ភ្នំពេញ ៖ ដូចការគ្រោងទុកនៅថ្ងៃនេះមានក្រុមពលរដ្ឋ យុវជន អង្គការសង្គមស៊ីវិល ដែល ប្រមូលផ្ដុំគ្នាកន្លែងមួយចំនួនក្នុងរាជធានីភ្នំពេញក្នុងយុទ្ធនាការ ពាក់អាវខ្មៅ គឺមានទាំងនៅពន្ធនាគាព្រៃស នៅសហគមននានា ត្រូវអាជ្ញាធរ ចាប់ខ្លួនជាបន្តបន្ទាប់ ហើយមានទាំងជនបរទេសទៀតផង ។ យុទ្ធនាការនេះសំដៅ ឱ្យអាជ្ញាធរដោះលែងមន្ត្រីអាដហុក ៤រូប និងមន្ត្រីគជប មួយរូប ដែលពួកគាត់ ឃុំខ្លួនករណី កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ។ អ្នកសង្កេតការណ៍លើកឡើងពីក្ដីបារម្ភរបស់ពួកគេថាអាចនឹងមានហិង្សាក្នុងសង្គមជាតិប្រសិនជារាជរដ្ឋាភិបាលនៅតែបន្ដនិតិវិធីក្ដៅទៅលើក្រុមអ្នកតវ៉ាជាបន្ដទៀត ។ តែមន្ត្រីរដ្ឋាភិបាលច្រានចោល ការអះអាងដូចនេះ ។ រាយការណ៍ដោយ លៀ ស៊ីណា៖
លោក អំ សំអាត មន្ដ្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការលីកាដូ មានប្រសាសន៍ជាមួយវិទ្យុស្ដ្រីនៅថ្ងៃចន្ទ នេះថា ក្នុងនាមលោកជាមន្ដ្រីធ្វើការលើផ្នែកសិទ្ធិមនុស្សមួយរូប លោកមានការសោកស្ដាយជាខ្លាំង ចំពោះស្ថានភាពការគោរពសិទ្ធិមនុស្សនៅកម្ពុជាកំពុងតែធ្លាក់ដុនដាប ហើយមានការបង្ក្រាបមកលើក្រុមពលរដ្ឋដែលចេញមកតវ៉ាដោយ សន្ដិវិធីនាពេលនេះ ។ លោកបន្ដថា វិធានការរបស់អាជ្ញាធរ ចាត់ការលើក្រុមអ្នកតវ៉ានាពេលនេះគឺខុសពីការពិតដែលចោទប្រកាន់ពួកគេថា មានបំណងធ្វើបដិវត្ដន៍ពណ៍ដោយគ្រាន់តែស្លៀកពាក់ខោអាវពណ៍ខ្មៅ ។ លោកន្ថែមទៀតថា ការស្លៀកពាកឈុតខ្មៅនាពេលនេះគឺដើម្បីបង្ហាញការមិនពេញចិត្ដដែលតុលាការ ធ្វើការចោទប្រកាន់អង្គការសង្គមស៊ីវិល និង មន្ដ្រី គជប ។
លោក អំ សំអាត បញ្ជាក់ថាប្រសិនជាប្រទេសកម្ពុជានៅតែបន្ដកាន់លទ្ធិប្រជាធិបតេយ្យសិរីពហុបក្ស នោះរាជរដ្ឋាភិបាលគួរតែពិចារណាឡើងវិញនូវការគោរពសិទ្ធិមនុស្ស ជាពិសេសកុំយកសង្គមស៊ីវិល សកម្មជនដីធ្លី សកម្មជនបក្សនយោបាយធ្វើជាថ្នូរ ឬការគំរាមគំហែងដល់ការគោរពសិទ្ធិមនុស្សនៅកម្ពុជា ។
ចំណែកអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោក បណ្ឌិត មាស នី បានមានប្រសាសន៍ថាការបារម្ភរបស់រាជរដ្ឋាភិបាលពីការធ្វើបដិវត្ដន៍ពណ៍គឺមិនខុសទេ ក៏ប៉ុន្ដែដោយគ្រាន់តែសកម្មភាពតវ៉ាព្រោះការមិនពេញលើការចាប់ខ្លួន មន្ដ្រីសង្គមស៊ីវិលនេះមិនអាចចាត់ទុកថាជា បដិវត្ដន៍ពណ៍បានឡើយព្រោះការធ្វើដោយសន្ដិវិធី ។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមបន្ថែមថា រាជរដ្ឋាភិបាលគួរតែបើកឱកាសឲ្យក្រុមអ្នកដែលតវ៉ាគាត់អាចដើរតវ៉ាបង្ហាញ ការមិនពេញចិត្ដរបស់គាត ហើយរាជរដ្ឋាភិបាលមិនគួរប្រតិកម្មជ្រុលទៅលើរឿងបដិវត្ដន៍ពណ៍ហួសហេតុពេកទេ ។
