en     km
en     km

​វិភាគ ​៖​ ​កម្ពុជា​​គួរ​​មាន​ការ​​ឯក​ភាព​​ជាតិ​​ មុន​​ការ​​បោះ​​ឆ្នោត​​ចូល​​មក​​ដល់​​ គឺ​​ដូច​​ប្រទេស​​ភូមា​

Share

​ភ្នំពេញ ៖ ជា​ការ​ល្អ​ណាស់​ បើ​ប្រទេស​មួយ​មានការ​ឯកភាព​ជាតិ​ ផ្សះផ្សា​ជាតិ​ មុន​ការ​បោះ​ឆ្នោត​ ដើម្បី​ ជា​ប្រយោជន៍​មួយ​ធ្វើ​ឱ្យ​ ឆន្ទៈ​របស់​ប្រជាជន​ សម្ដែង​ចេញ​តាម​រយៈ​ការ​បោះ​ឆ្នោត​ មាន​ភាព​កក់ក្ដៅ​ ថា​ពួក​គាត់​ពិតជា​ធ្វើ​សេចក្ដីសម្រេច​ ត្រឹមត្រូវ​ទៅ​តាម​ អ្វី​ដែល​ពួក​គេ​ ចង់បាន​ ។​ ប៉ុន្តែ​បើ​ ការ​បែកបាក់​សង្គម​ បែកបាក់​ជាតិ​  អ្នកមាន​អំណាច​ រំលោភ​លើ​ ដែន​សមត្ថកិច្ច​ ស្ថាប័ន​ឯករាជ្យ​  រំលោភ​លើ​អ្នក​ទន់ខ្សោយ​ គឺជា​ព្រួយបារម្ភ​បំផុត​ប្រទេស​ជាតិ​នោះ​ ។​ នេះ​ជា​ការ​ផ្ដល់​អនុសាសន៍​ថ្មី​ទៀត​របស់​អ្នកវិភាគ​នយោបាយ​នៅ​កម្ពុជា​ ។

election-2013
រូបភាពពី ៖ google

​ក្រុម​អ្នកវិភាគ​ ដែល​ វិទ្យុ​ស្ត្រី​ បាន​សុំ​សម្ភាសន៍​ ពួក​គាត់​ ទទូច​ថា​ ដើម្បី​ឱ្យ​ប្រជាជន​ ទទួល​បាន​សន្តិភាព​ ទាំង​ផ្លូវចិត្ត​ និង​ផ្លូវ​កាយ​ គឺ​អ្នកនយោបាយ​មាន​និន្នាការ​ខុសៗ​គ្នា​ ទាំង​គណបក្សកាន់អំណាច​ និង​គណបក្ស​សង្គ្រោះ​ជាតិ​  គួរតែ​បង្កើត​ឱ្យ​បាន​នូវ​ រូបមន្ត​រឹង​មាំ​មួយ​ គឺ​ការ​ឯកភាព​ជាតិ​ ផ្សះផ្សា​ជាតិ​  ឱ្យ​បាន​ទូលំទូលាយ​ ទើប​ប្រទេស​ដែល​ធ្លាប់​ ហែកហួរ​ដោយ​សង្គ្រាម​ ជា​ច្រើន​ទស​វត្ស​នេះ​ទទួល​បាន​សេចក្ដីសុខ​សុវត្ថិភាព​ ។​ មាន​ន័យ​ថា​ អ្នក​ឈ្នះ​មិន​សងសឹក​អ្នក​ចាញ់​ ហើយ​អ្នក​ចាញ់​មិន​ភ័យ​ខ្លាច​ ពី​ការ​ចាប់ចង​គំនុំ​គុំ​គួ​ន​ឡើយ​ ។​  ពួក​គាត់​ថា​ ប្រទេស​ភូមា​បាន​ ដើរ​លើ​ផ្លូវ​នេះ​ទៅ​ហើយ​ ។​ សូម​ស្ដាប់​ បទ​វិភាគ​ដែល​រៀបរៀង​ ដោយ​ កញ្ញា​ ឆេ​ង​ ណា​តា​ ដូច​តទៅ​ ៖


មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ​ ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ ត្រូវ​បាន​មើលឃើញ​ថា​ ឡើង​កំ​ដៅ​គួរ​ឱ្យ​ព្រួយបារម្ភ​ ។​ ដើមចម​ធ្វើ​ឱ្យ​មានការ​បែកបាក់​ជាតិ​ដោយសារ​តែ​អ្នកនយោបាយ​ មាន​ម​ហ​ច្ឆិ​តា​ ចង់​ផ្ដួល​គូប្រកួត​  ដោយ​មិន​អនុលោម​ទៅ​តាម​ គោលការណ៍​ប្រជាធិបតេយ្យ​ពិតៗ​ដែល​បណ្ដាល​ឱ្យ​ អ្នក​រិះគន់​យ៉ាងតិច​ ជាង​២០​នាក់​ ត្រូវ​បាន​ចាប់ខ្លួន​ ក្រោម​ហេតុផល​មួយ​ ដែល​បក្ស​កាន់​អំណាច​ អះអាង​ថា​ ជា​ការ​ពង្រឹង​និ​តិ​រដ្ឋ​ ។​

​កំ​ដៅ​នយោបាយ​ ឡើង​ខ្លាំង​ប៉ុន្មាន​ថ្ងៃនេះ​  គឺជា​សញ្ញា​មួយ​ ដែល​អ្នកវិភាគ​ថា​ «​គួរ​ឱ្យ​ព្រួយបារម្ភ​អំពី​អនាគត​ប្រទេស​ជាតិ​»​ ហើយ​ជា​ពិសេស​ ពួក​គេ​បារម្ភ​ពី​ការ​បែកបាក់​ជាតិ​កាន់តែ​ខ្លាំង​ នៅ​ពេល​ប្រទេស​កម្ពុជា​រៀបចំ​ការ​បោះ​ឆ្នោត​ នៅ​ឃុំ​សង្កាត់​នៅ​ឆ្នាំ​ ២០១៧​ និង​បោះ​ឆ្នោត​សភា​ឆ្នាំ​២០១៨​ ។​

​អ្នកវិភាគ​ព្រមាន​ថា​ នឹង​មានការ​បែកបាក់​ជាតិ​ធ្ងន់ធ្ងរ​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ ឆ្នាំ​២០១៨​ ប្រសិនបើ​ អ្នកនយោបាយ​មាន​ឥទ្ធិពល​មិន​បង្កើត​រូបមន្ត​មួយ​ សំដៅ​ផ្សះផ្សា​ជាតិ​ឱ្យ​មាន​ប្រសិទ្ធភាព​ ។​ ពួក​គាត់​ទទូច​ឱ្យ​ អ្នកនយោបាយ​កម្ពុជា​យក​គំរូ​តាម​ ប្រទេស​ភូមា​ដែល​ គេ​មានការ​ឯកភាព​ជាតិ​ មុន​ការ​បោះ​ឆ្នោត​ ។​

​លោក​ សូ​ ច​ន្ថា​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ ពិនិត្យ​ឃើញ​ថា​ ស្ថានភាព​នយោបាយ​ អាក្រក់​ដូច​ពេល​នេះ​ អាច​នាំ​ប្រទេស​កម្ពុជា​ ទៅ​រក​ការ​បែកបាក់​ជាតិ​ កាន់តែ​ធ្ងន់​ជា​ពិសេស​ នៅ​ក្នុង​រដូវ​ឃោសនា​ រក​សំឡេង​ឆ្នោត​នៅ​ឆ្នាំ​ ២០១៨​ ។​ លោក​ពន្យល់​ថា​ ប្រទេស​ភូមា​ ដែល​បាន​ដឹកនាំ​ដោយ​ពួក​ យោធា​ បាន​ធ្វើ​ឱ្យ​ជាតិ​សាសន៍​មួយ​នេះ​ បែកបាក់​ការ​ឯកភាព​ជាតិ​ទាំង​ស្រុក​  ប្រទេស​ជាតិ​បាក់មុខ​មាត់​លើ​ឆាក​អន្តរជាតិ​ ហើយ​មិនតែប៉ុណ្ណោះ​ លោក​ខាងលិច​ ឬ​ពួក​សេរី​បាន​ហំ​ព័ន្ធ​សេដ្ឋកិច្ច​ប្រទេស​ ធ្វើ​ឱ្យ​ប្រជាជន​ក្រីក្រ​លំបាក​វេទនា​ ។​ លោក​ថា​ទីបំផុត​ពួក​យោធា​ ទទួលយក​យន្តការ​ឯកភាព​ជាតិ​មួយ​ជាមួយ​ ក្រុមប្រឆាំង​ ដឹកនាំ​ដោយ​ លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ ធ្វើ​ឱ្យ​ប្រទេស​មួយ​នេះ​ បាន​ឆ្លងកាត់​ការ​បោះ​ឆ្នោត​ កាលពី​ខែវិច្ឆិកា​ដែល​គ្មាន​ហិង្សា​ គ្មាន​គំនុំ​គុំ​គួ​ន​គ្នា​ឡើយ​ ។​

