en     km
en     km

យុវជន​កម្ពុ​ជាមួយ​ចំនួន​ព្រួយបារម្ភ​ពី​ឱកាស​ការងារ​ក្នុង​ទីផ្សា​អាស៊ាន​

Share

ភ្នំពេញ​៖​ យុវជន​កម្ពុ​ជាមួយ​ចំនួន​បាន​បង្ហាញ​ក្តី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​ការ​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ការងារ​ ខណៈ​ដែ​ល​​កម្លាំង​ពលកម្ម​ក្នុង​តំបន់​អាស៊ាន​ ត្រៀម​ហូរ​ចូល​ដើម្បី​ស្រូប​យក​ទីផ្សារ​ការងារ​ក្នុង​ប្រទេស​។​ ក្រុម​យុវជន​ដែល​ចូល​រួម​​សិក្ខាសាលា​រៀបចំ​ដោយ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​នា​ថ្ងៃ​ទី​ ០៨​ ឧសភា​ បាន​លើក​ឡើង​ថា​ មូល​ហេតុ​ដែល​ពួក​មានការ​ព្រួយបារម្ភ​នេះ​ដោយសារ​ជំនាញ​របស់​ខ្លួន​នៅ​មាន​កម្រិត​ ជា​ពិសេស​បញ្ហា​ភាសា​ទំនាក់ទំនង​។

Youth-Job-Asean-WMC
​យុវជន​​ចូល​រួម​​សិក្ខាសាលា​រៀបចំ​ដោយ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​ នា​ថ្ងៃ​ទី​ ០៨​ ឧសភា​ ស្តីពី សក្តានុពលទីផ្សារការងារក្នុងប្រទេសកម្ពុជា និង តំបន់អាស៊ានសម្រាប់យុវជន នៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប។

​កញ្ញា​ ភ​ សុវណ្ណ​ដា​ ជា​និស្សិត​រៀន​ពីរ​ជំនាញ​ក្នុង​ពេល​តែ​មួយ​បាន​ប្រាប់​ថា​ កញ្ញា​មានការ​ព្រួយបារម្ភ​ចំពោះ​ឱកាស​ទទួល​បានការ​ងារ​ធ្វើ​ក្រោយ​ពី​ខ្លួន​បញ្ចប់​ការ​សិក្សា​នៅ​សាកល​វិទ្យា​វិ​ល័យ​។​ កញ្ញា​បន្ត​ថា​ ការ​ព្រួយបារម្ភ​នេះ​ ដោយសារ​កញ្ញា​ខ្លួនឯង​ផ្ទាល់​មិនដឹង​គួរ​ត្រៀមខ្លួន​បែប​ណា​ ដើម្បី​ចាប់​អាជីព​ការងារ​ដែល​ខ្ល​ន​ឯង​ស្រឡាញ់​ ហើយ​ជំនាញ​និង​ចំណេះដឹង​នៅ​មាន​កម្រិត​ទៀត​។​

​និស្សិត​ឆ្នាំ​ទី​៣​ផ្នែក​សង្គមវិទ្យា​ និង​ អក្សរសាស្ត្រ​អង់គ្លេស​រូប​នេះ​យល់​ថា​ ឱកាស​ការងារ​សម្រាប់​យុវជន​ក្នុង​ប្រទេស​មិនមែន​ខ្វះខាត​នោះ​ទេ​ ប៉ុន្តែ​តែ​គ្រាន់​យុវជន​កម្ពុ​ជាមួយ​ចំនួន​សមត្ថភាព​មាន​កម្រិត​ ពិបាក​ក្នុង​ការ​ប្រកួតប្រជែង​យក​ការងារ​ល្អ​ ដើម្បី​ទទួល​បាន​ប្រាក់ខែ​ខ្ពស់​។​ ជាង​នេះ​ទៅ​ទៀត​ ពួក​គាត់​អាច​នឹង​ពិបាក​ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​យុវជន​ក្នុង​តំបន់​អាស៊ាន​។​

​ចំណែក​និស្សិត​ម្នាក់​ទៀត​ គឺ​យុវជន​ ន​ន​ រ៉ា​ឌូ​ និស្សិត​ឆ្នាំ​ទី​១​ នៅ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​ និយាយ​ថា​ បញ្ហា​ប្រឈម​របស់​យុវជន​កម្ពុជា​ ដែល​មិន​អាច​ប្រកួតប្រជែង​ជាមួយ​យុវជន​ក្នុង​តំបន់​បាន​គឺ​សមត្ថភាព​ ជំនាញ​និង​ភាសារ​សម្រាប់​ទំនាក់ទំនង​។​

​រ៉ា​ឌី​ បារម្ភ​ថា​ នៅ​ពេល​មាន​លំហូរ​កម្លាំង​ពលរដ្ឋ​ក្នុង​តំបន់​អាស៊ាន​ ចូល​មក​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​ នោះ​នឹង​ធ្វើ​ឱ្យ​យុវជន​កម្ពុជា​បាត់បង់​ឱកាស​ទទួល​បានការ​ងារ​ល្អៗ​។​ បែប​នេះ​ក្តី​និស្សិត​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស​រូប​នេះ​ បាន​ប្រាប់​ថា​ ខ្លួន​បាន​ត្រៀមខ្លួន​រួច​ហើយ​ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​យុវជន​ក្នុង​តំបន់​ ក៏​ដូច​ជា​ការ​ពង្រឹង​ភាសា​អង់គ្លេស​។​

