភ្នំពេញ ៖ លោក ថី វិសាល មន្ដ្រីនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថាចំនួនគ្រោះថ្នាក់ ចរាចរណ៍នៅដើមខែមករា កុម្ភះ និងមីនា ឆ្នាំ២០១៥ និងឆ្នាំ២០១៦ គឺចំនួនគ្រោះថ្នាក់ របួសនិងស្លាប់មានការថយចុះ។
លោកវរសេនីយ៍ត្រី ថី វិសាល បានបញ្ជាក់ដូចនេះនៅក្នុងសិក្ខាសាលាស្ដីពី «ការពិនិត្យឡើងវិញ លើការជុំរុញការពាក់មួកសុវត្ថិភាព សម្រាប់អ្នករួមដំណើរតាមទោចក្រយានយន្ដព្រមទាំងកុមារ» នាថ្ងៃទី១០ខែឧសភាឆ្នាំ២០១៦ ។
បើតាមលោក ថី វិសាល គឺករណីពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ រវាងបីខែ នៃត្រីមាសទី១ឆ្នាំ២០១៥ និងឆ្នាំ២០១៦នេះឃើញថា រយៈពេលបីខែដើមឆ្នាំនេះចំនួនគ្រោះថ្នាក់ បានថយចុះចំនួន១១៤ករណីប្រហែលជា១០ភាគរយ ក្នុងនោះចំនួនអ្នកស្លាប់មានការថយចុះប្រហែលជា៧នាក់ ដោយថយចុះប្រហែលជា១ភាគរយ ហើយរបួសគឺថយចំនួន២១៧នាក់ដែលស្មើនិងការថយចុះប្រហែលជា១០ភាគរយ ។
ទោះជាបែបនេះក្ដី លោក គឹម បញ្ញា នាយកប្រតិបត្តិអង្គការមូលនិធិបង្ការរបួសអាស៊ី AIP ធ្លាប់បានលើកឡើងនៅក្នុងពិធីប្រកាសការប្រឡងប្រជែងស្នាដៃអត្ថបទរបស់អ្នកសារព័ត៌មាន លើការពាក់មួកសុវត្ថិភាពថា នៅទូទាំងពិភពលោកការអនុវត្តច្បាប់ដោយមន្ដ្រីនគរបាលចរាចរណ៍ត្រូវបានគេចាត់ទុកថា ជាវិធានការដ៏មានប្រសិទ្ធភាពបំផុតក្នុងការឈានឆ្ពោះទៅរកការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។
លោកថា ថ្វីបើមានការអប់រំផ្សព្វផ្សាយជាបន្ដបន្ទាប់ ចាប់តាំងពីឆ្នាំ២០០៦ ក៏ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មីដែលក្នុងនោះបានកំណត់ថា អ្នករួមដំណើរតាមទោចក្រយានយន្ដ ព្រមទាំងកុមារអាយុចាប់ពី៣ឆ្នាំឡើងទៅ ត្រូវតែពាក់មួកសុវត្ថិភាព ក៏ការអនុវត្តនេះមិនទាន់មានប្រសិទ្ធភាព។ តាមរបាយការណ៍របស់ អង្គការនេះគឺលទ្ធផលនៃការអនុវត្តរបស់អ្នករួមដំណើរតាមម៉ូតូ ព្រមទាំងកុមារ គឺគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៥ មានប្រមាណតែ១៥ភាគរយប៉ុណ្ណោះ ។
សូមបញ្ជាក់ផងដែរថា មូលហេតុដែលបង្ករឱ្យមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ គឺកត្តាបើកបរហួសល្បឿនកំណត់ និងកត្តាស្រវឹង ។
ជាមួយគ្នានេះបើតាម លោក ថី វិសាល មន្ដ្រីនៃអគ្គស្នងការដ្ឋាននគរបាលជាតិគឺថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ មាន ៖ កត្តាងងុយ១ភាគរយ កត្តាយានយន្ដ៣ភាគរយ បត់៩ភាគរយ វ៉ាជែង១១ភាគរយ មិនគោរពសិទ្ធិអាទិភាព១១ភាគរយ មិនប្រកាន់ស្ដាំ១១ភាគរយ ស្រវឹង១៣ភាគរយ កត្តាល្បឿន៤០ ភាគរយ ផ្សេងៗ១ភាគរយ…៕