​​លោក​ សូ​ ច​ន្ថា​ ៖​ «​ខ្ញុំ​ គិត​ថាបើ​យោង​តាម​ច្បាប់​ចែង​មាន​ន័យ​ថា​គ្មាន​ទេ​ការ​ផ្ទៀង​តវ៉ា​ ក្រោយ​ការ​បោះ​ឆ្នោត​ពីព្រោះ​ក្នុង​ច្បាប់​បាន​ចែង​អំពី​គណបក្ស​មួយៗ​ទទួលយក​ការ​បោះ​ឆ្នោត​ លទ្ធផល​បោះ​ឆ្នោត​នោះ​ អ​ញ្ចឹ​ង​ខ្ញុំ​គិត​ថា​យោង​តាម​ច្បាប់​ហ្នឹង​ គណបក្ស​មួយៗ​នឹង​ចាប់ផ្តើម​ត្រលប់​ទៅ​ចរចា​គ្នា​ឡើង​វិញ​ ជា​ពិសេស​ឯកភាព​គ្នា​មុន​ការ​បោះ​ឆ្នោត​ ទើប​ការ​បោះ​ឆ្នោត​នោះ​អាច​ទទួលយក​បាន​គ្រប់​ភាគី​ពាក់ព័ន្ធ​ ហើយនឹង​មានការ​ផ្លាស់​ប្តូរ​អំណាច​ដោយ​សន្តិវិធី​ »​ ។​

​ប្រទេស​ភូមា​ បាន​ផ្ទេរអំណាច​ដោយ​សន្តិវិធី​កាលពី​ថ្ងៃ​ទី​១​មេ​សា​ ដែល​គេ​ហៅ​ជា​ព្រឹត្តិការណ៍​ ប្រវត្តិសាស្ត្រ​គឺ​កើត​មាន​ម្ដង​គត់​រយៈពេល​ជាង​៥​ទស​វត្ស​ ។​ ក្នុង​ពិធី​នេះ​ ប្រធានាធិបតី​ថេ​ន​ សេន​ មក​ពី​បក្ស​ចាញ់ឆ្នោត​បាន​បង្ហាញ​ក្ដី​ញញឹម​ ដោយ​ទទូច​ឱ្យ​គណបក្ស​ឈ្នះ​ឆ្នោត​ របស់​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ បន្ត​រក្សា​ការ​ឯកភាព​ជាតិ​ថែម​ទៀត​ ។​

​ប៉ុន្តែ​ នៅ​ពេល​មានការ​ផ្ទេរអំណាច​ ដោយ​រលូន​នេះ​ ប្រទេស​អតីត​យោធា​និយម​មួយ​នេះ​ បាន​ ឯកភាព​គ្នា​អនុម័ត​ច្បាប់​ពិសេស​មួយ​ ដែល​គេ​ហៅ​ថា​ «​ច្បាប់​ការពារ​បុព្វ​សិទ្ធ​អតីត​មេដឹកនាំ​ »​ ។​ បើ​តាម​ស្មារតី​របស់​ច្បាប់​នេះ​ គឺ​មេដឹកនាំ​ចាញ់ឆ្នោត​ នឹង​មិន​អាច​នាំ​ទៅ​កាត់ទោស​ ចោទប្រកាន់​ដោយសារ​ការ​ដឹកនាំ​របស់​ខ្លួន​កាលពី​អតីត​កាលនោះ​ឡើយ​ ។​ ​តាម​រយៈ​ច្បាប់​នេះ​ បាន​ធ្វើ​ឱ្យ​ភូមា​ មាន​មេដឹកនាំ​ថ្មី​កើត​ចេញពី​ឆន្ទៈ​របស់​ប្រជា​ជា​ជន​ គឺ​ លោកស្រី​មេ​បក្ស​ប្រឆាំង​ អ៊ុ​ន​សាន​ ស៊ូ​ជី​ ។​

