en     km
en     km

នាយក​រដ្ឋមន្ដ្រី​ថា​គេ​អាច​លើកលែងទោស​មន្ត្រី​សង្គម​ស៊ី​វិល​ ក្រោយ​ពី​សាលក្រម​ស្ថាពរ​

Share

​ភ្នំពេញ ៖ សម្ដេច​ ហ៊ុន​ សែន​ ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញប​ត្រ​ដល់​និស្សិត​វិទ្យាស្ថាន​វ៉ា​ន់​ដា​ដែល​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​កោះ​ពេ​ជ្យ​ ថ្ងៃ​អង្គារិ៍​នេះ​ថា​ សម្ដេច​អាច​ពិចារណា​លើកលែងទោស​ឬ​បន្ធូរ​បន្ថយទោស​ មន្ដ្រី​សិទ្ធិ​មនុស្ស​ ក្រោយ​ពេល​សាលក្រម​របស់​តុលាការ​ចូល​ជា​ស្ថាពរ​ ។​ ប៉ុន្តែ​នៅ​ពេល​ជាមួយ​គ្នា​សម្ដេច​ ក៏​បាន​ព្រមាន​ចាប់ខ្លួន​មនុស្ស​ ថែម​ទៀត​ បើ​ពួក​គេ​តវ៉ា​ឱ្យ​ដោះ​លែង​ មន្ត្រី​សិទ្ធិ​មនុស្ស​ ទាំង​ខុសច្បាប់​ ។​ ​ចំពោះ​ក្រុម​គ្រួសារ​មន្ដ្រី​សិទ្ធិ​មនុស្ស​ ដែល​ជាប់​ឃុំ​ បាន​ចូលរួម​ក្នុង​យុទ្ធនាការ​ «​ថ្ងៃ​ចន្ទ​ព័​ណ​ខ្មៅ​»​ បាន​សាទរ​ចំពោះ​ប្រសាសន៍​សម្ដេច​ផង​ដែរ​ ។​ តែ​បែប​នេះ​ក្ដី​អ្នក​ស្រាវជ្រាវ​ពី​អភិបាលកិច្ច​ល្អ​ និង​ លទ្ធិប្រជាធិបតេយ្យ​លើក​ឡើង​ថា​ តុលាការ​គួរ​ធ្វើការ​ដោយ​ឯករាជ្យ​ដើម្បី​ផ្ដល់​ទំនុកចិត្ដ​ដល់​ប្រជាពលរដ្ឋ​ ជា​ជាង​ការ​ប្រើ​អំណាច​របស់​នាយក​រដ្ឋមន្ដ្រី​ទៅ​អន្ដរាគមន៍​ ។​ លម្អិត​ព័ត៌មាន​ដោយ​ លោក​ លៀ​ ស៊ី​ណា​៖

 

Hun-Sen-100516-1
សម្ដេច​ ហ៊ុន​ សែន ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ ដល់​និស្សិត​នៃ​វិទ្យាស្ថាន​វ៉ា​ន់​ដា​នៅ​ថ្ងៃ​ទី​១០​ឧសភា​នេះ។ រូបភាពពី ៖ Facebook សម្ដេច​ ហ៊ុន​ សែន

​ស្ថិត​ក្នុង​ទឹកមុខ​ រឹង​មាំ​ និង​ជា​មេដឹកនាំ​មាន​វោហា​សាស្ត្រ​ ល្បីល្បាញ​ ជាងគេ​នៅ​កម្ពុជា​ សម្ដេច​ ហ៊ុន​សែន​ ព្រលយ​ថា​អាច​នឹង​ពិចារណា​លើកលែងទោស​ឬ​ក៏​បន្ធូរ​បន្ថយទោស​ មន្ដ្រី​សិទ្ធិ​មនុស្ស​ ក្រោយ​ពេល​សាលក្រម​របស់​តុលាការ​ចូល​ជា​ស្ថាពរ​ ប្រ​សិន​ក្រុម​អ្នក​តវ៉ា​មិន​ធ្វើ​អ្វី​ដែល​ហួសហេតុ​ជ្រុល​ពេក​ ។​ ​សម្ដេច​នាយក​រដ្ឋមន្ដ្រី​បន្ថែម​ថា​ ការ​នាំ​គ្នា​តវ៉ា​ដោយ​គោលបំណង​ដាក់​សម្ពាធ​ទៅ​កាន់​អាជ្ញាធរ​រដ្ឋ​គឺ​មិន​អាច​បន្ធូ​បន្ថយ​ស្ថានការណ៍​អ្វី​បាន​ឡើយ​តែ​ ផ្ទុយ​ទៅ​វិញ​អាច​នាំ​ឲ្យ​អ្នក​ជាប់​ឃុំ​អ្នក​នោះ​មាន​បញ្ហា​បន្ថែម​ទៅ​វិញ​ទេ​ ។​

