en     km
en     km

អត្រា​​កើត​​ជំងឺ​មហារីក​​មាត់​ស្បូន​​ នៅ​​កម្ពុជា​​ច្រើន​​ជាង​គេ​​បំផុត​ ​នៅ​​អាស៊ី​អាគ្នេយ៍​

Share

ភ្នំពេញ ៖ ​ស្ត្រី​មាន​បញ្ហា​ប្រឈម​នឹង​កើត​មាន​ជំងឺ​ច្រើន​ខុស​ពី​បុរស​ ដូច​ជា​ជំងឺ​ធ្លាក់ស​ ស្រុត​ស្បូន​ ស្បូនលូន​ ស្បូនលាន់​ ដែល​គេ​ហៅ​ថា​រោគ​ស្ត្រី​ ។​ ចំពោះ​មហារីក​មាត់ស្បូន​គឺជា​ជំងឺ​ដ៏​កាច​សាហាវ​ ដែល​បាន​ឆក់​ជីវិត​ស្ត្រី​ខ្មែរ​ជា​ច្រើន​នាក់​ ឲ្យ​ស្លាប់​ក្នុង​មួយ​ឆ្នាំៗ​ ។​  ​តាម​ស្ថិតិ​របស់​អង្គការ​សុខភាព​ពិភពលោក​ ក្នុង​ឆ្នាំ​២០១៥​បាន​បង្ហាញ​ថា​ អត្រា​កើត​ជំងឺមហារីក​មាត់ស្បូន​នៅ​កម្ពុជា​ច្រើន​ជាងគេ​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​ គឺ​មាន​ចំនួន​ស្ត្រី​ប្រហែល​ ១៥១២​នាក់​ បាន​កើត​ជំងឺ​ប្រភេទ​នេះ​ ក្នុង​នោះ​មាន​ចំនួន​ជិត​៦០​ភាគរយ​បាន​ស្លាប់​ ។​ តើ​មាន​វិធីសាស្ត្រ​អ្វីខ្លះ​ដើម្បី​ឲ្យ​ស្ត្រី​អាច​រួច​ផុត​ពី​ជំងឺ​កាច​សាហាវ​មួយ​នេះ​បាន​ ?​ ​សូម​ស្ដាប់​បទ​យ​ការណ៍​ដែល​រៀបចំ​ដោយ​កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ដូច​តទៅ​៖

 

Canccer-Women's-Cambodia-WMC
ក្រុមអ្នកជំនាញ​ផ្នែក​ជំងឺមហារីក​មាត់ស្បូន​ បង្ហាញពីផលប៉ះពាល់នានាជុំវិញជំងឺមហារីកមាត់ស្បូន ​ធ្វើ​ឡើង​នៅ​ក្នុង​កម្មវិធី​ដើម្បី​រំលឹក​គុណ​ដល់​អ្នក​ម្ដាយ ​​ប្រធានបទ​ «​ខ្ញុំ​ស្រឡាញ់​អ្នក​ម្ដាយ​របស់ខ្ញុំ​»​ សណ្ឋាគារ​ កាំ​បូ​ឌី​យ៉ា​ណា​ កាលពី​ថ្ងៃ​សៅរ៍ ទី ០៧ ខែឧសភា ​​ឆ្នាំ​ ២០១៦​ ​

​អ្នកជំនាញ​ផ្នែក​ជំងឺមហារីក​មាត់ស្បូន​បាន​ថ្លែង​ថា​ ជំងឺ​នេះ​គឺជា​ជំងឺ​កាច​សាហាវ​បំផុត​ជាប់​ចំណាត់ថ្នាក់​លេខ​២​ នៅ​ទូ​ទាំង​ពិភពលោក​ក្នុង​ចំណោម​ជំងឺមហារីក​ បន្ទាប់​ពី​ជំងឺមហារីក​សុដន​ ។​ តែ​ជំងឺ​នេះ​ ជាប់​ចំណាត់ថ្នាក់​លេខ​១​ នៅ​ប្រទេស​កម្ពុជា​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ។​

​ការ​ថ្លែង​របស់​ក្រុម​អ្នកជំនាញ​ដូច្នេះ​ធ្វើ​ឡើង​ ក្នុង​កម្មវិធី​ដើម្បី​រំលឹក​គុណ​ដល់​អ្នក​ម្ដាយ​ក្រោម​ប្រធានបទ​ «​ខ្ញុំ​ស្រឡាញ់​អ្នក​ម្ដាយ​របស់ខ្ញុំ​»​  នៅ​សណ្ឋាគារ​ ខេ​ម​បូ​ឌី​យ៉ា​ណា​ រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​ ០៧​ឧសភា​ ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​អ្នក​ម្ដាយ​នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​ GSK​ ។​