​​លោក​ មាស​ នី​ អ្នក​សិក្សា​ស្រាវជ្រាវ​ ពី​ការ​អភិវឌ្ឍន៍​សង្គម​ ទទូច​ឱ្យ​អ្នកនយោបាយ​ ខ្មែរ​ពិនិត្យ​ មើល​យន្តការ​ដោះស្រាយ​វិបត្តិ​នយោបាយ​ ដែល​ប្រទេស​ភូមា​អាច​ដោះស្រាយ​បាន​ ។​លោក​ព្រមាន​ថាបើ​ គ្មាន​យន្តការ​ឯកភាព​ជាតិ​ទេ​គឺ​កម្ពុជា​ នឹង​ជួប​ហិង្សា​នយោបាយ​ ។​

​លោក​ មាស​ នី​ ៖«​ខ្ញុំ​គិត​ថា​មាន​ជា​អំពើ​ហឹ​ង្សា​នៅ​តាម​ទី​សាធារណៈ​អី​ទៅ​ អាហ្នឹង​ក៏​ជា​លេស​មួយទៀត​ដែល​ធ្វើ​ឱ្យ​គណបក្ស​ដែល​ចាញ់ឆ្នោត​ អាច​មាន​លទ្ធភាព​មក​គ្រប់គ្រង​ស្ថានភាព​វិញ​ ហើយ​ឈប់​ទទួលស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ហ្នឹង​ទី​១​ ហើយ​ទី​២​ទៀត​ ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​ឧទាហរណ៍​ថា​នឹង​ឈ្នះ​ឆ្នោត​ ប៉ុន្តែ​មិន​មាន​យុទ្ធសាស្ត្រ​ច្បាស់លាស់​ នៅ​ក្នុង​ការ​របៀប​ដែល​ផ្ទេរអំណាច​ទេ​នោះ​ បើសិនជា​យើង​មិន​មានសំណាង​ដូច​ជា​ប្រទេស​ភូមា​ដែល​គណបក្សកាន់អំណាច​គេ​ត្រៀមលក្ខណៈ​ សម្រាប់​ប្រគល់​ដំណែង​ឱ្យមក​គណបក្សប្រឆាំង​សម្រាប់​ការ​ឈ្នះ​ទេ​នោះ​ ការ​រុះរើ​ដែល​មិន​បាន​ប្រុង​ប្រយ័ត្ន​វា​នឹង​ធ្វើ​ឱ្យ​មានការ​មិន​សប្បាយចិត្ត​ពី​មន្ត្រី​សំខាន់ៗ​ ពិសេស​មន្ត្រី​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ គ្រួសារ​និយម​អី​នោះ​ ពួក​ហ្នឹង​នឹង​អាច​រៀបចំ​គ្នា​ ហើយ​ក្រោក​តវ៉ា​ឡើង​ទៀត​ ហើយ​ខ្លាច​រៀបចំ​ឱ្យ​ក្លាយជា​គូ​ដេ​តា​ យើង​ហៅ​គូ​ដេ​តា​មួយទៀត​ដែល​វាស្រ​ដៀង​នឹង​ប្រទេស​ថៃ​»​ ។​

​ការ​បោះ​ឆ្នោត​ នៅ​ប្រទេស​ភូមា​កាលពី​ថ្ងៃ​ទី​៨​វិច្ឆិកា​ ឆ្នាំ​២០១៥​ ធ្វើ​ឱ្យ​មានការ​សាទរ​ ជា​ខ្លាំង​ពី​សំណាក់​សហគមន៍​អន្តរជាតិ​ ព្រោះ​ការ​ឃោសនា​ រក​សំឡេង​ឆ្នោត​ និង​ ថ្ងៃ​បោះ​ឆ្នោត​ មិន​មាន​ ហិង្សា​កើតឡើង​ធ្ងន់ធ្ងរ​ ហើយ​ការ​បោះ​ឆ្នោត​ត្រូវ​បាន​ មើលឃើញ​ថា​ប្រព្រឹត្ត​ទៅ​ ដោយ​ ភាព​ត្រឹមត្រូវ​ តម្លាភាព​ និង​សេរី​ ។​ ចំណែក​រូបមន្ត​ នៃ​ផ្ទេរអំណាច​នៅ​ភូមា​  ដោយ​សន្តិវិធី​ក៏​បាន​ធ្វើ​ឱ្យ​ សហគមន៍​អន្តរជាតិ​គាំទ្រ​ដែរ​ ។​ ចំណែក​កម្ពុជា​ ក៍​ចេញ​សេចក្ដីថ្លែងការណ៍​ សាទរ​លទ្ធផល​បោះ​ឆ្នោត​នៅ​ភូមា​ដែរ​ បើ​ទោះជា​ប្រទេស​នេះ​ ទទួល​រង​ការ​រិះគន់​ថា​ មិន​មាន​ភាព​សុក្រឹត​ ត្រឹមត្រូវ​ នៅ​ក្នុង​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ក៏​ដោយ​នោះ​ ។​