​សម្ដេច​ ហ៊ុន​ សែន​៖​ «​តុលាការ​គេ​បង្កើត​ឡើង​ដើម្បី​អនុវត្ដន៍​ច្បាប់​ កំលាំងប្រដាប់អាវុធ​គេ​បង្កើត​ឡើង​ដើម្បី​ការពារ​រដ្ឋ​ គុ​គ​គេ​បង្កើត​ឡើង​ដាក់​អ្នកទោស​កុំ​ឆ្ងល់​ពេល​បុគ្គល​ខុស​អ្នកឯង​ទៅ​ទាមទារ​ដាក់​សម្ពាធ​ ដាក់​ទៅ​ ដាក់​កាន់តែ​ខ្លាំង​ (​ឃឹ​ស​)​ រឿង​ហ្នឹង​ខ្ញុំ​បញ្ជាក់​អ្នកឯង​ស្លូត​អាហ្នឹង​ខ្ញុំ​ត្រូវ​គិត​ដែរ​បើ​អ្នកឯង​ព្រហើន​អាហ្នឹង​ខ្ញុំ​ក៏​ត្រូវ​គិត​ដែរ​ ព្រោះ​ឥឡូវ​អំណាច​ដំណើរការ​របស់​តុលាការ​ខ្ញុំ​អត់​មាន​សិទ្ធិ​លូកដៃ​ទេ​ ប៉ុន្ដែ​ពេល​រួច​ពី​ដំណើរការ​តុលាការ​ឯណោះ​ ពេល​សាលក្រម​ចូល​ជា​ស្ថាពរ​វា​ស្ថិត​ត​នៅ​ក្នុង​ដៃ​របស់​នាយក​រដ្ឋមន្ដ្រី​វិញ​ព្រោះ​ច្បាប់​ពន្ធនាគា​គេ​អនុញាត្ដិ​ឲ្យ​នាយក​រដ្ឋមន្ដ្រី​ ធ្វើការ​ស្នើរ​សុំ​ទៅ​ព្រះមហាក្សត្រ​  ឬ​បន្ថយទោស​នៅ​ពេល​ណា​ក៏​បាន​ ក៏​ប៉ុន្ដែ​បើ​អ្នកឯង​ធ្វើ​បែប​នេះ​គឺ​រុញ​ឲ្យ​ខ្លោច​រោលឲ្យ​ឆៅ​ហើយ​ធ្វើ​ឲ្យ​អ្នក​ទាំងនោះ​ពិបាកទៅ​វិញ​ទេ​»​ ។​​

​ជាមួយ​គ្នា​នេះ​ សម្ដេច​ ហ៊ុន​ សែន​ ក៏​បន្ត​ព្រមាន​ចាប់ខ្លួន​ មនុស្ស​ពាក់ព័ន្ធ​ទាំងអស់​ ទោះជា​ក្រុម​ណា​ ពាក់អាវ​ពណ៌​អ្វី​ក៏​ដោយ​គឺ​មិន​ថា​ ពណ៌​ខ្មៅ​ ឱ្យ​តែ​អ្នក​នោះ​ធ្វើ​ខុស​ ។​​

​កាលពី​ថ្ងៃ​ម្សិលមិញ​ ក្រុម​សង្គម​ស៊ី​វិល​ និង​សហគមន៍​ដីធ្លី​ដែល​ទៅ​ប្រមូលផ្ដុំ​គ្នា​នៅ​ ខាង​មុខ​ពន្ធនាគារ​ព្រៃ​ស​ ដោយ​ស្លៀកពាក់​ពណ៌​ខ្មៅ​ ឬ​គេ​ហៅ​ «​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​»​ ដើម្បី​ទាមទារ​ឱ្យ​ដោះ​លែង​ មន្ត្រី​សង្គម​ស៊ី​វិល​៤​រូប​ និង​លោក​ នី​ ចរិយា​ មន្ត្រី​គជ​ប​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​៨​នាក់​ ។​ ​ការ​ចាប់ខ្លួន​មនុស្ស​ ធ្វើ​ឱ្យ​មានការ​ថ្កោលទោស​ ។​ មន្ត្រី​អង្គការសហប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្ស​ ប្រចាំ​នៅ​កម្ពុជា​ សំដែង​ការ​សោកស្តាយ​ ដោយ​បាន​ដាក់​ព្រួយបារម្ភ​ពី​ការ​ បំបិទ​សេរីភាព​ សម្ដែង​មតិ​នៅ​កម្ពុជា​ ។​​