លោកបន្ថែមថា«នៅក្នុងប្រទេសមួយ សង្គមមួយបើកភ្នែកឡើង ឮតែចាប់ខ្លួនឃុំខ្លួនសង្គមហ្នឹងមិនធម្មតានោះទេ» ។
ជាការឆ្លើយតបលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណរដ្ឋមន្ដ្រី មានប្រសាសន៍ថា ចំណាត់ការរបស់អាជ្ញាធរដែលធ្វើនាពេលនេះគឺជាការថែរក្សាសណ្ដាប់ធ្នាប់ក្នុងសង្គម ហើយម្យ៉ាងវិញទៀតក្រសួងមហាផ្ទៃបានចេញសេចក្ដីប្រកាស់ពីការហាមមិនឲ្យមានការស្លៀកពាក់សំលៀកបំពាក់ពណ៍ខ្មៅដើរហែរតវ៉ាបែបហ្នឹងទេ ។
អ្នកនាំពាក្យបន្ថែមថា អ្នកតវ៉ាប្រឆាំងសេចក្ដីហាមប្រាមរបស់ក្រសួងនាពេលនេះគឺជាក្រុមឧទ្ទាមក្នុងក្រុង ដែលក្រុមទាំងនោះជាខ្លះជាសមាជិកក្រុមដែលប្រឆាំងនឹងរាជរដ្ឋាភិបាល។ លោកបន្ដថា រាជរដ្ឋាភិបាលដាច់ខាតមិនអនុញ្ញាតឲ្យមានរូបភាពនៃហិង្សាកើតឡើងបាននោះ ។
កាលពីថ្ងៃទី៨ ខែឧសភា ក្រសួងមហាផ្ទៃបានចេញលិខិតមួយ បានលើកឡើងថា សមាគមន អង្គការមិនមែនរដ្ឋាភិបាល ”មួយចំនួនតូច” បានជួបប្រជុំគ្នានិងបានផ្សព្វផ្សាយ ”បំផុសញុះញង់” ឲ្យមានយុទ្ធនាការស្លៀកពាក់ខ្មៅនិងកៀរគរប្រមូលកម្លាំងដើម្បីទាមទារឲ្យមានការដោះលែងមន្ត្រីសង្គមស៊ីវិល ។
សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានណែនាំឲ្យកោះប្រជុំគណៈបញ្ជាការឯករាជ្យរាជធានី ខេត្តជាបន្ទាន់ដើម្បីវាយតម្លៃសភាពការណ៍ និងតាមដានការប្រមូលកម្លាំងទាមទារតវ៉ានានា ក្នុងនោះមានគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល ព្រះសង្ឃ និងកម្មករជាដើម ។ សម្ដេចរដ្ឋមន្ត្រីបានបញ្ជាក់ថាក្នុងការដោះស្រាយសភាពការណ៍នានា ត្រូវផ្អែកតាមគោលការណ៍ច្បាប់ និងត្រូវចៀសវាងឲ្យបាននូវអហិង្សា ។
ក្នុងយុទ្ធនាការមួយ ដែលគេដាក់ឈ្មោះថា «ថ្ងៃចន្ទពណ៌ខ្មៅ» ដើម្បីតវ៉ាឱ្យដោះលែង មន្ត្រីសមាគមអាដហុក និងមន្ត្រី គជប ធ្វើឡើងនៅថ្ងៃនេះ គឺយ៉ាងតិចណាស់មនុស្ស៨នាក់ត្រូវបានអាជ្ញាធរឃាត់ខ្លួន ក្នុងនោះស្រី្តបឹងកក ៣នាក់ ប្រធានសមាគមធាងធ្នោត លោក អ៊ី សារ៉ុម លោក ថាវ គឹមសាន មន្ត្រីជាន់ខ្ពស់អង្គការលីកាដូ និង ស្ត្រី សរ ស៊ន សកម្មជនដីធ្លីនៃសហគមបុរីកីឡា។
តាមគម្រោងមន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកប្រឆាំងការចាប់ខ្លួនមន្ត្រីជាន់ខ្ពស់សមាគមអាដហុក ត្រូវជួបជុំគ្នានៅខាងមុខពន្ធនាគាព្រៃសរ ដោយមានអ្នកចូលរួម ប្រមាណ៣០០នាក់ដោយពួកគេស្លៀកពាក់ ឈុតខ្មៅ ។ តែបែបនេះក្ដីលើ បណ្ដាញសង្គម មានការចែកចាយសារជូនគ្នា ជាមួយ នឹងការបង្ហាញ ពីការប្រឆាំងការចាប់ខ្លួន មន្ត្រីសង្គមស៊ីវិល និងមន្ត្រីគជប ។ ពួកគេ ក៏បង្ហាញ ឈុតខ្មៅ ហើយស្លៀកពាក់ នៅ កន្លែងធ្វើការ ៕