​លោកស្រី​វេជ្ជបណ្ឌិត​ ឯក​ ម៉េ​ង​លី​ ប្រធាន​ផ្នែក​សម្ភព​គ្លីនិក​លុ​ច្ស​ មាន​ប្រសាសន៍​ថា​  មហារីក​មាត់ស្បូន​គឺ​ ជា​ជំងឺ​ដុំ​សាច់​ដុះ​នៅ​លើ​សរីរាង្គ​ស្បូន​របស់​ស្ត្រី​ ហើយ​មានការ​វិវត្តន៍​លឿន​ និង​ផ្តល់​ទុក្ខទោស​ដល់​ជីវិត​ ។​ ​លោកស្រី​សាស្ដ្រាចារ្យ​ ឯក​ ម៉េ​ង​លី​ ប្រធាន​ផ្នែក​សម្ភព​គ្លីនិក​លុ​ច្ស​ ក៏​បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ជំងឺ​មួយ​នេះ​ថា​ ជំងឺ​នេះ​កើតឡើង​ដោយ​មេរោគ​ម្យ៉ាង​ ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ (Human​ Papilloma​ Virus​ )HPV​ ។​

​លោកស្រី​ មាន​ប្រសាសន៍​ក្នុង​វេទិការ​នេះ​ដែរ​ថា​ ស្ដ្រី​គឺជា​ជន​ងាយ​រង​គ្រោះ​ខ្លាំង​បំផុត​ក្នុង​ការ​ឆ្លង​ការ​ផ្ទុក​ នឹង​ការ​ចម្លងជម្ងឺ​មហារីក​មាត់ស្បូន​ ឬ​មេរោគ​ HPV​ ហើយ​ប្រទេស​កម្ពុជា​ ប្រឈម​ខ្ពស់​ខ្លាំង​ជាង​ប្រទេស​ដ​ដៃ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ។​
​កត្ដា​ដែល​បណ្ដាល​ឲ្យ​ស្ដ្រី​កើត​ជំងឺមហារីក​មាត់ស្បូន​ដោយសារ​តែ​ ស្ដ្រី​ប្រញាប់​ប្រឡូក​និង​ការ​រួម​ភេទ​នៅ​វ័យក្មេង​ពេក​ ដៃ​គួរ​រួម​ភេទ​ច្រើន​ មានកូន​ច្រើន​ និង​កង្វះ​អនាម័យ​សុខភាព​ផ្លូវភេទ​ ។​

​លោកស្រី​ ឯក​ ម៉េ​ង​លី​ បាន​បញ្ជាក់​ថា​ ជំងឺមហារីក​មាត់ស្បូន​នេះ​គឺ​ឆ្លង​តាម​រយៈ​ការ​រួម​ភេទ​ និង​ ការ​ប៉ះពាល់​ដោយ​ផ្ទាល់​រវាង​ស្បែក​និង​ស្បែក​ មិនមែន​ឆ្លង​តាម​រយៈ​ដំណរ​ពូជ​ឡើយ​ ។​ ​ចំពោះ​អាកា​រៈ​នៃ​អ្នក​កើត​ជំងឺមហារីក​មាត់ស្បូន​  លោកស្រី​បាន​ពន្យល់​ថា​ស្ត្រី​មិន​អាច​ដឹង​ពី​រោគ​សញ្ញា​បាន​ទេ​ នៅ​ដំណាក់កាល​ដំបូង​ តែ​នឹង​មាន​អាកា​រៈ​ធ្លាក់ឈាម​ ដែល​មិនមែន​ឈាមរដូវ​ នៅ​ពេល​ដែល​អ្នកជំងឺ​ស្ថិត​ក្នុង​ស្ថានភាព​ជំងឺមហារីក​មាត់ស្បូន​ធ្ងន់ធ្ងរ​ទៅ​ហើយ​ ។​ ​ដើម្បី​ការពារ​កុំ​ឲ្យ​កើត​ជំងឺមហារីក​មាត់ស្បូន​ លោកស្រី​វេជ្ជបណ្ឌិត​ បាន​មាន​ប្រសាសន៍​ថា​ គឺ​មាន​វិធីសាស្ត្រ​៣​យ៉ាង​ គឺ​ការ​ចាក់​ថ្នាំ​បង្ការ​ ការ​ពិនិត្យ​មាត់ស្បូន​២​ឬ​៣​ឆ្នាំ​ម្តង​ និង​ការ​ធ្វើតេស្ត​រក​មេរោគ​។​

