ភ្នំពេញ៖ ក្រសួងបរិស្ថាន បានលើកឡើងថា ប្រជាពលរដ្ឋ ស្ថាប័នរដ្ឋ និងឯកជនមួយចំនួន បានចូលរួមក្នុងការញែកសំរាម សំណល់រឹងតាមប្រភេទដូចជាសំណល់សរីរាង្គ ដែលរួមមានកាកសំណល់ផ្ទះបាយ សំណល់កែច្នៃ សំណល់ផ្សេងៗទៀត និងវេចខ្ចប់បានត្រឹមត្រូវ។ នេះបើតាមការសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី ០៨ ឧសភានេះ។
បើតាមក្រសួងបរិស្ថាន នេះគឺជាការចូលរួមប្រកបដោយការទទួលខុសត្រូវរបស់បងប្អូនប្រជាពលរដ្ឋក្នុងការសម្អាតអនាម័យបរិស្ថាន។ ទោះជាយ៉ាងណា នៅមានពលរដ្ឋមួយចំនួនទៀតក៏មិនទាន់បានអនុវត្តត្រឹមត្រូវនៅឡើយ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់។
ក្រសួងបរិស្ថានបានសរសេរទៀតថា ដើម្បីគ្រប់គ្រងសំរាម សំណល់រឹង ប្រកបដោយប្រសិទ្ធភាព អាជ្ញាធររាជធានី ក្រុង ស្រុក ដែលទទួលបានការផ្ទេរមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ត្រូវរៀបចំប្រព័ន្ធប្រមូលសំរាមឱ្យបានល្អ ដោយរៀបចំកម្មវិធីប្រមូលសំរាមច្បាស់លាស់ (សំណល់សរីរាង្គ និងសំណល់ផ្ទះបាយត្រូវប្រមូលរាល់ថ្ងៃ ហើយសំណល់កែច្នៃបានគួរប្រមូលដាច់ដោយឡែក)។
ក្រសួងបរិស្ថាន៖ « ការសម្អាតអនាម័យបរិស្ថានភូមិរបស់យើង គឺទាមទារការចូលរួមពីគ្រប់ភាគីទាំង ប្រជាពលរដ្ឋ និងអាជ្ញាធរមានសមត្ថកិច្ច» ។