​លោក​ ចាន់​ វិបុល​ បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ​ ពិនិត្យ​ឃើញ​ថា​ប្រទេស​ភូមា​ កាលពី​ស្ថិត​ នៅ​ក្នុង​ការ​គ្រប់គ្រង​របស់​ពួក​យោធា​ គឺ​ប្រទេស​នេះ​ រង​ការ​បែកបាក់​ការ​ឯកភាព​ ជា​ខ្លាំង​ សឹងតែ​កែ​មិន​រួច​ ។​ តែ​លោក​ថា​ពេល​នេះ​ ភូមា​ ផ្លាស់​ប្ដូរ​ មុខមាត់​ថ្មី​ហើយ​ ។​ ចំណែក​កម្ពុជា​ មិនអាក្រក់​ដូច​ភូមា​អតីត​កាលនោះ​ទេ​ គឺ​កម្ពុជា​នឹង​ធ្វើ​បានការ​ឯកភាព​ជាតិ​មួយ​ នៅ​មុន​ការ​បោះ​ឆ្នោត​ ។​​

​លោក​ ចាន់​ វិបុល​ ៖​ «​អតីតកាល​របស់​ប្រទេស​ភូមា​អាក្រក់​ក្រៃ​លែង​បំផុត​ហើយ​ ពីព្រោះ​ប្រទេស​ភូមា​ជា​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​យោធា​ ដែល​មាន​កៅអី​ច្រើន​លើសលប់​នៅ​ក្នុង​សភា​ សូ​ម្បី​តែ​តាក់តែង​រដ្ឋធម្មនុញ​ហ្នឹង​ក៏​ធ្វើ​ឡើង​ដោយ​ក្រុម​យោធា​ដែរ​ ។​ ខ្ញុំ​មិន​បានឃើញ​ទិដ្ឋភាព​កម្ពុជា​យើង​ មាន​ស្ថានភាព​អាក្រក់​ដូច​អតីតកាល​នៅ​ប្រទេស​ភូមា​ទេ​ អ្វី​ដែល​យើង​ត្រូវការ​បំផុត​នោះ​ គឺ​ការ​អប់រំ​ផ្នែក​ច​រិ​ក​នយោបាយ​ថ្នាក់ដឹកនាំ​ ឱ្យ​គាត់​ទទួលស្គាល់​ប្រ​យោ​ជ​ជាតិ​ដូច​នៅ​ប្រទេស​ភូមា​អ​ញ្ចឹ​ង​ដែរ​ ខ្ញុំ​ឃើញ​រឿង​នេះ​ដែល​ធ្ងន់​បំផុត​ ហើយ​រឿង​ដែល​សំខាន់​ហ្នឹង​គឺ​ការ​ពិនិត្យ​ទៅ​លើ​ប្រព័ន្ធ​គ្រប់គ្រង​របស់​រដ្ឋ​ ហើយ​បែងចែក​ឱ្យ​ដាច់​រវាង​អំណាច​របស់​បក្ស​មក​លើ​រដ្ឋ​ ហើយ​យើង​ពិនិត្យ​មើលទៅ​លើ​រចនាសម្ព័ន្ធ​ឬ​តួអង្គ​នៃ​ការ​គ្រប់គ្រង​រដ្ឋ​»​ ។​​

​ប្រទេស​កម្ពុជា​ ធ្លាប់​មាន​ប្រវត្តិ​បែកបាក់​ជាតិ​ ជា​ច្រើន​ជំនាន់​មក​ហើយ​ ចាប់តាំងពី​រដ្ឋប្រហារ​ទម្លាក់​សម្ដេចឪ​នរោត្តម​សីហ​នុ​ នៅ​ឆ្នាំ​១៩៧០​ ។​ ប្រទេស​នេះ​ មាន​ឯកភាព​ជាតិ​ នៅ​ឆ្នាំ​ ១៩៩១​ ក្រោម​ព្រះរាជកិច្ច​ នៃ​ព្រះ​នរោត្តម​សីហ​នុ​ ហើយ​ក្រោយ​មានការ​បោះ​ឆ្នោត​ជា​លើក​ដំបូង​នៅ​ឆ្នាំ​ ១៩៩៣​ ក្រោម​ការ​រៀបចំ​ដោយ​ អង្គការសហប្រជាជាតិ​ ប៉ុន្តែ​ជា​អកុសល​ គណបក្សកាន់អំណាច​សព្វ​ថៃ្ង​ មិន​បាន​ទទួលស្គាល់​ ការ​ចាញ់ឆ្នោត​ នៅ​គ្រានោះ​ទេ​ ។​​