​ចំណែក​ លោកស្រី​ ប្រាក់​ ពិសិដ្ឋ​រង្សី​ ប្រធាន​នាយកដ្ឋាន​ការពារ​សុខភាព​ នៃ​ក្រសួងសុខាភិបាល​ទទួល​បន្ទុក​កម្មវិធី​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺមហារីក​មាត់ស្បូន​ និង​ជំងឺមហារីក​សុដន​ មាន​ប្រសាសន៍​ថា​ទីតាំង​នៃ​ការ​ចាក់​ថ្នាំ​បង្ការ​ជំងឺមហារីក​មាត់ស្បូន​ ប្រជា​ព​រដ្ឋ​ខ្មែរ​ដែល​នៅ​ក្នុង​ក្រុងភ្នំពេញ​ អាច​ទៅ​រក​សេវា​នេះ​បាន​នៅ​គ្រប់​មន្ទីរពេទ្យ​រោគ​ស្ត្រី​ទាំងអស់​ ហើយ​នៅ​តាម​បណ្តា​ខេត្ត​ដូច​ជា​ ខេត្តកំពង់ធំ​ កំពង់ស្ពឺ​ជាដើម​ ។​

​លោក​ ប៉ិច​ សុធី​ ប្រធាន​គ្លីនិក​សម្ភព​សោភា​ ក៏​បាន​ថ្លែង​ក្នុង​ពិធី​នេះ​ដែរ​ដោយ​បង្ហាញ​ពី​តួលេខ​នៃ​អត្រា​អ្នក​ស្លាប់​ និង​ឆ្លង​ជំងឺមហារីក​មាត់ស្បូន​នៅ​ទូ​ទាំង​ កម្ពុជា​ និង​ក្នុង​ផ្នែក​អ៊ឺ​រ៉ុ​ប​ ។​ ​លោក​បន្ដ​ថា​ នៅ​លើ​ពិភពលោក​រៀង​រាល់​ ១​នាទី​ស្រី្ដ​ម្នាក់​ត្រូវ​បាន​រក​ឃើញ​ថា​ឆ្លង​នឹង​ជម្ងឺមហារីក​មាត់ស្បូន​ ហើយ​រៀង​រាល់​ពីរ​នាទី​ស្រី្ដ​ ម្នាក់​ត្រូវ​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ​ ។​

​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល​សហរដ្ឋអាមេរិក​ បង្ហាញ​ថា​មាន​មនុស្ស​ជាង​ ១៣​ពាន់​នាក់​ បាន​ឆ្លង​ជំងឺ​នេះ​ ហើយ​មនុស្ស​ជាង​ ៧​ពាន់​នាក់​បាន​ស្លាប់​ នៅ​លើ​ពិភពលោក​ ។​ ដោយឡែក​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ នៅ​ផ្នែក​ភាគ​ឥ​សាន​នៃ​សហភាព​អ៊ឺ​រ៉ុ​ប​មាន​មនុស្ស​ប្រមាណ​ជា​ ៣​ម៉ឺន​ ៤​ពាន់​នាក់​ ឆ្លង​និង​ស្លាប់​ហើយ​មនុស្ស​ប្រមាណ​ជាង​ ៩​ម៉ឺន​ ៧​ពាន់​នាក់​ ឆ្លង​និង​ស្លាប់​នៅ​ទូ​ទាំង​តំបន់​អ៊ឺ​រ៉ុ​ប​ទាំងមូល​ ។​ ចំណែក​នៅ​ប្រទេស​អាហ្វ្រិក​ មនុស្ស​ប្រមាណ​ ៩២​ម៉ឺន​នាក់​បាន​ឆ្លង​ និង​មនុស្ស​ប្រមាណ​ជាង​ ៥​ម៉ឺន​ ៧​ពាន់​អ្នក​បាន​ស្លាប់​ជា​រៀងរ​រាល់​ឆ្នាំ​ ។​

