en     km
en     km

អង្គការ​ស្រី្ត​ ​ចំនួន​​២​​នឹង​​បើក​​វគ្គ​​បណ្តុះ​បណ្តាល​​ជំរុញ​​ស្ត្រី​ ​ឱ្យ​​ចូល​រួម​​វិស័យ​​នយោបាយ

Share

ភ្នំពេញ​ ៖ ​អង្គការក្រៅរដ្ឋាភិបាល​គ្រោង​បើក​វគ្គ​បណ្តុះបណ្តាល​ទៅ​លើ​ស្ត្រី​ឱ្យ​បាន​ចូលរួម​ក្នុង​វិស័យ​ នយោបាយ​ ។​ គម្រោង​​នេះ​ ក្នុង​គោលបំណង​ដើម្បី​លើកទឹកចិត្ត​ឱ្យ​ស្ត្រី​បាន​យល់​ដឹង​ពី​តួនាទី​របស់​ខ្លួន​ចូលរួម​ទៅ​ក្នុង​វិស័យ​នយោបាយ​តាម​រយៈ​ ការ​ឈរឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត​ឱ្យ​ ឬ​ការ​ចូលរួម​បោះ​ឆ្នោត​ជាដើម​ ។​ ការ​លើក​ទ្បើ​ង​បែប​នេះ​ធ្វើ​ទ្បើ​ង​នៅ​ក្នុង​កិច្ច​ពិភាក្សា​តុមូល​ស្តី​ពី​ «​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​»​ នាព្រឹក​ថ្ងៃ​ទី​ ០៩​ខែឧសភា​ ឆ្នាំ​២០១៦​នេះ​នៅ​សណ្ឋាគារ​សាន់​វេ​ រាជធានី​ភ្នំពេញ​ ។​

 

NGO-promot-woman
អង្គការក្រៅរដ្ឋាភិបាល​ និង​ស្ថាប័នរដ្ឋ​មួយ​ចំនួន ​នៅ​ក្នុង​កិច្ច​ពិភាក្សា​តុមូល​ស្តី​ពី​ «​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​»​


​ប្រធាន​កម្មវិធី​ប្រចាំ​កម្ពុជា​នៃ​អង្គការ​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​អា​ល្លឺ​ម៉​ង់​ (DW​ Akademie)​ លោកស្រី​ សា​ប៊ី​ន​ណា​ កា​សា​ក្រាន​ឌី​ មាន​ប្រសាសន៍​ក្នុង​កិច្ច​ពិភាក្សា​នេះ​ តាម​រយៈ​អ្នកបកប្រែ​ថា​ អ្វី​ដែល​អង្គការក្រៅរដ្ឋាភិបាល​ធ្វើការ​ទាក់ទង​ទៅ​លើ​ស្ត្រី​គឺ​ចង់​ឃើញ​ពី​ការ​ចូលរួម​របស់​ស្ត្រី​យ៉ាង​សកម្ម​ក្នុង​ដំណើរការ​នយោបាយ​ ដែល​សំដៅ​ទៅ​លើ​ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​ ឆ្នាំ​២០១៧​ និង​ការ​បោះ​ឆ្នោត​សភាជាតិ​ឆ្នាំ​២០១៨​ ។​​

​លោកស្រី​ សា​ប៊ី​ន​ណា​ មាន​ប្រសាសន៍​បន្ត​ថា​ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួយ​ទៅ​ដល់​ស្ត្រី​ ចូលរួម​ក្នុង​វិស័យ​នយោបាយ​នោះ​ អង្គការក្រៅរដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ​មួយ​ចំនួន​នឹង​បើក​វគ្គ​បណ្តុះបណ្តាល​ដល់​ស្ត្រី​អំពី​ការ​ចូលរួម​ក្នុង​វិស័យ​នយោបាយ​ ។​ លោកស្រី​បន្ត​ថា​ការ​បើក​វគ្គ​បណ្តុះបណ្តាល​នោះ​អាច​ធ្វើ​ទ្បើ​ង​តាម​២​របៀប​មាន​ដូច​ជា​ ៖​ «​ទី​០១​គឺ​លក្ខណៈ​បុគ្គល​នឹង​បុគ្គល​នៅ​ក្នុង​រូ​បរាង្គ​ជា​វេទិកា​ ឬ​ក៏​នៅ​ក្នុង​ឌី​បែ​ដដែល​ជា​ការ​ជជែក​តវ៉ា​គ្នា​ទៅ​វិញ​ទៅ​មក​ ហើយ​លើស​តែ​ពី​ការ​ជួបជុំ​គ្នា​ជា​លក្ខណៈ​បុគ្គល​និង​បុគ្គល​យើង​ក៏​អាច​ព្យាយាម​ប្រើ​មធ្យ​បាយ​នៃ​ភាព​ទំនើប​នៃ​បច្ចេកវិទ្យា​និង​ប្រព័ន្ធ​ឌី​ជី​ថ​ល​..»​ ។​​

​ឆ្លើយ​តប​នឹង​ការ​លើក​ទ្បើ​ង​ខាងលើ​នេះ​ លោកស្រី​ គី​ម​ ស៊ី​ផាត​ អគ្គនាយក​សមភាព​យេ​ន​ឌឺ​និង​អភិ​វឌ្ឍន៍​សេដ្ឋកិច្ច​នៃ​ក្រសួង​កិច្ចការ​នារី​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ ការ​បើក​វគ្គ​បណ្តុះបណ្តាល​នេះ​ ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​សង្គម​គ្រួសារ​ ក៏​ដូច​ជា​សង្គម​ជាតិ​ទាំងមូល​ ។​​