​ចំណែក​អ្នកស្រី​ ភាវ​ ម៉ី​ ភរិយា​ លោក​ ណៃ​ វង់​ដា​ ដែល​ជា​មន្ដ្រីជាន់ខ្ពស់​សមាគម​អា​ដ​ហុ​ក​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគា​ព្រៃ​ស​ ដែល​បាន​ចូលរួម​ «​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ព​ណ៍​ខ្មៅ​»​ មាន​ប្រសាសន៍​ថា​ អ្នកស្រី​នឹង​ឈប់​ធ្វើ​ សកម្មភាព​ពាក់អាវ​ខ្មៅ​នេះ​ប្រ​សិន​ បើ​សម្ដេច​ ហ៊ុន​ សែន​ ពិតជា​ជួយ​ស្វាមី​អ្នកស្រី​រួម​នឹង​អ្នក​ជាប់​ឃុំ​ទាំង​ ៤​នាក់​ពិតមែន​។​​

​អ្នកស្រី​ ភាវ​ ម៉ី​ ៖​ «​ប្រសិនជា​មានការ​លើកលែងទោស​មែន​ពួក​ខ្ញុំ​នឹង​បញ្ឈប់​ព្រោះ​ យើង​ស្លៀកពាក់​ខ្មៅ​ហ្នឹង​ដោយសារ​តែ​វា​មាន​អំពើរ​អ​យុ​ត្ដិ​ធ​ម៍​សម្រាប់​ប្ដី​ខ្ញុំ​នឹង​អ្នក​ទាំង​ ៤​នាក់​ទៀត​ យើង​ស្លៀកពាក់​ហ្នឹង​គឺ​សុំ​ឲ្យ​រក​យុ​ត្ដិ​ធ​ម៍​ ប៉ុន្ដែ​បើ​សម្ដេច​ ប្រមុខ​រាជរដ្ឋាភិបាល​គាត់​មាន​ប្រសាសន៍​អ​ញ្ចឹ​ង​ ធ្វើ​អ​ញ្ចឹ​ង​ពួក​ខ្ញុំ​ក៏​អាច​ពិចារណា​នឹង​បញ្ឈប់​ដែរ​»​ ។​​

​ជាមួយ​គ្នា​នេះ​លោក​ អៀ​ សា​រ៉ុ​ម​ នាយក​ប្រតិបត្តិ​សមាគម​ធាងត្នោត​ដែល​អាជ្ញាធរ​ឃាត់ខ្លួន​ជា​ច្រើន​ម៉ោង​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​និយាយ​ថា​វា​ជា​រឿង​ល្អ​ណាស់​ដែល​នាយក​រដ្ឋមន្ត្រី​ ជួយ​ឲ្យ​មានការ​ដោះ​លែង​ពួក​គេ​មែន​នោះ​ ។​ ​លោក​បន្ដ​ថា​ ប្រសិនបើ​មានការ​ដោះ​លែង​មែន​នោះ​យុទ្ធនាការ​ «​ថ្ងៃ​ចន្ទ​ព​ណ៍​ខ្មៅ​»​ ក៏​លែង​មាន​ទៀត​ដែរ​ លោក​ថា​ព្រឹត្ដិការណ៍​កាលពី​ម្សិលមិញ​គឺ​ធ្វើ​ដើម្បី​អ្នក​ជាប់​ឃុំ​ទាំង​៥​នាក់​ ។​​

​លោក​ អៀ​ សា​រ៉ុ​ម​ ៖​ «​ខ្ញុំ​គិត​ថា​ការ​មាន​ប្រសាសន៍​របស់​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ព្រឹក​មិ​ញ​នេះ​ជា​ចំណុច​វិជ្ជមាន​ល្អ​ណាស់​ ហើយ​បើ​ក្រោយ​ពី​មានការ​ចេញ​សាលក្រម​ជា​ស្ថាពរ​របស់​តុលាការ​ហើយ​ក្រោយមក​មានការ​ដោះ​លែង​មែន​នោះ​ ខ្ញុំ​គិត​ថា​គ្មាន​អី​ទេ​ ហើយ​ដូច​កាលពី​ម្សិលមិញ​គឺ​យើង​ទាមទារ​ឲ្យ​ដោះ​គាត់​ទាំង​ប្រាំ​នាក់​ហើយ​ប្រសិនជា​មានការ​សម្របសម្រួល​ ពី​សម្ដេច​នាយក​ ឬ​ក៏​រដ្ឋាភិបាល​ហ្នឹង​គាត់​មាន​ចេតនា​នឹង​បន្ធូ​បន្ថយ​ខ្ញុំ​គិត​ថា​នេះ​ជា​ចំណុច​មួយ​ដែល​យើង​ចង់បាន​ ហើយ​យើង​គាំទ្រ​នូវ​គំនិត​ផ្ដូ​ច​ផ្ដើម​ និង​ សញ្ញា​នេះ​» ។​​

