ភ្នំពេញ ៖ នាយកប្រតិបត្តិរបស់អង្គការជនពិការកម្ពុជា លោក ងិន សៅរ័ត្ន បានអំពាវនាវដល់ស្ថាប័នរដ្ឋ ក៏ដូចជាស្ថាប័នឯកជន ឱ្យជួយផ្តល់ឱកាសការងារទៅដល់ជនពិការបន្ថែមទៀតខណៈឱកាសការងារជនពិការទូទាំងប្រទេសនៅមានកម្រិតនៅទ្បើយ។ ការថ្លែងបែបនេះធ្វើទ្បើងនៅឯសិក្ខាសាលាស្តីពី «ការសម្រេចបាននៃការដាក់បញ្ចូលជនពិការក្នុងវិស័យការងារ» នៅព្រឹកថ្ងៃទី១០ខែឧសភា ឆ្នាំ២០១៦នេះ ។ លោក ជួន សារ៉េត រាយការណ៍ ៖
លោក ងិន សៅរ័ត្ន បានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុស្ត្រីក្នុងពិធីនេះថា ការផ្តល់ឱកាសការងារទៅដល់ជនពិការនៅមានកម្រិតនៅទ្បើយបើធៀប នឹងជនធម្មតា ។ លោកថាមានកម្រិតដោយសារតែរាជរដ្ឋាភិបាលផ្តល់ឱកាសការងារតាមរយៈស្ថាប័នរដ្ឋ ដល់ជនពិការចំនួន ២%នៃចំនួនអ្នកដែលបានបម្រើការងារនៅក្នុង ស្ថាប័នរដ្ឋទាំងមូល ហើយការផ្តល់ឱកាសការងារពីវិស័យឯកជន ១% ។ ប៉ុន្តែលោកថាបច្ចុប្បន្នឱកាសការងាររបស់ជនពិការមានទើបតែបាន១.៨១%ប៉ុណ្ណោះ ។ ចំណែកវិស័យឯកជនលោកមិនទាន់ដឹង ថាមានជនពិការចំនួនប៉ុន្មានភាគរយនោះទេ ដែលកំពុងតែបម្រើការងារនោះ ។
លោក ងិន សៅរ័ត្ន ស្នើឱ្យរាជរដ្ឋាភិបាល និងស្ថាប័នឯកជនត្រូវចូលរួមផ្តល់ឱកាសការងារឱ្យបានច្រើនបន្ថែមទៀតជូនជនពិការ «អ្វីដែលខ្ញុំស្នើដល់រដ្ឋាភិបាលធ្វើម៉េចជម្រុញកូតាហ្នឹងឱ្យបានគ្រប់គ្រាន់ទី០១ បើកឱកាសការងារជម្រុញធ្វើម៉េចឱ្យវិស័យឯកជនហ្នឹងគិតគូរដល់បងប្អូនជនពិការបន្ថែមហើយនឹងបងប្អូនជនពិការខ្លួនឯងត្រូវតែពង្រឹងសមត្ថភាព..» ។
នាយកប្រតិបត្តិរបស់អង្គការជនពិការកម្ពុជា ពន្យល់ថាការផ្តល់ឱកាសការងារឱ្យជនពិការមិនត្រឹមតែបានលើកទឹកចិត្តទៅដល់ពួកគាត់នោះទេ ប៉ុន្តែថែមទាំងបានជួយទៅដល់ការអភិវឌ្ឍសង្គមផងដែរព្រោះសង្គមមានការរីកចំរើនទៅបាន គឺត្រូវមានការចូលរួមគ្រប់ពីភាគីទាំងអស់ដោយមិនត្រូវបោះបង់ភាគីណាមួយចោលនោះទេ ។
ចំណែកឯជនពិការម្នាក់ក្នុងចំណោមជនពិកាជាច្រើនរយនាក់ផ្សេងទៀត ដែលបានចូលរួមក្នុងសិក្ខាសាលាខាងលើនេះ គឺលោក មាន វិបុលរតនៈ ជាជំនួយការអ្នកបណ្តុះបណ្តាលនៃអង្គការជនពិការកម្ពុជា បានលើកទ្បើងថាឱកាសការងារសម្រាប់ជនពិការនៅមានកម្រិតនៅទ្បើយ ។
លោក មាន វិបុលរតនៈ ស្នើសុំឱ្យរាជរដ្ឋាភិបាលគិតគូរទៅដល់ជនពិការតាមរយៈ ការផ្តល់ឱកាសការងារទៅឱ្យជនពិការឱ្យបានច្រើន និងស្នើឱ្យតំណាងក្រុមហ៊ុន ក៏ដូចជាបណ្តាអង្គការនានាជួយផ្តល់ឱកាសការងារឱ្យជនពិការ ។
បច្ចុប្បន្នស្ថាប័នរដ្ឋមាន៤០ មានមន្ត្រីរាជការស៊ីវិលប្រមាណជា២០ម៉ឺននាក់ ។
តាមគោលការណ៍របស់រដ្ឋាភិបាលដែលផ្តល់ឱកាសការងារឱ្យជនពិការចំនួន២%នោះ បើគិតជាតួលេខប្រមាណជាង៣៩០០នាក់ ហើយបច្ចុប្បន្ននេះចំនួនជនពិការដែលបានចូលបម្រើការងារនៅស្ថាប័នរដ្ឋមានប្រមាណជាង២០០០នាក់ ។
អនុរដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ចាប ឬទ្ធី ដែលចូលរួមក្នុងវិធីនេះដែរ បានទទូចឱ្យស្ថាប័នរដ្ឋពិនិត្យលទ្ធភាព ការងារសម្រាប់ជនពិការ ឡើងវិញ ។
គួរបញ្ជាក់ដែរថា បើតាមស្ថិតិឆ្នាំ២០១៥របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាស្តីពីការចូលបម្រើការងាររបស់ជនពិការក្នុងក្រសួងស្ថាប័នរដ្ឋទាំង៤០ គឺមានជនពិការសរុបចំនួន ២៣២០នាក់ សើ្មនឹង ១.១៧% បានចូលបម្រើការងារ ហើយនឹងមានជនពិការចំនួន១៦២៩នាក់ សើ្មនឹង ០.៨៣% គ្រោងនឹងជ្រើសរើសបន្ថែមនៅតាមក្រសួងស្ថាប័នរដ្ឋមួយចំនួនដែលមិនទាន់បានគ្រប់ទៅតាមផែនការ ឬអត្រាកំណត់ដូចចែងនៅក្នុងអនុក្រឹត្យស្តីពីអត្រាជ្រើសរើសចូលបម្រើការងារ នៅតាមក្រសួងស្ថាប័នរដ្ឋនិងវិស័យឯកជន ៕