​លោកស្រី​ថា​ សារៈសំខាន់​ដោយសារ​តែ​ការ​បើក​វគ្គ​បណ្តុះបណ្តាល​នោះ​នឹង​ធ្វើ​ឱ្យ​ស្ត្រី​បាន​យល់​ដឹង​ពី​សិទ្ធិ​ និង​តួនាទី​របស់​ខ្លួន​ក្នុង​ការ​ចូលរួម​ក្នុង​វិស័យ​នយោបាយ​ ។​ ​លោកស្រី​ ទទួលស្គាល់​ថា​ទោះបី​រាជរដ្ឋាភិបាល​បាន​លើកទឹកចិត្ត​ឱ្យ​ស្ត្រី​អាច​ចូលរួម​ក្នុង​វិស័យ​នយោបាយ​ក៏​ដោយ​ប៉ុន្តែ​វត្តមាន​ថ្នាក់ដឹកនាំ​ស្ត្រី​ ក្នុង​វិស័យ​នយោបាយ​នៅ​មាន​កម្រិត​បើ​ធៀប​នឹង​បុរស​ ។​ លោកស្រី​បន្ត​ថា​ក្រសួង​កិច្ចការ​នារី​ នឹង​ជំរុញ​ឱ្យ​មាន​វត្តមាន​ស្ត្រី​កាន់តែ​ច្រើន​ថែម​ទៀត​ គឺ​តាម​រយៈ​ការ​ពង្រឹងសមត្ថភាព​របស់​ស្ត្រី​ ធ្វើការ​លើកទឹកចិត្ត​ទៅ​ដល់​ពួក​គេ​ឱ្យ​ចូលរួម​វិស័យ​នយោបាយ​ជាដើម​ ។​​

​លោកស្រី​ គី​ម​ ស៊ី​ផាត​៖​ «​យើង​ឃើញ​ថា​ស្ត្រី​ដែល​ជា​ថ្នាក់ដឹកនាំ​នៅ​ក្នុង​វិស័យ​នយោបាយ​បើ​យើង​គិត​ជា​ទិន្នន័យ​គឹ​មានការ​កើន​ទ្បើ​ង​ មានការ​រីក​ចំរើន​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ​គ្រប់​កម្រិត​ទាំង​ថ្នាក់លើ​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​ ប៉ុន្តែ​យើង​ឃើញ​ហើយ​ចំនួន​ក៏​មាន​តិច​ដែរ​បើ​ធៀប​និង​បុរស​អ្វី​ដែល​យើង​ធ្វើ​ជា​យុទ្ធសាស្ត្រ​របស់​យើង​គឺ​យើង​ធ្វើ​ម៉េច​អភិវឌ្ឍន៍​សមត្ថភាព​របស់​ពួក​គាត់​…»​ ។​

​ជាមួយ​គ្នា​នេះ​ តំណាង​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ នៅ​កម្ពុជា​ ហៅ​កាត់​ថា​ Comfrel​ គឺ​លោកស្រី​ ស្រី​លក្ខ​ ក៏​ទទួលស្គាល់​ថា​ ស្ត្រី​ខ្មែរ​នៅ​មាន​កម្រិត​ទាប​ ក្នុង​ជីវភាព​ នយោបាយ​ និង​ មន្ត្រី​ថ្នាក់​ក្រោម​ជាតិ​ ។​​

​សូម​ជំរាប​ជូន​ថា​វេទិកា​តុមូល​ដែល​ធ្វើ​ទ្បើ​ង​កាលពី​ព្រឹក​មិ​ញ​នេះ​ មាន​អង្គការក្រៅរដ្ឋាភិបាល​ និង​ស្ថាប័នរដ្ឋ​មួយ​ចំនួន​ចូលរួម​ដូច​ជា​៖​ អង្គការ​អភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អា​ល្លឺ​ម៉​ង់​ អង្គការ​បន្ទាយស្រី​ ម​ណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ និង​តំណាង​មក​ពី​ស្ថាប័ន​ក្រសួងមហាផ្ទៃ​ ក្រសួង​កិច្ចកា​នារី​ ។​ ​អង្គការ​បន្ទាយស្រី​ និង​ម​ណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​គឺជា​ដៃគូ​របស់​អង្គការ​អភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អា​ល្លឺ​ម៉​ង់​ (DW​ Akademie)​ ជា​អ្នក​ប្រតិបត្តិ​គំរោង​នេះ​ ។​​

​កម្ពុជា​ នឹង​មានការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ នៅ​ឆ្នាំ​២០១៧​ និង​បោះ​ឆ្នោតជាតិ​ ឆ្នាំ​ ២០១៨​ ។​តាម​របាយការណ៍​របស់​ក្រសួង​កិច្ចការ​នារី​ ស្ត្រី​កម្ពុជា​ មាន​ ៥២​ភាគរយ​ នៃ​ចំនួន​ សរុប​ប៉ុន្តែ​ ចំនួន​ស្ត្រី​ធ្វើ​ជា​តំណាង​ពលរដ្ឋ​ មាន​ចំនួន​តិច​ជាង​បុរស​ជា​ខ្លាំង​ ៕​

Share

Image
Image
Image