​អ្នក​ទាំង​៥​នាក់​នេះ​ គឺ​មាន​ លោក​ នី​ សុខា​ លោក​ ណៃ​ វង់​ដា​ លោក​ យី​ សុខ​សាន​ លោកស្រី​ លឹ​ម​ មុនី​ ។​ ពួក​គាត់​ជា​មន្ត្រី​ជាន់​ ខ្ពស់​នៃ​សមាគម​អា​ដ​ហុ​ក​ ។​ ចំណែក​ លោក​ នី​ ចរិយា​ គឺ​ ជា​មន្ត្រីជាន់ខ្ពស់​ គជ​ប​ ។​ ពួក​គាត់​ត្រូវ​បាន​ចោទ​ជាប់​ពាក់ព័ន្ធ​ ករណី​កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​។​​

​លោក​ ចាន់​  វិបុល​  អ្នក​សិក្សា​ពី​អភិបាលកិច្ច​ និង​ លទ្ធិប្រជាធិបតេយ្យ​មាន​ប្រសាសន៍​ថា​ ក្នុង​នាម​លោក​ជា​ប្រជាពលរដ្ឋ​មួយ​រូប​លោក​ចង់​ឃើញ​ប្រព័ន្ធ​រដ្ឋាភិបាល​ ធ្វើការ​ឈរ​លើ​ច្បាប់​ដោយ​មិន​ត្រូវ​ប្រើប្រាស់​អំណាច​បុគ្គល​ឡើយ​ ។​ លោក​បន្ថែម​ដែរ​ថា​ ក្នុង​សង្គម​មួយ​ គឺ​ស្ថាប័នរដ្ឋ​ ដូច​ជា​តុលាការ​ត្រូវ​តែ​មាន​គោលការណ៍​ឯករាជ្យ​ ដើម្បី​ផ្ដល់​ទំនុកចិត្ដ​ដល់​ពលរដ្ឋ​ទាំងអស់​នៅ​ក្នុង​ប្រទេស​ ។​​

​លោក​ ចាន់​ វិបុល​ ៖​ «​អ្វី​ដែល​ជា​សង្គម​ដែល​មាន​សុខមាលភាព​គឺជា​ការ​ទទួលខុសត្រូវ​ របស់​ស្ថាប័នរដ្ឋ​ឯករាជ្យ​មួយៗ​ឲ្យ​ការ​បំពេញ​មុខងារ​របស់​គាត់​ តាម​ឯករាជ្យ​ប្រសិនជា​តុលាការ​គាត់​សម្រេច​ជា​សិទ្ធ​របស់​គាត់​ ក៏​ប៉ុន្ដែ​សុំ​ឲ្យ​តុលាការ​ស្ថិត​នៅ​រូបភាព​មួយ​ដែល​អាច​ទទួល​ការ​ទុកចិត្ដ​ពី​ប្រជាពលរដ្ឋ​ ជា​ជាង​ការ​ប្រើ​អំណាច​របស់​នាយក​រដ្ឋមន្ដ្រី​ទៅ​អន្ដរាគមន៍​ ខ្ញុំ​គិត​ថា​វប្ប​ធ​ម៍​អន្ដរាគមន៍​របស់​កម្ពុជា​ត្រូវ​តែ​ពិចារណា​ឡើង​វិញ​ឲ្យ​បាន​ល្អិតល្អន់​»​ ។​​

​តាម​រដ្ឋធម្មនុញ្ញ​ នាយក​រដ្ឋមន្ត្រី​ មាន​សិទ្ធិ​លើកលែងទោស​ ទណ្ឌិត​គ្រប់​ កាលៈទេសៈ​ ប៉ុន្តែ​ត្រូវ​ថ្វាយ​ សេចក្ដី​សុំ​លើកលែងទោស​ ទៅ​ព្រះមហាក្សត្រ​ ។​ ប៉ុន្តែ​ចំពោះ​អ្នក​ទាំង​៥​នាក់​នេះ​ ត្រូវ​បាន​អ្នក​សង្កេតការណ៍​ ហៅ​ពួក​គេ​ថា​ជា​អ្នកទោស​ម​នាសិការ​ ដែល​បាន​ជួយ​ការពារ​សិ​ទិ្ធ​មនុស្ស​ ក្នុង​ក្រប​ខណ្ឌ​ មនុស្ស​ ធម៌​ ៕​

Share

ព័ត៌មានទាក់ទង

Image