​​គណបក្ស​នេះ​ចាប់​យក​អាវុធ​ជា​យុទ្ធសាស្ត្រ​ដើម្បី​ បន្ត​កាន់​អំណាច​ ក្រោម​ហេតុផល​មួយ​ថា​ការ​បោះ​ឆ្នោត​នៅ​គ្រានោះ​ មិន​ត្រឹមត្រូវ​ និង​ យុត្តិធម៌​ ហើយ​ទីបំផុត​ ព្រះ​នរោត្តម​ សីហ​នុ​ ក៍ស​ម្រេច​ ធ្វើការ​បង្រួបបង្រួម​ជាតិ​ ដោយ​ឯកភាព​មិន​ឱ្យ​មាន​អ្នក​ឈ្នះ​ ។​ គណបក្ស​ឈ្នះ​ឆ្នោត​ គឺ​ហ្វ៊ុ​ន​ស៊ី​ន​ប៉ិច​ ដឹកនាំ​ដោយ​សម្ដេចក្រុមព្រះ​នរោត្តម​រណ​ឬ​ទ្ធិ​ យល់ព្រម​ប្រគល់​អំណាច​ បែងចែក​ស្ថាប័នរដ្ឋ​មួយ​ចំនួន​ទៅ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​  ក្រោម​រូបភាព​ នៃ​រដ្ឋាភិបាលចម្រុះ​ ដោយ​សម្ដេចក្រុមព្រះ​ ជា​នាយក​រដ្ឋមន្ត្រី​ទី​១​ និង​ សម្ដេច​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​ទី​២​ គេ​ហៅ​ថា​ សហនាយករដ្ឋមន្ត្រី​ ។​ រូបមន្ត​បែប​នេះ​ កម្រ​ឃើញ​ ប្រទេស​ផ្សេង​ទៀត​ ធ្លាប់​បង្កើត​នោះ​ទេ​ ។​ តែ​ទីបំផុត​សម្ដេចក្រុមព្រះ​ត្រូវ​បាន​ កំចាត់​ចេញពី​រដ្ឋាភិបាល​ ក្រោម​ព្រឹត្តិការណ៍​ ផ្ទះ​អាវុធ​ថ្ងៃ​ ៥​ -៦​ កក្កដា​ ឆ្នាំ​ ១៩៩៧​ ។​​

​ទោះជា​បែប​នេះ​ក្ដី​ ការ​បោះ​ឆ្នោត​ នៅ​ឆ្នាំ​២០១៨​ ដែល​អ្នកវិភាគ​ថា​ជា​អាយុជីវិត​ របស់​បក្ស​កាន់​អំណាច​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ អាច​នឹង​មិន​មាន​ព្រឹត្តិការណ៍​ ដូច​ឆ្នាំ​១៩៩៣​ទេ​ ព្រោះ​ច្បាប់បោះឆ្នោត​ថ្មី​ មិន​អនុញ្ញាត​មាន​ហេតុ​ការ​ដូចនេះ​កើត​ឡើយ​ ។​ ច្បាប់​ឆ្នោត​ថ្មី​ កំណត់​ឱ្យ​ បក្ស​ចាញ់ឆ្នោត​ត្រូវ​ត្រូវ​ទទួលស្គាល់​លទ្ធផល​បោះ​ឆ្នោត​ ហើយ​មិន​ដូច្នេះ​ គឺ​ត្រូវ​រឹបអូស​អាសនៈ​សភា​របស់​បក្ស​នោះ​ ។​​