​លោក​ ជាង​ សុខា​ នាយក​ប្រតិបត្តិ​អង្គការ​កម្មវិធី​អភិវឌ្ឍ​ធនធាន​យុវជន​បាន​ថ្លែង​ថា​ វា​ជា​រឿង​ពិបាក​ដែល​យុវជន​កម្ពុជា​ទៅ​ប្រកួតប្រជែង​ការងារ​ជាមួយ​ប្រជាជន​ក្នុង​តំបន់​អាស៊ាន​ ដោយសារ​តែ​ជំនាញ​ទាំង​ ០៨​ដែល​រដ្ឋាភិបាល​កម្ពុជា​និង​អាស៊ាន​បាន​ព្រមព្រៀង​ជាមួយ​គ្នា​នោះ​ ប្រទេស​កម្ពុជា​មាន​ធនធាន​តិចតួច​ណាស់​ ខណៈ​ដែល​ធនធាន​របស់​ប្រទេស​ជា​សមាជិក​អាស៊ាន​ដូច​ជា​ ថៃ​ ម៉ា​ឡេ​ស៊ី​ សឹ​ង្ហ​បុរី​ជាដើម​ មាន​ជំនាញ​បែប​នេះ​ខ្ពស់​។​

​ជំនាញ​ទាំង​ ០៨​ នោះ​រួម​មាន​ សេវាកម្ម​វិស្វកម្ម​ សេវាកម្ម​គិលានុបដ្ឋាក​ សេវាកម្ម​ស្ថាបត្យកម្ម​ គុណ​វ​ឌ្ឍ​ផ្នែក​ការ​វាស់​ស្ទង់​ អ្នកឯកទេស​ផ្នែក​វេជ្ជសាស្ត្រ​ សេវាកម្ម​គណនេយ្យ​ និង​អ្នកឯកទេស​ខាង​ទេសចរណ៍​។​

​លោក​ពន្យល់​ថា​ នៅ​ពេល​ដែល​កម្ពុជា​មាន​ធនធាន​លើ​ជំនាញ​ទាំង​ ០៨​ នេះ​តិចតួច​ នោះ​ធនធាន​របស់​ប្រទេស​ក្នុង​តំបន់​នឹង​ហូរ​មក​ប្រទេស​កម្ពុជា​ហើយ​ស្រូប​យក​ទីផ្សារពលកម្ម​ក្នុងស្រុក​។​

​លោក​ យិ​ម​ ពុទ្ធា​ នាយក​គ្រប់គ្រង​ដៃគូ​អាជីវកម្ម​អ៊ី​ន​ស្បាយ​អ៊ី​ន​ មាន​ប្រសាសន៍​ថា​ ដើម្បី​ប្រកួតប្រជែង​ជាមួយ​កម្លាំង​ពលកម្ម​ក្នុង​តំបន់​អាស៊ាន​បាន​ យុវជន​កម្ពុជា​គួរតែ​ពង្រឹង​ភាសា​អង់គ្លេស​និង​ជំនាញ​ដែល​គាត់​កំពុង​សិក្សា​ ហើយ​បើសិនជា​អាច​គួរតែ​ចេះ​ភាសា​ក្នុង​តំបន់​មួយទៀត​ដើម្បី​ពង្រឹង​លក្ខណៈសម្បត្តិ​របស់​ខ្លួន​។​

​យ៉ាងណាមិញ​ លោក​ថា​ សមត្ថភាព​យុវជន​កម្ពុជា​បច្ចុប្បន្ន​ កុំ​ថា​ឡើយ​ទៅ​ប្រកួតប្រជែង​ជាមួយ​កម្លាំង​ពលកម្ម​ក្នុង​តំបន់​ សូ​ម្បី​តែ​ទីផ្សារ​ការងារ​ក្នុង​ប្រទេស​ក៏​ពួក​គេ​ជួប​បញ្ហា​ប្រឈម​ផង​ដែរ​ ដោយសា​មិន​ទាន់​ស្គាល់​ខ្លួនឯង​បាន​ច្បាស់​។​ មួយវិញទៀត​បញ្ហា​ភាសា​អង់គ្លេស​ក៏​ជា​កត្តា​រាំងស្ទះ​ផង​ដែរ​។​ លោក​ថា​មាន​យុវជន​តិចតួច​ប៉ុណ្ណោះ​ដែល​បាន​ប្រើប្រាស់​ភាសា​អង់គ្លេស​បាន​ល្អ​ប្រសើរ​។​សំលេង​

​បើ​តាម​របាយការណ៍​របស់​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​បាន​បង្ហាញ​ថា​ អត្រា​យុវជន​កម្ពុជា​ដែល​ធ្វើ​ការងារ​ធៀប​ទៅ​នឹង​ប្រជាជន​អាស៊ី​អាគ្នេយ៍​និង​ប៉ា​ស៊ី​ហ្វិ​ក​មាន​ប្រមាណ​ ៤៥.៥%​ ។​ យុវជន​ដែល​ធ្វើ​ការងារ​ដោយ​កម្លាំង​ពលកម្ម​លើ​ពិភពលោក​មាន​ត្រឹមតែ​ ៤១.២%​ តែ​យុវជន​នៅ​កម្ពុជា​ ដែល​ធ្វើការ​ដោយ​ប្រើ​កម្លាំង​ពលកម្ម​មាន​កម្រិត​ខ្ពស់​រហូត​ ៨៥.១%​ ៕


Share

ព័ត៌មានទាក់ទង

Image