ប្រជាសហគមចំនួន៤ នៅរាជធានីភ្នំពេញ មានគ្នាចំនួន ៤៦នាក់ បានជួបជុំគ្នានៅខាងមុខរដ្ឋសភាជាតិ លើកបដាព្រោងព្រាត អំពាវនាវដល់រដ្ឋាភិបាលឱ្យផ្អាកការពិនិត្យនិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលជាបន្ទាប់ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ ២០១៥ នេះ។
ការអំពាវនាវនេះ ធ្វើឡើងដោយហេតុថា ការពិនិត្យនិងអនុម័តសេចក្តីព្រាងច្បាប់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល អាចធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុននិងរដ្ឋាភិបាល នឹងត្រូវជាប់ពន្ធនាគានិងស្លាប់ដោយមិនមានអង្គការសង្គមស៊ីវិលណាមួយដឹងឮ ឬអាចជួយបាន។
ការអះអាងក្នុងសេចក្តីអំពាវនាវរបស់តំណាងប្រជាសហគមដដែលបានឱ្យដឹងបន្តទៀតថា ច្បាប់ស្តីពីសគមនិងអង្គការមិនមែនរដ្ឋាភិបាលនេះ ធ្វើឡើងដើម្បីបម្រើផលប្រយោជន៍នយោបាយនិងដើម្បីត្រួតត្រា គាបសង្កត់ទៅលើសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលដែលបានបំពេញការងារជួយប្រជាពលរដ្ឋពិតប្រាកដ។
សូមបញ្ជាក់ថា ប្រជាសហគមទំាង៤ រួមមានសហគមបុរីកីឡា៣មករា សហគមស្ត្រីបឹងកក់ បណ្តាញអតីតស្រ្តីបឹងកក់ និងសហគមព្រលានយន្តហោះអន្តរជាតិភ្នំពេញ SOS ។ មួយវិញទៀត ការបង្កើតសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល របស់រដ្ឋាភិបាលកម្ពុជា ត្រូវបានមន្ត្រីអង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិមិនពេញចិត្តចំពោះពង្រាងច្បាប់នេះឡើយ និងបានចាត់ទុកថា សេចក្តីព្រាងច្បាប់នេះ ថាជាការគ្រប់គ្រងសកម្មភាពរបស់សមាគមនិងអង្គការសង្គមស៊ីវិលដែលធ្វើការងារជួយប្រជាសហគមនិងប្រជាពលរដ្ឋដែលរងគ្រោះដោយសារអំពើពុករលួយនិងការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនៅកម្ពុជា៕