​លោក​ សុខ​ឥ​សាន្ត​ អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​សាទរ​ ចំពោះ​ច្បាប់បោះឆ្នោត​ថ្មី​នេះ​ ដោយ​សង្ឃឹមថានឹង​មិន​មាន​អ្វី​កើតឡើង​ទេ​ ។​ តែ​នៅ​ពេល​សួរ​ថា​តើ​ មានគំនិត​ចង់​ ផ្សះផ្សា​ជាតិ​ជាមួយ​បក្ស​ប្រឆាំង​ ដើម្បី​បង្កើត​រូបមន្ត​មួយ​ដូច​ប្រទេស​ភូមា​ដែរ​ឬទេ​   លោក​សុខ​ឥ​សាន្ត​ មាន​ប្រសាសន៍​ថា​ គ្មាន​អ្វី​ដែល​ត្រូវ​និយាយ​ពី​ការ​ផ្សះផ្សា​ជាតិ​ ព្រោះ​ពុំ​មានការ​បែកបាក់​ជាតិ​នៅ​ពេល​នេះ​ទេ​ ។​ លោក​ថា​អ្វី​ដែល​ បក្ស​ប្រឆាំង​ថា​បែកបាក់​ជាតិ​ គឺជា​លេស​នយោបាយ​របស់​បក្ស​នេះ​តែ​ប៉ុណ្ណោះ​ ។​​

​​លោក​ សុខ​ ឥ​សាន្ត​ ៖«​អ​ញ្ចឹ​ង​យើង​កំពុង​ដំណើរការ​ស្រប​ទៅ​តាម​ខ្លឹមសារ​ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​បារី​ស​ ដែល​ឱ្យ​ប្រទេស​យើង​ដើរ​ឱ្យ​បាន​ត្រឹមត្រូវ​ ទៅ​តាម​គន្លង​លទ្ធិប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​ ហើយ​ គួប​ផ្សំ​នឹង​និ​តិ​រដ្ឋ​ ។​ អត់​មានរឿង​អី​ត្រូវ​ផ្សះផ្សា​ទេ​អាហ្នឹង​ជា​គោលនយោបាយ​របស់​យើង​ គឺថា​យើង​ដឹកនាំ​ប្រទេស​ដឹកនាំ​គ្រប់​ចំណុច​ទាំងអស់​ដែល​មាន​ចែង​នៅ​ក្នុង​កម្មវិធី​នយោបាយ​របស់​គណបក្ស​ ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ​គាំទ្រ​ឱ្យ​ហើយ​ យើង​មិន​ទៅ​រើសអើង​គណបក្ស​នយោបាយ​ឯណា​»​ ។​​

​ទោះជា​បែប​នេះ​ក្ដី​  គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ថ្វាយ​លិខិត​សុំ​អន្តរាគមន៍​ ពី​ព្រះមហាក្សត្រ​ដោយ​ទទូច​ឱ្យ​ព្រះ​អង្គ​ជួយ​ បន្ថយ​កំ​ដៅ​នយោបាយ​ដែល​គេ​ហៅ​ថា​ ការ​ឡើង​កំ​ដៅ​នយោបាយ​ ដ៍​គួរ​ឱ្យ​ព្រួយបារម្ភ​ ។​  គណបក្សប្រឆាំង​ធំ​នេះ​ ដាក់​ការ​ព្រួយបារម្ភ​អំពី​ ការ​ បោះ​ឆ្នោត​ ឆ្នាំ​២០១៧​ និង​២០១៨​ ថា​នឹង​មាន​ហិង្សា​ ប្រសិនបើ​ពុំ​មានការ​ឯកភាព​ជាតិ​ ហើយ​ធ្វើ​ឱ្យ​ លទ្ធផល​បោះ​ឆ្នោត​ អាច​ត្រូវ​ច្រានចោល​ដោយ​គណបក្ស​ណាមួយ​ ។​​

​ចំណែក​ ក្រុម​អ្នកវិភាគ​ មាន​ទស្សនៈ​ប្រហាក់ប្រហែល​គ្នា​ថា​ រូបមន្ត​ឯកភាព​ជាតិ​ ដូច​ប្រទេស​ភូមា​ គឺជា​ស្ដង់ដា​មួយ​ល្អ​សម្រាប់​ ការ​ផ្ទេរអំណាច​ ក្នុង​បណ្ដា​ប្រទេស​ក្នុង​តំបន់​ ហើយ​ជា​ការ​បញ្ជៀ​សបាន​នូវ​ ហិង្សា​ ការ​គុំ​គួ​ន​ និង​ការ​សងសឹក​ខាង​នយោបាយ​ ៕​

Share

ព័ត៌មានទាក់ទង

Image