​លោក​សាស្ដ្រាចារ្យ​ ប៉ិច​ សុធី​ បាន​បន្ថែម​ថា​ក្នុង​ប្រទេស​កម្ពុជា​អត្រា​មរណៈ​ស្ដ្រី​គឺ​ក្នុង​មួយ​ ឆ្នាំៗ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ចំនួន​រហូត​ទៅ​ដល់​ ៧៩៥​នាក់​ មាន​ន័យ​ថា​ស្ដ្រី​ស្លាប់​ដោយ​ជម្ងឺមហារីក​មាត់ស្បូន​នេះ​ ២​នាក់​ក្នុង​មួយ​ថ្ងៃ​ ។​ លោក​ក៏​បាន​បញ្ជាក់​ពី​វិធី​ការពារ​មួយ​ចំនួន​ផង​ដែរ​ គឺ​ស្ដ្រី​ជា​ម្ដាយ​ ឬ​ក៏​ស្ដ្រី​ ត្រូវ​តែ​ទៅ​ស្វែងរក​ចាក់​វ៉ាក់សាំង​ការ​ជម្ងឺ​ HPV​ ពី​វេជ្ជបណ្ឌិត​ដែល​មាន​ជំនាញ​ពិតប្រាកដ​  ត្រូវ​ពិនិត្យ​សុខភាព​មាត់ស្បូន​ឲ្យ​បានជា​ប្រចាំ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ ។​ ​លោក​ថា​ ស្ដ្រី​ចាប់ពី​អាយុ​ ៩​ឆ្នាំ​គឺ​អាច​ចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺមហារីក​មាត់ស្បូន​នេះ​បាន​ ហើយ​សម្រាប់​ស្ដ្រី​ដែល​រៀប​ការ​រួច​ ក៏​អាច​ចាក់​វ៉ាក់សាំង​នេះ​បាន​ដូច​គ្នា​ដែរ​ ។​

​ឆ្លើយ​តប​ទៅ​និង​សំណួរ​ថា​ ហេតុ​អ្វី​បានជា​អត្រា​អ្នក​កើត​ និង​ស្លាប់​ដោយសារ​ជំងឺមហារីក​មាត់ស្បូន​នៅ​កម្ពុជា​ច្រើន​ជាងគេ​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​ លោក​សាស្ត្រ​ចា​រ្យ​លោក​ ប៉ិច​ សុធី​ ប្រធាន​គ្លីនិក​សម្ភព​សោភា​ បញ្ជាក់​ថា​កម្ពុជា​ទើបតែ​មានការ​ចាក់​ថ្នាំ​បង្ការ​ ខុស​ពី​ប្រទេស​ជិតខាង​ ដែល​គេ​មាន​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ។​ ចំណែកឯ​ការ​យល់​ដឹង​ និង​ការ​ផ្សព្វផ្សាយ​ពី​ជំងឺ​នេះ​ ក៏​មិន​ទាន់​ទូលំទូលាយ​នៅឡើយ​ ។​

​លោក​សាស្ត្រ​ចា​រ្យ​វេជ្ជបណ្ឌិត​ ហេង​ វិ​រដ្ឋ​ ឯកទេស​ជំងឺមហារីក​ និង​ជំងឺ​ទូទៅ​បាន​មាន​ប្រសាសន៍​ថា​ ជំងឺមហារីក​មាត់ស្បូន​អាច​ព្យាបាល​បាន​ប្រសិនបើ​អ្នកជំងឺ​មិន​ពន្យារពេល​មក​ជួប​ពេទ្យ​ ។​

​ក្រសួងសុខាភិបាល​ និង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ធ្វើ​យុទ្ធនាការ​ ៧​លើក​រួច​មក​ហើយ​តាំងពី​ឆ្នាំ​២០១២​ ដើម្បី​ផ្សព្វផ្សាយ​ភាព​ងាយ​គ្រោះថ្នាក់​ ចំពោះ​មហារីក​មាត់ស្បូន​  ដោយ​បាន​អប់រំ​ផ្ទាល់​ដល់​សិស្ស​ និស្សិត​ យុវជន​ និង​ មហាជន​ ចំនួន​ជិត​១​ម៉ឺន​នាក់​ និង​ផ្តល់​សេវា​ពិនិត្យ​មាត់ស្បូន​ជូន​ស្ត្រី​ បាន​ប្រមាណ​១២៥១​នាក់​ និង​រក​ឃើញ​ករណី​មិនធម្មតា​ចំនួន​១១៤​ករណី​ ៕

Share

Image
Image
Image