ភ្នំពេញ ៖ អង្គការក្រៅរដ្ឋាភិបាលគ្រោងបើកវគ្គបណ្តុះបណ្តាលទៅលើស្ត្រីឱ្យបានចូលរួមក្នុងវិស័យ នយោបាយ ។ គម្រោងនេះ ក្នុងគោលបំណងដើម្បីលើកទឹកចិត្តឱ្យស្ត្រីបានយល់ដឹងពីតួនាទីរបស់ខ្លួនចូលរួមទៅក្នុងវិស័យនយោបាយតាមរយៈ ការឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យ ឬការចូលរួមបោះឆ្នោតជាដើម ។ ការលើកទ្បើងបែបនេះធ្វើទ្បើងនៅក្នុងកិច្ចពិភាក្សាតុមូលស្តីពី «ស្ត្រីក្នុងវិស័យនយោបាយ» នាព្រឹកថ្ងៃទី ០៩ខែឧសភា ឆ្នាំ២០១៦នេះនៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ ។

ប្រធានកម្មវិធីប្រចាំកម្ពុជានៃអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ (DW Akademie) លោកស្រី សាប៊ីនណា កាសាក្រានឌី មានប្រសាសន៍ក្នុងកិច្ចពិភាក្សានេះ តាមរយៈអ្នកបកប្រែថា អ្វីដែលអង្គការក្រៅរដ្ឋាភិបាលធ្វើការទាក់ទងទៅលើស្ត្រីគឺចង់ឃើញពីការចូលរួមរបស់ស្ត្រីយ៉ាងសកម្មក្នុងដំណើរការនយោបាយ ដែលសំដៅទៅលើការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១៧ និងការបោះឆ្នោតសភាជាតិឆ្នាំ២០១៨ ។
លោកស្រី សាប៊ីនណា មានប្រសាសន៍បន្តថាដើម្បីផ្តល់ភាពងាយស្រួយទៅដល់ស្ត្រី ចូលរួមក្នុងវិស័យនយោបាយនោះ អង្គការក្រៅរដ្ឋាភិបាលដែលពាក់ព័ន្ធមួយចំនួននឹងបើកវគ្គបណ្តុះបណ្តាលដល់ស្ត្រីអំពីការចូលរួមក្នុងវិស័យនយោបាយ ។ លោកស្រីបន្តថាការបើកវគ្គបណ្តុះបណ្តាលនោះអាចធ្វើទ្បើងតាម២របៀបមានដូចជា ៖ «ទី០១គឺលក្ខណៈបុគ្គលនឹងបុគ្គលនៅក្នុងរូបរាង្គជាវេទិកា ឬក៏នៅក្នុងឌីបែដដែលជាការជជែកតវ៉ាគ្នាទៅវិញទៅមក ហើយលើសតែពីការជួបជុំគ្នាជាលក្ខណៈបុគ្គលនិងបុគ្គលយើងក៏អាចព្យាយាមប្រើមធ្យបាយនៃភាពទំនើបនៃបច្ចេកវិទ្យានិងប្រព័ន្ធឌីជីថល..» ។
ឆ្លើយតបនឹងការលើកទ្បើងខាងលើនេះ លោកស្រី គីម ស៊ីផាត អគ្គនាយកសមភាពយេនឌឺនិងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃក្រសួងកិច្ចការនារី បានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុស្ត្រីនៅថ្ងៃនេះថា ការបើកវគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់សង្គមគ្រួសារ ក៏ដូចជាសង្គមជាតិទាំងមូល ។
លោកស្រីថា សារៈសំខាន់ដោយសារតែការបើកវគ្គបណ្តុះបណ្តាលនោះនឹងធ្វើឱ្យស្ត្រីបានយល់ដឹងពីសិទ្ធិ និងតួនាទីរបស់ខ្លួនក្នុងការចូលរួមក្នុងវិស័យនយោបាយ ។ លោកស្រី ទទួលស្គាល់ថាទោះបីរាជរដ្ឋាភិបាលបានលើកទឹកចិត្តឱ្យស្ត្រីអាចចូលរួមក្នុងវិស័យនយោបាយក៏ដោយប៉ុន្តែវត្តមានថ្នាក់ដឹកនាំស្ត្រី ក្នុងវិស័យនយោបាយនៅមានកម្រិតបើធៀបនឹងបុរស ។ លោកស្រីបន្តថាក្រសួងកិច្ចការនារី នឹងជំរុញឱ្យមានវត្តមានស្ត្រីកាន់តែច្រើនថែមទៀត គឺតាមរយៈការពង្រឹងសមត្ថភាពរបស់ស្ត្រី ធ្វើការលើកទឹកចិត្តទៅដល់ពួកគេឱ្យចូលរួមវិស័យនយោបាយជាដើម ។
ជាមួយគ្នានេះ តំណាងអង្គការឃ្លាំមើលការបោះឆ្នោត នៅកម្ពុជា ហៅកាត់ថា Comfrel គឺលោកស្រី ស្រីលក្ខ ក៏ទទួលស្គាល់ថា ស្ត្រីខ្មែរនៅមានកម្រិតទាប ក្នុងជីវភាព នយោបាយ និង មន្ត្រីថ្នាក់ក្រោមជាតិ ។
សូមជំរាបជូនថាវេទិកាតុមូលដែលធ្វើទ្បើងកាលពីព្រឹកមិញនេះ មានអង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នរដ្ឋមួយចំនួនចូលរួមដូចជា៖ អង្គការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ អង្គការបន្ទាយស្រី មណ្ឌលព័ត៌មានស្ត្រីកម្ពុជា និងតំណាងមកពីស្ថាប័នក្រសួងមហាផ្ទៃ ក្រសួងកិច្ចកានារី ។ អង្គការបន្ទាយស្រី និងមណ្ឌលព័ត៌មានស្ត្រីកម្ពុជាគឺជាដៃគូរបស់អង្គការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ (DW Akademie) ជាអ្នកប្រតិបត្តិគំរោងនេះ ។
កម្ពុជា នឹងមានការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅឆ្នាំ២០១៧ និងបោះឆ្នោតជាតិ ឆ្នាំ ២០១៨ ។តាមរបាយការណ៍របស់ក្រសួងកិច្ចការនារី ស្ត្រីកម្ពុជា មាន ៥២ភាគរយ នៃចំនួន សរុបប៉ុន្តែ ចំនួនស្ត្រីធ្វើជាតំណាងពលរដ្ឋ មានចំនួនតិចជាងបុរសជាខ្លាំង ៕